ការចាប់ខ្លួន និងបញ្ជូនមេខ្លោងឆបោកអនឡាញដ៏ល្បីឈ្មោះ លោក ចេន ហ្ស៊ី (Chen Zhi) ប្រធានក្រុមហ៊ុន Prince Holding Group ទៅប្រទេសចិន កាលពីដើមឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍បំផុតមួយ ដែលគេមើលឃើញថា ជាជំហានវិជ្ជមានក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យកម្ពុជារងការរិះគន់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកវិភាគសង្គម ព្រមានថា ការចាប់ខ្លួនក្នុងចំនួនច្រើនម្តងម្កាល មិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះទេ បើគ្មានការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ការលុបបំបាត់អំពើពុករលួយ និងការបន្តកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។
លោក ចេន ហ្ស៊ី ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Holding Group រួមជាមួយជនជាតិចិនពីរនាក់ទៀត គឺឈ្មោះ Xu Ji Liang និង Shao Ji Hui ត្រូវបានចាប់ខ្លួន និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសចិន ក្នុងប្រតិបត្តិការរួមគ្នាមួយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) បានលើកឡើងថា កន្លងមក សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Group និងលោក ចេន ហ្ស៊ី ដោយចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញឆ្លងដែននិងឧក្រិដ្ឋកម្មឆ្លងដែន។
លោក អំ សំអាត បន្តថា លោក ចេន ហ្ស៊ី គឺជាមុខសញ្ញានៃការតាមចាប់ខ្លួនពីប្រទេសទាំងពីរ រួមទាំងជាមុខសញ្ញានៃការតាមចាប់ខ្លួនពីប្រទេសចិនផងដែរ ហើយការចាប់ខ្លួននៅកម្ពុជានេះ អាចពាក់ព័ន្ធនឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងកម្ពុជា និងចិន។
លោក សំអាត មានប្រសាសន៍ថា “កម្ពុជា ត្រូវពង្រឹងវិធានការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព លុបបំបាត់អំពើពុករលួយ បង្កើនកិច្ចសហប្រតិបត្តការជាមួយបណ្តាប្រទេសនានា ជាពិសេសបណ្តាប្រទេសជិតខាង ដើម្បីទប់ស្កាត់ និងបង្រ្កាប ឧក្រិដ្ឋកម្មឆរបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីមុខមាត់កម្ពុជា ភ្ញៀវទេសចរណ៍អន្តរជាតិ កាវិនិយោគ និងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម”។
កាលពីខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើ Prince Group និងលោក ចេន ហ្ស៊ី ដោយចោទថា បានដំណើរការបណ្តាញឆបោកតាមអ៊ីនធឺណិតឆ្លងដែនទូទាំងពិភពលោកនិងការលាងលុយកខ្វក់។ ចក្រភពអង់គ្លេសបានរឹបអូសទ្រព្យសម្បត្តិប្រមាណ ១៧២លានដុល្លារ រួមមានវីឡានៅក្រុងឡុងដ៍ ខណៈសហរដ្ឋអាមេរិកបានរឹបអូស Bitcoin តម្លៃប្រមាណ ១៥ពាន់លានដុល្លារ និងដាក់ទណ្ឌកម្មលើអង្គភាពពាក់ព័ន្ធជាង ១៤០ កន្លែង។
កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក៏បានប្រកាសចាត់វិធានការលើបណ្តាញឆបោកអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ ដោយរកឃើញថា មានទីតាំងយ៉ាងហោចណាស់ចំនួន ១០ កន្លែងនៅប្រទេសកម្ពុជា ដែលភាគច្រើនជាកាស៊ីណូកាន់កាប់ដោយជនជាតិចិន។ សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ពលរដ្ឋរបស់ខ្លួនបានខាតបង់ប្រាក់ជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយសារឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ។
ទោះបីជាយ៉ាងណា លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក (ADHOC) បានប្រាប់ Press Start Cambodia ថា ចំណាត់ការនាពេលថ្មីៗនេះ បានជួយស្តារមុខមាត់កម្ពុជាបានមួយកម្រិតដែរ បើទោះបីការបង្រ្កាបនេះ មានភាពយឺតយ៉ាវបន្តិចក៏ដោយ ព្រោះឧក្រិដ្ឋកម្មឆបោកអនឡាញ គឺជាបញ្ហា ដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្លាំង។
លោក ម៉េងលី មានប្រសាសន៍ថា “ពាក់ព័ន្ធនឹងមុខមាត់កម្ពុជា យើងក៏អាចស្តារបានខ្លះដែរ […] ហើយយើងឃើញថា កន្លងទៅមានការចាប់បញ្ជូនដែរ ឃើញបញ្ជូនចេញរាប់រយនាក់ដែរ។ ពិសេសលើកនេះ យើងបានចាប់បញ្ជូនឧក្រិដ្ឋជនដែលជាមុខសញ្ញាធំតែម្តង។ អញ្ចឹងអាចមានប្រសិទ្ធិភាពខ្លះដែរក្នុងការអនុវត្តច្បាប់ក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ទោះបីជាមានភាពយឺតយ៉ាវក៏ដោយ”។
លោករំឭកថា កម្ពុជាមានច្បាប់ល្អគ្រប់គ្រាន់រួមមានច្បាប់អន្តោប្រវេសន៍ ហើយថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ ប៉ុន្តែបញ្ហាសំខាន់ គឺពង្រឹងការអនុវត្ត ដើម្បីបង្កើនទំនុកចិត្តដល់សហគមន៍អន្តរជាតិ។
ជុំវិញករណីនេះដែរ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលឈានដល់ការចាប់ខ្លួនមនុស្សច្រើននាក់ ហើយថា នេះគឺជាស្នាដៃដ៏ធំមួយ។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា “ខ្ញុំគាំទ្រលើចំណាត់ការរដ្ឋាភិបាលនៅក្នុងការបោសសម្អាត ក៏ប៉ុន្តែសូមធ្វើឱ្យបានជោគជ័យហើយឱ្យមានប្រសិទ្ធិភាព។ កុំឱ្យគ្រាន់តែធ្វើមួយភ្លែតហើយរឿងហ្នឹងក៏ស្ងាត់ទៅវិញ រឿងរ៉ាវផ្សេងៗក៏កើតមានមកដដែលៗវិញ ព្រោះយើងពេលនេះ កម្ពុជាយើងត្រូវការមែនទែនមិនមែនត្រឹមតែស្ដារមុខមាត់ឡើងវិញទេ ប៉ុន្តែត្រូវតែឆ្លុះបញ្ចាំងរកមើលរបៀបនៃការរស់ នៃការធ្វើនយោបាយបែបថ្មីមួយ ចៀសវាងកុំឱ្យប្រទេសជិតខាងគេមើលងាយយើងដូចសព្វថ្ងៃ”។
ជាមួយនឹងការសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល លោក មាស នី ក៏បានរិះគន់ផងដែរថា កម្ពុជាមិនសូវយកចិត្តទុកដាក់បង្ក្រាបករណីនេះតាំងពីដំបូងមក ដែលធ្វើឱ្យបញ្ហាឆបោកនៅតែដំណើរការជាហូរហែរ ហើយការចាប់ខ្លួនដ៏ច្រើននាក់នេះ ក៏បង្ហាញផងដែរថា កម្ពុជាមានបញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញច្រើន។
ទោះយ៉ាងណា លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងតាមរយៈបណ្ដាញតេឡេក្រាមរបស់លោកនាព្រឹកថ្ងៃទី៩ ខែមករា ថា កម្ពុជាបានចាប់ផ្តើមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនតាំងពីនីតិកាលទី៦ មកម៉្លេះ មិនមែនទើបធ្វើនៅពេលមានករណីចាប់ខ្លួនមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី នេះទេ។
លោក ទូច សុខៈ មានប្រសាសន៍ថា “មិនមែនមានន័យថា ទើបតែការចាប់ខ្លួន ចេន ស៊ី […] ទើបយើងនាំគ្នាចាប់ផ្ដើមភ្ញាក់ផ្អើល ហើយទើបយើងនាំគ្នាបង្កើនការបោសសម្អាតឬក៏បង្កើនការបង្ក្រាបនោះទេ គឺយើងបានធ្វើតាំងពីដើមទីរហូតមកដល់ពេលនេះ ហើយយើងនឹងបន្តធ្វើតទៅទៀត”។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាទៅកាន់ក្រសួង ស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធរួមមាន មន្ត្រីយោធា នគរបាលជាតិ ឆ្មាំព្រំដែន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដាក់គោលដៅបង្ក្រាបទីតាំងប្រតិបត្តិការឆបោកអនឡាញនិងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដូចជាការជួញដូរមនុស្សជាដើម។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។
ថ្មីៗនេះទៀត តាមរយៈសារផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការចូលរួមពីសាធារណជនក្នុងការលុបបំបាត់ភាពអសកម្មក្នុងសង្គមនិងចូលរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាត់ទុកជាកិច្ចការអាទិភាពរួមជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ផ្សេងទៀត។
លោកមានប្រសាសន៍ថា “សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត”។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ Press Start Cambodia ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ គឺជាអាទិភាពកំពូលរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ប៉ែន បូណា មានប្រសាសន៍ថា “ការបង្ក្រាបការឆបោក ឧក្រិដ្ឋកម្មអនឡាញ គឺជាកិច្ចការរបស់រាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់បំផុត សំខាន់ដែលត្រូវធ្វើ អញ្ជឹងហើយបានសម្តេចធិបតី នាយករដ្ឋមន្រ្តី លោកនិងក្រុមការងារដឹកនាំផ្ទាល់តែម្តង ដើម្បីធ្វើរឿងនេះ […] យើងបាននឹងកំពុងធ្វើកិច្ចការនេះយ៉ាងសកម្ម រាជរដ្ឋាភិបាលមានឆន្ទៈមោះមុតក្នុងការបង្ក្រាបរឿងនេះឱ្យទាល់តែបាន ពីព្រោះរឿងនេះស្មុគស្មាញ។ វាជារឿងឆ្លងដែន”។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) បុគ្គលចំនួន១៣៥៥៧នាក់ មកពី៦៦ប្រទេស ត្រូវបាននិរទេសក្នុងឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានរកឃើញមានជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មផ្សេងៗ៕

