ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន ១៩ស្ថាប័ន បានស្នើដល់រដ្ឋសភា និងរដ្ឋាភិបាល ពន្លឿនការអនុម័តច្បាប់សិទ្ធិទទួលព័ត៌មាន ឱ្យបានឆាប់ ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មាន ក្នុងយុគសម័យឌីជីថល ដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់វិស័យ។
ការស្នើនេះ ធ្វើឡើងស្របពេលការប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានធានាឱ្យមានសិទ្ធិទទួលព័ត៌មានបរិស្ថាននិងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។
ក្រុមអង្គការសង្គមស៊ីវិលទាំង១៩នោះ រួមមាន វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) សមាគមសម្ព័ន្ធ អ្នកសារព័ត៌មានកម្ពុជា(CamboJa) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) និងអង្គការតម្លាភាពកម្ពុជា(TIC) ជាដើម។
សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលទាំង១៩ស្ថាប័ន ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយ ដែលសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ បានចាប់ផ្តើមតាក់តែងឡើង ប៉ុន្តែប្រជាពលរដ្ឋនៅតែមានកង្វល់អំពីសិទ្ធិរបស់ខ្លួន ក្នុងការទទួលព័ត៌មានសាធារណៈនៅឡើយ ដោយសារតែអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួន ព្រមទាំងកង្វះធនធាន និងសមត្ថភាពមានកម្រិត ទោះបីជាគោលការណ៍អន្តរជាតិ និងជាតិ អំពាវនាវឱ្យរដ្ឋបាលសាធារណៈ យកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបើកចំហព័ត៌មានក៏ដោយ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បន្តថា ទោះជាពេលថ្មីៗនេះ រដ្ឋាភិបាលបានបើកចំហទិន្នន័យទាក់ទងគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិមួយចំនួនក៏ដោយ ប៉ុន្តែដំណើរការនៃការផ្តល់ និងទទួលព័ត៌មានសាធារណៈផ្សេងៗទៀត នៅតែមានកម្រិតនៅឡើយ ដែលប៉ះពាល់ជាយថាហេតុដល់សិទ្ធិ និងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាសំខាន់ៗ ដូចជាគម្រោងអភិវឌ្ឍន៍ធំៗ នីរិតវិធីលទ្ធកម្មសាធារណៈជាតិ ក៏ដូចជាសម្បទានដីសេដ្ឋកិច្ច របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន បញ្ហាដីធ្លី និងជម្លោះផ្សេងទៀតដែលពាក់ព័ន្ធដោយផ្ទាល់លើសិទ្ធិ និងសុខមាលភាពរបស់ប្រជាពលរដ្ឋជាច្រើន។
ការណ៍នេះ សេចក្ដីថ្លែងការណ៍រួមដដែលបានស្នើទៅរដ្ឋាភិបាលថា៖ «ស្នើពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិក្នុងឆ្នាំ២០២៥ យ៉ាងយូរត្រឹមឆ្នាំ២០២៦។ សូមបញ្ជាក់ឱ្យបានច្បាស់អំពីព័ត៌មានណាខ្លះ ជាប្រភេទព័ត៌មានសម្ងាត់ ក្នុងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន»។
ពួកគេក៏បានស្នើរដ្ឋាភិបាលឱ្យណែនាំក្រសួង មន្ទីរ និងអង្គភាពនានារបស់រដ្ឋ បើកចំហព័ត៌មានសាធារណៈឱ្យបានទូលំទូលាយ យកចិត្តទុកដាក់លើការផ្សព្វផ្សាយតាមប្រព័ន្ធ ផ្សព្វផ្សាយគ្រប់ប្រភេទរួមទាំងប្រព័ន្ធឌីជីថល ផ្ដល់កិច្ចការពារចំពោះប្រជាពលរដ្ឋគ្រប់រូប ដែលបានបង្ហាញនិងចែកចាយនូវព័ត៌មានពិតប្រាកដ ឬព័ត៌មានទាំងឡាយណាដែលបម្រើដល់ប្រយោជន៍សាធារណៈ។
ប្រភពបន្តថា៖ «ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិទទួលព័ត៌មាន និងលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេស យុវជនឱ្យចូលរួមក្នុងការស្វែងរកព័ត៌មានសាធារណៈទាំងឡាយ ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ។ បង្កើតឱ្យមានបរិយាកាសកាន់តែប្រសើរឡើង សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជនក្នុងដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា»។
ស្របពេលគ្នានេះដែរ អង្គការសង្គមស៊ីវិលទាំងនោះ ក៏បានចាប់ផ្តើមធ្វើយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រមូលទស្សនៈពីសាធារណជន លើការគាំទ្រ ឬមិនគាំទ្រឱ្យមានច្បាប់សិទ្ធិទទួលព័ត៌មាន ដើម្បីលើកកម្ពស់ការទទួលព័ត៌មានសាធារណៈ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះផងដែរ។ ជាលទ្ធផលត្រឹមថ្ងៃទី០៧ ខែតុលា ប្រជាពលរដ្ឋដែលប្រើប្រាស់ Facebook ចំនួន១៤៩ គណនី និង១៤៥ គណនី(នាក់) បានគាំទ្រឱ្យមានច្បាប់សិទ្ធិទទួលព័ត៌មាន។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) មានប្រសាសន៍ថា បើពុំមានច្បាប់សិទ្ធិទទួលព័ត៌មានទេ នោះអ្នកសារព័ត៌មានពិបាកស្នើសុំព័ត៌មានពីស្ថាប័នរដ្ឋ ខណៈដែលច្បាប់ស្ដីពីរបបសារព័ត៌មានមិនបានដាក់កំហិតឱ្យមន្ត្រីរដ្ឋឲ្យផ្តល់ព័ត៌មាននោះទេ។
លោកថា៖ «រឿងសំខាន់បើយើងអត់មានច្បាប់ទេ ប្រជាពលរដ្ឋនៅតែមិនអាចទទួលបានព័ត៌មានគ្រប់គ្រាន់អ្នកដែលមានតម្រូវការ ក្នុងការប្រើប្រាស់ព័ត៌មាន ដូចអ្នកសារព័ត៌មានហ្នឹង ក៏មិនអាចស្នើសុំព័ត៌មានបានទេពីស្ថាប័នរដ្ឋ ពីព្រោះយើងដឹងកន្លងមកមានការដាក់លិខិតស្នើសុំព័ត៌មាន ប៉ុន្តែច្បាប់ស្ដីពីរបបសារព័ត៌មាន គឺដែលមិនមានការដាក់ចងកាតព្វកិច្ចរបស់មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាននេះ អ៊ីចឹងមន្ត្រីទាំងអស់ហ្នឹងពេលខ្លះអត់បានផ្តល់ព័ត៌មានឲ្យទៅដល់អ្នកសារព័ត៌មានទេ»។
លោក ណុប វី បន្តថា ការដែលមិនមានច្បាប់សិទ្ធិទទួលព័ត៌មាន បានរារាំងដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ព្រោះពលរដ្ឋមិនអាចផ្ដល់យោបល់ផ្សេងៗ ឬជាធាតុចូលទៅដល់ថ្នាក់ដឹកនាំបានឡើយ ដោយសារមិនទទួលបានព័ត៌មានគ្រប់គ្រាន់។
លោកបន្ថែមថា៖ «មួយចំណុចទៀតនៅក្នុងសង្គមឌីជីថល សម័យអ៊ីនធឺណិត ការចែករំលែកព័ត៌មានក្លែងក្លាយច្រើនណាស់ អ៊ីចឹងបើសិនជាយើងមិនមាន សេចក្តីព្រាងស្ដីពីសិទ្ធិទទួលព័ត៌មានទេអ៊ីចឹងមានន័យថា វាអត់អាចចូលរួមជួយចូលរួមចំណែក នៅក្នុងការជួយកាត់បន្ថយព័ត៌មានក្លែងក្លាយទាំងអស់ហ្នឹងទេ ព្រោះហេតុអីដោយសារតែប្រជាពលរដ្ឋនៅតែមិនអាចទទួលបានព័ត៌មានពិត ជាពិសេសគឺព័ត៌មានពីផ្លូវការពី៤០ស្ថាប័នរដ្ឋ អ៊ីចឹងទាំងអស់ហ្នឹងសុទ្ធតែជាផលប៉ះ»។
លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងថា ការពង្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការការពារអ្នកសារព័ត៌មាន និងប្រភពព័ត៌មាន បង្កើនតម្លាភាព និងអភិបាលកិច្ចល្អនៅកម្ពុជា។ លោកស្រី បន្តថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងតាំងពីឆ្នាំ២០១៥ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់អនុម័តនៅឡើយ។
លោកស្រីបន្ថែមថា៖ «នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ព័ត៌មានសាធារណៈនៅក្នុងប្រទេសកម្ពុជា មានការពិបាកក្នុងការទទួលបានសម្រាប់ប្រជាពលរដ្ឋទូទៅ ព្រមទាំងសំខាន់អ្នកសារព័ត៌មានផងដែរ។ ច្បាប់នេះមានសារៈសំខាន់ណាស់ សម្រាប់អ្នកសារព័ត៍មាន ដូចជា ការទទួលបានទិន្នន័យក្នុងការរាយការណ៍អំពីអត្ថបទស៊ើបអង្កេត ការការពារឯកជនភាព ព្រមទាំងការពារដល់ប្រភព និងបុគ្គលទូរទៅផងដែរ។ ការពង្រឹងសេរីភាពព័ត៍មានឱ្យមានភាពប្រសើរជាងមុន នឹងការផ្តល់ទំនុកចិត្តដល់សារធារណជននៅពេលដែលការរាយការណ៍ដែលមានប្រភពគ្រប់ជ្រុងជ្រោយ»។
លោកស្រី សុគន្ធា បានលើកឡើងថា បើកម្ពុជាមិនពន្លឿនការអនុម័តច្បាប់សិទ្ធិទទួលបានព័ត៌មាននេះទេ នោះអ្នកសារព័ត៌មាននឹងប្រឈមនឹងបញ្ហា ដូចជា កង្វះឯកសារផ្លូវការ សេរីភាពការផ្សព្វផ្សាយត្រូវបានរឹតត្បិត និងការព្រួយបារម្ភអំពីសុវត្ថិភាព ខណៈដែលច្បាប់នេះអាចជួយលើកកម្ពស់តម្លាភាព និងតុល្យភាពក្នុងការគ្រប់គ្រងថវិការជាតិ ព្រមទាំងទប់ស្កាត់អំពើពុករលួយ ការកាប់ឈើខុសច្បាប់ និងការប្រើប្រាស់មូលនិធិសាធារណៈខុសគោលដៅ។
ចំណែកឯប្រធានបណ្តាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា(CFJ) លោកស្រី ហង្ស សម្ផស្ស យល់ថា ច្បាប់សិទ្ធិទទួលព័ត៌មាននេះ មានសារៈសំខាន់សម្រាប់មនុស្សទូទៅ ព្រោះពលរដ្ឋត្រូវការព័ត៌មានកគ្រប់ជ្រុងជ្រោយដើម្បីសម្រេចចិត្តអ្វីមួយបានត្រឹមត្រូវ។
លោកស្រីថា ច្បាប់នេះក៏ផ្ដល់ផលចំណេះដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលដែរ ដោយពួកគេអាចដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយអាចធ្វើគោលនយោបាយឆ្លើយតបបានត្រឹមត្រូវ។
លោកស្រី ហង្ស សម្ផស្ស ថ្លែងថា៖ «អ្នកសារព័ត៌មាន បើសិនជាមានស្ដីពីសិទ្ធិទទួលបានព័ត៌មានហ្នឹង គាត់អាចមានលទ្ធភាពក្នុងការស្វែងរកព័ត៌មានដែលជាតម្រូវការពិតប្រាកដ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីនិងយុវជនបាន[…]អាហ្នឹងសំខាន់សម្រាប់មនុស្សទាំងអស់ ជាពិសេសអ្នកសារព័ត៌មានហ្នឹងគឺចាំបាច់បំផុត»។
ករណីនេះ លោកស្រីថា ល្មមដល់ពេលហើយដែលរដ្ឋាភិបាល គប្បីដាក់ឱ្យច្បាប់ទទួលព័ត៌មាននេះ លេចជារូបរាងឡើង ដោយសារច្បាប់នេះបានព្រាងទុកជាច្រើនឆ្នាំមកហើយ។
រីឯលោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានលើកឡើងថា អ្នកសារព័ត៌មានអាចប្រើច្បាប់ថ្មីនេះ សុំព័ត៌មានពីរដ្ឋាភិបាល ស្រួលនិងលឿនជាង៣០ថ្ងៃនៃច្បាប់របបសារព័ត៌មានបច្ចុប្បន្ន។ លោកបន្ថែមថា ច្បាប់ថ្មីនេះ មិនមែនផ្តល់សិទ្ធិតែសម្រាប់អ្នកសារព័ត៌មានទេ ប៉ុន្តែជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប ក្នុងការទទួលបានព័ត៌មាន ដោយមិនចាំបាច់ឆ្លងកាត់សារព័ត៌មាន។
លោកនិយាយថា៖ «បើអត់ច្បាប់ថ្មីទឹនោះ អ្នកសាព័ត៌មានប្រើច្បាប់របបសាព័ត៌មាន ដែលមានលក្ខណៈលំបាក និងរយៈពេលយូរ ជាពិសេសច្បាប់សិទ្ឋិទទួលបានព័ត៌មាន វាលំអិតប្រភេទព័ត៌មានសំងាត់ច្បាស់លាស់ក្នុងមាត្រា២០ ជាងច្បាប់របបសារព័ត៌មាន។»
លោកឡាំ សុជាតិ ក៏បានបន្ថែមថា បើច្បាប់សិទ្ធិទទួលបានព័ត៌មានត្រូវអនុវត្ត គ្រប់ស្ថាប័នរដ្ឋនឹងមានកាតព្វកិច្ច ក្នុងការផ្សព្វផ្សាយរបាយការណ៍ចំណូលចំណាយរបស់ខ្លួនជាប្រចាំ។ វានឹងជួយឲ្យពលរដ្ឋអាចតាមដានការពារប្រឆាំងអំពើពុករលួយ និងលើកកម្ពស់តម្លាភាព ក្នុងការប្រើប្រាស់ថវិកាឲ្យសមស្របនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
ជុំវិញករណីនេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា សិទ្ធិទទួលព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានមួយដែលត្រូវបានធានា និងគោរពយ៉ាងពេញលេញនៅកម្ពុជា។ លោកបន្តថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កំពុងស្ថិតក្នុងដំណើរការពិនិត្យខ្លឹមសារ ទម្រង់ច្បាប់ ការអនុលោមធម្មនុញ្ញភាព ដោយក្រសួងយុត្តិធម៌ មុននឹងអាចដំណើរការនីតិវិធីរបស់គណៈរដ្ឋមន្ត្រី។
លោកថា៖ «ហើយក្នុងនោះ ក្នុងចំណោមបទបញ្ញត្តិ និងលិខិតបទដ្ឋាន មានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលកំពុងស្ថិតក្នុងដំណើរការពិនិត្យខ្លឹមសារ ទម្រង់ច្បាប់ ការអនុលោមធម្មនុញ្ញភាព ដោយក្រសួងយុត្តិធម៌ មុននឹងអាចដំណើរការនីតិវិធីរបស់គណៈរដ្ឋមន្ត្រី។ ការធានាទាំងនេះ ក៏ស្របតាមសន្ធិសញ្ញា គោលការណ៍ បទដ្ឋានសកល ពាក់ព័ន្ធនឹងសិទ្ធិមនុស្សដែលកម្ពុជាជាសមាជិក»។
លោកបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ បានអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងបានផ្តោតលើការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ទូលំទូលាយ និងទាន់ពេលវេលា តាមប្រព័ន្ធបុរាណ និងទំនើប, ការបំភ្លឺសហគមន៍, ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងបង្កើតផ្លូវឌីជីថលសម្រាប់ចែកចាយព័ត៌មានសាធារណៈ។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាការពារ និងផ្សព្វផ្សាយព័ត៌មានឱ្យមានភាពត្រឹមត្រូវ ទុកចិត្តបាន និងមានទំនួលខុសត្រូវ ដើម្បីជៀសវាងព័ត៌មានក្លែងក្លាយ។
គួរជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន មាន១០ជំពូក និង ៣៦មាត្រា។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ហើយបានឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរយោបល់ រវាងភាគីពាក់ព័ន្ធជាច្រើនដងរហូតដល់បច្ចុប្បន្ន៕