សង្គមស៊ីវិលអំពាវនាវឱ្យ​ដោះលែង​លោក ហែម វណ្ណា ក្រោយ​​ចាប់​ខ្លួនពាក់​ព័ន្ធ​​​​​​ការ​រាយ​​ការណ៍​​​ព័ត៌​មាន​រឿង​​​ឆបោកអនឡាញ

អង្គការសង្គមស៊ីវិលចំនួន ២២ ស្ថាប័ន អំពាវនាវឱ្យអាជ្ញាធរ​ដោះ​លែង និង​ទម្លាក់​បទ​ចោទប្រកាន់​លើ​អ្នក​សារព័ត៌មាន លោក ហែម វណ្ណា បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន ការពាក់ព័ន្ធនឹង​ការ​រាយការណ៍​ទីតាំងសង្ស័យឆបោកតាមអនឡាញ។

ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់​ពី លោក ហែម វណ្ណា ចាង​ហ្វាង​កាសែត HVNN TV Online ត្រូវបាន​កង​រាជអាវុធហត្ថក្រុងប៉ោយប៉ែតកោះហៅ និង​​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយចោទថាបានផ្សព្វផ្សាយព័ត៌មានមិន​ត្រឹម​​ត្រូវ កាល​ពី​ថ្ងៃ​ទី​៣ ខែ​​កុម្ភៈ ឆ្នាំ​២០២៦ ក្រោយ​ពីលោក​បាន​រាយការណ៍​ព័ត៌មាន​ជាវីដេអូ ដែលរៀបរាប់​ពីហេតុការណ៍​​​អំពើ​ហិង្សា​មួយ​ទៅលើ​ជន​ជាតិ​ចិន​មួយ​ក្រុម នៅទីតាំងមួយ​កន្លែង​ដែល​សង្ស័យថាជា​កន្លែង​ឆបោក​តាមអនឡាញ ហើយទីតាំងនោះស្ថិត​នៅចម្ងាយ​ប្រមាណ ១០០ម៉ែត្រ​ពី​​​ក្រោយ​ទីស្នាក់​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត។ នេះ​បើ​តាមសេចក្តីថ្លែងការណ៍រួម​របស់អង្គការ-សមាគម​​ជាតិ និង​អន្តរជាតិ​ចំនួន ២២ ចេញផ្សាយ​​នៅ​ថ្ងៃ​ទី១០ ខែ​កុម្ពៈ ឆ្នាំ​២០២៦។

សេចក្តីថ្លែងការណ៍រួម​នោះ បានលើកឡើង​ទៀត​​ថា ក្រោយកា​រចាប់ខ្លួន លោក ហែម វណ្ណា ត្រូវ​​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ ចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៥ និងបទ «ស្តាប់ ឬថតពាក្យសម្តីឯកជន» តាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ​។

តាមរយៈសេចក្តីថ្លែងការណ៏រួមនោះ ក្រុមអង្គការ​សង្គមស៊ីវិល​យល់ថា​៖ «ការចាប់ខ្លួន និងការចោទប្រកាន់​មកលើអ្នកសារព័ត៌មានរូបនេះ ហាក់បានបង្ហាញអំពីនិន្នាការរបស់រដ្ឋាភិបាលក្នុង ការរឹតត្បិតសំឡេងសមាជិក​អ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌជំនួសពីការប្រើប្រាស់ យន្តការច្បាប់ស្តីពីរបបសារព័ត៌មាន ដូចជាការស្នើសុំកែតម្រូវ ឬ សិទ្ធិក្នុងការឆ្លើយតប» ។ 

ពួកគេ​​បន្តថា ករណីនេះ បង្ហាញពីការរឹតត្បិត​លើសារព័ត៌មានឯករាជ្យ និងការប្រើប្រាស់នីតិវិធីច្បាប់ ដែល​ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស មាត្រា ៤១ ក៏ដូចជាឯកសារសិទ្ធិមនុស្ស​អន្តរជាតិ ដែលកម្ពុជាជាភាគី រួមមានកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោ​បាយ។

សង្គមស៊ីវិល អះអាងថា ក្នុងករណីនេះ អាជ្ញាធរគួរតែស្នើសុំការបញ្ជាក់ ឬពន្យល់ ឬស្នើសុំឱ្យមានការ​កែ​តម្រូវ ប្រសិន​បើ​ចាំបាច់ ស្របតាមច្បាប់ស្តីពីរបប​សារព័ត៌មាន។

ពួកគេ​​ថា៖ «ការប្រើប្រាស់បទចោទក្រមព្រហ្មទណ្ឌ ជាពិសេស បទញុះញង់ គឺជាវិធានការលើសកម្រិត និងមិនសមស្រប ហើយយើងខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះ ការចាប់ខ្លួន និងការឃុំខ្លួនលោក វណ្ណា ដែលធ្វើឱ្យអ្នកសារព័ត៌មាន​ទាំងអស់កាន់តែមិនមានសុវត្ថិភាព» ។ 

តាមរយៈសេចក្តីថ្លែងការណ៏រួមនេះ ក្រុមអង្គការ​សង្គមស៊ីវិល បាន​​ទទូច និងទាមទារឱ្យដោះលែង​ លោក ហែម វណ្ណា និង​ទម្លាក់បទចោទប្រកាន់ទាំងអស់ ព្រមទាំងប្រើប្រាស់ច្បាប់ស្តីពីរបប​សារព័ត៌មាន ក្នុងការដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងការងារសារព័ត៌មាន ជំនួសឱ្យ​ការប្រើ​ប្រាស់​បទចោទព្រហ្មទណ្ឌ។ ក្រៅពីនោះ ក៏បាន​ស្នើ​ឱ្យមានការគោរព និង​ការពារសេរីភាពសារ​ព័ត៌មាន និងធានាថា អ្នកសារព័ត៌មានអាចអនុវត្តភារកិច្ចវិជ្ជាជីវៈរបស់ខ្លួន ដោយគ្មានការភ័យខ្លាចចំពោះការរំខាន ការគំរាមកំហែង ការរឹតត្បិត ឬការចោទប្រកាន់តាមផ្លូវច្បាប់។

ក្រុមអង្គការ​សង្គមស៊ីវិល ដែលចេញសេចក្តីថ្លែងការណ៍​រួម​នោះ មានដូចជា សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា(ខេមបូ​ចា) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វ​ផ្សាយ​​ឯក​រាជ្យ​(CCIM) អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ សមាគម​​អាដហុក មជ្ឈមណ្ឌល​ដើម្បី​សារព័ត៌​មាន​​ឯករាជ្យនៅម៉ាឡេស៊ី អ្នកសារព័ត៌មាន​គ្មានព្រំដែន Freedom Forum(នេប៉ាល់) និង​​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ឯករាជ្យ​(ឥណ្ឌូនេស៊ី)​​ជា​ដើម។​

លោក ណុប វី នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ (ហៅកាត់ថា ខេមបូចា) បានលើកឡើងថា ការចាប់​ខ្លួន​អ្នកសារព័ត៌មាន អាចប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងតួនាទីរបស់អ្នកសារព័ត៌​មាន​​ក្នុងការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាសង្គម និងសុវត្ថិភាពសាធារណៈ។

លោកថា៖ «យើង​ពិនិត្យ​ឃើញ​ថា ​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន​ក្នុង​រូបភាពបែបនេះ អាចនឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​​ដំណើរការ​នៃការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ និងការ​ដើរតួនាទី​របស់អ្នក​សារព័ត៌មាន ​ដើម្បី​បញ្ចេញព័ត៌មាន​ដែល​ទាក់ទងនឹង​បញ្ហា​សង្គម ក៏ដូចជា​សុខ​​សុវត្ថិភាពរបស់​ពលរដ្ឋ» ។

លោក ណុប វី ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ អនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និង​ពិចារណាផលប៉ះពាល់សង្គមនៃវិធានការចំពោះអ្នកសារព័ត៌មាន ដែលរាយការណ៍​ក្នុងផល​ប្រយោជន៍សាធារណៈ។

លោកបន្តថា៖ «អាជ្ញាធរនៅ​តែ​មិន​បាន​អនុវត្ត​ច្បាប់ស្តីពីរបបសារព័ត៌មាន​ ផ្ទុយ​ទៅវិញ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ននៅ​តែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុងការ​ចោទប្រកាន់​និង​ចាប់​ខ្លួន​។ យើង​ចង់​ឲ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​យល់​ថា ការចាត់វិធានការ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ដែល​រាយ​ការណ៍​ដើម្បី​ផលប្រយោជន៍សាធារណៈ​នឹង​នាំឲ្យ​មាន​ផល​វិបាក​សម្រាប់​សង្គម​និងកការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធផល​ចំពោះ​បញ្ហាដែលកំពុង​កើត​មានឡើង។ យើងក៏ទាមទា​ឲ្យ​មានការ​អនុវត្ត​នូវ​ច្បាប់​ស្តីពី​របបសារព័ត៌មាន​ដែល​ស្ថិតនៅជា​ធរមាន» ។

ជាមួយគ្នានេះដែរ​​ លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានកត់សម្គាល់ថា ការចាប់ខ្លួនអ្នកសារព័ត៌មាន​​ជា​បន្ត​បន្ទាប់ អាច​បង្ក​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​សារ​ព័ត៌​មាន​ផ្សេង​ទៀត ដែល​ចង់​រាយ​ការណ៍​អំពី​បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​ប្រធាន​បទ​រសើប​ផ្សេងៗ​។

លោកស្រីថា៖ «នេះមិនមែនជាលើកទីមួយទេ នៅក្នុងការចាប់ខ្លួនអ្នកសារព័ត៌មាន​ដែលហ៊ាននៅក្នុង​ការរាយការណ៍ពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មអនឡាញ តួយ៉ាងជារឿងមួយដ៏ក្តៅគគុក​ដែល​រាជរដ្ឋាភិបាលកម្ពុជាកំពុង​តែយកចិត្តទុកដាក់នៅក្នុងការអនុវត្ត និងកម្ចាត់​​ក្រុមឧក្រិដ្ឋ​កម្ម​​អនឡាញផង […] យើងមើលឃើញថាការចាប់ខ្លួនជាបន្តបន្ទាប់ ហើយករណីចុងក្រោយនេះ គឺធ្វើឱ្យអ្នកសារព័ត៌​មាន​ផ្សេងៗ​ទៀត​ដែល​គាត់ចង់រាយការណ៍រឿង​បញ្ហាឆបោកតាមអនឡាញ ឬបញ្ហាព្រំដែនជាដើម មានការខ្លាចរអារ នេះបង្ហាញ​ថា ប្រទេសយើងមានការគំរាមកំហែងទៅដល់អ្នកសារព័ត៌មាន ដែលហ៊ាននៅក្នុងការរាយការណ៍អំពីប្រធានបទបែប​រិះគន់ក្នុងន័យស្ថាបនា» ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារឹទ្ធិ បាន​បដិសេធអត្ថាធិប្បាយ​លើ​​រឿង​នេះ ដោយ​​រុញ​ឲ្យ​​សួរទៅ ​លោក ផុស សុវណ្ណ អ្នកនាំពាក្យរងក្រសួងព័ត៌មាន ប៉ុន្តែមិនមានការឆ្លើយតបដូចគ្នា។

បើតាម​សេចក្តីថ្លែងការណ៍​រួមរបស់សង្គមស៊ីវិល​ លោក ហែម វណ្ណា គឺ​ជាអ្នកសារព័ត៌មានទី៥​ហើយ ដែល​ត្រូវបានចាប់ខ្លួន និងកំពុងត្រូវ​បានឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធ​នាគារ​ ដោយ​សារ​សេច​ក្តី​រាយ​ការណ៍​របស់​ពួក​គេ បើ​គិតចាប់តាំងពីខែមករា ឆ្នាំ២០២៥មក។

ចំណែក របាយការណ៍​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែន ចេញ​ផ្សាយ​កាល​​ពី​​ថ្ងៃ​ទី​០២ ខែ​​ឧសភា ឆ្នាំ​២០២៥​ បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ចំនួន​​​១០​លេខ ពោល​​ធ្លាក់​​ពី​ចំណាត់​ថ្នាក់​​ទី​ ​១៥១ នៅ​ឆ្នាំ​២០២៤ មក​ទី​១៦១ នៅ​ឆ្នាំ​២០២៥។ មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរ​បស់​កម្ពុជា គឺ​ដោយ​យោង​លើ​ចំណុច​​សំខាន់ៗ​មួយ​ចំនួន ដូ​ច​ជា បរិយាកាស​នៃ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ បរិបទ​នយោ​​បាយ ក្រប​​ខណ្ឌ​​ច្បាប់ បរិបទ​សេដ្ឋកិច្ច បរិបទ​សង្គម វប្បធម៌ និង​បញ្ហា​សុវត្ថិ​ភាព៕