សម្ព័ន្ធអង្គការសង្គមស៊ីវិលរកឃើញភស្តុតាង​ពី​ផលប៉ះពាល់ចំពោះពលរដ្ឋ​ខ្មែរ​ក្នុងជម្លោះ​​​ព្រំដែនកម្ពុជា–ថៃ

សម្ព័ន្ធអង្គការសង្គមស៊ីវិល បានបញ្ចេញរបាយការណ៍វាយតម្លៃ​រហ័ស​លើក​ទី២ ដែល​ផ្តល់​ភស្តុ​តាង និង​ទិន្ន​ន័យ​​ពី​ការ​ចុះទី​តាំង​ជាក់​ស្តែង ស្តី​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប៉ះទ​ង្គិច​តាម​ព្រំដែន​កម្ពុជា​–ថៃ លើ​​​ប្រជាពលរដ្ឋ សុខភាព បរិស្ថាន សិទ្ធិមនុស្ស ​វប្បធម៌សាសនា និងបញ្ហាអធិប​តេយ្យ​ភា​ព។

ការបង្ហាញនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន​ ស្តីពី «ការ​វាយ​តម្លៃ​រហ័ស​រួមគ្នា​លើក​ទីពីរ ស្ដីពី ផល​ប៉ះ​ពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និង​សកម្ម​ភាព​រួម​គ្នា​បន្ទាប់» ដែលធ្វើឡើងនៅមជ្ឈ​មណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ (CCIM) នៅ​ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦​នេះ។

ក្នុងសន្និសីទនោះ លោក រស់ សុដ្ឋា នាយកប្រតិបត្តិ​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានឱ្យដឹងថា តាម​រយៈ​ការ​ចុះ​ស្រាវ​ជ្រាវ​រយៈ​ពេល​ ៤ថ្ងៃ ចន្លោះពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​​២៨ ខែ​មករា ឆ្នាំ​២០២៦ ការ​វាយ​តម្លៃរ​ហ័ស​លើក​ទី២នេះ បាន​បង្ហាញ​ថា វិបត្តិ​នៅ​តំបន់ជាប់​ព្រំដែន​ ជា​សោកនាដ​កម្ម​​ដ៏ធ្ងន់ធ្ងរ មិន​ត្រឹម​តែ​បង្ក​ផល​ប៉ះពាល់​ដល់ផ្នែក​សេដ្ឋកិច្ច សុខភាព​ ការ​អប់រំ ​អធិបតេយ្យ​ភាព និង​សន្តិសុខ​​សុវត្ថិភាព​​របស់​ពលរដ្ឋ​​ស៊ីវិល​​ប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏បង្កផលប៉ះពាល់ផ្នែក​​​ផ្លូវ​ចិត្ត​យ៉ាងធ្ងន់​ធ្ងរ​ដល់ពួកគេ​​ផងដែរ។

លោក រស់ សុដ្ឋា យល់ថា រដ្ឋាភិបាល​គួរបន្តយកចិត្តទុកដាក់​ជាចាំបាច់ ចំពោះប្រជាពលរដ្ឋដែល​បាន​ភៀស​សឹក ជាពិសេសអ្នកដែលមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបានដោយ​ហេតុផលអសន្តិសុខ និងអស្ថិរភាពនៅតាមតំបន់ព្រំដែន។

លោកមានប្រសាសន៍ថា៖ «ចំពោះដំណោះស្រាយសម្រាប់រដ្ឋាភិបាល យើងឃើញថា មើលទៅបញ្ហាហ្នឹងទំនងជាមិន​អាចដោះស្រាយបានភ្លាមៗទេ ដូច្នេះការបង្កលក្ខណៈ​ឲ្យមានកន្លែងរស់នៅជាបណ្ដោះសន្ន ឬអចិន្ត្រៃយ៍ដើម្បីឲ្យគាត់មានកន្លែងរស់នៅមួយជាផ្ទះទីពីររបស់ពួកគាត់ ក្នុងនោះអាចពួកគាត់គួរតែមានដី មានកន្លែងស្នាក់នៅនិងមានមុខរបរសម្រាប់ចិញ្ចឹមជីវិត។ រដ្ឋាភិបាលអាចជួយគិតគូរធ្វើយ៉ាងម៉េចដើម្បីឲ្យពួកគាត់អាចមានចំណូល ហើយជាពិសេសគឺការថែទាំទាំងផ្លូវកាយនិងផ្លូវចិត្ត» ។ 

តាមរយៈ​ការស្រាវជ្រាវគ្របដណ្តប់លើខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែននេះ​ដែរ លោកថា សង្គមស៊ីវិល និង​អ្នកជំនាញ​បច្ចេក​ទេស​មកពី​ប្រទេស​អាឡឺម៉ង់ និង​អូស្ត្រាលី​ ​ដែល​​​បាន​ចុះ​ទៅ​​ប្រមូល​នូវឯកសារ​ដោយផ្ទាល់​ នឹង​រៀបចំឯកសារ​ដើម្បីផ្ទៀងផ្ទាត់ជាមួយការ​រក​ឃើញ​​របស់​​រដ្ឋាភិបាល​កម្ពុជា ហើយនឹង​​​ដាក់ពាក្យបណ្តឹង​ទៅ​ស្ថាប័នអន្តរ​ជាតិ ក្នុងនោះមាន​តុលាកា​រ​អន្តរ​ជាតិ​ ICJ ផងដែរ​​ ដើម្បី​ទាមទារឱ្យ​មានយុត្តិធម៌​​សម្រាប់​​​ពលរដ្ឋ​ស៊ីវិល​ខ្មែរ​ដែល​រង​គ្រោះ ​ដោយ​សារ​​ការ​ឈ្លាន​ពាន​របស់​ថៃ។

លោកថា៖ «ខ្ញុំសូមថ្កោល​ទោស ហើយ​ក៏ដូច​ជា​សូម​ចាត់វិធានការ​ផ្លូវ​អន្តរជាតិឱ្យបានខ្លាំងក្លាចំពោះទង្វើ​​ទាំងអស់នេះ»។

បើតាម​ លោក រស់ សុដ្ឋា ដែលបានចុះទៅទីតាំង​ជម្លោះព្រំដែន​ដោយផ្ទាល់ បានគូសបញ្ជាក់ថា​ ទង្វើ​​ឬ​​សកម្ម​ភាព​​​របស់​ទាហាន​​​​ថៃ មិន​មែនជា​ការ​បង្ក្រាប​បញ្ហា​​ឧក្រិដ្ឋ​​កម្ម​ឆបោក​តាម​អនឡាញ​នៅតាមព្រំដែន ដូចដែលថៃ​បានយក​​លេស​នោះទេ។ លោក​ថា សកម្មភាពរបស់​ទាហាន​​ថៃ​ ជា​ការ​ឈ្លាន​ពាន​​ទឹក​​ដីកម្ពុជា​​ ដោយ​​សារ​​តែ​​ពួក​គេ​​បាន​ធ្វើស​កម្មភាព​​នានា ក្នុងការ​​ពង្រីក​ព្រំដែនចូល​ជ្រៅ​​មក​​ក្នុង​​​ទឹកដីកម្ពុជា ដូចជា​ នៅភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់​ តំបន់​បឹង​ត្រកួន ថ្មដា អានសេះ ការ​ឈូស​បំផ្លាញ​ផ្ទះសម្បែង​ជនស៊ីវិល ការបំផ្លាញប្រាសាទព្រះវិហារ ប្រាសាទតាក្របី និង​សកម្ម​ភាព​បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​​ផ្សេងៗទៀត។  

ចំណែក ​លោក ស្រី កុសល ប្រធានវេទិកាមនុស្សធម៌កម្ពុជា (CHF) និងជានាយកប្រតិបត្តិ នៃអង្គការសហការដើម្បី អភិវឌ្ឍន៍នៅកម្ពុជា (PADEK) បាន​លើក​ឡើងក្នុងសន្និសីទនោះ​​​ផង​ដែរ​ពី​ផល​ប៉ះពា​ល់​​ដល់ការ​អប់រំរបស់កុមារ ​ដោយ​បញ្ជាក់​ថា មាន​តែ​ប្រមាណ ៧០ភាគរយ​​នៃ​សិស្ស​​​​នៅតំ​បន់​ព្រំដែន​ប៉ុណ្ណោះ ដែល​បាន​ត្រឡប់​ទៅ​សាលា​រៀន​វិញ ខណៈឪពុក​ម្តាយ​ជាច្រើ​ន​មិន​ហ៊ាន​ឲ្យ​កុមារ​តូចៗ​ទៅ​រៀន ដោយ​សារ​ភាព​មិន​ប្រាកដ​ប្រជា​អំពី​សន្តិ​សុខ​នៃ​ជម្លោះព្រំដែន​។

លោកបន្តថា៖ «កាលពីជម្លោះលើកទីមួយ ក្មេងៗរត់ហើយក៏បានត្រឡប់ទៅរៀនវិញ។ ប៉ុន្តែលើកនេះ​មាន​តែ​ប្រមាណ 70% ប៉ុណ្ណោះ​នៃសិស្ស​​នៅតាមតំបន់ព្រំដែន​ដែលបានត្រឡប់ទៅសិក្សានៅសាលារៀនវិញ។ ចំពោះកូនតូចៗដែលឪពុកម្ដាយត្រូវជូនទៅរៀន ពួកគេមិនហ៊ានបណ្ដោយឱ្យទៅទេដោយសារមិនដឹងថាពេលណាអាចនឹងមានការផ្ទុះអាវុធ ហើយថាតើសុវត្ថិភាពរបស់ពួកគេត្រូវបានធានាឬក៏អត់» ។ 

ទាក់ទិននឹងបញ្ហានេះដែរ ក្រុម​បណ្តាញអង្គការសង្គម​ស៊ីវិល ក៏បា​នអំ​ពាវ​នាវ​ដល់​ភាគី​ពាក់​ព័ន្ធទាំង​អស់ ឱ្យផ្ដ​ល់​អាទិភាពដល់​ការការពារជនស៊ីវិល ធានាការចូលប្រើប្រាស់ជំនួយមនុស្សធម៌ ដោះ​ស្រាយតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ​​ដែលរងផលប៉ះពាល់ និងគាំទ្រដល់កិច្ចខិតខំប្រឹង​ប្រែង​​សម្របសម្រួលឆ្ពោះទៅរកការកាត់បន្ថយ​ភាពតានតឹង និងសន្តិភាពប្រកបដោយចីរភាព។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា បានប្រាប់ Press Start Cambodia ឲ្យដឹងនៅរសៀល​នេះថា ចាប់តាំងពីមានជម្លោះនៅតំបន់ព្រំដែន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់​បំផុត ចំពោះការការ​ពារ​បូរណភាពទឹកដី និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន។

លោកបានមានប្រសាសន៍ថា៖ «ការយកចិត្តទុកដាក់របស់ជនភៀសសឹកមានពីរ ទីមួយគឺធានាធ្វើយ៉ាង​ណា​ឲ្យ​បងប្អូនប្រជាពលរដ្ឋរបស់យើងដែលអាចទៅផ្ទះវិញបាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលធ្វើយ៉ាងម៉េចឱ្យពួកគាត់អាចត្រឡប់ទៅវិញបានដោយសុវត្ថិភាព។ ចំពោះបងប្អូនដែលមិនទាន់អាចត្រឡប់ទៅ​វិញបាន រដ្ឋាភិបាលបានផ្ដល់ជូននូវជម្រកបណ្ដោះអាសន្នដែលមានលក្ខណៈល្អប្រសើរ និងមានទាំងសាលារៀនបណ្ដោះអាសន្ន ព្រមទាំងការផ្គត់ផ្គង់គ្រប់បែប​យ៉ាងសម្រាប់តម្រូវការប្រចាំថ្ងៃ» ។ 

ចំណែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានគូសបញ្ជាក់នូវកត្តារួមផ្សំធំៗដែលមិន​ទាន់អនុញ្ញាត​ឲ្យប្រជាពលរដ្ឋមួយចំនួនត្រឡប់ទៅផ្ទះវិញ និងត្រូវបន្តរស់នៅជំរុំជនភៀសខ្លួន។

លោកបានរៀបរាប់ថា៖ «ទីមួយ​គឺផ្ទះសម្បែងរបស់ពួកគាត់មិនអាចទៅបានតែម្ដង បានន័យថា រងការខ្ទេច​ខ្ទី ទីពីរគឺ​វា​មានគ្រាប់យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​អំបែង​គ្រាប់ ឬ​ក៏​ធ្លាប់​រង​នូវ​ការ​បាញ់​ផ្សែង​ពុល។ មួយ​ទៀត​​ដោយ​សារ​ទាហាន​ថៃ​ឈរ​ជើង​នៅ​ជិត​នោះ ឬ​ក៏​ព័ទ្ធ​យក​តែ​ម្ដង ដែល​ជា​សកម្មភាព​គំរាម​កំហែង​ដល់​សន្តិ​សុខ និង​សុវត្ថិ​ភាព ឬ​ពេល​ខ្លះ​មិនអនុ​ញ្ញាត​ឲ្យ​ពួក​គាត់​ចូល​ទៅ​ក្នុង​លំនៅឋានទៅទៀត» ។

លោក ទូច សុខៈ បន្តថា រាជរដ្ឋាភិបាលបានរៀបចំទីតាំង នៅក្នុងការសាងសង់ជំរំ​សុវត្ថិភាពសម្រាប់​ជនភៀសខ្លួន​ដែលនៅបន្តមានការភ័យខ្លាចមិនហ៊ាន ឬមិនអាចត្រឡប់ទៅកាន់លំនៅឋាន ដើម្បី​រង់ចាំការដោះស្រាយផ្លូវច្បាប់រវាងភាគីកម្ពុជានិងថៃ។

យោងតាមរបាយការណ៍ចុងក្រោយរបស់​​ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦​នេះ បានឲ្យដឹងថា ពលរដ្ឋភៀសសឹកចំនួន ៩៧ ៨៧៨នាក់ កំពុង​បន្ត​ស្នាក់នៅ​​​តាម​ជំរំនានា ក្នុង​នោះ​ស្រ្តី​មាន​ចំនួន ៥១ ២៤៨​​នាក់ និង​កុមារ​ចំនួន ៣១ ២៩៧​នាក់ ខណៈ​ពលរដ្ឋភៀស​សឹក​ជាង ៥សែន​៥​ម៉ឺន​នាក់ ឬ​ជិត​៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញ និងបន្តជាហូរហែរ។

ក្រសួង​បន្ថែម​ថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិ ឯកជន សរុប រួម​មាន ផ្ទះ៩៨០ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយប្រេង៤ ផ្សារ​ឯកជន១ រថយន្ត​៣៤​គ្រឿង ម៉ូតូ១០គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោល​​​អង់​តែន​ទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធ ទឹក​ស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/​សត្វព្រៃ​២ក្បាល។

រីឯការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុបរួមមាន សាលារៀន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់​អគារ៤២ វត្តអារាម១៩ សាលាឆទាន១ រូបសំណាក២ រថយន្ត១​គ្រឿង ប្រាសាទ​​បុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្ដាញបញ្ជូនអគ្គិសនី៣កន្លែង ខណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម៕