បុគ្គលិកផ្នែកអនាម័យជាង៧០នាក់ នៃក្រុមហ៊ុន អេចស៊ីស៊ី គ្រុប (HCC Group Co., Ltd) ដែលសំអាតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រកកិច្ចអន្តរាគមន៍ពីក្រសួងការងារ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារពួកគេ ដោយមិនបានទូទាត់សំណងតាមផ្លូវច្បាប់ ក្រោយព្រលានយន្តហោះនេះបានបិទដំណើរការ។
បុគ្គលិកផ្នែកអនាម័យម្នាក់ដែលធ្វើការនៅក្រុមហ៊ុន អេចស៊ីស៊ី គ្រុប ថ្លែងប្រាប់ Press Start Cambodia នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ពួកគាត់បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងការងារ នៅថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញ ស្នើឱ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ ក្រោយពីក្រុមហ៊ុនអេចស៊ីស៊ី បានបញ្ឈប់ពួកគាត់ពីការងារ នៅពេលបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បុរសវ័យ ៣៣ឆ្នាំ រូបនេះ បន្តថា ក្រោយក្រុមហ៊ុនបញ្ឈប់ពួកគាត់ពីការងារ គឺពួកគាត់ទទួលបានសំណងមួយចំនួន និងប្រាក់ខែចុងក្រោយ ប៉ុន្តែប្រាក់ខែចុងក្រោយនោះ ភាគីក្រុមហ៊ុនបើកឱ្យលោកមិនគ្រប់ចំនួនទេ ហើយប្រាក់សំណងជំងឺចិត្ត និងប្រាក់ជួសការជូនដំណឹងជាមុន ខាងក្រុមហ៊ុនមិនបានទូទាត់ឱ្យឡើយ ខណៈរូបលោកនិងបុគ្គលិកផ្សេងទៀត មិនបានទទួលដំណឹងពីសំណាក់ក្រុមហ៊ុន រឿងបញ្ចប់កិច្ចសន្យាការងារពេលព្រលានយន្តហោះអន្តរជាតិភ្នំពេញ បិទដំណើរការនោះទេ។
លោកបន្តថា៖ «គេបញ្ឈប់យើង អត់យកយើងទៅកន្លែងថ្មី[អាកាសយានដ្ឋានអន្តរជាតិតេជោ] ហើយយកអ្នកថ្មីទៅកន្លែងថ្មី មិនបានប្រាប់បុគ្គលិកចាស់ គឺអត់ជូនដំណឹង[…] នៅព្រលានចាស់នៅពោធិ៍ចិនតុង តែត្រូវបិទទៅព្រលានថ្មី អញ្ចឹងកម្មករចាស់ដែលធ្វើនៅព្រលានទាំងប៉ុន្មាន ដែលធ្វើការនៅក្រុមហ៊ុនហ្នឹង គឺអត់មានយកទៅទាំងអស់ទេ គេអត់មានផ្តល់ដំណឹងទេ តែក្រុមហ៊ុនគេបានប្រាប់ទៅក្រសួងថា បានផ្តល់ដំណឹងស្របតាមនីតិវិធី ដែលក្រសួងបានដាក់ឱ្យហើយ តែបុគ្គលិកទាំងអស់គឺគេអត់ដឹង បុគ្គលិកគ្នា៧០នាក់ជាង គឺអត់ដឹងថាក្រុមហ៊ុនផ្តល់ដំណឹងតាមរយៈណា ឬតាមវិធីអ្វីទេ»។
ចំណែកឯបុគ្គលិកក្រុមហ៊ុនអេចស៊ីស៊ីមួយរូបទៀត សុំមិនបញ្ចេញឈ្មោះដែរនោះ បាននិយាយថា តាំងក្រុមហ៊ុន អេចស៊ីស៊ី គ្រុប បញ្ឈប់ពួកគាត់មកដល់ពេលនេះ ខាងក្រុមហ៊ុនបានផ្ដល់សំណងចំនួន៣ចំណុចជូនពួកគាត់ ក្នុងនោះមានប្រាក់ខែចុងក្រោយ ប្រាប់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារ។
លោកបន្តថា មុនបញ្ឈប់លោក និងបុគ្គលិកផ្សេងទៀតពីការងារ ភាគីក្រុមហ៊ុនមិនបានជូនដំណឹងដល់ពួកគាត់ឡើយ និងមិនបានប្រាប់លោកជាក់លាក់ពីការផ្លាស់ការងារពីទីតាំងព្រលានយន្តហោះចាស់ ទៅព្រលានយន្តហោះថ្មីដែរ ហើយលោកមានការខកចិត្តចំពោះករណីនេះ។
លោកថា៖ «ចំណុចទីមួយដែលគេមិនឱ្យយើងគឺជំងឺចិត្ត និងហ្នឹងហើយសេចក្ដីជូនដំណឹងហ្នឹង[…]តែ២ចំណុចហ្នឹងទេដែលគេមិនឱ្យយើងហ្នឹង អ៊ីចឹងយើងអត់ព្រម យើងគ្រាន់តែចង់បានថាជំងឺចិត្តដែលគាត់មិនបានផ្ដល់ព័ត៌មានឱ្យយើងហ្នឹង គាត់អត់បានផ្ដល់សោះ គាត់យកមកបិទជញ្ជាំងចោល អត់មានរៀបរាប់ សូម្បីតែ supervisor ក៏គាត់អត់បានដឹងដែរ»។
បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនអេចស៊ីស៊ីគ្រុបជាង២០ឆ្នាំរូបនេះ ស្នើសុំភាគីក្រុមហ៊ុនផ្ដល់សំណងជំងឺចិត្ត និងប្រាក់ជួសការជូនដំណឹងជូនបុគ្គលិកដែលក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាការងារ ទៅតាមច្បាប់ស្តីពីការងារ។
ជុំវិញបញ្ហានេះ ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល បានប្រាប់ថា ក្រុមហ៊ុន អេចស៊ីស៊ី គ្រុប(HCC Group Co., Ltd) ដែលជាក្រុមហ៊ុនម៉ៅការសំអាតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង បានបញ្ឈប់បុគ្គលិកដែលធ្វើការនៅទីនោះ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយផ្ដល់សំណងមួយចំនួន ខណៈកម្មករចំនួន ៧២នាក់ កំពុងទាមទារសំណងបន្ថែម ២ចំណុចទៀត។
លោកថា៖ «ក្រុមហ៊ុនទូទាត់ឱ្យមួយចំនួន ដូចជា ប្រាក់អតីតភាពការងារ ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំអីជាដើម។ ប៉ុន្តែនៅ២ចំណុចទៀតចំពោះសំណងជំងឺចិត្ត និងប្រាក់ជួសឱ្យការជូនដំណឹងក្រុមហ៊ុនបដិសេធមិនផ្ដល់ឱ្យទេ ក្រុមហ៊ុនបានលើកឡើងថាក្រុមហ៊ុនបានជូនដំណឹងដល់កម្មករត្រឹមត្រូវហើយ»។
ករណីនេះ លោក ទូច កុសល ស្នើឱ្យក្រុមហ៊ុន អេចស៊ីស៊ី គ្រុប(HCC Group Co., Ltd) ពិចារណាផ្ដល់សំណងជំងឺចិត្ត និងប្រាក់ជួសឱ្យការជូនដំណឹងជូនបុគ្គលិកទាំងនោះ ទៅតាមច្បាប់ ដើម្បីបញ្ចប់វិវាទការងារនេះឱ្យបានឆាប់។
លោកបន្ថែមថា៖ «ទោះបីតិចច្រើនអីអាហ្នឹងយើងពិចារណាទៅ ពីព្រោះគាត់ខំធ្វើការបម្រើក្រុមហ៊ុន១០ឆ្នាំជាង២០ឆ្នាំហើយ ចុងក្រោយគាត់អត់បានអាហ្នឹងទៅតាមច្បាប់ អាហ្នឹងស្ដាប់មើលទៅ វាដូចជាពិបាកក្នុងការទទួលយកដែរ»។
យោងតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៧៧ ចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈនៃនិយោជកតែឯកឯងគ្មានឱ្យដំណឹងមុន ឬមិនគោរពតាមរយៈពេលនៃការឱ្យដំណឹងមុន តម្រូវឱ្យនិយោជកចេញប្រាក់ទូទាត់ដល់កម្មករនិយោជិតមានចំនួនស្មើនឹងប្រាក់ឈ្នួលហើយ និងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានក្នុងរយៈពេលឱ្យដំណឹងមុន ដែលគេមិនបានគោរពត្រឹមត្រូវ។
ចំណែកឯមាត្រា ៩១នៃច្បាប់ស្តីពីការងារ ចែងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទារសងសោហ៊ុយជំងឺចិត្តបាន។ សោហ៊ុយជំងឺចិត្តនេះ មិនត្រូវច្រឡំគ្នាជាមួយនឹងប្រាក់បំណាច់ទូទាត់ជួសការឱ្យដំណឹងមុន ឬជាមួយនឹងប្រាក់បំណាច់បណ្តេញចេញទេ។ កម្មករនិយោជិត អាចទាមទារប្រាក់បំណាច់បើកផ្តាច់មួយ ដែលមានចំនួនស្មើនឹងប្រាក់បំណាច់បណ្តេញចេញ។ ក្នុងករណីនេះ កម្មករនិយោជិតត្រូវបានរួចពីកាតព្វកិច្ច ដែលត្រូវផ្តល់ភស្តុតាងបញ្ជាក់ពីការខូចខាតរបស់ខ្លួន។
ជុំវិញបញ្ហានេះ Press Start Cambodia មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា និងក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុបបានទេត្រឹមរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ។
គួរជម្រាបជូនថា ក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប(HCC Group Co., Ltd) ធ្លាប់មានវិវាទការងារជាមួយបុគ្គលិកខ្លួននៅសាខាខេត្តសៀមរាប ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ កម្មករនិយោជិតសរុបចំនួន ១១២នាក់ ទទួលបានដំណោះស្រាយ ក្រោយភាគីក្រុមហ៊ុនបានយល់ព្រមផ្តល់ជូនកម្មករនិយោជិតនូវទឹកប្រាក់ សរុបចំនួន ៨១ ៨២៣.២៦ ដុល្លារអាម៉េរិក (ប្រាំបីម៉ឺនមួយពាន់ ប្រាំបីរយម្ភៃបីដុល្លារអាម៉េរិក និងម្ភៃប្រាំមួយសេន) ជាការទូទាត់សម្រាប់អត្ថប្រយោជន៍ផ្សេងៗ៕

