សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានបដិសេធសំណើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន របស់ក្រុមសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានបើកសវនាការអង្គសេចក្តីលើសំណុំរឿងរបស់សកម្មជនទាំងនោះ ដែលត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណើរសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយថានឹងប្រកាសសាលក្រមនៅថ្ងៃទី០៣ ខែកញ្ញានេះ បន្ទាប់ពីមេធាវីការពារក្តីបានស្នើនិតិវិធីដោយផ្ទាល់មាត់ ដោយសារតែការឃុំខ្លួនលើសកម្មជនទាំងនោះ បានធ្វើឡើងជាង១ឆ្នាំមកហើយ។
សហមេធាវីការពារក្តីឱ្យសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក សឺន ជុំជួន បានឱ្យដឹងនៅថ្ងៃពុធនេះថា មុនពេលប្រកាសសាលក្រម តុលាការបានបើកសវនាការអង្គសេចក្តីជាង ៣ម៉ោង ប៉ុន្តែសួរពីសក្ខីកម្មតែជនជាប់ចោទម្នាក់គត់ គឺលោក ស៊្រុន ស្រ៊ន ខណៈជនជាប់ចោទផ្សេងទៀតមិនទាន់ទទួលបានឱកាសឆ្លើយបំភ្លឺបាននៅឡើយ។
មេធាវីការពារក្តី បានលើកឡើងថា ការពន្យារពេលដំណើរការនីតិវិធី និងការបដិសេធឱ្យសកម្មជនទាំងបីបាននៅក្រៅឃុំ បានប៉ះពាល់ធ្ងន់ធ្ងរទាំងលើសិទ្ធិ និងសុខុមាលភាពផ្ទាល់របស់ពួកគេ ដោយសារពួកគេត្រូវបានឃុំខ្លួនរហូតលើសមួយឆ្នាំហើយ។
លោកថា៖ «យើងនៅតែចាត់ទុកថាជាការប៉ះពាល់ទៅលើសិទ្ធិនៃការឃុំខ្លួន យើងគិតថេរវេលាមកដល់ពេលនេះ គឺការឃុំខ្លួនមានរហូតដល់ទៅជាង១ឆ្នាំទៅហើយ ម្លោះហើយតុលាការគប្បីពិចារណាកន្លែងហ្នឹង ដើម្បីឱ្យពួកគាត់មានសេរីភាព ប៉ុន្តែផ្ទុយទៅវិញការប្រកាសសាលក្រមគឺមិនត្រូវបានអនុញ្ញាតទេ ហើយយើងមិនបានការសម្អាងហេតុដែលមិនព្រមដោះលែងហ្នឹង យើងក៏មិនបានដឹងច្បាស់ទៀត មិនដឹងថាគាត់សម្អាងហេតុទៅលើមូលហេតុអី[…] អីចឹងយើងក្នុងនាមជាមេធាវី មិនអាចទទួលយកបានទេ ចាំយើងពិភាក្សាជាមួយនឹងសហមេធាវីដែលការពារក្តីហ្នឹងហើយជាមួយជនជាប់ចោទទៅថាតើគួរមាននិតិវីធីបែបណាទៀត»។
កញ្ញាថា៖ «ខ្ញុំសង្ឃឹមថា និតិវីធីប្រព្រឹត្តទៅឲ្យបានឆាប់រហ័ស ជាពិសេសគឺមិនចង់ឲ្យមានការរក្សាការជួបឃុំ ទី១វាប៉ះពាល់ទៅដល់និតិវិធី ទី២ ប៉ះពាល់ទៅដល់សិទ្ធិជនជាប់ចោទ»។
ចំណែកឯ ភរិយាលោក សាន សិទ្ធិ គឺអ្នកស្រី ស្វាយ ពៅ មានប្រសាសន៍ថា សកម្មភាពរបស់សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំង៣រូប ដែលបានធ្វើកន្លងមក គឺដើម្បីប្រយោជន៍រួមប៉ុណ្ណោះ ដោយពួកគេពុំមានចេតនាណាមួយ ក្នុងការញុះញង់បង្កផលប៉ះពាល់ដល់សន្តិសុខសង្គម ដូចការចោទប្រកាន់ឡើយ។
អ្នកស្រីថា៖ «ផ្ទុយពីការចោទប្រកាន់ ដូចថាគាត់ប្រជាពលរដ្ឋសកម្មនៅខាងជួយភូមិឃុំពាណិជ្ជកម្ម ជួយបងប្អូនយើងឯទៀតៗដែលខ្វះគ្រាប់ពូជ ខ្វះធនធានអ្វីៗ ដូចថា ចំណេះដឹងផ្នែកច្បាប់ចឹង គាត់ក៏បានចែករំលែកច្បាប់ដែរ យើងថាច្បាប់ផ្សាភ្ជាប់ជាមួយនឹងសីល៥ កាលណាបើប្រជាពលរដ្ឋចេះច្បាប់ទៅ វាកាត់បន្ថយហានិភ័យ ការជេរប្រមាថអីផ្សេងៗ តែបើប្រជាពលរដ្ឋអត់ចេះច្បាប់ឃើញអ្វីថាហ្នឹង[នាំឱ្យ]កើតហិក្សា […] បើនិយាយពីរឿងការញុះញង់ដូចវាមិនមែនទេពួកខ្ញុំរវល់ណាស់ រវល់ការងាររកហូបទទួលទានដូចតែគ្នាទេ ចឹងមានពេលណាទៅញុះញង់គេនោះ[…]ខ្ញុំសុំឱ្យតុលាការពិនិត្យ និងពិចារណាទម្លាក់បទចោទឱ្យគាត់មានសិទ្ធសេរីភាពវិញ ព្រោះអីគាត់មិនបានញុះញង់អីទេ គាត់ជាពលរដ្ឋម្នាក់តែងចែករំលែក ចំណេះដឹងផ្នែកច្បាប់»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី បានបដិសេដក្នុងការឆ្លើយតបដោយសារតែជាប់រវល់ប្រជុំ។
ចំណែក លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានបង្ហាញការខកចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានបដិសេធសំណើដោះលែងជាបណ្ដោះអាសន្នសម្រាប់សកម្មជនទាំង ៣រូប។
លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងខកចិត្តគឺតុលាការគួរតែដោះលែងឲ្យពួកគាត់មានសេរីភាព ឱ្យពួកគាត់នៅក្រៅឃុំ ពីព្រោះអ្វីដែលពួកគាត់ចូលរួមចំណែកក្នុងការផ្សព្វផ្សាយ អំពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីស២៣តុលានេះ វាមិនទាន់ហួសពេលទោះបីយើង ក្នុងរដ្ឋធម្មនុញ្ញមានចែងក៏ដោយ ក៏ប៉ុន្តែជាអ្វីដែលយើងត្រូវការចាំបាច់ ដូចថ្មីៗ នេះមានសង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសថៃ ក៏យើងអាចយកមកប្រើប្រាស់បានដែរ។ [..] យើងស្នើសុំដោយទទូចទៅតុលាការ ស្ថាប័នតុលាការមេត្តាគួរតែទម្លាក់ចោលការ ចោទប្រកាន់មកលើគាត់ ពីព្រោះពួកគាត់អត់មានកំហុសអីធ្ងន់ធ្ងរដូចការចោទប្រកាន់ទេ»។
គួរបញ្ជាក់ថា សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំង ៣រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបាននិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការចូលរួមខេត្ត៤របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV)៕