តុលាការបដិសេធសំណើរ​សុំ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​​របស់​សកម្មជន​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស

សាលាដំបូងរាជធានីភ្នំពេញ ​ នៅព្រឹកថ្ងៃទី៤ ខែកក្កដា បាន​បដិសេធ​សំណើរ​សុំ​ដោះ​លែង​ឱ្យ​មាន​សេរីភា​ព​​​របស់​សកម្មជនផ្សព្វផ្សាយ​​​​​សន្ធិ​សញ្ញាទីក្រុង​ប៉ារីស ខណៈសាច់ញាតិនិងអ្នកគាំទ្រមួយចំនួន បានសម្តែងការ​ខក​ចិត្ត​ចំពោះ​​​ការសម្រេចនេះ។

សកម្មជនផ្សព្វផ្សាយ​សន្ធិសញ្ញា​ទីក្រុងប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ត្រូវបានតុលាការចោទប្រកាន់ក្រោមបទចោទ«ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»  ក្រោយ​ពួក​គេ​ចេញ​វីដេអូ​និយាយ​អំពី គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​នៃ​ការ​​បង្កើត​​តំបន់​អភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាមឬតំបន់ CLV។

លោក ស៊ឺន ជុំជួន សហ​មេធាវីការពារក្តី​ឱ្យ លោក ស្រ៊ុន ស្រ៊ន និង​សកម្មជនកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បានបញ្ជាក់ប្រាប់Press Start Cambodia ថា តុលាការ​បានសម្រេចបដិសេធ​សំណើរសុំ​ឱ្យ​ដោះលែង​កូន​ក្តីរបស់​លោក​​ ប៉ុន្តែ​លោកមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ​ ព្រោះ​មិនទាន់បានទទួលសាល​ក្រម​ពីតុលាការ​​​។

លោកលើកឡើងថា៖«យើងខ្ញុំពិតជាមានការសោកស្តាយ ដែលតុលាការបដិសេធនូវពាក្យ​សុំរបស់​យើងខ្ញុំដើម្បី​ដោះលែងជនជាប់ចោទឱ្យមានសេរីភាព ប៉ុន្តែតុលាការ​បដិសេដ។ យើងមិនទាន់ច្បាស់ថាតុលាការ​​សំអាងហេតុអ្វី មិនទាន់ច្បាស់នៅឡើយ​ ព្រោះ​យើង​នៅ​ចាំ​ទទួល​បាន​សាល​ក្រម​សិន អ្វីដែលជាការប្រ​កាស​សាលក្រមព្រឹកមិញ គ្រាន់តែជាការប្រកាសអំពីសេចក្តី​សម្រេច ប៉ុន្តែ​មិនបានលើកអំពីការសំអាងហេតុទេ។ យើងនឹងពិភាក្សាជាមួយក្រុមគ្រួសារជនជាប់ចោទ ថាយើងខ្ញុំ គួរតែបន្តដំណើរការនីតិវិធីប្តឹងជំទាស់ទៅឧទ្ធណ៍ទៀត ឬយ៉ាងណានោះ ចាំពិភាក្សាជាមួយកូនក្តីសិន»។

អ្នកស្រី សុ ភីណា អាយុ៤២ឆ្នាំ​​ ដែលជាភរិយាលោក ស្រ៊ុន ស្រ៊ន បង្ហាញការ​​​ខក​ចិត្ត​ដែល​តុលាការ​បន្ត​ឃុំខ្លួន​ប្តី​អ្នក​ស្រី និងសកម្មជនផ្សេងទៀត។ ទោះជាយ៉ាងណា អ្នកស្រីនៅមានសង្ឃឹមចំពោះតុលាការថា នឹងផ្តល់យុត្តិធម៌ជូនសកម្មជនទាំងអស់។

អ្នកស្រីបន្តថា៖«អារម្មណ៍កំពុងតែក្តុកក្តួល ព្រោះពេលមកយើងសង្ឃឹម[តុលាការសម្រេចដោះលែង] តែប្តូរ​ទៅ​ជាអវិជ្ជមានរាងអន់ចិត្តតិចតួច តែយើងនៅតែបន្តទៀត ព្រោះខ្ញុំនៅមានសង្ឃឹមលើតុលាការ[…]សំណូមពរតុលាការ គាត់ពិចារណាទៅលើករណីប្តីខ្ញុំ នឹងបងប្អូនផ្សេងទៀត ព្រោះពួកគាត់ធ្វើហ្នឹងមិនមែនជាប្រយោជន៍ផ្ទាល់ខ្លួនតែគាត់ម្នាក់ទេ គឺប្រយោជន៍រួមទូទាំងប្រទេស»។

កញ្ញា ភឹង សោភ័ណ ជាបងស្រីបង្កើតកញ្ញា​ ភឹង សោភា បានប្រាប់ថា ក្រោយកា​របដិសេធសំណើ​សុំដោះលែង​នេះ ប្អូនស្រី​របស់​កញ្ញា និង​មេធាវី នឹ​ង​ពិភាក្សា ដើម្បី​បន្ត​នីតិ​វិធីតា​មផ្លូ​វ​ច្បាប់​ទៅកាន់​សាលា​ឧទ្ធរណ៍បន្ត​ទៀត។

កញ្ញានិ​យាយ​ថា៖«ខ្ញុំស្នើសុំឱ្យតុលាការពិចារណាទៅលើ​ចំណុចល្អៗ​ដែរ កញ្ញា ភឹង សោភា បង​ ស៊ុ្រន ស៊្រន និង​បង​ សាន សិទ្ធិ ដែលជួយសង្គម វិភាគទានទៅ​ដល់ការអភិវឌ្ឍ​សហគមន៍ គាត់ចូលរួមក្នុងការបង្រៀន​ច្បាប់ ហើយជួយទៅដល់ជនងាយរងគ្រោះ សង្ឃឹមថា តុលារការពិចារណាទៅលើចំណុចទាំងអស់នឹងដែលពួកគាត់ខិតខំធ្វើការ១០ឆ្នាំទៅក្នុងការកសាងប្រយោជន៍ជួយសហគមន៍»។

ចំណែក លោក កែន ជ្រុន ជា​ប្រជាពលរដ្ឋ​​ដែល​មក​ពី​ខេត្ត​ព្រះ​សីហនុ ដែលឡើង​មកតាមដាន​សវនា​ការ​​នៅ​​សាលា​ដំបូងរាជធានីភ្នំពេញដែរ​នោះ ក៏​បានបង្ហាញកា​រខក​ចិត្ត​ចំពោះ​ការ​​បន្ត​ឃុំខ្លួន​សកម្ម​ជន​ទាំង​៣​រូប​នេះ។ ក្នុងនាមជាពលរដ្ឋម្នាក់ លោក​បានស្នើ​ដល់​​រាជរដ្ឋាភិបាល និងតុលាការ ដោះលែង​សកម្ម​ជន​ទាំង​៣រូប​ឱ្យ​មាន​សេរីភាពវិញ ដើម្បីបានជួបជុំគ្រួសារ និង​បន្តសកម្ម​ការងារ​ទៅមុខ​ទៀត។

លោកបន្ថែមថា៖ «ខ្ញុំមកក្នុងនាមជាពលរដ្ឋ គឺ​ប្រជាពលរដ្ឋចង់ស្នើសុំដល់តុលាការរាជធានីភ្នំពេញ សុំ​ដោះលែង​ឱ្យមា​ន​សិទ្ធិ​សេរីភាព​ឡើង​វិញ យោង​តាម​រដ្ឋ​ធម្មនុញ្ញ ជំពូក៣ និយាយអំពីសិទ្ធិ និងករណីកិច្ចរបស់ពលរដ្ឋខ្មែរ ដូចជា មាត្រា​៣៥ មាត្រា៤១ និងមាត្រា៥១ ចែងអំពិសិទ្ធប្រជាពលរដ្ឋនោះ គឺចង់ឱ្យរាជរដ្ឋាភិបាល ដោះលែងឱ្យគាត់មានសេរីភាពដែលមានចែងក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ»។

មន្ត្រីស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក យី សុខ​សាន្ត ប្រាប់​អ្នក​សារព័ត៌​មាន​នៅ​មុខ​សាលា​ដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃទី៤ ខែកក្កដា​នេះ​ថា យល់ថា ការឃុំខ្លួន​សកម្មជន​ផ្សព្វ​ផ្សាយ​​​សន្ធិ​សញ្ញា​​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​នេះ បន្ត​ទៀត ពុំ​មានផល​ចំណេញ​ណាមួ​យ​សម្រាប់​រាជ​រដ្ឋាភិបាល​នោះទេ គឺមានតែ​​​នាំ​​ឱ្យ​ប៉ះពា​ល់​ដល់​សុខ​ភាព សេរីភាព​របស់​សកម្មជន និង​ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ។​

លោកបន្តថា៖«អ្វីដែលយើងស្នើសុំ គឺស្នើដោយ​ទទូច​ដល់​រាជ​រដ្ឋាភិ​បាល ជាពិសេសតុ​លាការ​មេត្តា​ដោះ​លែង​ឱ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ឱ្យ​គាត់​ជួប​ជុំ​គ្រួសារ ហើយ​អ្វី​ដែល​ឃុំគា​ត់​ទុក​អត់​ចំណេញ​ទេ ធ្វើឱ្យ​ប៉ះពាល់ដល់ស្ថានភាពគ្រួសារគាត់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពគាត់ ធ្វើឱ្យប៉ះពាល់រដ្ឋាភិបាលដែលមានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ»។

គួរបញ្ជាក់ថា លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​២៣ ខែ​​កក្កដា ឆ្នាំ​២០២៤ និង​នៅថ្ងៃបន្ទាប់ ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ សម្រេច​​ចោទប្រកាន់​ ពី​បទ ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ ដល់​សន្តិសុ​ខ​សង្គម បន្ទាប់ពីពួកគេបានផ្សាយផ្ទាល់ (LIVE) វីដេអូ​នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹង «គម្រោងអភិវឌ្ឍ តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA)»។

សវនាការជាលើកដំបូងលើសំណុំរឿងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយ​​​ពេលនោះតុលាការបានពុះញែក​សំណុំរឿង លោក ស្រ៊ុន ស្រ៊ន និងអ្នកដទៃទៀត ទៅជា ៥សំណុំ​​រឿងផ្សេងៗគ្នា។ ការសម្រេចនេះ បានធ្វើឲ្យក្រុមមេធាវីការពារសកម្មជន​២៣តុលា បង្ហាញការមិនពេញចិត្ត និងប្តឹងជំទាស់ការសម្រេចទៅសាលាឧទ្ធរណ៍។

រហូតដល់ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សវនាការលើសកម្មជន២៣តុលាទាំង៣រូប បានបើកជាថ្មីម្តង​ទៀត ហើយ​ក៏ត្រូវពន្យារពេលភ្លាមៗដែរ។ ការពន្យារនោះ គឺដោយសារតែបណ្តឹងជំទាស់របស់ក្រុមមេធាវីនៅឯសាលាឧទ្ធរណ៍នៅមិនទាន់មានការសម្រេច៕

អត្ថបទគួរឱ្យចាប់អារម្មណ៍