សហគមន៍ជនជាតិដើមភាគតិចកួយ អំពាវនាវឱ្យមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាបជាបន្ទាន់លើសកម្មភាពកាប់ឈើខុសច្បាប់ក្នុងតំបន់អូរស្កាច នៃដែនជម្រកសត្វព្រៃព្រះរការ បន្ទាប់ពីរកឃើញឈើជាច្រើនដើមត្រូវបានជ្រៀក និងបំរុងដឹកចេញពីព្រៃការពារមួយនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ កាលពីថ្ងៃទី៩ ខែមេសានេះ បានឱ្យដឹងថា នៅតំបន់អូរស្កាច មានករណីបទល្មើសព្រៃឈើ កើតឡើងច្រើនទីតាំង ហើយក្រុមជនល្មើសជាច្រើនក្រុម បានសម្រុកអារឈើ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់94) នៃដែនជម្រកសត្វព្រៃព្រះរការយ៉ាងអនាធិបតេយ្យ។
សេចក្តីប្រកាសព័ត៌មាន បានស្រង់ទិន្នន័យមកថា មានបទល្មើសព្រៃឈើតួយ៉ាងដូចជា គល់ឈើដែលបានកាប់ផ្តួលនៅតំបន់អូរស្កាចជិតវាលស្មៅ ដែលឈើទាំងនោះរួមមាន ឈើគ្រឿង(សម្រាប់ធ្វើគ្រឿងសង្ហារឹម)ចំនួន ១២២សន្លឹក, សសរចំនួន ២៩ដើម និងក្ដារ ៦៦សន្លឹក ស្មើប្រមាណ ៥០ម៉ែត្រគីប។
ប្រភពដដែលបានស្នើឱ្យមន្ទីរបរិស្ថានខេត្តព្រះវិហារ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងចាត់វិធានការផ្លូវច្បាប់លើមន្រ្តីខិលខូច ដែលលួចសម្បតិ្តធនធានធម្មជាតិ ហើយយកឈើដែលបានជ្រៀកហើយ មកបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក។
សេចក្តីប្រកាលព័ត៌មានលើកឡើងថា៖ «អ្នកកាប់ឈើច្រើនណាស់នៅក្នុងព្រៃព្រះរការ ខេត្តព្រះវិហារ បើអាចចេញវិធានការថ្ងៃនេះ ដើម្បីយកឈើដែលនៅសេសសល់ពីការជ្រៀក យកទៅធ្វើផ្ទះជូនជនភៀសសឹក ឬអាចធ្វើជាសាលា ឬធ្វើវត្តអារាម ឬធ្វើកន្លែងសហគមន៍ដែលគាត់ខ្វះខាតក៏បាន»។
យុវជនជនជាតិដើមភាគតិចកួយ ដែលបានចុះល្បាតព្រៃព្រះរការផ្ទាល់ លោក ខាក់ ភារិទ្ធម៉ាស៊ី បង្ហាញការសោកស្ដាយដែលដើមឈើធំៗ ដែលជាកេរ្តិ៍តំណែលបន្សល់ទុកពីដូនតា ត្រូវបានកាប់បំផ្លាញដោយជនល្មើសនៅក្នុងជំនាន់របស់ខ្លួន។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើការកាប់បំផ្លាញបន្តមានហូរហែរបែបនេះ ខ្ញុំព្រួយបារម្ភមែនទែន ខ្ញុំព្រួយបារម្ភព្រៃ ឬដែនជម្រកសត្វព្រៃព្រះរការនេះនៅសល់តែឈ្មោះទេ ដែលអត់មានដើមឈើដែលជាជម្រកសត្វព្រៃធ្លាប់រស់នៅ ដោយសារតែព្រៃ ដើមឈើធំៗ តំបន់ដែលមានព្រៃស្តុកត្រូវបានកាប់រីករាលដាលបែបនេះ ហើយណាមួយទៀត ព្រៃឈើវាអាចទាក់ទាញខ្យល់បរិសុទ្ធឱ្យយើងដកដង្ហើម ហើយអាចឱ្យយើងដកហូតអនុផលព្រៃឈើយកមកប្រើប្រាស់ ឬយកមកផ្គត់ផ្គង់គ្រួសារនៅសហគមន៍បាន ហើយប្រសិនបើជាព្រៃឈើអស់ មុខរបរឬក៏ទំនៀមទម្លាប់ប្រពៃណីរបស់យើងក៏បាត់បង់តាមនេះដែរ» ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ លោក ថាប់ សុខឃី បានឱ្យដឹងដែរថា បទល្មើសព្រៃឈើ នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែមន្ត្រីបរិស្ថានមិនបានចូលទៅដល់ ខណៈសហគមន៍ជាប់ប្រកបរបរដើម្បីជីវភាព មិនសូវបានចុះល្បាតញឹកញាប់។ លោកកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ឈើធំៗ ត្រូវបានបាត់បង់ជាច្រើន បន្សល់តែដើមឈើតូចៗ ដែលបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំងទៅៗ នៅសហគមន៍។
បើតាម លោក ថាប់ សុខឃី បន្ទាប់ពីចេញរបាយការណ៍នេះ មន្ទីរបរិស្ថានខេត្តបានសុំកិច្ចសហការពីសហគមន៍ចុះទៅពិនិត្យទីតាំងផ្ទាល់ ហើយបច្ចុប្បន្ននេះសហគមន៍កំពុងតែនាំមន្ត្រីបរិស្ថានទៅទីតាំងនោះ។ ជាមួយគ្នានេះ លោក សុខឃី បានស្នើឱ្យអាជ្ញាធរទប់ស្កាត់បទល្មើសព្រៃឈើ ដោយចុះល្បាតជាញឹកញាប់ និងផ្តល់កញ្ចក់ថវិការខ្លះសម្រាប់សហគមន៍ ដើម្បីចុះល្បាតព្រៃឈើដែលជាសម្បត្តិរួម។
លោកថា៖ «ខ្ញុំមិនបន្ទោសអាជ្ញាធរទេ ព្រោះបទល្មើសវាចល័តរហូត ខ្ញុំស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឱ្យគាត់ចូលរួមបានច្រើនក្នុងការចុះល្បាតព្រៃជាមួយសហគមន៍ បើសិនជាអាចមានជាកញ្ចប់ថវិការដល់សហគមន៍សម្រាប់ធ្វើការល្បាតព្រៃ ការពារព្រៃ ព្រោះព្រៃគឺជាព្រៃរួមរបស់យើងទាំងមូល មិនមែនជាព្រៃរបស់សហគមន៍តែឯងទេ មួយរយៈកាលក្រោយនេះយើងឃើញថាមានតែសហគមន៍ទេចុះល្បាតជាញឹកញាប់» ។
ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ មានប្រសាសន៍ថា ករណីនេះ លោកបានចាត់មន្ត្រី ដោយឱ្យសហការជាមួយសហគមន៍ជនជាតិដើមភាគតិចភូមិប្រមេរុ កាលពីព្រឹកមិញនេះ ដោយចុះទៅទីតាំងផ្ទាល់ ដើម្បីចាត់វិធានការ និងដកហូតឈើទាំងនោះ។
លោកក៏បានគាំទ្រចំពោះគំនិតរបស់សហគមន៍ ដែលចង់ឱ្យយកឈើទាំងនោះធ្វើជាសម្ភារៈរួមសម្រាប់ធ្វើសាលារៀន វត្តអារាម ឬផ្ទះសម្រាប់ជនភៀសសឹកជាដើម។ ទន្ទឹមនេះ លោកក៏បានស្នើឱ្យមានការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ និងរាយការណ៍ពីបទល្មើសមកកាន់អាជ្ញាធរនៅពេលដែលជួបប្រទះ។
លោកមានប្រសាសន៍ថា៖ «យើងធ្វើការនេះដោយប្រឹងប្រែងជាប្រចាំ ហើយចន្លោះខ្វះខាត យើងទទួលស្គាល់ថាពិតជាមានមែន ប៉ុន្តែយើងនឹងខិតខំប្រឹងប្រែងធ្វើការងារនេះបន្តទៀត ដើម្បីចូលរួមបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាពិសេសយើងត្រូវការការចូលរួមជាចាំបាច់ពីសហគមន៍ អាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការរាយការណ៍ពីបទល្មើស យើងពិតជាត្រូវការមែនទែន ហើយយើងនឹងធ្វើការរួមគ្នាទប់ស្កាត់ការងារនេះ […] ការអនុវត្តច្បាប់គឺ ១០០% អត់មានលើកលែងទេ នៅពេលដែលយើងរកឃើញបទល្មើសធនធានធម្មជាតិ » ។
ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក ម៉ើ ចាន់ដារ៉ា មានប្រសាសន៍ថា របាយការណ៍របស់សហគមន៍ជនជាតិដើមភាគតិចកួយនៅតំបន់ប្រមេរុ គឺជាឯកសារសំខាន់មួយដែលបង្ហាញពីភស្តុតាងជាក់ស្តែងដែលកើតមាននៅក្នុងតំបន់ការពារ។ លោកថា របាយការណ៍នេះគួរត្រូវបានយកចិត្តទុកដាក់ នឹងបើកការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បីឈានទៅកំណត់មុខសញ្ញាអ្នកដែលចូលរួមប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ។
លោកថ្លែងថា៖ « វាមិនត្រឹមតែជាការរាយការណ៍អំពីបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់សហគមន៍ចំពោះការបាត់បង់ធនធានធម្មជាតិដែលជាធនាគារដែលពួកគេពឹងផ្អែករាល់ថ្ងៃ ហើយព្រៃឈើនេះវាជាប្រពៃណី អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចដែលមានតាំងពីបុរាណមក។ ព្រៃព្រះរការ មិនត្រឹមជាតំបន់អេកូឡូស៊ីសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែជាដែនដីវប្បធម៌ អត្តសញ្ញាណ និងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចផងដែរ » ។
លោក ម៉ើ ចាន់ដារ៉ា បានកត់សម្គាល់ដែរថា ទោះបីជាកម្ពុជាមានច្បាប់មួយចំនួន ដូចជា ច្បាប់ព្រៃឈើ ក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទប្បញ្ញត្តិផ្សេងៗក៏ដោយ ប៉ុន្តែការអនុវត្តនៅមូលដ្ឋាននៅតែមានចន្លោះខ្វះខាត ដែលអាចបណ្តាលមកពីកត្តាជាច្រើន ដូចជា កង្វះធនធាន បញ្ហាពុករលួយ និងបច្ចេកទេសក្នុងការត្រួតពិនិត្យ កង្វះការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ការអនុវត្តច្បាប់មិនស្មើភាពគ្នា ឬក៏បញ្ហាអភិវឌ្ឍន៍ផ្សេងៗ។
លោកបន្តថា៖ «បើពិនិត្យស្ថានភាពបច្ចុប្បន្ន យើងឃើញថាបទល្មើសព្រៃឈើនៅតែបន្តកើតមានជាបន្តបន្ទាប់ និងមានលក្ខណៈរៀបចំជាក្រុម ឬបណ្តាញ។ ការកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់មិនត្រឹមតែបំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល ការបាត់បង់ជីវចម្រុះ ក៏ដូចជាការប្រែប្រួលអាកាសធាតុ។
លោកបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការបន្ទាន់ និងមានប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ដោយអនុវត្តច្បាប់យ៉ាងតឹងរឹង និងគ្មានការលើកលែង ព្រមទាំងបើកការស៊ើបអង្កេតយ៉ាងឯករាជ្យ និងមានតម្លាភាព លើបណ្តាញ ឬក្រុមដែលពាក់ព័ន្ធនឹងបទល្មើស។
ស្រដៀងគ្នានេះ កញ្ញា ហេង គឹមសួ មន្ត្រីផ្នែកគោលនយោបាយ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ មានប្រសាសន៍ថា កន្លងមក អាជ្ញាធរពុំទាន់បានចាត់វិធានការឱ្យបានតឹងរឹងបំផុតនោះទេ ព្រោះបទល្មើសព្រៃឈើនៅតែបន្តកើតមានពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនមានដំណោះស្រាយជូនពលរដ្ឋ។
កញ្ញាថា៖ « នេះមិនមែនជាលើកទី១ទេ យើងបានចាប់បានបទល្មើសជាច្រើនករណីមកហើយប៉ុន្តែពុំមានដំណោះស្រាយថាដាក់ទោសទណ្ឌ ឬចាត់វិធានការអីពីខាងក្រសួង ក៏ដូចជារាជរដ្ឋាភិបាលទៅកាន់បទល្មើសព្រៃឈើ ដែលធ្វើឱ្យការកាប់ឈើខុសច្បាប់នៅតែបន្តកើតមាន ហើយកើតជាហូរហែរអត់ដាច់ស្រាកស្រាន្តទេ»។
កញ្ញា គឹមសួ បានអំពាវនាវឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់ឱ្យបានខ្លាំងទៅលើបទល្មើសព្រៃឈើនេះ ព្រោះអាកាសធាតុបច្ចុប្បន្នក្តៅខ្លាំង ដែលទាមទារឱ្យមានគម្របព្រៃឈើ ដើម្បីកាត់បន្ថយបញ្ហាអាកាសធាតុ។
យោងតាមរបាយការណ៍ស្តីពីការប្រែប្រួលវត្តមានដើមច្បោះនៅដែនជម្រកសត្វព្រៃព្រះរការ កាលពីឆ្នាំមុន ដែលចេញផ្សាយដោយអង្គការ ភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ បានកត់សម្គាល់ថា ស្ថានភាពគម្របព្រៃឈើនៅកម្ពុជា មានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានឹងការអង្កេតនេះដែរ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបង្ហាញក្រាហ្វិចដែលបង្ហាញពីផ្ទៃដីសរុប និងភាគរយនៃគម្របព្រៃឈើរបស់ប្រទេសកម្ពុជា បានថយចុះពី៤៣,២១ភាគរយ ក្នុងឆ្នាំ២០១៥ ដល់ ៣៩,៧៥ភាគរយក្នុងឆ្នាំ២០២៣ (ODC, 2023)។
នៅក្នុងអណ្តត្តិទី៧ នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើ យ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ គឺដើម្បីស្តារព្រៃឈើ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសវានឹងជួយរក្សាគម្របព្រៃឈើឱ្យបានគង់វង្ស។ ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាថានឹងរក្សាគម្របព្រៃឈើឱ្យបាន ៦០% ត្រឹមឆ្នាំ២០៥០។
គួរបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃព្រះរការ ទំហំជាង ៩០ ៣៦១ ហិកតា ហ៊ុមព័ទ្ធដោយស្រុកចំនួន ៣ ក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាដែនជម្រកសត្វព្រៃព្រះរកានៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦៕

