សមាគម សហព័ន្ធសហជីព និងអង្គកាមិនមែនរដ្ឋាភិបាល ដែលគ្រោងប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យបានសម្រេចផ្លាស់ប្តូរមករៀបចំធ្វើនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីពិភាក្សាគ្នារយៈពេលប្រមាណ៣ ម៉ោងនៅរសៀលថ្ងៃសៅរ៍នេះ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់ Press Start Cambodia នៅពេលល្ងាចថ្ងៃទី០៧ ខែមីនា ថា ក្រោយពីបានពិភាក្សាគ្នាអស់រយៈពេល ៣ម៉ោង ក្នុងកិច្ចប្រជុំនោះ លោកនិងតំណាងអង្គការសង្គមស៊ីវិលផ្សេងទៀត សម្រេចឯកភាពគ្នាយល់ព្រមប្តូរពីទីលានប្រជាធិបតេយ្យទៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវិញ តាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ដោយសារចង់បន្ធូរបន្ថយភាពតានតឹង។
លោកនិយាយថា៖ “ដំបូងយើងដាច់ខាតធ្វើនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែដោយសារសាលាក្រុងគេដាច់ខាតមិនអនុញ្ញាតិឱ្យធ្វើនៅទីលានប្រជាធិបតេយ្យ យើងក៏បង្ខំចិត្តមកធ្វើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC វិញ តាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ដោយសារយើងមិនចង់ប្រឈមនឹងភាពតានតឹង”។
លោក ទូច កុសល ប្រធានសហព័ន្ធ សហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា បានយល់ស្របនឹងការលើកឡើងរបស់លោក វន់ ពៅ អំពីការផ្លាស់ប្តូរទីតាំងរៀបចំទិវានារីអន្តរជាតិ ដោយលោកមិនបញ្ជាក់លម្អិតពីមូលហេតុនោះទេ ដោយគ្រាន់តែថា មានការដាក់លក្ខខណ្ឌទៅវិញទៅមក។
តាមកំណត់ហេតុកិច្ចប្រជុំនៅរសៀលម៉ោង៣ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវគោលការណ៍មួយចំនួនសម្រាប់អ្នករៀបចំពិធីដូចជា ត្រូវគ្រប់គ្រងខ្លឹមសាររបស់តំណាងស្ថានទូត កុំឱ្យប៉ះពាល់ដល់ច្បាប់អន្តរជាតិ និងច្បាប់ជាតិ ត្រូវពិនិត្យនិងទទួលខុសត្រូវលើខ្លឹមសារបដា គ្រប់គ្រងខ្លឹមសារកុំឱ្យប្រាស់ចាក និងប៉ះពាល់ដល់សច្ចធម៌ប្រវត្តិសាស្ត្រ ស្ថាប័នកំពូលជាតិ និងឥស្សរជនជាតិជាន់ខ្ពស់ និងប្រទេសជិតខាង ដែលផ្ទុយពីគោលបំណងនិងប្រាសចាកពីខ្លឹមសារ នៃការរៀបចំពិធីនេះ។
កំណត់ហេតុដដែលបានបញ្ជាក់ទៀតថា មិនឱ្យអ្នកចូលរួមយកវេទិការនេះ ធ្វើសកម្មភាពវាយប្រហារដល់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលឬបំផុសញុះញង់ប្រជាពលរដ្ឋឱ្យកើតជាអំពើហិង្សា ឬបំបែកបំបាក់សាមគ្គីភាពជាតិ។
កំណត់ហេតុសរសេរថា៖ “អ្នករៀបចំកម្មវិធី ត្រូវយកស្មារតីនៃកិច្ចប្រជុំនេះ ទៅផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ តាមការពិត កុំឆ្លៀតឱកាសវាយប្រហារលើអាជ្ញាធរ បើមិនដូចនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងរាយការណ៍ពីភាពមិនប្រក្រតីរបស់អង្គការ សមាគម អ្នករៀបចំកម្មវិធីទៅក្រសួងមហាផ្ទៃនិងអ្នកពាក់ព័ន្ធ”។
កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ តំណាងអង្គការសង្គមស៊ីវិលនិងសហជីពបានចេញលិខិតចំហរួមមួយ ប្រកាសបន្តប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៨ មីនា ឆ្នាំ២០២៦ នៅទីលានប្រជាធិបតេយ្យតាមការគ្រោងទុក ទោះបីជាមិនមានការអនុញ្ញាតិពីរដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទដោយ៖ រ៉ា ជឺយ៉ាង

