បទយកការណ៍៖ កម្មករការងារតាមផ្ទះស្នើ​ភាគីពាក់ព័ន្ធជំរុញ​ម្ចាស់ផ្ទះធ្វើប័ណ្ណ​ប.ស.ស​ជូន​ពួក​គេ

ស្ថានភាព​នៃ​ការ​បម្រើការ​ងារ​ជាកម្មករ​ធ្វើការតាមផ្ទះ នៅកម្ពុជា នៅពុំ​ទាន់​ទទួល​​បានលក្ខខណ្ឌការ​ងារល្អប្រសើរ​​នៅឡើយ ដោយកម្មករ​មួយចំនួន នៅតែបន្តត្អូញត្អែរពីការ​លំបាក និងបញ្ហាប្រឈមផ្សេង​ៗ​ ជាពិសេស​​​ពួកគេ​គឺការ​មិនទាន់ទទួលបាន​នូវកិច្ច​គាំពារ​សង្គម ទៅលើ​ផ្នែក​សុខភាព។ កត្តានេះបានជំរុញឱ្យ​ពួក​គេ​​បន្ត​ការ​តស៊ូ​មតិ ទាមទារ​លក្ខខណ្ឌ​ការ​ងារ​សមរម្យ ​ស្ទើរជា​រៀងរាល់ឆ្នាំ នៅក្នុងថ្ងៃ​ប្រារព្ធ​​ទិវា​​អន្តរជាតិ​កម្មករ​កា​រ​ងារ​តាម​ផ្ទះ។

សម្រាប់ការ​ប្រារព្ធ​​​ទិវា​​អន្តរជា​តិ​​កម្មករ​​ការ​​ងារ​​តាម​ផ្ទះ ខួបលើកទី​១៤ ​នៅក្នុង​​​​ឆ្នាំ​​២០២៥នេះ អង្គការ​អុកស្វាម​ (Oxfarm) និង​​​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ ​​​​​​​​​អ្នកធ្វើការងារតាមផ្ទះ តំណាង​រដ្ឋាភិបាល និង​អង្គ​ការជាតិ-អន្តរជាតិ​​សរុប​​ប្រមាណ ២៥០​នាក់​ បាន​​​​​នាំ​គ្នា​ជួបជុំ​​​​​ប្រារព្ធទិវា នៅរាជធានីភ្នំពេញ​​​ ក្រោម​ប្រធានបទ «គាំពារសង្គម និង​ការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ»។

​មានសម្បុរស កម្ពស់មធ្យម ពាក់អាវពណ៌ស ខោខ្មៅ ​អ្នក​ចូល​រួម​ អ្នកស្រី ព្រំ វណ្ណី ដែល​ជា​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ម្នាក់ បាន​រៀប​រាប់​ថា បច្ចុប្បន្ន​ការ​ងារ​​របស់​​អ្នក​ស្រី​​មាន​​ភាព​​​រលូន​​គួរ​សម តែ​គាត់​នៅ​តែ​ជួប​បញ្ហា​ប្រឈម​​មួយ​ចំនួន ក្នុង​នោះ រួមមានប្រាក់ឈ្នួលទាប និង​បញ្ហា​ថៅកែ​ដែល​ជា​​​ម្ចាស់​ផ្ទះ​មិន​ព្រម​ធ្វើ​ប័ណ្ណ​សមាជិក​បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ឬប័ណ្ណ ប.ស.ស ជូនគាត់ឡើយ។

មាន​វ័យ ៤៨ឆ្នាំ អ្នកធ្វើការតាមផ្ទះរូបនេះ បន្តថា អ្នកស្រីបានស្នើសុំម្ចាស់ផ្ទះដែល​គាត់ធ្វើការ ឱ្យធ្វើប័ណ្ណ ប.ស.ស ជូនគាត់ម្ដងជាពីរដងកាលពីឆ្នាំ២០២៣ តែម្ចាស់ផ្ទះមិនព្រមធ្វើឱ្យ​អ្នកស្រី​ឡើយ ដោយ​បាន​បដិសេធ​​​ម្ដង​​ហើយម្ដងទៀត ក្រោមហេតុផលថាគាត់ជាប់រវល់។

អ្នកស្រីថា៖«ខ្ញុំ[ចង់]ធ្វើប.ស.ស ម្ចាស់ផ្ទះអត់ចុះឱ្យទេ ខ្ញុំចុះស្វ័យនិយោគន៍ខ្លួនឯង ព្រោះខ្ញុំមានជំងឺឈឺថ្កាត់អីតិចតួចវាអស់លុយច្រើនចំណាយច្រើន ខ្ញុំទៅធ្វើបង់ស្វ័យនិយោជន៍ខ្លួន​ឯង ម្ចាស់ផ្ទះខ្ញុំឱ្យទៅដែរ តែគាត់ថារវល់​អត់មានពេលវេលា​អីចុះឱ្យយើងទេ»។

អ្នកស្រីបានរំលឹកពីគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០២៤​ ដែលអ្នកស្រីត្រូវរ៉ាប់រងលើការចំណាយទាំងអស់​ដោយ​ខ្លួន​ឯង ព្រោះ​គាត់​គ្មាន​ប័ណ្ណ ប.ស.ស ដែល​ធ្វើ​ដោយ​ម្ចាស់ផ្ទះ ហើយប័ណ្ណសមាជិក​ស្វ័យ​និយោជន៍​​របស់​គាត់ពុំរាប់រងគ្រោះថ្នាក់ការងារឡើយ។

អ្នកស្រីថា៖ «ខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវចេញមកពីធ្វើការ ខ្ញុំជិះម៉ូតូគេបុក គេបុកខ្ញុំបាក់ជើង បាក់ឆ្អឹងត្រគៀក ខ្ញុំមើល[ព្យាបាល] ប្រើលុយខ្លួនឯងទាំងអស់ ប.ស.ស ក៏អត់បានដែរ […] យើងអត់ដឹងថា គេបុកយើង យើងបាក់ជើងទេ យើងមកដល់ផ្ទះបានយើងទៅថតទៅស្គេនមើលបានយើងដឹងថាបាក់។ ដល់ពេល​បាក់​ទៅព្យាបាល​នៅពេទ្យ គេអត់គិត ប.ស.ស ឱ្យទេ គ្រោះថ្នាក់ការងារមែន ប៉ុន្តែអត់មានម្ចាស់ផ្ទះបង់ឱ្យ[…]គេនិយាយថា គ្រោះថ្នាក់ការងារហ្នឹង គេថាទាល់តែយើងមានម្ចាស់ផ្ទះបង់ឱ្យ បានជិះទៅគ្រោះថ្នាក់ចឹង គេថត​គេស្គេនអីឱ្យអត់អស់លុយទេ ពេទ្យគេនិយាយអញ្ចឹង»។

ចំណែកឯ​អ្នកធ្វើការងារតាមផ្ទះមួយរូបទៀត អ្នកស្រី សុជាតា បានលើកឡើងក្នុងកម្មវិធីថា អ្នកស្រីមិនចង់ធ្វើប័ណ្ណ ប.ស.ស ដោយខ្លួនឯងនោះទេ ប៉ុន្តែអ្នកស្រី និងអ្នកធ្វើការតាមផ្ទះផ្សេងទៀត គ្មានជម្រើស និងត្រូវធ្វើ ដោយ​ខ្លួនឯង ដើម្បីបានការគាំពារ ព្រោះម្ចាស់ផ្ទះមិនព្រមធ្វើឱ្យទេ។ អ្នកស្រីស្នើឱ្យភាគីពាក់ព័ន្ធ ជាពិសេស​រាជ​រដ្ឋាភិបាល ត្រូវដាក់កំហិត និងមានការតាម​ដាន​អំពីបញ្ហានេះ ដោយអ្នកស្រីយល់ថា មានតែវិធានការបែបនេះទេ ទើបអ្នកធ្វើការតាមផ្ទះអាចទទួល​បានការយកចិត្ត​ទុក​ដាក់ ឬ​បាន​ប័ណ្ណ ប.ស.ស ពីម្ចាស់ផ្ទះ។

អ្នកស្រី សុជាតា ថា៖ «តាមការពិតពួកខ្ញុំអត់ចង់លួចទៅធ្វើដោយខ្លួនឯងទេ ព្រោះកាលណាម្ចាស់ផ្ទះទៅធ្វើឱ្យ គឺទទួលបានអត្ថប្រយោជន៍ច្រើនជាងទៅធ្វើខ្លួនឯង ប៉ុន្តែម្ចាស់ផ្ទះគាត់អត់ចង់ទៅធ្វើឱ្យទេ គាត់ថា មានតែប្រាក់​ខែឱ្យតែប៉ុណ្ណឹង​ទេ បើធ្វើឱ្យគាត់បានក៏ធ្វើទៅ បើអត់បានគាត់រកអ្នកផ្សេងទៀត[…] ប៉ុន្តែខ្ញុំថា បើគ្រាន់តែ ប.ស.ស ជូនដំណឹងទៅគាត់ គឺមិនមានអំណាចគ្រប់គ្រាន់ទៅលើម្ចាស់ផ្ទះទេ ខ្ញុំគិតថា មានតែរាជរដ្ឋាភិបាល​​ទេ ដាក់កំហិតជាដាច់ខាត ឱ្យគាត់ទៅ​ធ្វើជាដាច់ខាត ហើយ​ត្រូវ​មាន​សមត្ថ​​កិច្ច ឬអ្នកពាក់ព័ន្ធកិច្ចការនេះចុះ​ឆែក តាមផ្ទះ ឬតាម ក្រុមហ៊ុនថាគាត់ពិតជាបានទៅធ្វើហើយឬនៅ»។

ចំពោះបញ្ហាគ្មានប័ណ្ណ ប.ស.ស អ្នកស្រី ស្រីមុំ បានជំរុញឱ្យរដ្ឋាភិបាល និងមន្ត្រី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជំរុញម្ចាស់ផ្ទះឱ្យចុះឈ្មោះបុគ្គលិកដើម្បីទទួលបាន ប.ស.ស ព្រោះវាមានសារៈសំខាន់ដើម្បីកែលម្អលក្ខខណ្ឌសម្រាប់អ្នកធ្វើការងារតាមផ្ទះ។

អ្នកស្រីលើកឡើង​ថា៖ «សុំសំណូមពរទៅដល់ខាងរាជរដ្ឋាភិបាលនិងខាងមន្ត្រី ប.ស.ស ឱ្យគាត់ជំរុញទៅខាងម្ចាស់ផ្ទះឱ្យគាត់បានចុះបញ្ជី ប.ស.ស ឱ្យបុគ្គលិកឱ្យបានគ្រប់ៗគ្នា។ ឥលូវនេះគាត់[ម្ចាស់ផ្ទះ]ពិបាក គាត់អត់ចុះទេ។ មិនពិបាកទេ បើសិនជាគាត់សហការជាមួយនឹង​ ប.ស.ស ឬកុំទៅនេះជាមួយ​ គប់គិត​​ជាមួយនឹងម្ចាស់ផ្ទះ​អីចឹង អត់បានទេ ដោយសារថាអ្នកខ្លះគាត់​ទាល់ខ្លាំង ដោយសារអត់ការងារធ្វើបើអត់​មាន ប.ស.ស គាត់ដឹងតែធ្វើសិន​ហើយ ព្រោះអីទាល់ដើម្បីយកប្រាក់ខែចិញ្ចឹម​ជីវិតសិន»។

សម្រាប់​ប្រទេស​កម្ពុជា កម្មករ​ការងារ​តាម​ផ្ទះ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ ដូចជា ការ​ចម្អិន​អាហារ បោស​​​​សំអាត​ បោក​អ៊ុត ថែ​ទាំ​កុមារ​ ថែទាំ​មនុស្ស​ចាស់ ថែទាំ​សមាជិកគ្រួសារ ថែទាំ​សួន ថែទាំ​ទ្រព្យ​សម្បត្តិ ថែទាំសត្វ​ចិញ្ចឹម និង​បើក​បរ​រថយន្ត​សម្រាប់គ្រួសារ​ជា​ដើម។

លោក សុក បូរ៉ា ប្រធាននាយកដ្ឋានគាវកាលិកសន្តិសុខសង្គមនៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើង​ថា​ នីតិវិធីសម្រាប់ម្ចាស់ផ្ទះ​ក្នុងធ្វើប័ណ្ណ ប.ស.ស ឱ្យអ្នកធ្វើការតាមផ្ទះ គឺមានភាព​ងាយ​​​ស្រួលបំផុត ដោយ​​ដំបូង​គឺ​ត្រូវ​មាន​ឆន្ទៈ ក្នុងការចុះបញ្ជី តែចំពោះបែបបទឯកសារ បើម្ចាស់ផ្ទះមិនយល់ ឬមិនដឹង អាចសួរទៅកាន់ក្រុមការងារ ប.ស.ស គ្រប់ទីតាំង​ដើម្បីជួយសម្របសម្រួល។ លោកថា ការធ្វើប័ណ្ណ ប.ស.ស គឺជាកាតព្វ​កិច្ច​របស់​ម្ចាស់ផ្ទះ ហេតុនេះក្រសួង​តែងតែចុះផ្សព្វផ្សាយ និង​​​​អំពាវនាវ​ឱ្យ​ម្ចាស់ផ្ទះទៅ​ចុះ​បញ្ជី សម្រាប់​​អ្នក​ធ្វើការ​ឱ្យ​ខ្លួន ទោះ​ជាយ៉ាង​ណា បច្ចុប្បន្នក្រសួងនៅមិនទាន់មានវិធានការក្នុងការចុះអធិការរកិច្ចនៅឡើយចំពោះបញ្ហានេះ។

លោកបន្តថា៖ «ម្ចាស់ផ្ទះត្រូវមានកាតព្វកិច្ច ចុះបញ្ជីឱ្យអ្នកធ្វើការក្នុងផ្ទះរបស់គាត់ ពេលដែលចុះបញ្ជីហើយ អ្នកធ្វើការក្នុងផ្ទះរបស់គាត់​ត្រូវបាន​ការ​ការ​​ពារ ទាំងបីដូចខ្ញុំបាន​លើកឡើងមាន គ្រោះថ្នាក់ការងារ ទី២ពេលបុគ្គលិក​នៅផ្ទះ អ្នកធ្វើការនៅក្នុងផ្ទះ ឈឺច្រើន អញ្ចឹង​បើគាត់មានប័ណ្ណ ប.ស.ស ឱ្យគាត់ប្រើទៅ ពេទ្រដៃគូ ប.ស.ស ឃើញ​ម្ចាស់ផ្ទះចំណេញមានអស់​លុយ​អី ម្ចាស់ផ្ទះបំពេញតៅតាមផ្លូវច្បាប់ទៀត។ ពេលចូលដល់របបចូល​និវត្តន៍ ម្ចាស់ផ្ទះបង់ពាក់កណ្តាល យើងសមីខ្លួនបង់ពាក់កណ្តាល ឃើញចំណេញទាំងអស់គ្នា»។

ទោះយ៉ាងណា លោកថា ក្រសួងនៅតែបន្ត​អំពាវនាវដល់​​ម្ចាស់​ផ្ទះ​ទាំង​អស់​នាំ​គ្នា ចូល​រួម​ចុះ​បញ្ជី បើទោះជាពេល​នេះ ក្រសួង​នៅ​មិនទាន់មានវិធានការ​​ចុះទៅអធិការកិច្ចដល់ផ្ទះគាត់​របស់ពួកគាត់នៅឡើយក៏ដោយ ប៉ុន្តែ​សុំឱ្យពួក​គាត់​ចូលរួម​អនុវត្តតាមច្បាប់ទាំង​អស់គ្នា​។

ច្បាប់ការងារឆ្នាំ២០១៩ បានចែងថា អ្នកធ្វើការតាមផ្ទះ និងនិយោជកត្រូវតែរួមភាគទានបង់ដល់គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ និងការថែទាំសុខភាព ខណៈនិយោជកត្រូវតែរ៉ាប់រងសម្រាប់ហានិភ័យ​ការងារ ឬគ្រោះថ្នាក់ និង ការធានារ៉ាប់រង។

តាមច្បាប់នេះដដែល ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ថែទាំសុខភាពសម្រាប់អ្នកធ្វើការដោយ​ខ្លួនឯង ត្រូវបាន​គ្រប់​គ្រងដោយអនុក្រឹត្យ ប៉ុន្តែ​មិនបាន​​បញ្ជាក់​ពី​ការ​ធានាលើ​​ហានិភ័យ​ការងារ​​សម្រាប់​អ្នកធ្វើការ​ដោយ​​ខ្លួន​ឯងទេ។

កំពុងអង្គុយ​នៅលើ​បង់​ក្បែរសួនកុមារ ក្នុងបុរី​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ អ្នកស្រី ប៉ាង សារិន វ័យ​ ៧៦​ឆ្នាំ ជា​ម្ចាស់​ផ្ទះដែលមានបុគ្គលិក​ធ្វើការតាមផ្ទះម្នាក់​នៅជាមួយគាត់​​នោះ បាន​ឱ្យ​ដឹង​​ថា​ អ្នកស្រី​​មិន​បាន​​ធ្វើ​​ប័ណ្ណ ប.ស.ស ជូនអ្នក​ធើ្វការ​នៅផ្ទះរបស់​គាត់​​ទេ ព្រោះ​គាត់​មិន​បាន​ដឹងថាម្ចាស់ផ្ទះ​​​ត្រូវ​មាន​កាតព្វកិច្ច​ធ្វើប័ណ្ណ​ បសស ដល់បុគ្គលិក។​

អ្នកស្រីថា៖ «ព្រោះអីអត់មាននរណាប្រាប់ អត់ដឹង អញ្ចឹងអ៊ុំ​អត់​ដឹង​អ៊ុំ​អ​ត់អា​ច​ធ្វើ​នេះ​ទេ តែ​បើ​មាន​​កា​រ​​ណែនាំ​ មាន​ការ​ដឹង មាន​ការ​បំភ្លឺ​ឱ្យ​ច្បាស់​លាស់​ទៅ អ៊ុំ​អាច​យល់ ចុះ​បើ​អ៊ុំ​អត់ដឹងអីសោះ​[…]ហើយអ៊ុំ​ក៏​អត់ដែលមានភូមិ​ណា សង្កាត់​ណា​គេពន្យល់​យើង គេមកណែនាំយើង ឬក៏គេមកប្រាប់យើងថា នែ៎គេត្រូវ​ចុះធ្វើ​ប័ណ្ណប.ស.ស ណាបង ត្រូវ​យល់ពីអញ្ចេះៗៗ ពន្យល់យើងណា៎ ឱ្យយើងយល់តែអត់មានទេ»។

តែយ៉ាងណា អ្នកស្រី សារិន ថា នៅពេលដែលអ្នកធ្វើការនៅផ្ទះរបស់​​គាត់​ឈឺ កន្លងមក គាត់តែង​ជួយ​ចេញថ្លៃ​ថ្នាំ និង​ទិញ​ថ្នាំ​ជូន​ជាដើម។ ជាមួយគ្នានេះ អ្នកស្រី ប៉ាង សារិន បាន​សំណូមពរ​ដល់​ភាគីពាក់ព័ន្ធជួយផ្សព្វ​ផ្សាយ​​ពី​របៀប​ធ្វើ​ប័ណ្ណ ប.ស.ស ឱ្យ​បាន​ទូលំ​ទូលាយ​ជាង​នេះ ដើម្បីឱ្យម្ចាស់ផ្ទះបានយល់ដឹង និងធ្វើជូនកម្មករធ្វើការតាមផ្ទះពួកគាត់។

អ្នកស្រី សារិន និយាយ​ថា​​៖ «ចង់ឱ្យមានការ​ផ្សព្វផ្សាយ​​ឱ្យមានគ្នា​យល់​ដឹង ជួនណាអ្នកខ្លះគ្នាអត់ដឹង ដល់​គេអត់ដឹងគេអត់បានធ្វើ ដល់គេអត់បានធ្វើ គេសួររកប័ណ្ណ ប.ស.ស បន្ទោសគ្នាថាម៉េចក៏មិនទៅធ្វើ ឱ្យគ្នាទៅធ្វើណាបើគ្នាអត់ដឹង»។

ចំណែកម្ចាស់សិប្បកម្មប្រហិតសាច់គោខ្នាតតូចនៅខេត្តកណ្ដាល វ័យ ៤៥ឆ្នាំ សុំមិនបញ្ចេញឈ្មោះ លើកឡើង​ថា អ្នកស្រីមានកម្មករម្នាក់​ ដែលជួយក្នុងការ​ផលិតប្រហិត ប៉ុន្តែសព្វថ្ងៃអ្នកស្រី​មិនបាន​ធ្វើប័ណ្ណ ប.ស.ស ឱ្យទៅអ្នកធ្វើការនោះទេ ព្រោះថាអ្នកស្រី​មិនបានដឹងអំពីសារៈ​សំខាន់នៃការធ្វើ ប.ស.ស សម្រាប់បុគ្គលិក។ ម្យ៉ាងអ្នកស្រីថា អ្នកស្រីចំណាយលើប្រាក់ខែសម្រាប់កម្មកររួចទៅហើយ ប៉ុន្តែ​​បើខាង​ក្រសួង​តម្រូវ​ឱ្យ​​ធ្វើ អ្នក​ស្រី​​នឹងទៅចុះឈ្មោះ​ធ្វើ​ប័ណ្ណ​ ប ស ស សម្រាប់កម្មកររូប​នោះ។

អ្នកស្រីថា៖ «រឿង ប.ស.ស ហ្នឹងបងអត់មានបានធ្វើឱ្យទៅអ្នកដែលគាត់មកធ្វើការឱ្យខ្ញុំទេ ដោយសាររាល់ថ្ងៃខ្ញុំអត់បានចាប់អារម្មណ៍ទៅលើរឿងហ្នឹងទេ ដោយសាររវល់ការងារច្រើន អញ្ចឹង​អត់​បាន​គិត​រឿង​ហ្នឹង​ទេ។ ពេល​ខ្លះ​បង​រៀង​គិត​ដែរ​ថា គាត់​ធ្វើការ​ឱ្យ​ខ្ញុំ ខ្ញុំ​ឱ្យ​ជា​ប្រាក់​កម្រៃ​ទៅ​គាត់​ហើយ​អញ្ចឹង បើសិនជាគាត់ចង់ធ្វើ ប.ស.ស គាត់​អាចទៅធ្វើ​ខ្លួនគាត់​បាន​តើ ព្រោះលុយខ្ញុំបើក​ឱ្យគាត់អាចឆ្លៀត​ដកបង់​បាន​តើ គ្រាន់តែអានេះជាការ​ខ្ញុំគិត តែបើក្រសួងគេតម្រូវឱ្យម្ចាស់ផ្ទះហ្នឹងត្រូវធ្វើឱ្យគាត់អាហ្នឹងអត់ដឹងធ្វើមេចទេគិតតាមហ្នឹងទៅ ម្យ៉ាងគាត់ជាបុគ្គលិកអត់មានដែលស្នើសុំដែរ»។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ហៅកាត់ថា IDEA បាន​ថ្លែង​ថា​ កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ដែល​គ្មាន​​ប័ណ្ណ​ ប.ស.ស​ មិន​ហ៊ាន​រាយការណ៍​ទៅ ​ប.ស.ស​ ទេ​ ថា​ម្ចាស់​ផ្ទះ​ដែល​ពួក​គេ​កំពុង​បម្រើ​ការងារ​មិន​ចុះ​បញ្ជី​​​​ធ្វើ​ប័ណ្ណ​ជូន​ពួក​គេទេ​​ ព្រោះ​បារម្ភ​ពី​ការ​បាត់បង់​ការងារ ​ក្រោយ​ថៅកែ​ដឹង​ថា​ពួក​​គេ​រាយករណ៍។​

លោក​បន្ត​ថា​ ដើម្បីឱ្យម្ចាស់ផ្ទះធ្វើប័ណ្ណ ប.ស.ស ជូនបុគ្គលិក​ដែល​ធ្វើការនៅផ្ទះរបស់ពួកគេបាន​ មន្ត្រី​​ ប.ស.ស គប្បី​សហការ​ជាមួយអាជ្ញាធរដែនដី ដើម្បីជំរុញក្នុង​ការផ្ដល់ដំណោះស្រាយចំពោះបញ្ហានេះ។

លោកថា៖ «អ្វីដែលយើងជជែកគ្នា តើយើងរកវិធីយ៉ាងណាដើម្បីឱ្យប.ស.ស​ផ្សព្វផ្សាយទៅដល់ម្ចាស់ផ្ទះ ជាពិសេសគួរតែ​សហការជាមួយអាជ្ញាធរដែនដី ព្រោះអាជ្ញាធរដែនដីនៅជាប់ម្ចាស់ផ្ទះ ដឹងថាផ្ទះ​ណា​មាន​បុគ្គលិក​កម្មករ​ ផ្ទះ​ណា​អត់មាន មិនចឹងហ្អេ? អាហ្នឹងជាគន្លឹះមួយ»។

កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO​ បានអនុម័តឲ្យ​មាន​អនុសញ្ញាស្តីពីការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ(លេខ១៨៩) ឆ្នាំ២០១១ ដោយ​មាន​អនុសាសន៍​​អមជាមួយផង។ អនុសញ្ញានេះ គឺជាលិខិតុបករណ៍អន្តរជាតិ​លើកដំបូង ដែលទទួលស្គាល់ការងារតាមផ្ទះជាការងារ។

អនុសញ្ញា​នេះ បានចែងពីសិទ្ធិ​មូលដ្ឋាន​ និងគោល​ការណ៍​ ហើយតម្រូវ​ឱ្យ​រដ្ឋ​ដែលជា​សច្ចាប័ន ត្រូវ​ចាត់​វិធានការ​​នានា ដើម្បី​ធានា​ឱ្យ​មានការ​​ងារ​សមរម្យ​ សម្រាប់កម្មករ​ការ​ងារ​តាម​ផ្ទះ។ ដោយផ្តល់សច្ចាប័ន និងអនុវត្ត​អនុសញ្ញានេះ រដ្ឋ​ត្រូវ​ជំរុញ​ឱ្យ​មាន​លក្ខខណ្ឌ​ និង​អាណត្តិ​ការ​ងារ​សមរម្យ​ ដូចជា​ ម៉ោង​ធ្វើការ​ងារ​ទៀង​ទាត់​ ប្រាក់បំណាច់​គ្រប់គ្រាន់​បទដ្ឋាន​សុខភាព និង​សុវត្ថិ​ភាព​ការ​ងារ សេរីភាពក្នុង​ការ​បង្កើត​សមាគម និង​ការ​ទទួល​​បាន​របប​សន្តិ​សុខ​សង្គម​សម្រាប់​កម្មករ​ការងារ​តាម​ផ្ទះ។

បើតាម លោក វន់ ពៅ​ ​កម្ពុជា នៅ​មិនទាន់​បាន​​ផ្តល់​សច្ចា​ប័ន​លើ​​អនុ​សញ្ញា​​របស់​អង្គការ​អន្តរ​ជាតិ​​​​ខាង​​ការ​ងារ​​លេខ ១៨៩ ស្តីពី​ «ការងារ​​សមរម្យ​​សម្រាប់​កម្មករ​ការ​ងារ​តាម​ផ្ទះ​» នៅឡើយ​ទេ ហើយច្បាប់​​​ការ​​ងារ​ ក៏​​មិន​​ទាន់​​បាន​​ចែង​ជាក់លាក់​អំពី​កម្មករ​ការ​ងារ​តាមផ្ទះដែរ ដែលបញ្ហា​​នេះ បាន​ធ្វើ​​ឱ្យ​​កម្មករ​ការ​ងារ​តាមផ្ទះ ជួប​បញ្ហា​ប្រឈម​ច្រើន និង​មិន​ទទួលបានលក្ខខណ្ឌ​ការ​ងារ​ល្អប្រសើរ​។

ករណីនេះ លោកបានស្នើទៅរដ្ឋាភិបាល ឱ្យ​​ផ្តល់​សច្ចា​ប័ន​​លើ​​​អនុសញ្ញាលេខ​១៨៩​នោះ ព្រមទាំង​​ដាក់ចេញ​វិធាន​ការ​​សម​ស្រ​ប​ចាំ​បាច់​នានា​ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​​ខ្លឹម​សារ​នៃ​អនុសញ្ញានេះ​​​នៅក្នុងប្រទេស ដើម្បី​ធានា​លក្ខខណ្ឌ​ការ​ងារ​សមរម្យសម្រាប់​កម្មករ​​ការងារ​តាមផ្ទះ។​

យោងតាមរបាយការណ៍អង្គការ​ពលកម្ម​អន្ត​រជាតិ​(ILO) វិស័យ​ការ​ងារ​តាម​ផ្ទះ គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃកម្លាំង​ពលកម្ម​ក្នុងវិស័យ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ ដែលគ្របដណ្តប់​ចំនួន​កម្មករ​ជា​បុរស និង​ស្ត្រី​ចំនួន​ប្រមាណ ៧៥,៦​លាន​នាក់ នៅលើ​ពិភពលោក ដែល​មាន​អាយុ​ចាប់​ពី​ ១៥​ឆ្នាំ​ឡើង​​ទៅ ក្នុងនោះ មានកម្មក​រជា​ស្ត្រី​ចំនួន ៧៦,២ភាគ​រយ ក្នុ​ងឆ្នាំ​២០១៩។ សម្រាប់​នៅកម្ពុជា បច្ចុប្បន្ន​​ នៅមិនទាន់​មានរបាយការណ៍ជាក់លាក់​ពីចំនួន​កម្មករ​ធ្វើការ​ងារ​តាមផ្ទះនៅឡើយទេ។

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម បានលើកឡើងក្នុង​សេចក្តីប្រកាសព័ត៌​មាន​​ជុំវិញ​ការ​ប្រារព្ធទិវា​អន្តរជាតិ​កម្មករ​ការ​ងារ​តាមផ្ទះ​​​​ថា កម្មករ​ការងារ​តាមផ្ទះ ជា​កម្លាំង​ចល​ករ​ដ៏សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ជាតិ ដែលភាគច្រើន​ត្រូវ​បាន​គេ​មើល​រំលេង។ លោកស្រីបន្តថា​ ការ​​រៀបចំ​ទិវាកម្មករ​ការងារ​តាមផ្ទះ​អន្តរជាតិ​ជារៀង​រាល់​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីលើក​កម្ពស់​សិទ្ធិ​​​ក្នុងការ​ទទួល​បាន​គាំពារ​សង្គម​របស់​កម្មករ​ផ្នែកនេះ និងជំរុញ​ឱ្យ​អ្នក​រៀបចំគោលនយោ​បាយ ផ្តល់នូវភាពចាំបាច់ក្នុងការ​ដាក់​បញ្ចូល​កម្មករ​ការងារ​តាម​ផ្ទះ​ ក្នុង​របប​គាំពារ​សង្គម​ ដូចជាកម្មករ​ដទៃ​ទៀត​ដែរ។

លោក​ស្រីបានគូសបញ្ជាក់​​ថា៖ «ការ​វិនិយោគ​លើ​សេវា​គាំពារ​ស្ត្រី​ និងកិច្ច​គាំពារ​សង្គម​សម្រាប់​​​កម្មករ​ការ​ងារ​តាមផ្ទះ​ មានន័យថា កម្ពុជា​លើក​កម្ពស់​សិទ្ធិ​សមភាព​នៃ​សិទ្ធិ​របស់​កម្មករ​ ដើម្បី​ពួកគេ​បាន​ទទួល​កា​រគាំពារ និងការ​វិនិយោគ​​​​​​លើ​សក្តា​នុពល​ ដើម្បីចូលរួម​ចំណែក​ជំរុញ​​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ឈានទៅមុខ ក៏ដូច​ជា​​​សម្រេច​បាន​នូវ​គោល​ដៅ​របស់​​កម្ពុជា ក្នុង​ការ​ប្រែ​ខ្លួន​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​​ខ្ពស់»។

ត្រឡប់ទៅអ្នកស្រី ព្រំ វណ្ណី ដែលជាកម្មករធ្វើការ​ងារ​តាមផ្ទះ​វិញ អ្នកស្រីស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់​ជួយជំរុញដល់​​ម្ចាស់ផ្ទះដែលមានបុគ្គលិកបម្រើការងារតាមផ្ទះ​ឱ្យចុះឈ្មោះធ្វើប័ណ្ណប.ស.ស ឱ្យ​​​បានគ្រប់ៗគ្នា ព្រោះប័ណ្ណ​នេះ​នឹងជួយសម្រាល​ហិរញ្ញវត្ថុមួយផ្នែកធំដល់កម្មករដែលមានជីវភាពលំបាក នៅពេលមានបញ្ហាសុខភាព ឬគ្រោះថ្នាក់ការ​ងារ​​កើតឡើងជាយថាហេតុ។

អ្នកស្រីថា៖«ចង់ឱ្យក្រសួងប.ស.សហ្នឹងធ្វើម៉េចជំរុញឱ្យម្ចាស់ផ្ទះទៅបង់ បសស ឱ្យអ្នកនៅជាមួយហ្នឹងបាន​គ្រប់​​គ្នា​​ទាំងអស់ ព្រោះវាមានសារប្រយោជន៍វាច្រើន ម្ចាស់ផ្ទះបង់ឱ្យវាមានបីយ៉ាង មានគ្រោះថ្នាក់ការងារ និងសោធន និងពិនិត្យសុខភាព»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍