សង្គមស៊ីវិល​​​​​ជំរុ​ញឱ្យ​​បង្កើន​​​​ការ​​​ទប់​ស្កាត់​អំពើហិ​ង្សាក្នុ​ង​គ្រួសារ ក្រោយ​​​ករណី​​ឃាតកម្ម​​​លើ​មនុស្សជិត​១០​​​នាក់​​នៅ​កំពង់ចាម​

សង្គមស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ​បង្ហាញ​ក្តី​​ព្រួយ​​បារម្ភ​​ជាខ្លាំងជុំវិញ​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​ប៉ះពាល់​ដល់​សន្តិសុខ ​សុវត្ថិភាព​ និង​បង្កការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ក្រោយមានករណីឃាតកម្ម​ដុត​សម្លាប់ និង​អាករ​មនុស្ស​ ៩នាក់ ក្នុងនោះមានទាំងកុមារផងនោះ ដែល​កើត​ចេញពីជម្លោះ​ក្នុងគ្រួសារ។ ការណ៍នេះ សង្គម​​​​​ស៊ីវិល​ និងប្រជាពលរដ្ឋមួយចំនួន​​​ បានជំរុញ​ដល់​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ច្បាប់​ចំពោះ​ជន​ប្រព្រឹត្តិ​ឱ្យ​បាន​ម៉ឹងម៉ាត់ និង​បង្កើន​វិធានការ​ទប់ស្កាត់​បញ្ហាអំពើហិង្សា​ក្នុងគ្រួសារឱ្យ​មានប្រសិទ្ធភាព។ ​

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដ៏សាហាវ​ឃោរឃៅ​មួយ​បាន​កើតឡើង នៅ​ភូមិទួល​សំបួរ ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ដោយហេតុការណ៍នោះ ​​​បុរសជា​ប្តី​ បាន​​សម្លាប់​ប្រពន្ធ និង​​កូន​ក្នុង​ផ្ទៃ ព្រម​​ទាំង​​​ម្តាយក្មេក បងប្អូនខាងប្រពន្ធ ក្នុងនោះ​មានទាំង​កុមារ​ផង​នោះ ​សរុបចំនួន ៩នាក់​ និង​​បាន​ដុត​ផ្ទះ​កម្ទេច​ភស្តុតាងផង​ដែរ។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ឃាតកម្ម​​​​ដុត​ផ្ទះ និង​អារកសម្លាប់នេះ​ បណ្តាល​ឱ្យ​មនុស្ស​ក្មេង​ចាស់​ចំនួន ​​៩នាក់ ​ស្លាប់​បាត់​បង់​ជីវិត ក្នុងនោះ​ ៨នាក់​​ស្លាប់​​ក្នុងភ្នក់​ភ្លើងក្នុង​​​ផ្ទះដែល​ឆេះ និង​ម្នាក់​ទៀត​​ត្រូវ​បាន​អារកនៅចម្ងាយ​ប្រមាណ ១០០ម៉ែត្រ​ ពីទីតាំង​​​ផ្ទះឆេះ។ ប្រភពដដែល​បន្តថា ជនសង្ស័យជា​ឃាតករ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ឈ្មោះ សុបិន្ត មិនា អាយុ​២១ឆ្នាំ​ ត្រូវ​ជា​ប្តីរបស់​ជន​រង​គ្រោះ​ម្នាក់ និងត្រូវ​បានឃាត់ខ្លួនភ្លាមៗនោះថ្ងៃដដែល​នោះ ហើយ​ជនសង្ស័យ​​ជា​ឃាតករ​ បាន​សារភាព​ថា មូលហេតុ​ដែលនាំឱ្យកើត​មានឃាត​កម្ម​នេះ ដោយ​សារ «​ខ្លួនមានការ​គុំគួន​ប្រពន្ធ​ដែល​តែង​តែ​មាន​ជម្លោះ​​គ្នា​ជា​ប្រចាំ រហូត​ដល់​ខ្លួន​បាន​សម្រេច​ចិត្ត​សម្លាប់​ម្តាយ​ក្មេង ប្រពន្ធ ប្អូន​ថ្លៃ និងក្មួយ​ៗសរុប​ទាំង​អស់​ ៩នាក់»។​

លោក វេង វុទ្ធី ជា​សាច់ញាតិ​របស់​ជនរង​គ្រោះដែលស្លាប់​ដោយអំពើ​ឃាតកម្ម​​នៅខេត្តកំពង់​ចាម បាន​និយាយ​​​​ថា លោក​​និងគ្រួសារ​ ពុំ​​អាច​​ទទួល​យក​មិន​បាន​ទេ​ ​ចំពោះ​ការ​បាត់​បង់​សមាជិក​គ្រួសារ​សរុប ៩នាក់​ រួម​​មាន ​ម្ដាយបង្កើត​​ ក្មួយៗ​ និង​​ចៅៗ​របស់​​លោក ដោយសារ​អំពើឃាតកម្ម​​ដែលកើ​ត​ចេញពីរឿង​​​​ទំនាស់​​ក្នុង​គ្រួសារនេះ។

លោកបន្តថា៖ «វាទំនាស់ជាមួយគ្រួសារប្តីប្រពន្ធវាទេ រាល់ដង​តិចតួច វារកាំរកូស​រាល់តែ​ថ្ងៃ ឈ្លោះ​១ម៉ោង​អីត្រូវ​គ្នា​វិញ​ហើយ[…] តាម​ពិត​ទៅ​ មនុស្សវា​ឆេវ​ឆាវ ហើយ​ទប់​អត់បាន វា​ខឹង​គំរោល ម៉ា​កំហឹង​ចូល វា​អត់​មាន​ពិភាក្សា​ជាមួយ​ពី​ណា​គេ​ទេ វា​ធ្វើអី​ធ្វើ​តែ​វា​ម៉ង អញ្ចឹង​អាច​បង្ក​ឱ្យ​មាន​បញ្ហា បើ​តាម​គ្រឿង​ញៀន​អត់​ទេ អត់មាន​សារ​ធាតុ​ញៀន​ទេ វា​នៅ​ហ្នឺង​ពីរ​បីឆ្នាំ​​ដែរ ខ្ញុំ​នៅ​ជាប់​ជាមួយ​វា វា​អត់​មាន​គ្រឿង​ញៀន​ទេ»។

តែយ៉ាងណា លោក​បាន​អំពាវនាវ​ដល់​តុលាការ​ មានចំណាត់​ការតឹងរឹង​​តាមផ្លូវ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ និង​គ្រួសារ។ លោក​ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បង្កើន​វិធានការ​នានា ក្នុងការ​​​ទប់ស្កាត់​ករណី​អំពើហិង្សា​ក្នុងគ្រួសារ​ ដែល​កើត​មានក្នុង​សង្គម ដើម្បី​កុំឱ្យ​មាន​មនុស្សរង​គ្រោះ និងស្លាប់​ដូចករណីនេះ​ទៀត។ ​

លោកបន្ត៖ «សូមធ្វើខាងធ្វើច្បាប់ សូមជួយអប់រំកុំឱ្យមានករណីធ្វើអញ្ចឹង មានអំពើហឹង្សាមកលើគ្រុមគ្រួសារទៀត មិនអាយុក្មេង ឬចាស់ទេ សូមកុំឱ្យមានអញ្ចឹងទៀត»។

ជុំវិញរឿង​​នេះ លោក ជេមស៍ ម៉ាកខេប (James McCabe)​ នាយកអង្គភាពការពារកុមារ (Child Protection Unit-CPU) ដែលជា​អង្គការ​មួយ​បានចុះស៊ើបអង្កេត​ស៊ីជម្រៅ​ក្នុងហេតុការណ៍នេះ​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ជំនាញ បាន​លើក​ឡើង​នៅ​ក្នុងទំព័រហ្វេសប៊ុក​​របស់ CPU នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា​​ថា ករណី​ឃាតកម្ម​នៅ​ខេត្តកំ​ពង់​ចាម​នេះ ជា​​ករណី​មួយ​ដែលមា​ន​លក្ខណៈ​សាហាវ​ឃោរឃៅ ជាង​ករណី​ឯទៀតៗ ក្នុ​ងបទពិសោធន៍​​​​​​ការ​ងារ​របស់​លោក ដែល​​បាន​​ស៊ើប​អង្កេត​​​ករណី​​ឃាត​កម្ម​​ជាង ៤០០​ករណី ក្នុង​រយៈពេល ១៣ឆ្នាំក​ន្លង​មក​នេះ។

លោក​ថា៖ «នេះជាករណីដ៏រន្ធត់ និងសាហាវឃោរឃៅបំផុតមួយដែលខ្ញុំបានជួប នេះមិនមែនដោយ​សារ​តែ​ជន​​រងគ្រោះច្រើននាក់​ បាត់បង់ជីវិតតែប៉ុណ្ណោះទេ តែដោយសារតែចរិត​លក្ខណៈដ៏ព្រៃផ្សៃ និងភាពសាហាវឃោរឃៅ​នៃបទល្មើស​ឃាតកម្ម ដែលត្រូវបានប្រព្រឹត្តឡើងដោយ​ជនល្មើសនេះ។ ឆ្លៀតក្នុងឱកាស​ដ៏សែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះ ក្នុងករណីដ៏សែនរន្ធត់នេះផងដែរ»។

ចំណែក ​លោក អំ សំអាត នាយកទទួលបន្ទុកកិច្ច​​ការ​ទូទៅ​នៃ​អង្គកា​រ​សិទ្ធិ​មនុស្ស​​លីកាដូ បាន​លើក​ឡើង​​​ថាករណីអំពើហិង្សា​ក្នុង​គ្រួសារ​​ នៅខេត្តកំពង់ចាមនេះ ជាអំពើឃាតកម្មដ៏សាហាវឃោរឃៅព្រៃផ្សៃជាទីបំផុត ដែល​ជនល្មើស​គួរទទួលទោស​ដ៏ធ្ងន់ធ្ងរ សមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ។

លោក​បន្តថា ​ករណី​ហិង្សា​កើត​ឡើង​ច្រើន មិន​មែន​តែ​ប៉ះពា​ល់​តែ​បុគ្គល គ្រួសារ និងសហគមន៍ទេ គឺវា​បណ្តាល​​ឱ្យ​​ប៉ះ​​​ពាល់​​ដល់​សង្គម​ជាតិ ដែល​បង្ក​​​ឱ្យ​កើត​មាន​នូវ​ភាព​​អសន្តិ​សុខ ​សុវត្ថិភាព និង​​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ដូច្នេះ​​អំពើ​ហិង្សា​គ្រប់​ទម្រង់​ត្រូវ​ចាត់​ទុក​ជា​រឿង​សង្គម​ជាតិ មិន​មែន​ជា​រឿង​របស់​បុគ្គល ​ឬ​រឿង​គ្រួសារនោះទេ ។

លោកថា៖ «ករណីនេះប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិជាពិសេស គឺភាពភ័យខ្លាច និងប៉ះពាល់ផ្លូវចិត្ត និងសុវត្ថិភាពសន្តិសុខសង្គម»។

អ្នកធ្វើ​ការ​លើ​ផ្នែក​​សិទ្ធិ​មនុស្ស​រូបនេះ ​​បាន​ជំរុញ​ដល់​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​​អាជ្ញាធរមាន​សមត្ថកិច្ច​ ​ត្រូវ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់លើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា និង​មិន​ត្រូវ​ស្តី​បន្ទោស ឬ​ដាក់​បន្ទុ​ក​លើ​ជន​រ​ង​គ្រោះ​បន្ថែម​ទេ ត្រូវ​រួម​គ្នា​ជួយទប់​ស្កាត់ បង្ការ និង​ចាត់វិធាន​ការ​ផ្លូវច្បាប់​ដើម្បី​ការ​ពារ​ជន​រង​គ្រោះ និង​ផ្តល់​យុត្តិ​ធម៌​ដល់​ជន​រង​គ្រោះ។

លោកបញ្ជាក់ថា៖ «ទាំងអស់គ្នាត្រូវចាត់ទុកអំពើហិង្សាគ្រប់ទម្រង់ ជារឿងសហគមន៍ និងសង្គមជាតិ និងត្រូវរួម​គ្នាជួយទប់ស្កាត់ បង្ការ និងជួយជនរងគ្រោះតាមរយ:ការផ្តល់ដំណឹងអំពីអំហិង្សា ឬការរំលោភបំពាន​ផ្លូវភេទ​ដល់​សមត្ថ​កិច្ច ឬអង្គការសង្គមស៊ីវិល​ ដែលនៅជិតឬដែលបានស្គាល់ ។ អាជ្ញាធរត្រូវតែចាត់​វិធានការតាម​ច្បាប់​លើជនដែលប្រព្រឹត្តអំពើហិង្សា ឬការរំលោភបំពានផ្លូវភេទ ដោយមិនបន្ទោស​លើជនរងគ្រោះ និងការជួយសម្រួលភាពងាយស្រួលក្នុងការទទួលបានយុត្តធម៌។ ចាត់វិធានការបង្ការ ឬការពារជនរងគ្រោះមុនពេល ឬក្រោយអំពើ​ហិង្សា។ ការអប់រំ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹង​ពី​អំពើ​ហិង្សា​គ្រប់ទម្រង់ និងការរំលោភ​បំពានផ្លូវភេទ និងផលវិបាកដែលអាចកើតចេញពីអំពើទាំងនេះ ក៏ជារឿងមួយដើម្បីរួមគ្នាទប់ស្កាត់ បង្ការ ការពារ និងជួយដល់ជនរងគ្រោះ»។

កាលពីថ្ងៃទី១៦ ខែ​តុលា ឆ្នាំ​២០២៥​ អង្គ​ការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ​(LICADHO) បាន​ចេញ​ផ្សាយ​អត្ថបទមួយដោយ​បង្ហាញ​ថា ក្នុ​ង​​រយៈ​ពេ​​ល​ជា​ង​៥ឆ្នាំ​ចុង​ក្រោយនេះ ពោល​គឺ​ចាប់​​តាំ​ង​ពី​ឆ្នាំ​២០២០ម​ក មាន​មនុស្ស​​យ៉ាង​ហោច​ណាស់ចំ​នួន ១៤៦​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន ៤៦​នាក់​​​ផង បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ដែល​បាន​កើត​ឡើង​​​​ជា​​ច្រើន​ករណី​។

លីកាដូ បន្ត​ថា ច្រើន​ជាង​​ពាក់​កណ្ដាល​​​នៃ​​ករណី​ឃាតកម្ម​​ទាំង​នេះ​ ​ត្រូវ​​បាន​​ប្រព្រឹត្ត​​ដោយ​ដៃ​គូ​ ​​ឬ​​អតីត​​ដៃ​គូ​របស់​​ជន​រង​គ្រោះ​ ​ដូច​ជា ​ប្ដី​ ​គូ​ដណ្ដឹង​ ​មិត្ត​​ប្រុស ឬ​​ឪពុក​​​ជាដើម​ ក្នុង​នោះមា​ន​​​ស្រី្ត​​ចំនួន​ ​៧​​៨​​នាក់ ​និង​ក្មេងស្រី​អាយុ​ ​១​​៧​​ឆ្នាំ​​ម្នាក់​​ ត្រូវ​បាន​សម្លាប់​ដោយដៃគូរបស់ខ្លួន។

បើតាម​លីកាដូ អំពើហិង្សា​ក្នុងគ្រួសារ ជាអំពើរំលោភ​សិទ្ធិមនុស្ស​​ ដែល​អាច​មាន​ច្រើន​ទម្រង់​ ដូច​ជា ហិង្សា​លើ​រាងកាយ ហិង្សាផ្លូវ​ភេទ ហិង្សាផ្លូវ​អារម្មណ៍​ឬផ្លូវ​ចិត្ត​ និង​ហិង្សា​សេដ្ឋកិច្ច។ អំពើហិង្សាក្នុង​គ្រួសារ​​​​ អា​ចប៉ះពាល់​ដល់​​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​អំពើ​នេះ​ជា​រឿយៗ​​ត្រូ​វបាន​ប្រព្រឹត្តទៅលើ​ស្ត្រី កុមារ និង​ក្រុមអ្នកស្រឡាញ់​​ភេទ​ដូចគ្នា។

ប្រភពដដែលបន្តទៀតថា ​អំពើហិង្សា​ក្នុង​គ្រួសារ​ អាច​បណ្តាល​​ឱ្យ​មានគ្រោះ​ថ្នាក់​ដល់រាងកាយ និង​ផ្លូវ​ចិត្ត​ភ្លាម​ៗ និងយូរ​អង្វែង។ សម្រាប់កុមារ​ បើទោះបី​​​មិន​បាន​រង​គ្រោះ​ដោយ​ផ្ទាល់​ក៏ដោយ ប៉ុន្តែ​អំពើហិង្សា​​នៅជុំវិញ​ខ្លួន​ពួកគេ​អាច​ប៉ះពាល់​ដល់​កា​រលូត​លាស់ សុខ​ភាព​ផ្លូវ​ចិត្ត​ និងការ​សិក្សា​របស់​ពួកគេ។​

មន្ត្រីអង្កេត​ជាន់ខ្ពស់​នៃសមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដ​ហុក លោក យី សុខ​សាន្ត បានលើកឡើង​ថា ​បញ្ហា​​ហិង្សា​ក្នុង​គ្រួសារ បាន​​ជះ​ឥទ្ធិព​ល​អាក្រក់​​ដល់​​សង្គម ក្រុម​គ្រួសារ និង​បុគ្គល​ខ្លួនឯង ហើយ​បញ្ហា​នេះ​ភាគច្រើន​កើត​ឡើង​ពី​បញ្ហា​គ្រឿង​ញៀន គ្រឿង​ស្រវឹង និងបំ​ណុល។ លោកបន្ត​ថា បើ​ចង់​លុប​បំបាត់​អំពើហិង្សា​ក្នុង​គ្រួសារ ត្រូវ​តែ​សិក្សា​អំពី​កត្តា​សង្គម ផ្សព្វផ្សាយអប់រំដល់​ប្រជាពលរដ្ឋ ​និ​ងពង្រឹង​កា​តព្វ​​កិច្ច​របស់​​មន្ត្រីនៅ​​ថ្នាក់​មូលដ្ឋាន​ក្នុង​ការ​ទប់ស្កាត់​បញ្ហានេះ។​

លោកថា៖ «កាតាព្វកិច្ចរបស់រដ្ឋាភិបាល​បានជួយអ្វីខ្លះ​ដល់ជនក្រីក្រ ជាពិសេសដល់កូនៗ​បានរៀនសូត្រទៅតាម​សាលាឱ្យមានចំណេះដឹង ទៅមើលបំណុលដែលអាជ្ញាធរដែលចេះតែសញ្ញេ​ឱ្យទាំងគាត់ ទាំង​គាត់​អត់មាន​មុខរបរ គាត់​អត់​មាន​ស្អី​ផង ហើយ​ចេះ​តែ​សញ្ញេ​ឱ្យ​គា​ត់​ខ្ចី​លុយ​គេ អាហ្នឹងក៏​ជា​ហេតុផល​មួយ​​ដែរ។ ដើម្បីលុប​បំបាត​អំពើ​ហិង្សាក្នុង​គ្រួសារ​នេះ យើង​ស្នើ​សុំ​ដោយ​ទទូច​សុំ​រដ្ឋ​អំណាច​ខ្លួន នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ខ្លួនធ្វើ​យ៉ាង​ណា មាន​ស្តិតិ​គ្រប់​គ្រង​ឱ្យ​បាន​ល្អិត​ល្អន់​ពាក់ព័​ន្ធ​នឹង​អ្នក​ក្រី​ក្រ ដែល​ក្រ​បំផុត​​នោះ រស់​មិ​ន​បាន គ្មានផ្ទះ​សំបែង​គ្មាន​ទី​លំនៅ ដែល​រដ្ឋាភិបាល​លោក​មាន​សម្បទាន​សង្គម​កិច្ច ​ផ្តល់​កន្លែង​ស្នាក់នៅ ក្មេងរៀនសូត្រ នេះ ក៏ជាហេតុផលជួយឱ្យលុបបំបាត់អំពើហិង្សាដែរ»។

ដោយឡែក កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏​មាន​ករណី​ជម្លោះ​ក្នុង​គ្រួសារ​មួយ​កើត​ឡើង​ភូមិរលួស សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ដែល​ឈាន​ដល់ការដុតផ្ទះ​​​បណ្ដាល​ឱ្យ​មនុស្ស​​ម្នាក់​​ស្លាប់​បាត់​បង់ជីវិត និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ហើយ​អគ្គិភ័យ​នោះ ក៏បាន​រាលដាល​ឆេះ​​ដល់​ផ្ទះអ្នក​ជិត​ខាងសរុប​​​ជាង​​១០​ខ្នងផងដែរ​។​ ជនសង្ស័យដែលបង្កអគ្គិភ័យដុតផ្ទះខ្លួនឯង ហើយ​រាលដាលឆេះដល់ផ្ទះអ្នកជិត​ខាង​នោះ ឈ្មោះ សៅ ចិត អាយុ​២១ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូនសំណុំរឿង​ទៅ​តុលាការ ចាត់​​​ការ​តាម​និតិវិធី​ច្បាប់ នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា។

មេភូមិរលួស​ លោក​​​ សុខ ចាន់រស្មី ឱ្យ​ដឹង​ថា ក្នុងគ្រោះអគ្គិភ័យនេះ បាន​បណ្តាលឱ្យ​អ៊ុំស្រី​របស់​ជនដៃដល់​បាន​ស្លាប់ និង​អ៊ុំប្រុស​​របស់​ជនដៃដល់រងរបួស​ធ្ងន់ ហើយ​​អគ្គិភ័យ​បាន​ឆេះ​រាល់​ដល់​ផ្ទះអ្នក​ជិត​ខាង​​អស់គ្មាន​សល់​រហូត​ដល់​​ ១២​ខ្នង ស្មើ​នឹង​ ១៩គ្រួសារ។

លោក​​បន្ត​​ថា កន្លងមក អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​បានចុះណែនាំ និងផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿ​ងញៀន និ​ងអំពើ​ហិង្សា​ក្នុងគ្រួសារទៅដល់​ប្រជាពលរដ្ឋ​ផងដែរ ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​កើត​មានឡើង ដែលទាមទារ​ឱ្យមានការ​ចូលរួម​ទាំង​អស់គ្នា ដើម្បីទប់ស្កាត់​។​

លោកថា៖ «នៅពេលដែរប្រជុំម្តងៗ គឺយើងផ្សព្វផ្សាយដែរ ពាក់ពន្ធ័ទៅនឹងបញ្ហាគ្រឿនញ្ងៀន អំពើហិង្សានៅគ្រួសារសុំកុំឲ្យគាត់ប្រព្រឹត្ត ជៀសវាងឲ្យឆ្ងាយព្រោះវាជាប់ក្តី អន្តារាយនៅក្នុងគ្រួសារចឹងហារ ប៉ុន្តែការផ្សព្វ​ផ្សាយរបស់ខ្ញុំ​ហ្នឹង ​អ្នកខ្លះ​ក៏គា​ត់​ស្តាប់​ទៅ​ អ្នកខ្លះក៏អត់ស្តាប់យើងទេ។ គាត់ទៅប្រព្រឹត្តអីផ្តេស​ផ្តាស​​អីចឹងទៅណា ដែលយើងដឹងថាកូននឹងវាជក់​ថ្នាំ ប៉ុន្តែយើងរកប្រភព​ចាប់វាក៏អត់បាន វាថាទៅជក់នៅនេះ នៅនោះ»។

ជនរងគ្រោះមួយរូបក្នុងចំណោម១២ខ្នងផ្ទះដែលភ្លើងឆេះនៅភូមិរលួស អ្នកស្រី នួន វឿន អាយុ៤៦​ឆ្នាំ លើក​ឡើង​ថា ករណី​ឆេះផ្ទះ​នេះ គឺ​ដោយ​សារ​ករណី​ទំនាស់ក្នុងគ្រួសារ និងការ​ប្រើប្រាស់​នូវ​គ្រឿង​ញៀន ​រហូត​ឈាន​​ដល់​ផ្ទុះ​ហិង្សា​ដុត​បំផ្លាញ​ផ្ទះសម្បែង​​ ប៉ះពាល់​ដល់ផ្ទះរបស់​អ្នកជិត​ខាង រួមទាំង​ផ្ទះរបស់​អ្នកស្រីផង​ដែរ។​

អ្នកស្រីបន្តថា បើទោះជារឿងនេះជាទំនាស់ក្នុងគ្រួសារ ប៉ុន្តែ​វាបានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋជា​ច្រើន​គ្រួសារ​រស់​​​នៅក្បែរ​ខាង ត្រូវ​មក​រង​គ្រោះ​ជាមួយ​ពួកគេ​ដែរ។

អ្នកស្រី នួន វឿន និយាយ​​ថា៖ «បារម្ភ ទៅមុខទៀត មិនដឹងជាមានមនុស្សអញ្ចឹងទៀតអត់ ខ្លាចមិនមែនមានតែ​ម្នាក់ហ្នឹង​ ខ្លាចតែមាន​ទៀត អញ្ចឹង​ពួកខ្ញុំរាល់គ្នា​​អត់ទុកចិត្តអីតិច នៅតែភ័យ គ្រាន់គេស្រែក ឬមាត់លឺ​តិច​ខ្លាច​តែ​មាន​ភ្លើង អគ្គីភ័យ​មក​ទៀត កូនអត់​បាន​រៀន បាយ​ក៏​អត់​ហូប ឈឺ​អស់​ហើយ[…] មិន​ដឹងថាចិត្តគាត់សាងពីអីមានឈានដល់ថ្នាក់សម្លាប់មនុស្ស។ អត់ចាប់អារម្មណ៍អត់ថាគាត់ញៀនថ្នាំអី​យើង​អត់​ដឹង តែដល់ពេលគេចាប់គាត់បាន បូសីលធ្វើតេស្តទៅបានដឹងថាមានសារធាតុញៀន»។

ពលរដ្ឋ​រូបនេះ បន្ថែមថា៖ «សូមអំពាវនាវដល់​ប្អូនដែលចូលចិត្ត​​ប្រើ​អំពើហិង្សា សូមឱ្យឈប់ទៅ! ពេល​មាន​បញ្ហា​ក្នុង​គ្រួសារ​យើង ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវិត​គេ​អ្នក​ជិត​ខាង​ច្រើន សូម​កាត់​បន្ថយ​ទាំង​អស់​ គិត​ជីវិត​គេ​[…] សូម​រាជ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់អ្ន​ក​បែក​ថ្នាំ អ្នក​ញៀន​ថ្នាំអី​ហ្នឹ​ង សូម​ឱ្យគា​ត់​ជួយ​កុំ​ឱ្យមា​នអំ​ពើ​ហិង្សា​កើតឡើង​ទៀត»។

យោងតាមច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពាជនរងគ្រោះ មាត្រា១៣ ចែងថាដើម្បី​ទប់ស្កាត់អំពើហិង្សាដែលកំពុងតែកើត ឬជឿ​ជាក់​ថានឹ​ង​កើត​ឡើង អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច ត្រូវ​ធ្វើ​អន្តរា​គមន៍ជា​បន្ទាន់​ដោយ​ឃាត់​ទុក​អាវុធ ឬ​វត្ថុ​ជាក់​ស្តែង​ដែល​ជន​មុខ​សញ្ញា​បាន ឬ​អាច​ប្រើ​ប្រាស់។ បង្វែរ​យក​ចេញ​ជនមុខ​សញ្ញា​ពី​កន្លែង​កើត​ហេតុ ឬ​បង្វែរជនរងគ្រោះ បើមានការស្នើសុំពីជនរងគ្រោះ។ ក្នុង​ករណី​ពិសេស ជនរងគ្រោះអាចបង្វែរចេញ បានដោយគ្មានការស្នើសុំ ប្រសិនបើមានហេតុផលចាំបាច់ត្រូវធ្វើ ។ ផ្តល់​ឱ្យជនរងគ្រោះនូវជំនួយសមស្របតាមកាលៈទេសៈ ជាពិសេសផ្តល់បើមានការស្នើសុំពីជនរងគ្រោះ។ ក្នុងករណីពិសេស ជនរងគ្រោះអាចបង្វែរចេញ បានដោយគ្មានការស្នើសុំ ប្រសិនបើមានហេតុផលចាំបាច់ត្រូវធ្វើ ។

របាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ (CDHS) របស់រាជរដ្ឋាភិបាល បង្ហាញថា ស្ត្រីម្នាក់ ក្នុងចំណោម​ស្ត្រី៥នាក់ គឺមានចំនួន២១% ធ្លាប់មានដៃគូ ហើយរងអំពើហិង្សាផ្លូវកាយ អារម្មណ៍ និងផ្លូវភេទ ដែលប្រព្រឹត្តដោយដៃគូបច្ចុប្បន្ន ឬដៃគូចុងក្រោយបំផុត និងបីភាគបួននៃអ្នកដែលបានទទួលរងអំពើហិង្សាទាំងនោះ ៧៥,៨ភាគរយ បានរាយការណ៍ថា ពួកគេភ័យខ្លាចស្ទើរគ្រប់ពេលវេលា។

លោក​ស្រី ញាន សុចិត្រា អគ្គនាយកនៃ​អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃ​​ក្រសួងកិច្ចការនារី បង្ហាញ​ការ​​សោក​ស្តាយ និង​ចូលរួមមរណៈ​ទុក្ខ​​ចំពោះ​ក្រុម​​គ្រួសារ​សព​ជន​​រង​​គ្រោះ។ លោកស្រី បន្ត​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលសហការជាមួយអាជ្ញាធរមានសម្ថកិច្ច ក្នុង​ការ​ផ្តល់​កិច្ច​អន្តរាគមន៍ ខណៈ​សមត្ថ​កិច្ច​កំពុង​ចាត់​វិធាន​ការលើ​ការ​ងារ​នេះ។

ជាមួយគ្នានេះ លោក​ស្រី​ថា ​ដើម្បីចូ​ល​រួម​បង្ការ​ និង​​​ទប់ស្កាត់បញ្ហា​អំពើហិង្សាក្នុងគ្រួសារ​នេះ ចាំបាច់​ត្រូវ​​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ទាំង​ប្រជាពលរដ្ឋ​​ខ្លួនឯ​ង ទាំង​​អាជ្ញាធរ​ពាក់ព័ន្ធ និង​សង្គមស៊ីវិលជាដើម។

លោកស្រី​បន្ថែមថា៖ «យើងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងដៃគូសង្គមស៊ីវិល អាជ្ញាធរពាក់ព័ន្ធ ឱ្យចូលរួមធ្វើការទប់ស្កាត់​អំពើហិង្សា ទាក់​​ទង​នឹង​យេន​ឌ័រ ជា​ពិសេស អំពើ​ហិង្សា​លើស្រ្តី និង​កុមារ។ ការ​ចូលរួម​​ទប់​ស្កាត់​អំពើហិង្សាហ្នឹង ​គឺ​ផ្តើម​ចេញ​ពី​យើង​ទាំង​អស់​គ្នា អញ្ចឹង​បើ​បង​ប្អូន​ឃើញករណី​អំពើ​ហិង្សាបំ​រុង​កើត​ឡើង បង​ប្អូន​អាច​ទាក់​ទង​ទៅ​លេខ​មន្ទីរ​កិច្ច​ការ​នារី តាម​ខេត្ត បើ​រក​លេខ​អត់​បាន​ទេ​ ទំនាក់​ទំនង​ទៅ​អ្នក​ជិត​ខាង ជាពិសេស​ភូមិ ឃុំដែ​ល​នៅ​ជិត​បំផុត»។

យ៉ាងណា បើតាមអង្គការ​ផ្នែក​សិទ្ធិមនុស្ស​ លី​កា​ដូ ​បាន​ផ្តល់​អនុសាសន៍​​ថា រាជរដ្ឋា​ភិបាល គួរ​តែ​បញ្ឈប់​វិបត្តិ​នេះ ដោយ​ពង្រឹង​នូវ​កម្ម​វិធី​ទប់​ស្កាត់ និង​សេវា​គាំទ្រ រួម​មាន ចំណាត់​ការ​តាម​ផ្លូវ​តុលាការ​ដែល​មាន​ប្រសិទ្ធ​​ភាព ដី​កា​រក្សាការ​ពារ និង​សេច​ក្ដី​សម្រេច​រដ្ឋបាល ការ​ការ​ពារ​ផ្នែក​ច្បាប់ ទីជម្រកសុវត្ថិភាព ជំនួយ​ហិរញ្ញវត្ថុ សេវាសុខភាព សេវាប្រឹក្សាផ្លូវចិត្ត និងសេវាកម្មផ្សេងៗទៀត។ ធ្វើការបែងចែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ច្បាស់លាស់ និងក្នុងរយៈពេលវែងក្នុងថវិកាជាតិ សម្រាប់ការអនុវត្តផែនការសកម្មភាពសមធម៌យេនឌ័រ គោល​នយោ​បាយ និង​ការ​ប្តេជ្ញាចិ​ត្ត​របស់​រាជ​រដ្ឋាភិ​បាល។

ក្រៅពីនេះ លីកាដូ ក៏បានជំរុញឱ្យ​​ធ្វើការ​កែ​សម្រួល​បទ​ដ្ឋាន​គតិ​យុត្តមួ​យ​​ចំនួន​ឱ្យបា​ន​ឆាប់ និងទូលំទូលាយ ជាពិសេស​ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដើម្បីកំណត់និយម​ន័យ និង​ដាក់ទោសទណ្ឌនូវរាល់ទង្វើនៃអំពើហិង្សាក្នុងគ្រួសារ និងហាម​ឃាត់ការដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ​ចំពោះករណីអំពើហិង្សាក្នុងគ្រួសារ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍