អង្គការចំនួន៨ រកឃើញបឋម​​​​ពី​​ផល​​​ប៉ះ​​ពាល់​​​នៃ​​សារធាតុ​គីមី​​​​ដែល​បង្ក​ដោយ​ភាគី​​ថៃ

អង្គការសង្គមស៊ីវិល​ចំនួន​៨​ នៅ​កម្ពុជា រក​ឃើញបឋម​​​ពី​ផល​ប៉ះ​ពាល់នៃ​សារធាតុ​ពុល​​​ដែល​ភាគី​​ថៃ​​បាន​​បាញ់​​​ដោយ​​យន្ត​​ហោះ និង​យន្តហោះគ្មាន​មនុស្ស​បើក​(ដ្រូន) ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែនរវាងកម្ពុជា​-ថៃ ​ដែល​បង្ក​ហានិភ័យ​ដល់​សហគមន៍ និ​ងបរិស្ថាន​នៅ​តាមតំបន់​ព្រំដែន។​

ការរកឃើញនេះ គឺបន្ទាប់ពីក្រុមអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកជំនាញមួយចំនួន បានចុះវាយតម្លៃរហ័ស​​រយៈ​ពេល​៤ថ្ងៃ ចាប់​​ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមព្រំដែនកម្ពុជា-ថៃ នាខេត្តព្រះវិហារ និងឧត្តរមានជ័យជាដើម ដើម្បីរកផលប៉ះពាល់លើបរិស្ថាន នៃការប្រើអាវុធគីមីពីសំណាក់ភាគី​ថៃ។

​​សេចក្តីថ្លែងការណ៍ ស្តីពី «ការ​រក​ឃើញ​បឋម​ការប៉ាន់ប្រមាណ​រហ័ស​លើ​ផល​ប៉ះពាល់​នៃ​សារធាតុ​ពុល​ នៅ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា(កក្កដា-កញ្ញា ២០២៥)​» ចេញផ្សាយនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិល ចំនួន​៨ រួមមាន​ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា និងសហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)​ជា​ដើម បានរកឃើញថា មាន​​​សារធាតុគីមី​​ពុលដែល​បង្កហានិភ័យជា​បន្តបន្ទាប់ ដល់​សហគមន៍នៅតាមតំបន់​ព្រំដែន ដែលសារធាតុគីមីពុលទាំងនោះ ត្រូវបានប្រើក្នុងអំឡុងពេលជម្លោះ។

សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា​៖«បទ​សម្ភាសន៍​ជាមួយ​ទាហាន​កម្ពុជា និង​អ្នក​ភូមិ​ជួរ​មុខ​បានឃើញ​ថា ផ្សែងពុលដែលបង្កគ្រោះថ្នាក់ ត្រូវបានបាញ់ដោយយន្តហោះ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ក្នុងអំឡុងពេលប៉ះទង្គិចគ្នា និងសូម្បីតែក្រោយកិច្ចព្រមព្រៀងឈប់បាញ់។ ពួកគេបានបង្ហាញរោគសញ្ញា​រួមមាន ការពិបាក​ដកដង្ហើម បំពង់កស្ងួត ខ្សោយកម្លាំង ឈឺក្បាល និងសញ្ញាអាច​ឱ្យ​ខូច​ខាត​សួត។ កំណត់​ត្រា​វេជ្ជសាស្ត្រដែលទទួលបានដោយក្រុមវាយតម្លៃបានបញ្ជាក់ថា រោគសញ្ញាមួយចំនួននេះ មាននៅ​ក្នុងអ្នកជំងឺដែលជាទាហាន និងអ្នកភូមិ»។

ប្រភពដដែល ឱ្យដឹងទៀត​ថា នៅក្បែរសមរភូមិតាមបណ្តោយជួរភ្នំដងរ៉ែក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមមាន ភូមិឈើទាលគង ក្បែរប្រាសាទព្រះវិហារ ភូមិថ្មដូន ភូមិហនុមាន និងភូមិតាមន្ត(តាមាន់ ) ក្បែរប្រាសាទ មានករណីសត្វចិញ្ចឹមរបស់ពលរដ្ឋ និងបក្សីបានងាប់។ សត្វចិញ្ចឹមរបស់ពលរដ្ឋនៅទីនោះ ដូចជា​ជ្រូកជាដើមដែលនៅរស់ គឺសត្វទាំងនោះមានជំងឺធ្ងន់ធ្ងរ​ ឯដំណាំ និងដើម​ឈើហូប​ផ្លែមួ​យ​ចំនួន​ប្រែទៅ​ជា​ពណ៌​ប្រផេះ និង​ខ្លះ​ទៀត​មាន​ពណ៌​ក្រហម និងមិ​ន​មាន​សុខ​ភាព​ល្អ។

លោក ​រស់ សុដ្ឋា ​ប្រធាន​អង្គការសម្ព័ន្ធ​ភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC បានបង្ហាញការ​ព្រួយបារម្ភជាច្រើនទាក់ទង​នឹងបញ្ហាផ្សែងពុលនេះ ដែលនៅតែបន្ត និងបានរំខានដល់សុខភាពពលរដ្ឋ នៅតំបន់ជិតព្រំដែន​នោះ។ លោកក៏ស្នើឱ្យអង្គការដែលពាក់ព័ន្ធ និងរដ្ឋាភិបាល បន្ត​​ជំរុញ​ឱ្យ​​ភាគីថៃឱ្យ​បញ្ឈប់​​ទង្វើ​រំលោភ​​បទ​ឈប់បាញ់​នានា​ផង​ដែរ។

លោកថា៖«ទីមួយ យើងព្រួយបារម្ភអំពីផលប៉ះពាល់បន្ត ដោយសារការបាញ់ផ្សែងពុលហ្នឹងវានៅធ្វើបន្តវាមិន​ទាន់ឈប់ តាមសាក្សីប្រជាពលរដ្ឋគេថាការបាញ់ផ្សែងនៅបន្ត ហើយផ្សែងហ្នឹងវាធ្វើឱ្យមានមន្តរាយដល់​មនុស្សជាតិ និងបរិស្ថាន សត្វស្រុក សត្វព្រៃ ហើយ[ផ្សែងពុល]​អាហ្នឹងវាប្រឆាំងនឹងច្បាប់អន្តរជាតិ ហើយ និងការប្រើប្រាស់សារធាតុគីមី ដែលហាមប្រាមដោយអនុសញ្ញាអន្តរជាតិ ដូច្នេះគឺសុំឱ្យភាគីដែលពាក់​ព័ន្ធនិងអង្គការពិភពលោក​ដែលពាក់ព័ន្ធទាំងអស់ ក៏សុំឱ្យមានការស្នើសុំពីរដ្ឋាភិបាលកម្ពុជាផងដែរ ដើម្បីឱ្យអង្គការទាំងនោះបញ្ឈប់ថៃឱ្យបានមានប្រសិទ្ធភាព»។

ប្រជាជន​ដែល​ផ្លាស់​ទី​លំនៅពី​ភូ​មិ​ជួរមុខ ដូចជា ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់ និងតំបន់ប្រាសាទព្រះវិហារ បានប្រាប់ក្រុមអង្គការសង្គមស៊ីវិលថា ពួកគេភ័យខ្លាចមិនហ៊ានត្រឡប់​ទៅលំនៅពួកគេវិញទេ ព្រោះ​ថា​​នៅ​ទី​នោះ​គ្រាប់មិនទាន់ផ្ទុះ ផ្សែងពុល និងការបំពុលប្រភពទឹកទាំងស្រះ បឹង និង​ស្ទឹង។

សេចក្តីថ្លែងការណ៍បន្តថា៖ «យើងជំរុញយ៉ាងខ្លាំងដល់អង្គការសហប្រជាជាតិ សហគមន៍ អន្តរជាតិ និងសង្គមស៊ីវិល ជាពិសេសអង្គការខាងផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស ចាត់​​វិធានការភ្លាមៗ និងធ្វើការយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការដាក់បាញ់ផ្សែងគីមីដែលអាចខុសច្បាប់ បែបនេះ ធានាការការពារជនស៊ីវិល និងរក្សាបទឈប់បាញ់»។

អង្គការ​សង្គមស៊ីវិល​ទាំងនោះ ក៏បាន​​​អំពាវនាវ​ឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើ ឬបន្តការស៊ើបអង្កេតស្ថានភាព និង​ផ្តល់ការសង្គ្រោះបន្ទាន់​ ដល់សហគមន៍ដែលរងផលប៉ះពាល់ជាបន្ទាន់ រួមទាំងទឹក ទទួលទានដែលធានា​​​សុវត្ថិភាព ជំនួយវេជ្ជសាស្ត្រ និងការស្តារបរិស្ថាន និងរក្សាការទទួលខុសត្រូវ​របស់ខ្លួន ក្នុងការស្វែងរកការទទួលខុសត្រូវចំពោះការរំលោភបំពានក្រោមច្បាប់អន្តរជាតិ។

លោក ស្ងួន គីមហ៊ន អាយុ ៤៩​ឆ្នាំ ជា​ទាហាន​ជួរ​មុខ​ដែល​ដឹកជញ្ជូនស្បៀង​ នៅ​​​ខេត្ត​ព្រះ​វិហារ បាន​ឱ្យ​​ដឹង​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា​នេះ​​ថា​​ ក្នុងអំឡុងផ្ទុះសព្វាវុធ​ក្នុងជម្លោះព្រំដែនរវាង​កម្ពុជា​-ថៃ កាល​ពី​ថ្ងៃ​ទី​​២៤ ដល់​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០២៥​ កង​​ទ័​ព​​​ជា​​ច្រើន រួម​​ទាំង​​លោក​​ផ្ទាល់ បាន​​ជួប​​ប្រទះ​​បញ្ហា​​សុខ​​ភាព ដោយ​​មាន​រោគ​​សញ្ញា​ថប់​​ដង្ហើម និង​ឈឺក្បាល។

លោកប្រាប់ថា៖ «វាមិនស្រួលអាការៈថប់ដង្ហើម វាឈឺក្បាល រួមផ្សំនឹងអាកាសធាតុ រួមផ្សំនឹងផ្សែងហ្នឹង​ផង​ យើង​មាន​ពេទ្យ​ហើយ សុខ​ភាព​មិន​ស្រួល​គេ​មាន​ថ្នាំ​ឲ្យ​លេប​ទៅ​ អ្នក​ខ្លះ​គាត់​ធ្ងន់​ធ្ងរ គេ​បញ្ជូន​ទៅ​ពេទ្យ​ធំទៅ»។​​

លោកបន្តថា រូបលោកផ្ទាល់ និង​កងទ័ពជាច្រើននាក់ផ្សេងទៀត ក៏ជួបប្រទះបញ្ហាសុខភាពដូចគ្នា។ ទោះយ៉ាងណា បន្ទាប់ពីព្យាបាលមួយរយៈ កងទ័ពបានជាសះស្បើយ និងត្រឡប់ទៅបំពេញភារកិច្ចនៅជួរមុខវិញ។

ពលរដ្ឋដែលរស់នៅទល់មុខប្រាសាទតាក្របី ខេត្ត​ឧត្តរ​មានជ័យ ​លោក ចាន់ រក្សា វ័​យ​៣០​ឆ្នាំ ប្រាប់ Press Start Cambodia ថា ឆ្នាំនេះលោកធ្វើស្រែ២០ហិកតា លោកបារម្ភអំពីផលប៉ះពាល់ដែលបណ្តាល​មក​ពីផ្សែងពុលដែលថៃបាញ់នៅ​តាម​បណ្តោយ​ព្រំ​ដែន អំឡុង​ពេល​មានជម្លោះ​ព្រំដែន។ លោក​ស្នើ​ឱ្យ​ភាគីពាក់​ព័ន្ធ​ជួយ​​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យបា​ន​ឆាប់ ដើម្បី​ពលរដ្ឋ​ងាយ​ស្រួល​រស់​នៅ និងប្រកប​របរ​ចិញ្ចឹម​ជីវិត។

លោកបន្តថា៖«ខ្ញុំចង់ឱ្យ​តែ​មានស​ន្តិភាពម​ក​វិញ​ទេ​ ឱ្យប្រជាពលរដ្ឋយើងបានរកស៊ី ធ្វើដំឡូងធ្វើចំការអីស្រួល​កុំឱ្យសភាពបែបនេះ​។ ខ្ញុំអត់ទាន់មានបញ្ហាទេ តែចេះតែការពារ[…]រឿងផ្សែងពុលនេះ ដូចមិនទាន់មាន​ប៉ះមកដល់ប្រជាពលរដ្ឋទេ តែបើការពារមានតែពាក់មាស់ អត់ទាន់មានគេឱ្យថ្នាំអីទុកការពារទេ។ រាល់​ថ្ងៃនេះ​នៅតែបារម្ភដែរ ទីមួយ​ស្រូវអង្ករយើង ទី២បន្លែផល្លានុផលប្រចាំថ្ងៃ មិនដឹងថាហូបទៅវាប៉ះពាល់​អ្វីដល់សុខភាពរបស់យើង។ នៅបារម្ភមួយទៀតការប្រមូលផលខាងមុខ​នឹងទៅជាយ៉ាងណាទៅ ព្រោះសភាពការណ៍​នៅមិនទាន់ស្រួលអញ្ចេះ»។

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា អំឡុងជម្លោះតាមព្រំដែន អ្នក​ដែល​ប្រឈម​នឹង​​​​សារធាតុ​​ពុល​​​ភាគ​​ច្រើន គឺ​​ទាហានជួរមុខ ព្រោះពលរដ្ឋត្រូវបា​ន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិ​ភាព ហើយ​អាការៈ​​ដែល​​កើតមាន​ទៅ​​លើ​ពលរដ្ឋ ក៏​ពុំទាន់​មាន​របាយ​ការណ៍​បង្ហាញ​ថា ពួកគេរងផ្សែងពុលនៅ​ឡើយ។

លោកថា៖«ជារួមកន្លងមក នៅពេលដែលសង្រ្គាមកើតឡើងនៅតាមព្រំដែន រយៈពេលច្រើនថ្ងៃហ្នឹង គឺ​បង​​ប្អូនប្រជាពលរដ្ឋយើង គឺបានជម្លៀសមកខាងក្រោយអស់ហើយ ទី២អ្វីដែលជាផលប៉ះពាល់កន្លងមកហ្នឹង​គឺទៅលើបងៗកងទ័ពទេ ដែលគាត់នៅជួរមុខហ្នឹងដែលតតាំងជាមួយថៃ គាត់ទេដែលត្រូវថាទទួល​រងនូវឥទ្ធិពលខ្យល់បំពុលឬក៏ផ្សែងពុលហ្នឹង ហើយនៅតាមមន្ទីរពេទ្យទាំងអស់របស់ខេត្ត ក៏យើងមិនទាន់បាន​ទទួលនូវបងប្អូនប្រជាពលរដ្ឋណាដែលគាត់ពុលដែរ។ និយាយរួមគឺបែបនេះឯង ហើយអាការៈនៃការ​ឈឺ​ក្បាល វិលមុខ​អីណា​មួយ​នោះ ក៏យើងទទួលថាវាជារឿងធម្មតា ឬមួយក៏ជារឿងអីក៏យើងមិនទាន់ដឹងទេ ព្រោះកន្លងមកនេះគឺតាមខ្ញុំចុះទៅពិនិត្យនៅតាមមន្ទីរពេទ្យទាំងអស់ គឺអត់ទាន់មានបងប្អូនប្រជាពលរដ្ឋ​​​​​ណាដែលមានរបាយការណ៍ពីសុខាភិបាល ដែលបង្ហាញថាអាការៈគាត់ ដោយសារផ្សែពុលទេ មាន​តែ​ខាងកងទ័ពទេដែលមាន»។

លោក​ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​ សុំអាច​​មិន​អត្ថាធិប្បាយជុំវិញ​រឿង​នេះ។​​

រយៈពេល ៥ថ្ងៃ ដែលថៃបើកការឈ្លានពានមកប្រទេស​កម្ពុជា តាំងពីថ្ងៃទី​២៤ ដល់ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ភាគីថៃបានប្រើប្រាស់ផ្សែងពុលផូស្វ័រពណ៌ស (White Phosphorus) មកលើកម្ពុជាពិតប្រាកដមែន នេះបើតាមអ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree លើកឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

បើ​តាម​អង្គការ​សុខភាពពិភពលោក(WHO) ឥទ្ធិពលនៃផូស្វ័រពណ៌សលើសុខភាពមនុស្ស ដែលថៃបានប្រើ​នឹង​បាញ់​ស្រោច​មក​លើ​​កម្ពុជា ត្រូវបានអន្តរជាតិហាមឃាត់ការប្រើប្រាស់ ផូស្វ័រពណ៌សនៅក្នុងតំបន់ស៊ីវិលដែលមានប្រជាជនរស់នៅច្រើន។ ផូស្វ័រពណ៌សនេះ អាចបណ្តាលឱ្យមានបញ្ហារលាកធ្ងន់ធ្ងរលើរាងកាយ រួមមាន ភ្នែកមិនច្បាស់ រលាកត្របកភ្នែក រហែកភ្នែក និងរំខានដល់ការមើលមិនឃើញ។ ម្យ៉ាងទៀត ចំពោះប្រព័ន្ធផ្លូវដង្ហើម វាធ្វើឲ្យរលាកក្នុងបំពង់ក ខូចខាតផ្លូវដង្ហើម ថប់ដង្ហើម ផ្ទុកសារធាតុរាវនៅក្នុងសួត រលាកស្បែកខាងក្នុង ឬខូចខាតជាលិកា ខ្សោយតំរងនោម ខ្សោយថ្លើម ជំងឺខ្សោយបេះដូង និងផលប៉ះពាល់​ផ្សេងទៀត៕

អត្ថបទគួរឱ្យចាប់អារម្មណ៍