សង្គមស៊ីវិ​ល​​ស្នើ​​បារាំង​​​បន្ត​ជួយ​ជ្រោម​ជ្រែង​​​​សេរីភាព​សារព័ត៌​​មាន​​​នៅ​​កម្ពុជា

តំណាងអង្គការសង្គមស៊ីវិល និងសមាគម​ដែលធ្វើការ​លើវិស័យ​​សារ​ព័ត៌​មាន បាន​ស្នើ​ដល់​ឯកអគ្គ​រដ្ឋ​ទូតបារាំង​ បន្តជួយ​​ជ្រោម​​ជ្រែង​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌​មាន និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ខណៈសេរីភាពសារព័ត៌មាននៅកម្ពុជា នៅមានការ​រឹតត្បិត ហើយអ្នកសារព័ត៌មាន​នៅជួបបញ្ហាប្រឈម​មួយ​ចំនួន។

ការ​ស្នើនេះ បានធ្វើឡើង​កំឡុងពេល​តំណាង​អង្គការ​សង្គមស៊ីវិល និង​សមាគម​ជិត ១០ស្ថាប័ន បានជួប​ជាមួយ​​នឹង​ឯក​អគ្គ​រដ្ឋ​ទូត​បារំាង លោក ហ្សាក់ ប៉ឺឡេ (M. Jacques Pellet) កាលពីថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០២៥ នៅស្ថានទូត​បារាំង។

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែល​បាន​ជួបជាមួយ​នឹង​ឯកអគ្គរដ្ឋ​ទូត​បារាំង បានឱ្យ​ដឹង​នៅថ្ងៃទី​២១ ខែកក្កដានេះថា ក្នុង​ជំនួបនោះ តំណាង​អង្គការ​សង្គមស៊ីវិល បានលើក​ឡើ​ង​ពី​​​ស្ថានភាព និ​ងបញ្ហា​​សិទ្ធិ​មនុស្ស សិទ្ធិការ​ងារ សេរីភាពសារព័ត៌មាន និង​បញ្ហា​ផ្សេង​ៗទៀត​ទៅកាន់​ឯកអគ្គរដ្ឋ​ទូត​​បារាំង ស្របពេល​ដែល​ឯកអគ្គរដ្ឋទូតរូបនោះគ្រោង​នឹង​បញ្ចប់អាណត្តិ​នៅ​កម្ពុជា។

ជុំវិញ​បញ្ហា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លោកថា សង្គមស៊ីវិលបានលើកឡើងពី​វិស័យ​ប្រព័ន្ធផ្សព្វ​​ផ្សាយ​ និង​សេរីភាពសារព័ត៌មាន​ដែលមានការ​ធ្លាក់ចុះ និង​បញ្ហាប្រឈម​នានា ​ដែល​អ្នកសារព័ត៌មាន​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​។

លោកនិយាយ​ថា៖ «យើងបានស្នើឲ្យលោក​ឯកអគ្គរដ្ឋ​ទូត​ លោក​នៅ​តែ​បន្ត​ជួយ​ជ្រោម​ជ្រែង​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស សេរីភាព​សារ​ព័ត៌​មាន សេរី​ភា​ព​​បញ្ចេញ​​មតិ​​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​លោកបញ្ចប់​បេសក​កម្ម​ក៏​ដោយ ហើយ​មួយ​វិញ​ទៀត​ លោក​ដែល​ចែក​រំលែក​នូ​វអ្វី​ដែល​ជា​សកម្ម​ភាព​ ហើយនិងកិច្ច​ការ​ងារ​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ឲ្យ​ និង​កិច្ច​សហប្រតិ​បត្តិ​ការ​ជាមួយ​នឹង​ខាង​អង្គ​ការ​សមាគម​សារព័ត៌​មាន​ ក៏​ដូច​ជា​អង្គ​ការ​សង្គ​មស៊ី​វិល​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាមួយ​នឹង​លោក​ឯកអគ្គ​រដ្ឋទូត​បារាំង​ថ្មី»។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក​ស្រី ឆន សុគន្ធា បាន​​ឱ្យ​ដឹង​ដែរថា ជំនួប​រវាង​សង្គមស៊ីវិល ជាមួយ​​ឯកអគ្គរដ្ឋទូត​បារាំង ដែលនឹងបញ្ចប់បេសសកម្ម​នៅ​ចុង​ខែ​នេះ គឺដើម្បី​ផ្តល់​បច្ចុប្បន្ន​ភាព​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស សេ​រីភាព​បញ្ចេញ​មតិ និង​​សេរីភាព​សារ​ព័ត៌​មាន ក្នុង​ប្រទេស​កម្ពុជា ដែលក្នុងនោះ​លោកស្រីថា បញ្ហានានាដែលជាការ​ប្រឈម​របស់​អ្នក​សារ​ព័ត៌មា​ន មាន​ដូច​ជា ករណី​ចាប់​ខ្លួន និងការប្រឈមនឹង​បណ្តឹងផ្សេងៗជាដើម។

លោកស្រីថា៖ «ទោះ​បីយើង​មើល​ឃើញ​ហើយ​ថា​មាន​អ្នក​សារព័ត៌​មាន​ច្រើន ដែល​បាន​ចុះ​បញ្ជី​ ឬ​ទទួលកាតពីក្រសួង​ព័ត៌​មាន ប៉ុន្តែ​ជាក់​ស្ដែង​យើង​ពិនិត្យ​មើល​អ្នក​សារ​ព័ត៌មាន​​គាត់​ហ៊ាន​នៅ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌​មាន​បែបរសើប​ឬ​ក៏​ព័ត៌មា​ន​បែប​ក្តៅៗហ្នឹង គឺ​មាន​ចំនួន​តិច​ ហ្នឹង​គឺ​ជា​​បញ្ហា​​ទី​មួយ ចង់​ឱ្យមហាជនគាត់ពិនិត្យ​មើល​ហើយ​គាត់​វាយតម្លៃដោយខ្លួនឯងវិញ។ បញ្ហាទីពីរ គឺ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​សារព័ត៌​មាន​ យើង​ឃើញ​ហើយ​បើ​យើង​មើល​តាម​របាយ​ការណ៍​ពី​ខា​ង​អន្តរ​ជាតិ​ ដូច​ជា Reporters without border […] គាត់បានចេញផ្សាយនៅក្នុងពេលថ្មីៗនេះ បើ​យើង​ប្រៀប​ធៀប​ជាមួ​យនឹ​ង​របាយ​ការណ៍​ដែលខាង​ក្រសួង​ព័ត៌​មាន​ដែល​បាន​ចេញ​ផ្សាយ​ហ្នឹង គឺ​វា​ផ្ទុយ​ស្រឡះ​គ្នា​តែម្ដ​ង និង​ក៏​វា​បង្ហាញ​ពី​ស្ថាន​ភាព​សេរីភាព​សារព័ត៌​មាន​នៅក្នុងប្រទេសកម្ពុជាដែរ»។

លោកស្រីបន្តថា បើយើងក្រឡេកមកមើលទិន្នន័យពីអង្គការ CCIM និងការសហការជាមួយអ្នកសារព័ត៌​មាន​ដែល​ជួប​ប្រទះ​បញ្ហា​វិញ ​រក​ឃើញថា ចំនួនករណី​ការ​រំលោភ​បំពាន​លើ​សេរីភាព​ព័ត៌​មាន បាន​កើនឡើង ៣.៥% ក្នុងឆ្នាំ​២០២៤ បើប្រៀបធៀបនឹងឆ្នាំ​២០២៣។

យ៉ាងណា លោកស្រី ឆន សុគន្ធា រំពឹងថា ទាំង​ឯកអគ្គរដ្ឋទូត​បារាំងប្រចាំនៅកម្ពុជា ក្នុងអាណត្តិនេះ និង​អាណត្តិ​​ថ្មី នឹង​​នៅ​តែ​បន្ត​ជួយ​ជ្រោម​ជ្រែង​លើ​ការលើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ក៏​ដូច​ជា​នាំ​ពាក្យ​និង​លើក​ពី​បញ្ហា​របស់​ប្រជា​ពលរដ្ឋ និ​ង​អង្គ​ការ​សង្គម​ស៊ីវិល​ ទៅ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ​ដើម្បី​ស្វែង​រក​​ដំណោះ​ស្រាយ​សម​ស្រប​មួយ។

លោក​​ស្រី​និយាយ​ថា៖ «ដោយសារសព្វថ្ងៃនេះ ខាង​អង្គ​ការ​សង្គម​ស៊ីវិល​ពិបាក​ក្នុង​ការ​ស្នើ​សុំ​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំកំ​ពូល​របស់​ស្ថាប័ន​រដ្ឋាភិបាល[កម្ពុជា] ដូច្នេះ​មានតែលើកបញ្ហា​ទាំង​អស់​នេះ តាម​រយៈ​ទូត​តែប៉ុណ្ណោះ​ ពី​ព្រោះ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ដែល​មាន​តំណាង​ទូត​ប្រចាំ​ប្រទេស​នេះ​ហើយ​ មា​ន​ឱកាស​បាន​ជួប​គ្នា​និង​លើក​បញ្ហា​ឬ​កង្វល់​របស់​សង្គម​ស៊ីវិល​ ក៏ដូចជាពលរដ្ឋបាន»។

Press Start Cambodia មិនអាច​សុំការ​ឆ្លើយតបពី​ឯកអគ្គ​រដ្ឋ​ទូត​បារាំង លោក ហ្សាក់ ប៉ឺឡេ បានទេគិត​ត្រឹម​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៥នេះ។

បើតាម​ទំព័រហ្វេសប៊ុក​របស់ស្ថានទូត​បារាំងនៅកម្ពុជា (Ambassade de France au Cambodge) បាន​លើកឡើង​ថា ​កាលពីថ្ងៃទី​១៦ ខែកក្កដា លោក​ឯក​អគ្គ​រដ្ឋ​ទូត​បារំាង ហ្សាក់ ប៉ឺឡេ បាន​ទទួលស្វាគមន៍​​​​តំណាង​អង្គ​ការ​សង្គម​ស៊ីវិល​ជា​ច្រើន​រូប ដែល​ស្ថាន​ទូត​បាន​បំពេញ​ការ​ងារ​ជាមួយ​ក្នុង​អំឡុងប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយ​នេះ។

ប្រភព​ដដែល​បន្តថា ក្នុង​ជំនួប​នោះ មានការ​​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ អំពី ស្ថាន​ភាព​សិទ្ធិ​មនុស្ស លំហ​ប្រជា​ធិប​តេយ្យ និង​លក្ខខណ្ឌនានា​ដែល​សង្គម​ស៊ីវិល​អាច​បំពេញ​ការ​ងារ​បា​ន​នៅ​កម្ពុជា។

ស្ថានទូតបារាំងបានគូសបញ្ជាក់ថា៖ «បញ្ហាអភិបាលកិច្ច​ល្អ និង​សិទ្ធិ​មនុស្ស​ គឺ​ជា​ផ្នែក​ដ៏​ពេញ​លេញ​នៃ​កិច្ច​សន្ទនា​នយោបាយ​របស់​យើង​ជាមួយ​អាជ្ញាធរ​កម្ពុជា»។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ លោក ទេព អស្នារិទ្ធ មិន​បានអត្ថាធិប្បាយជុំវិញ​ជំនួប​របស់​សង្គមស៊ីវិល និង​ឯកអគ្គរដ្ឋ​ទូត​បារាំង​នេះទេ។

តែយ៉ាងណា លោកបាន​ផ្តល់ជា​សំណេរ​​​​ថា នៅកម្ពុជា ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់​ធ្នាប់​សារ​ព័ត៌មាន ក្នុងឆ្នាំ២០២៥ ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ ហើយ​​បើ​យោង​តាម​របាយ​ការណ៍​ស្តីពី​ ស្ថាន​ភាព​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជាវិញ គឺ​អ្នក​សារព័ត៌​មាន​ចំនួន​ជាង ៨៦% បាន​អះ​អាង​ថា​ខ្លួន​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ប្រកប​អាជីព​ជាអ្ន​ក​សារព័ត៌​មាន ដោយ​មាន​សុវត្ថិភាព និង​ភាព​ងាយស្រួល​​​​ក្នុង​ការ​ប្រមូល​ព័ត៌​មាន​ពី​ប្រភព​ផ្សេងៗ សម្រាប់​ការ​សរ​សេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយ​សេរី។

លោក​បន្តថា៖ «រីឯ​ការ​លើក​ឡើង​ដោយ​អង្គ​ការ​ឬស​មាគម​ខ្លះ គឺ​គ្រាន់​តែ​ជា​ផ្នែក​នៃ​ភាព​មាន​គំនិត​ចម្រុះ ដែល​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ នីតិ​រដ្ឋ ប៉ុណ្ណោះ។ ម៉្យាង​អង្គការ​សង្គម​ស៊ីវិល​ណានោះ​ កំពុង​ជួប​វិបត្តិ​ផ្នែក​ហិរ​ញ្ញ​វត្ថុ ហើយ​អាច​ថា​ត្រូវ​ស្វែង​រក​មូល​និធិ​សម្រាប់​សកម្ម​ភាព ដូច្នេះ​ត្រូវ​ព្យាយាម​បង្ហាញ​ភាព​ផ្ទុយ​ខ្លះ ដើម្បី​ជជែក​ជាមួយ​ដៃគូ»។

ទោះយ៉ាងណា អ្នក​សារ​ព័ត៌មាន​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយ​រៀង លោកសួន វត្ថា យល់ឃើញ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​នៅឡើយ ដោយសារ​អ្នកសារព័ត៌មាន​ឯករាជ្យ នៅជួបបញ្ហា​ប្រឈមក្នុងពេលបំពេញការងារ​ ដូចជា រង​នូវការ​ចោទប្រកាន់តាមផ្លូវ​តុលាការ នៅពេល​មានការ​ផ្សព្វផ្សាយ​នៅរឿង​ពិត ឬរឿង​រស៊ើបក្នុ​ងសង្គម ហើយក្រៅពីនោះក៏មានករណី​សម្លាប់អ្នកកាសែត​​ប្រចាំនៅ​ខេត្ត​សៀមរាប​ផងដែរ។​

លោក​​ថា៖ «ខ្ញុំចង់ឃើញរដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិល ធ្វើកា​រលើក​កម្ពស់​សេរីភាព​សារព័ត៌​មានឲ្យ​​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​ឲ្យ​អ្នក​សារ​ព័ត៌មាន​គាត់​ហ៊ាន​រាយ​ការណ៍​ពី​បញ្ហា​ពិត​នៅ​ក្នុង​សង្គម ហើយ​រាយ​ការណ៍​ទៅ​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ ឬ​ក៏​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​របស់​គាត់ ព្រួយ​បារម្ភ​ក្រោយ​ពី​ការ​រាយការណ៍​ហើយ មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន ឬ​ក៏​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​តាម​តុលាការ​ទេ ពួក​គាត់​គួរ​តែលើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ហ្នឹង ឲ្យបានទូលំទូលាយជាងនេះ»។

កញ្ញា ជា សុខនី អ្នក​សារ​ព័ត៌​មាន​នៅ​វិទ្យុ​ស្ត្រី​កម្ពុជា ក៏បានលើកឡើ​ង​ដែរ​ថា នៅពេលចុះយក​ព័ត៌​មាននៅ​តាម​មូលដ្ឋាន កញ្ញាសង្កេតឃើញ​​មានការ​រឹតត្បិត​មួយចំនួន​ពីសំណាក់​អាជ្ញាធរ ស្រប​ពេល​ចំនួន​អ្នក​យក​ព័ត៌មាន ដែលចុះទៅយកព័ត៌មាន​រឿង​បញ្ហាដីធ្លី និងការ​តវ៉ាផ្សេង​ៗពីសំណាក់ពលរដ្ឋ ឬជនរង​គ្រោះនៅ​តាម​ទីសាធារណៈ ហាក់​​កាន់​តែ​​តិច​ទៅនោះ​ ធ្វើ​​​ឱ្យ​កញ្ញាមា​ន​ក្តីបា​រម្ភ​ពី​បញ្ហា​​សុវត្ថិ​ភាព​​ផ្ទាល់​ខ្លួនផង​ដែរ។​​

ករណីនេះ កញ្ញា​សើ្ន​ថា៖ «ស្នើ​ឲ្យ​មាន​ការ​បើក​ទូលាយ និង​មាន​ការ​រាយ​ការណ៍​​អ្នក​សារ​ព័ត៌​មាន​​ដែល​គាត់​ប្រកាន់​ខ្ជាប់​នូវ​វិជ្ជា​ជីវៈ​ ក្រម​សីលធម៌​សារព័ត៌មាន​ហ្នឹង​ ហើយ​រឿង​ការ​បើក​ទូលាយ​ ហើយ​កុំ​ចាត់​ទុក​អ្នក​សារ​ព័ត៌មាន​ជា​សត្រូវ ព្រោះ​អី​សារព័ត៌មាន​​ឯករាជ្យ​ មាន​សារៈ​សំខា​ន់​ណាស់ ក្នុង​ការ​មើល​ការ​អភិវឌ្ឍ​ ជួយដល់​សង្គម​ជាតិ ជាពិសេស​គឺ​រួម​ចំណែក​ជួយ​ដល់​រដ្ឋាភិ​បាល នៅពេល​ដែល​បំពេញ​ចំណុច​ខ្វះខា​ត​ ដូច​ជា សេវា​សាធារណៈ និង​ខ្វះខា​ត​អីចឹង​​គាត់​អាច​នឹង​ផ្សព្វ​ផ្សាយ​ ឆ្លើយ​​ត​ប​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ ហើយ​រដ្ឋាភិ​បាល​ គឺ​គាត់​នឹង​មើល​ឃើញ​ចំណុច​ទាំង​អស់​ហ្នឹង គាត់​កែ​លម្អ​ដើម្បី​ស្ថាបនា អភិវ​ឌ្ឍន៍​សង្គម​ជាតិ​ ហើយសង្ឃឹម​ថា​អាជ្ញាធរ​មូល​ដ្ឋាន​ក៏​ដូច​គ្នា​ដែរ»។

ចំណែក ​របាយការណ៍ពីអង្គការ “អ្នកសារព័ត៌មានគ្មានព្រំដែន(RSF)” ចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២៥ ក៏បាន​ចាត់​ចំណាត់​ថ្នាក់​​កម្ពុជា ​​លេខ ១៦១ ក្នុងចំណោម ១៨០ ប្រទេស នៅក្នុងសន្ទស្សន៍​សេរីភាពសារព័ត៌មានពិភពលោក សម្រាប់ឆ្នាំ ២០២៥ ដែលជាការធ្លាក់ចុះបន្ថែមពីចំណាត់ថ្នាក់លេខ ១៥១ កាលពីឆ្នាំមុន។

​អង្គ​ការអន្តរជាតិនេះ​ ​បាន​​ទម្លាក់​​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌​មាន​របស់​កម្ពុជាក្នុង​ឆ្នាំ​២០២៥នេះ ដោយ​ផ្តោតលើ​​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូច​ជា បរិយា​កាស​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បរិបទ​នយោបាយ ក្រប​ខណ្ឌច្បាប់ បរិបទ​សេដ្ឋកិច្ច បរិបទ​សង្គម វប្បធម៌ និងបញ្ហាសុវត្ថិភាព។

ខ្លឹមសារជារួមនៅក្នុងរបាយការណ៍របស់ RSF បានរៀបរាប់ឡើងវិញនូវសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាដែល​បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា វិទ្យុសំឡេង​ប្រជាធិប​តេយ្យ (VOD) វិទ្យុអាស៊ី​សេរី ឬ​កាសែត The Cambodia Daily ជាដើម។

ចំណែកការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដើម្បីដាក់ទោសអ្នកកាសែត ដែលបានស៊ើបអង្កេត និងរាយការណ៍​ពី​​បញ្ហារសើប ក៏ត្រូវបាន RSF បញ្ចូលទៅក្នុងរបាយការណ៍របស់ខ្លួនដែរ។ លើសពីនេះ RSF ក៏បានលើករំលេច​​នូវករណីបាញ់សម្លាប់ លោក ឈឿង ឈឹង ដែលជាអ្នកកាសែតមួយរូប​តែងធ្វើសេចក្តីរាយការណ៍​រឿង​បរិស្ថាន​​នៅខេត្តសៀមរាប​ក្នុងឆ្នាំ២០២៤ផង​ដែរ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍