ក្រុមអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ បរិស្ថាន និងសកម្មជនឯទៀតដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ អំឡុងពេលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២៥ នៅព្រឹកថ្ងៃអាទិត្យនេះ ដោយលើកឡើងអំពីការធ្លាក់ចុះជាបន្តនិងគួរឱ្យព្រួយបារម្ភនូវលំហសេរីភាពនៃការបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ។
អង្គការសង្គមស៊ីវិលចំនួន១៩ស្ថាប័ន បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ «សារៈសំខាន់នៃការគោរពជាប្រចាំថ្ងៃនូវតម្លៃសិទ្ធិមនុស្ស លំហសេរីភាពប្រជាពលរដ្ឋ និងសិទ្ធិអ្នកការពារសិទ្ធិមនុស្ស» នៅថ្ងៃទី៧ ខែធ្នូនេះ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់។
តាមរយៈសេចក្ដីថ្លែងការណ៍រួម ក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញក្ដីព្រួយបារម្ភចំពោះការរឹតត្បិតសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះរួមមាន ការកើនឡើងនៃការប្រើប្រាស់បទប្បញ្ញត្តិព្រហ្មទណ្ឌដូចជាបទញុះញង់ និងបរិហារកេរ្តិ៍ ការរឹតត្បិតលើការប្រមូលផ្តុំដោយសន្តិវិធី ការរឹតបន្តឹងផ្នែករដ្ឋបាល និងការត្រួតពិនិត្យលើអង្គការសង្គមស៊ីវិល និងការគាបសង្កត់លើប្រព័ន្ធឌីជីថល ដែលសំដៅទៅលើអ្នករិះគន់តាមអនឡាញ សកម្មជន និងអ្នកសារព័ត៌មាន។
ប្រភពដដែលបន្តថា បញ្ហាទាំងនេះ គឺជាសម្ពាធនិងបានធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ចប្រជាធិបតេយ្យ គណនេយ្យភាព និងការចូលរួមប្រកបដោយបរិយាបន្ន ដែលជាមូលដ្ឋានគ្រឹះនៃសង្គមប្រកបដោយសន្តិភាព។ ករណីនេះ ក្រុមអង្គការសង្គមស៊ីវិលស្នើសុំឲ្យរដ្ឋាភិបាលបើកឡើងវិញនិងពង្រីកនូវលំហប្រជាធិបតេយ្យ ការពារអ្នកការពារសិទ្ធិមនុស្ស បញ្ចប់ការយាយីតាមផ្លូវតុលាការ អនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និង ពង្រឹងតម្លាភាព គណនេយ្យភាព និងនីតិរដ្ឋជាដើម។
សេចក្ដីថ្លែងការណ៍សរសេរថា “ដោះលែងអ្នកទោសមនសិការទាំងអស់ ដែលត្រូវបានឃុំខ្លួនសម្រាប់ការបញ្ចេញមតិ និងសកម្មភាពដោយសន្តិវិធី ដើម្បីការពារសិទ្ធិមនុស្ស ផលប្រយោជន៍ ឬតម្រូវការសាធារណៈ និងសិទ្ធិបរិស្ថាន និងសេរីភាពសារព័ត៌មាន។ ធានានូវនីតិវិធីច្បាប់ប្រកបដោយយុត្តិធម៌ មិនលម្អៀង និងទាន់ពេលវេលាសម្រាប់បុគ្គល ដែលប្រឈមនឹងការចោទប្រកាន់ទាក់ទងនឹងសិទ្ធិមនុស្ស»។
លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) សង្កេតឃើញថា បញ្ហារឹតត្បិតសិទ្ធិមនុស្សនៅកម្ពុជាមិនមានសញ្ញាថមថយឡើយ ទាំងសិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំជាដើម ជាក់ស្ដែងការមិនអនុញ្ញាតឱ្យក្រុមសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សនៅទីលានប្រជាធិបតេយ្យជាដើម ដែលជាទីសាធារណៈ។
លោកបន្តថា បញ្ហានានាដែលបានកើតឡើង ដូចជាវិបត្តកូវីដ១៩ បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ ទំនាស់រវាងបក្សប្រឆាំងនិងបក្សកាន់អំណាច គឺមិនត្រូវយកមកធ្វើឱ្យប៉ះពាល់ ឬរឹតត្បិតសិទ្ធិពលរដ្ឋ និងអង្គការសង្គមស៊ីវិលឡើយ។ ជាមួយគ្នានេះ លោក សុដ្ឋា ស្នើរដ្ឋាភិបាលដោះលែងសកម្មជននានាឱ្យមានសេរីភាពឡើងវិញ។
លោកមានប្រសាសន៍ថា “ឱ្យមានការដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រមទាំងអ្នកនយោបាយ […] ការដោះលែងនឹងជួយធ្វើឱ្យលំហសេរីភាព លំហសេរីភាព ការគោរពសិទ្ធិមនុស្ស គឺកាន់តែបានទូលាយនិងមានការសាទរ លែងមានកង្វល់ លែងមានការខឹងសប្បារពីសហគមន៍ជាតិ អន្តរជាតិ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លើកឡើងថា តាមការសង្កេតរបស់លោកផ្ទាល់ និងតាមរយៈរបាយការណ៍របស់អង្គការអន្តរជាតិនានា គឺថា លំហសេរីភាពនៅកម្ពុជារួមតូចទៅៗជាបន្តបន្ទាប់ ដែលក្នុងនោះមានការរឹតត្បិតលើការជួបជុំនិងការប្រារព្ធកម្មវិធីសិទ្ធិមនុស្សផ្សេងៗនៅតាមទីសាធារណៈ ដោយលោកស្នើឱ្យទម្លាក់ចោលនូវបទចោទ និងដោះលែងសកម្មជននយោបាយ បរិស្ថាន សិទ្ធិមនុស្សឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគេបានចូលរួមក្នុងកិច្ចការជួយសង្គមជាតិកម្ពុជា។
លោកមានប្រសាសន៍ថា “យើងមើលឃើញសេរីភាពនៃការបញ្ចេញមតិនៅទីសាធារណៈ ត្រូវបានរឹតត្បិត ហើយសេរីភាពបញ្ចេញមតិនៅតាមបណ្ដាញសង្គមក៏ត្រូវបានរឹតត្បិតដែរ អាហ្នឹងគឺជាចំណុចអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមមួយចំនួន ត្រូវបានគេចោទប្រកាន់ ត្រូវបានគេហៅមកព្រមាន ត្រូវបានគេលាបពណ៌ ត្រូវបានគេដាក់ទោសទណ្ឌ»។
លោក ម៉េត រ៉ាវី និស្សិតអក្សរសាស្រ្តខ្មែរ និងជាយុវជនស្ម័គ្រចិត្តនៃក្រុមពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីសមធម៌សង្គម (EYES) ដែលបានចូលរួមទិវាសិទ្ធិមនុស្សនេះ បាននិយាយថា លំហសេរីភាពនៅកម្ពុជាបច្ចុប្បន្ន មិនត្រូវបានបើកពេញលេញទេ ហើយថា លោកចង់ឃើញការបើកលំហសេរីភាពពេញលេញដូចមានចែងនៅក្នុងច្បាប់។
លោកនិយាយថា “នៅពេលបច្ចុប្បន្ននេះ គឺលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅកម្ពុជាយើងមិនទាន់បានពេញលេញទេ គឺមានការរឹតត្បិតនៅឡើយ មិនថា ការរឹតត្បិតអំពីសកម្មភាពផ្សេងៗ ដូចជាយើងមើលឃើញជាក់ស្ដែងដូចជាមានការចាប់សកម្មជនមួយចំនួនដែលពួកគាត់ធ្វើកិច្ចការ ដើម្បីតែផលប្រយោជន៍ជាតិ ផលប្រយោជន៍រួមអ៊ីចឹង ប៉ុន្តែផលតបស្នងរបស់ពួកគេបែរជាគេដាក់ទោសទៅវិញ។ អាហ្នឹង គឺវាបញ្ហាថា សិទ្ធិសេរីភាពនៅប្រទេសកម្ពុជា គឺវាអត់ទាន់ពេញលេញទេ»។
លោក រ៉ាវី បន្ថែមថា ការចាប់សកម្មជនទាំងនោះដាក់ពន្ធធនាគារមិនបានផ្ដល់ផលចំណេញដល់ប្រទេសជាតិនោះទេ ផ្ទុយទៅវិញ វាធ្វើឱ្យខាតបង់ធនធានមនុស្សសម្រាប់ជាតិទៅវិញ។ ករណីនេះ លោកស្នើសុំរដ្ឋាភិបាលដោះលែងរាល់សកម្មជនទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកថា ការសម្ដែងក្ដីបារម្ភពីបញ្ហាសិទ្ធិមនុស្ស និងការវាយតម្លៃសេរីភាពបញ្ចេញមតិនៅកម្ពុជាដោយសង្គមស៊ីវិល គឺផ្អែកទៅលើភស្តុតាងតែមួយជ្រុង និងមិនបានឆ្លុះបញ្ចាំងពីតថភាពសង្គមទំាងមូល។ លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពបញ្ចេញមតិពេញលេញ ជាពិសេសនៅលើបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះ ប៉ុន្តែត្រូវធ្វើស្របតាមច្បាប់។
លោកមានប្រសាសន៍ថា «នៅក្នុងស្ថានភាពដែលមានការបញ្ចេញមតិលើសលុបដែលស្ទើរតែក្លាយជាភាពអនាធិបតេយ្យចឹង បើយើងអត់មានច្បាប់គ្រប់គ្រងខ្លះ តើវាទៅជាយ៉ាងណាសង្គមយើង? សូមឱ្យគាត់មើលចន្លោះនឹង បានយើងចូលរួមចំណែកក្នុងការកែលម្អស្ថានភាពសេរីភាពបញ្ចេញមតិទាំងអស់គ្នា»។
អង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោក Freedom House បានបន្តចាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមិនសេរី ដោយឱ្យពិន្ទុ២៣ លើពិន្ទុពេញ១០០ពិន្ទុរយៈពេល ២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលពិន្ទុនេះបានថយចុះចំនួន១ពិន្ទុ គឺ ២៤ពិន្ទុកាលពីឆ្នាំ២០២៣៕

