ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលមកពី ០៩ស្ថាប័ន បង្ហាញការព្រួយបារម្ភចំពោះការចោទប្រកាន់ពីបទក្បត់ជាតិ លើអ្នកសារព័ត៌មានអនឡាញ ០២រូប ជុំវិញការបង្ហោះនៅលើបណ្តាញសង្គមអំពីតំបន់ព្រំដែនកម្ពុជា-ថៃ។
អ្នកសារព័ត៌មានអនឡាញទាំងពីររូប រួមមាន លោក ផន សុភាព នៃស្ថាប័នបាត់ដំបងប៉ុស្តិ៍អនឡាញ និងលោក ភាព ភារ៉ា នៃស្ថាប័នសារព័ត៌មានធីអេសភីធីវីអនឡាញ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ក្នុងខេត្តតាមព្រំដែនដែលកំពុងមានភាពតានតឹងជាមួយភាគីថៃ។ បន្ទាប់មក ពួកគេត្រូវបានតុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់ពីបទ “ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចឲ្យអន្តរាយការការពារជាតិ” តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ របស់ស្ថាប័នព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន៩ ដែលមានដូចជា ខេមបូចា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ស្ថាប័នPrachatai នៅប្រទេសថៃ និងសមាគមអ្នកសារព័ត៌មានទីម័រខាងកើតជាដើមនោះ បានបង្ហាញក្តីព្រួយបារម្ភអំពីការរឹតត្បិតសេរីភាពសារព័ត៌មាន ក្រោយមានការចាប់ខ្លួន និងការចោទពីបទក្បត់ជាតិ ទៅលើអ្នកសារព័ត៌មានទាំងពីររូបនេះ។
សេចក្តីថ្លែងការណ៍រួមដដែល យល់ថា៖ «ការចាប់ខ្លួន និងការចោទប្រកាន់អ្នកសារព័ត៌មាន នៅពេលដែលពួកគេចូលរួមបំពេញភារកិច្ចការងារ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសាធារណជនក្នុងការទទួលបានព័ត៌មាន ហើយបង្កឱ្យមានការភ័យខ្លាចចំពោះការតបតបែបនេះ ក្នុងចំណោមអ្នកសារព័ត៌មានផ្សេងទៀតដែលមានបំណងរាយការណ៍ពីតំបន់ព្រំដែន»។
ករណីនេះ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងនោះ បានទទូចឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដោះលែងអ្នកសារព័ត៌មានទាំងពីររូបជាបន្ទាន់ និងទម្លាក់ការចោទប្រកាន់ទាំងអស់ពីពួកគេ។ មួយវិញទៀត ពួកគេបានអំពាវនាវដល់អាជ្ញាធរបញ្ជាក់ឲ្យបានច្បាស់លាស់ ចំពោះតំបន់ណាដែលហាមឃាត់សម្រាប់ការរាយការណ៍ព័ត៌មាន ជាពិសេសតំបន់ជម្លោះនៅតាមបន្ទាត់ព្រំដែន ដើម្បីឲ្យអ្នកសារព័ត៌មានអាចអនុវត្តភារកិច្ចដោយគ្មានការភ័យខ្លាចចំពោះការដាក់ទណ្ឌកម្ម។
លោក ណុប វី ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មានប្រសាសន៍នៅថ្ងៃទី១៦ ខែកញ្ញាថា លោកចង់ឃើញរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បញ្ជាក់ឲ្យបានច្បាស់លាស់នូវទីតាំងណាដែលហាមឃាត់មិនឲ្យចូលថតផ្សព្វផ្សាយ ដើម្បីជៀសវាងការថ្លោះធ្លោយណាមួយកើតឡើង ពេលផ្សព្វផ្សាយព័ត៌មាន។ បើតាមលោក ណុប វី បើសិនជាអ្នកសារព័ត៌មានបានដឹងពីទីតាំងច្បាស់លាស់ ដែលត្រូវបានកំណត់មិនឲ្យអ្នកសារព័ត៌មានចូលថតផ្សព្វផ្សាយ នោះអ្នកសារព័ត៌មាននឹងមិនចូលទៅនោះទេ។
លោកមានប្រសាសន៍ថា៖ «ចំពោះរឿងទាក់ទងនឹងការបញ្ជាក់អំពីទីតាំងហាមឃាត់ឲ្យបានច្បាស់ហ្នឹង វាមានប្រយោជន៍ច្រើនណាស់ ពីព្រោះមែនទែនទៅបើសិនជាអ្នកសារព័ត៌មាន គាត់បានដឹងថាទីណាជាតំបន់ ដែលមានការហាមឃាត់មិនឲ្យចូលទៅយកព័ត៌មាន ឬក៏មិនឲ្យថតរូបភាព ឬថតវីដេអូអីផ្សេងៗ គឺពួកគាត់អាចថាមិនហ៊ានចូលទេ ដោយសារយើងដឹងហើយស្ថានភាពនៃជម្លោះប្រដាប់អាវុធ ដូច្នេះសន្តិសុខ និងសុវត្ថិភាពអ្នកសារហ្នឹង ជារឿងមួយដែលចាំបាច់ ”។
ចំពោះការចោទប្រកាន់អ្នកសារព័ត៌មានអនឡាញទាំងពីររូបនោះ លោក ណុប វី ស្នើដល់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នតុលាការ ដោះលែងពួកគេ និងទម្លាក់បទចោទប្រកាន់ ដើម្បីឱ្យពួកគាត់មានសេរីភាពបានជួបជុំគ្រួសារវិញ ត្បិតរូបថតនោះជាផ្នែកមួយរបស់អ្នកសារព័ត៌មានដែលចង់ថតជាមួយកងទ័ព និងថតទីតាំងដែលពួកគេបានទៅដល់។
តែយ៉ាងណា លោកមិនលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានមានភាពប្រថុយប្រថាន ដើម្បីតែការយកព័ត៌មាន សុខចិត្តប្រឈមនឹងហានិភ័យដែលអាចប៉ះពាល់ទៅដល់អាយុជីវិត និងសុខសុវត្ថិភាពផ្ទាល់ខ្លួននោះឡើយ។
លោក យិន ស្រ៊ាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មិនទាន់អាចឆ្លើយបញ្ជាក់លម្អិតទៅនឹងសំនួរថា តើអ្នកអ្នកសារព័ត៌មានទាំងពីររូបនោះ ត្រូវចោទប្រកាន់ពីករណីចែកចាយរូបភាព ឬការប្រមូលព័ត៌មានពាក់ព័ន្ធណាមួយដែលប៉ះពាល់ដល់ការការពាជាតិនៅឡើយទេ ដោយលើកហេតុផលថា ជាការសម្ងាត់ក្នុងការអនុវត្តនិតិវិធីតុលាការ។
លោកមានប្រសាសន៍ខ្លីថា៖ “ហ្នឹងជាការសម្ងាត់ក្នុងសំណុំរឿងស៊ើបរបស់ចៅក្រមស៊ើប ខ្ញុំឆ្លើយមិនចេញទេ”។
លោក យិន ស្រ៊ាង បញ្ជាក់បន្ថែមថា បច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយ រីឯការអនុវត្តទោសក្នុងពន្ធនាគារនឹងត្រូវធ្វើ ប្រសិនរកឃើញថាអ្នកសារព័ត៌មានទាំងពីរពិតជាបានប្រព្រឹត្តដូចទៅនឹងការចោទប្រកាន់ ទៅតាមការសម្រេចរបស់ចៅក្រមជំនុំជម្រះ។
តុលាការខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកញ្ញា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា អ្នកសារព័ត៌មានទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ដោយសង្ស័យថា «ប្រមូលព័ត៌មាន និងថតរូបនៅតំបន់ហាមឃាត់របស់យោធានៅសមរភូមិដែឡព័ត៌មានទាំងអស់នោះ អាចធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិ»។ តែយ៉ាងណា តុលាការមិនបានបញ្ជាក់ថា ការបង្ហោះនៅលើបណ្តាញសង្គមណាមួយ ជាមូលហេតុនាំឱ្យមានការចោទប្រកាន់នោះទេ។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ បានកត់សម្គាល់ថា អ្នកសារព័ត៌មានទាំងពីរនាក់នោះ ត្រូវបានគេឃើញថតជាប់នឹងទាហានកម្ពុជា នៅមុខប្រាសាទតាក្របីក្នុងរូបថតមួយសន្លឹក ដែលរូបភាពនោះ ត្រូវបានថតក្រោយបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយរូបភាពទាំងនោះត្រូវបានគេបង្ហោះចែកចាយឡើងវិញដោយសារព័ត៌មានថៃ និងរូបភាពមីនជាប់ផ្ទៃខាងក្រោយដែលមិនបញ្ជាក់ទីតាំង។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងយកចិត្តទុកដាក់នឹងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានអនឡាញទាំងពីររូប និងបានបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្រោមការអនុវត្តនីតិវិធី និងការស៊ើបសួរ ដែលជាក្របខណ្ឌសមត្ថកិច្ចជំនាញ និងរបស់តុលាការ។
ក្នុងពេលជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែលថា ការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាស្របទៅនឹងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន។
លោកមានប្រសាសន៍ថា៖ «សូមបញ្ជាក់ថាសិទ្ធិនិងសេរីភាពរបស់អ្នកសារព័ត៌មាន នៅកម្ពុជា ត្រូវបានធានាយ៉ាងត្រឹមត្រូវ ពេញលេញ និងមានសង្គតិភាព ដោយអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន”។
អ្នកនាំពាក្យរូបនេះ ចង់ឃើញ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ទាំងបែបប្រពៃណី និងទំនើប ស្វែងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព ហើយអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និង រាយការណ៍ព័ត៌មានដោយ អនុលោមតាមក្របខណ្ឌដែលកំណត់ដោយច្បាប់។ លោកសង្កត់ធ្ងន់ថា អ្នកសារព័ត៌មាន មិនត្រូវផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ស្ថិរភាពនយោបាយ និងសង្គមនោះឡើយ។
មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌកម្ពុជាចែងថា អំពើប្រគល់ ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តររាយការការពារជាតិ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ៧(ប្រាំពីរ) ឆ្នាំ ទៅ ១៥(ដប់ប្រាំ) ឆ្នាំ៕