តំណាងអង្គការសង្គមស៊ីវិលនិងសហជីពចំនួនជាង ២០ស្ថាប័នគ្រោងបន្តប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៨ មីនា នៅទីលានប្រជាធិបតេយ្យតាមការគ្រោងទុក ទោះបីជាមិនមានការអនុញ្ញាតិពីរដ្ឋបាលរាជធានីភ្នំពេញ។
លិខិតចំហរួមមួយចេញនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ធ្វើឡើងក្រោយពីសាលារាជធានីភ្នំពេញបដិសេធមិនឱ្យតំណាងអង្គការ សមាគម និងសហជីព រៀបចំប្រារព្ធទិវានារីអន្តរជាតិ ក្រោមប្រធានបទ “អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ សេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រីនិងក្មេងស្រី” នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់។ ក្នុងលិខិតចុះថ្ងៃទី ៤ ខែមីនា សាលារាជធានីភ្នំពេញបានស្នើឱ្យរៀបចំធ្វើនៅតាមទីស្នាក់ការសមាគមឬទីតាំងឯកណាមួយជំនួសវិញ។ ទោះបីយ៉ាងណា សាលារាជធានីភ្នំពេញមិនបានបញ្ជាក់ពីមូលហេតុនៃការមិនអនុញ្ញាតនេះទេ។
តាមរយៈលិខិតចំហរួមនេះ អង្គការ សមាគម និងសហជីព និងសហព័ន្ធសហជីព ដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្រ្តី បញ្ជាក់ថា នឹងនៅតែប្រារព្ធកម្មវិធីនេះនៅទីតាំងដដែល ដោយស្នើសុំដល់សាលារាជធានីភ្នំពេញធ្វើការសហការក្នុងការចូលរួមរក្សាសណ្តាប់ធ្នាប់ទីសាធារណៈ និងអំពាវនាវឱ្យមហាជនទូទៅចូលរួមទាំងអស់គ្នា។
លិខិតចំហនេះសរសេរថា៖« សូមសាធារណជន អ្នកសារព័ត៌មាន អង្គការ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមជាមួយយើងខ្ញុំក្នុងការប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ព្រមទាំងចូលរួមសង្កេតការណ៍ក្នុងឱកាស នៃការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះនៅទីលានប្រជាធិបតេយ្យតាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ កុំបីអាក់ខានឡើយ»។
លិខិតដដែលក៏បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញពុំបានបង្ហាញនូវមូលហេតុ ដែលនៅពីក្រោយនៃការធ្វើសេចក្តីសម្រេចរបស់ខ្លួនក្នុងការហាមឃាត់ការរៀបចំកម្មវិធីនេះដល់អ្នករៀបចំជួបប្រជុំឡើយ ពោលគឺមិនបានបង្ហាញពីផលប៉ះពាល់និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កឡើងនោះទេ ហើយថា ក្នុងករណីប្រសិនបើមាន អាជ្ញាធរគួរតែជូនដំណឹង ដើម្បីឱ្យពួកគេអាចជួបពិភាក្សានិងដោះស្រាយជាមួយអាជ្ញាធរពាក់ព័ន្ធ។
ទាក់ទិនរឿងនេះ លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍កម្ពុជា ក៏បានប្រាប់ Press Start Cambodia នៅថ្ងៃទី០៦ ខែមីនា ថា បើទោះបីជាមានការបារម្ភខ្លះអំពីការរារាំង ប៉ុន្តែលោកនិងតំណាងផ្សេងទៀតនៅតែតាំងចិត្ត និងបានឯកភាពគ្នាធ្វើនៅទីលានប្រជាធិបតេយ្យដោយសន្តិវិធីដដែល ព្រោះលោកយល់ថា ទីលានប្រជាធិបតេយ្យ គឺជាកន្លែង ដែលអាចឱ្យប្រជាពលរដ្ឋធ្វើការសម្ដែងមតិផ្សេងៗ។
លោកមានប្រសាសន៍ថា៖« យើងព្រួយបារម្ភខ្លាចមានការរារាំងដែរ តែយើងគិតថា យើងមានសិទ្ធិសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ អ៊ីចឹងបារម្ភយើងនៅតែបារម្ភ តែយើងនៅតែបន្ដធ្វើ»។
លោក ទូច កុសល យល់ឃើញថា ការមិនអនុញ្ញាត គឺជារឿងមិនត្រឹមត្រូវនោះទេ ហើយបើយោងតាមច្បាប់បាតុកម្ម និងកូដកម្មដោយសន្ដិវិធី គឺមានចែងថា អាជ្ញាធរមិនមានសិទ្ធិរារាំងក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋនៅលើទីលានប្រជាធិបតេយ្យទេ គ្រាន់តែជួយរៀបចំសណ្ដាប់ធ្នាប់ប៉ុណ្ណោះ ។
ជុំវិញបញ្ហានេះដែរ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអះអាងដូចលោក កុសល់ ដែរថា មិនអាចផ្អាកកម្មវិធីប្រាព្ធនេះបានទេ ហើយថា មានអង្គការសមាគមន៍និងសហជីពជាង២០ នឹងចូលរួម ព្រោះទិវានារីអន្តរជាតិ គឺជាទិវាសំខាន់ណាស់សម្រាប់ជួយដល់ស្រ្តី និងក្មេងស្រីដែលរងអំពើរហិង្សា និងអយុត្តិធម៌ក្នុងសង្គម ដែលមិនត្រឹមតែធ្វើនៅប្រទេកម្ពុជាប៉ុណ្ណោះទេ ប្រទេសផ្សេងក៏រៀបចំធ្វើប្រារព្ធទិវានេះដែរ។
លោកមានប្រសាសន៍ថា ៖«យោងតាមស្មារតីក្រុមទាំងមូល យើងនៅតែបន្តធ្វើនៅទីលានប្រជាធិបតេយ្យយើងមិនបានបញ្ឈប់ទេ»។
លោកបន្តថា ការរារាំងណាមួយ គឺជាការរឹតត្បិតសេរីភាពរបស់សង្គមស៊ីវិលនិងសហជីព សមាគម ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិជាសារធារណៈ និងជាការរើសអើង មិនគោរពតាមរដ្ឋធម្មនុញ្ញនិងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ដូចគ្នាដែរ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានសម្តែងការមិនសប្បាយចិត្ត ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញចេញលិខិតមិនអនុញ្ញាតឱ្យប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យ ទោះបីជាខាងក្រុមការងារបានជូនដំណឹងមុនហើយក្តី។
លោកស្រីនិយាយថា ៖“វាជាការខកចិត្តខ្លាំងមែនទែនចំពោះពួកយើង ដែលយើងយល់ឃើញថា ពួកយើងស្នើសុំទីលានប្រជាធិបតេយ្យ គឺជាកន្លែងដែលបញ្ចេញមតិឬក៏សម្តែងការមិនសប្បាយចិត្តក្នុងការទាមទារ [អ្វីមួយ] “។
លោកស្រីបន្តថា វាជាការរំលោភបំពានសិទ្ធិជាមូលដ្ឋាន ហើយបើតាមច្បាប់កូដកម្មដោយសន្តិវិធី ប្រជាពលរដ្ឋមានសិទ្ធិក្នុងការធ្វើ ដោយមិនចាំបាច់មានការអនុញ្ញាតពីសាលាក្រុងទេ ដោយគ្រាន់តែជូនដំណឹងប៉ុណ្ណោះ។
ជុំវិញការលើកឡើងរបស់តំណាងអង្គការសង្គមស៊ីវិលនិងសហជីពក្នុងការបន្តប្រាព្ធទិវានារីអន្តរជាតិនេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ Press Start Cambodia នៅព្រឹកថ្ងៃសៅរ៍នេះថា លោកស្រីពុំមានគោលការណ៍អ្វីផ្សេងទេ ដោយសំណូមពរឱ្យខាងសង្គមស៊ីវិលធ្វើតាមលិខិតណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោកស្រីមានប្រសាសន៍ថា៖«ខ្ញុំសូមឱ្យខាងសង្គមស៊ីវិលឬក៏សមាគមទាំងអស់ហ្នឹង គាត់អនុវត្តតាមស្មារតីលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្ញើរជូនគាត់។ ខាងខ្ញុំពុំមានជំហរអីផ្សេងក្រៅពីហ្នឹងទេ ចាស»។
យោងតាមលិខិតចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ និងចុះហត្ថលេខាដោយលោក សុខ ពេញវុធ អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឱ្យរៀបចំប្រារព្ធទិវានារីអន្តរជាតិ ដែលគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យនោះទេ បើករណីនៅតែមានការរៀបចំកម្មវិធី បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
នៅពេលទាក់ទងនៅដើមសប្តាហ៍នេះ សុំការបញ្ជាក់ពីមូលហេតុនៃការមិនអនុញ្ញាតឱ្យមានការរៀបចំទិវានារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលោកប្រាប់ឱ្យពិនិត្យមើលលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយរួចហើយ។
លោកមានប្រសាសន៍ថា៖«សូមទោសៗ ខ្ញុំអត់មានទម្លាប់សម្ភាសន៍តាមហ្នឹងផង សូមទោសណា។ មើលតាមខ្លឹមសារ នៃលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញទៅបានហើយ សូមទោសណា»៕
អត្ថបទដោយ៖ សារី លីហ្សា និង រ៉ា ជឺយ៉ាង

