ក្រុមអង្គការសង្គមស៊ីវិលជាង១០០ បង្ហាញពីការធ្វើសកម្មភាពរួមគ្នាមួយចំនួន ដើម្បីរួមចំណែកជួយដល់ជនភៀសសឹក និងការទាមទារឱ្យមានយុត្តិធម៌សម្រាប់ពលរដ្ឋ និងប្រទេសកម្ពុជាដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានកើតឡើងនៅអំឡុងខែធ្នូកន្លងមកនេះ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់អង្គការសង្គមស៊ីវិលកម្ពុជា ស្តីពី «ការឆ្លើយតបវិបត្តិព្រំដែន ការរកឃើញពីការវាយតម្លៃរហ័ស និងសកម្មភាពបន្ទាប់» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ លោក សឿង សារឿន នាយកប្រតិបត្តិវេទិការអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានលើកឡើងថា សង្គ្រាមឈ្លានពានរបស់រដ្ឋាភិបាល និងកងទ័ពថៃ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យជនស៊ីវិលខ្មែរស្លាប់ និងរបួសប្រមាណជាង១០០នាក់ ពលរដ្ឋត្រូវភៀសសឹកជាង ៦០ម៉ឺននាក់ និងបានធ្វើឱ្យខូចខាតដល់ផ្ទះពលរដ្ឋ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាសាទបុរាណខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកបន្តថា ជុំវិញការជួយដោះស្រាយវិបត្តិដែលបន្សល់ទុកពីបញ្ហាជម្លោះព្រំដែនដែលថៃឈ្លានពានកម្ពុជា និងដើម្បីធានានូវការការពារជនស៊ីវិល និងការទាមទារនូវយុត្តិធម៌ដល់ពលរដ្ឋរងគ្រោះ ព្រមទាំងដើម្បីធានានូវនិរន្តរភាពសន្តិភាព ខាងអង្គការសង្គមស៊ីវិលកម្ពុជា បានធ្វើការរួមគ្នាដោយផ្តោតលើយុទ្ធសាស្រ្តចំនួន ៥ ក្នុងនោះ មានដូចជា បន្តចូលរួមជាមួយរដ្ឋាភិបាល ដើម្បីឆ្លើយតបតម្រូវការជាមូលដ្ឋានរបស់ជនភៀសសឹក ធ្វើការតស៊ូមតិផ្នែកការទូតជាមួយស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា និងដៃគូរពាក់ព័ន្ធក្នុងកម្រិតអាស៊ាន និងអន្តរជាតិ។
ក្រៅពីនោះ ពួកគេក៏នឹងចុះប្រមូលព័ត៌មាន ការប្រើប្រាស់យន្តការ និងក្របខណ្ឌគតិយុត្តិជាង១០ ដើម្បីទាមទារឱ្យថៃទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន ដែលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា និងធ្វើឱ្យពលរដ្ឋខ្មែររងគ្រោះផងដែរ។
ជាមួយគ្នានោះ លោក សារឿន បានគូសបញ្ជាក់ថា សង្គមស៊ីវិលទាំងជាង ១០០ស្ថាប័ន ក៏នឹងប្រើប្រាស់យន្តការនៃការកសាងសន្តិភាព និងការផ្សះផ្សាទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជានិងថៃ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ព្រមទាំងគៀងគរនូវថវិកាដើម្បីជួយដល់ពលរដ្ឋរងគ្រោះក្នុងសង្គ្រាមនេះផងដែរ។
លោក សឿង សារឿន ថ្លែងថា៖ «យើងក៏នឹងដាក់ពាក្យបណ្តឹង ក៏ដូចជាការតស៊ូមតិតាមលក្ខណៈការទូត ជាមួយនឹងភាគីពាក់ព័ន្ធដូចខ្ញុំបានលើកឡើងខាងដើម មានភាគីជាច្រើនដែលយើងនឹងធ្វើការតស៊ូមតិទាំងផ្លូវការក្តី ទាំងក្រៅផ្លូវការក្តី គឺដើម្បីឱ្យពួកគាត់ទទួលយកករណីពីកម្ពុជាយើងទៅហ្នឹង ដើម្បីជាអាទិភាពដោះស្រាយជាប្រព័ន្ធ ដើម្បីចាប់ឱ្យប្រទេសដែលឈ្លានពានយើង គឺប្រទេសថៃហ្នឹងគាត់ទទួលខុសត្រូវ»។
ស្រដៀងគ្នានេះដែរ កញ្ញា នាក់ សុគន្ធា ប្រធានប្រតិបត្តិសមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ បានថ្លែងថា សង្គ្រាមឈ្លានពានរបស់ថៃ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់បានរងគ្រោះ និងភៀសខ្លួនដើម្បីសុវត្ថិភាព ក្នុងនោះក៏មានស្ត្រី និងកុមារផងដែរ។
កញ្ញាបន្តថា ក្រៅពីការធ្វើការរួមគ្នាលើយន្តការ និងច្បាប់គតិយុត្តិមួយចំនួន សង្គមស៊ីវិល ក៏បានធ្វើការវាយតម្លៃរហ័សពីផលប៉ះពាល់ និងបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការផ្តល់នូវសេវាមូលដ្ឋានមួយចំនួន ព្រមទាំងការចេញសេចក្តីថ្លែងការណ៍រួម និងការថ្កោលទោសទៅលើភាគីថៃដែលរំលោភលើដែនអធិបតេយ្យកម្ពុជាផងដែរ។
តាមរយៈការធ្វើសកម្មភាពទាំងនេះ កញ្ញាសង្ឃឹមថា កម្ពុជានឹងអាចទាមទាររកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះ និងប្រទេសកម្ពុជាទាំងមូល ពីការឈ្លានពាន និងការបំផ្លិចបំផ្លាញរបស់កងទ័ពថៃ។
កញ្ញា សុគន្ធា ថ្លែងថា៖ «ក្នុងនាមយើងជាសង្គមស៊ីវិល យើងសង្ឃឹមយ៉ាងមុតម៉ាំថា គ្រប់ភាគីទាំងប្រជាពលរដ្ឋ ទាំងសង្គមស៊ីវិល ទាំងស្ថាប័នឯកជន ទាំងរាជរដ្ឋាភិបាល យើងនឹងរួមគ្នាតវ៉ាទាមទាររកយុត្តិធម៌សម្រាប់កម្ពុជារបស់យើង តាមរយៈការប្តឹងទៅយន្តការច្បាប់អន្តរជាតិដូចបងសារឿន បានលើកឡើង មានដូចជា ICC ICJ អីជាដើម ដើម្បីឱ្យភាគីថៃគាត់ទទួលខុសត្រូវនូវទង្វើដែលគាត់បានឈ្លានពានមកលើកម្ពុជារបស់យើង ហើយនិងសងមកកាន់កម្ពុជារបស់យើងវិញ ជាពិសេសគឺអ្វីដែលយោធាថៃបានបំផ្លិចបំផ្លាញ»។
ចំណែក លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងក្នុងសន្និសីទព័ត៌មាននោះដែរថា ទង្វើរបស់រដ្ឋាភិបាលថៃ និងយោធាថៃ ដែលបានធ្វើមកលើប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋស៊ីវិល គឺជាទង្វើរំលោភលើសិទ្ធិមនុស្ស បរិស្ថាន អមនុស្សធម៌ និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោក សុដ្ឋា ឱ្យដឹងដែរថា តាមការសិក្សាកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ជាមួយអង្គការដៃគូពាក់ព័ន្ធ អ្នកជំនាញថ្នាក់តំបន់ ក៏ដូចជាការរាយការណ៍ពីក្រសួងការពារជាតិ នៃការប៉ាន់ប្រមាណរហ័ស ស្ដីពីការប្រើប្រាស់សារធាតុគីមីរបស់កងទ័ពថៃមកលើប្រទេសកម្ពុជា បានបង្ហាញថា កងទ័ពថៃបានបាញ់សារធាតុគីមីមកកម្ពុជា តាមរយៈយន្តហោះ យន្តហោះគ្មានមនុស្សបើក(ដ្រូន) ការដាក់សារធាតុគីមីក្នុងដបទឹកសុទ្ធតាមទីតាំងដែលកងកម្លាំងកម្ពុជា ដើរល្បាត និងតាមរយៈគ្រាប់ផ្លោងជាដើម ដែលបង្កឱ្យគ្រោះថ្នាក់ដល់ការប្រើប្រាស់ទឹក សុខភាព ការរស់នៅរបស់ប្រជាជន និងបរិស្ថាន។
បើតាមលោក សុដ្ឋា ជាព័ត៌មានបឋមពីតំបន់ជម្លោះឱ្យដឹងថា យោធាថៃក៏នៅតែសារធាតុគីមីក្នុងជម្លោះកម្ពុជា-ថៃ កាលពីខែធ្នូកន្លងទៅ ដែលលោកបញ្ជាក់ថា ក្រុមអង្គការពាក់ព័ន្ធ នឹងចុះទៅសិក្សាដោយផ្ទាល់ម្ដងទៀត នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២៦ខាងមុខនេះ។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋភៀសសឹក ដែលត្រឡប់ទៅផ្ទះវិញ ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព ដោយសារសារធាតុគីមី និងគ្រាប់មិនផ្ទុះដែលសល់ពីសង្គ្រាម ២១ថ្ងៃកន្លងទៅនេះ។
លោកថា៖ «យើងស្ដាប់អាជ្ញាធរដែនដី គាត់មានការណែនាំរបស់តាមរបៀបបច្ចេកទេសហើយ។ ពាក់ព័ន្ធសារធាតុគីមី គឺយើងមិនអាចដើរឆ្វេកឆ្វាកបានទេ ពេលត្រលប់ទៅភូមិវិញ ដូចជា កន្លែងដែលមានធ្លាក់គ្រាប់ ព្រោះវាមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយដៃជើងរបស់យើងមិនមិនត្រូវពាល់ទឹកភ្លៀង ទឹកស្រះអីហ្នឹង ដែលយើងគិតថាមិនអាចមានសុវត្ថិភាពគ្រប់គ្រាន់ ឬមិនទាន់បានពិនិត្យ។ ខ្ញុំឃើញបងប្អូនខ្លះ ឃើញអំបែងគ្រាប់ អត់ខ្លាចទេ កាន់ ដ្បិតថាផ្ទុះហើយមែន តែវានៅមានសារធាតុគីមីហ្នឹង ហើយវាមិនផលប៉ះពាល់ឥឡូវ តែអនាគតវាអាចបង្កហានិភ័យដល់សុខភាពយើងដោយមិនដឹងខ្លួន»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រាប់ Press Start Cambodia នៅថ្ងៃនេះថា ក្នុងនាមប្រជាជាតិខ្មែរដូចគ្នា ក្នុងស្ថានភាពដ៏លំបាករបស់ប្រទេសជាតិ មិនថាប្រជាជនទូទៅ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន បើពួកគាត់អាចជួយអ្វីបាន គឺត្រូវជួយគ្នាទៅតាមលទ្ធភាព ជាពិសេសជួយប្រជាជនភៀសសឹកដែកពួកគាត់កំពុងជួបការលំបាក។
លោកថា៖ «រដ្ឋាភិបាល បានកំពុងខិតខំ យកអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីជួយប្រទេសជាតិយើងក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាជួយបងប្អូនយើងជនភៀសសឹក ជួយគាត់ត្រឡប់ទៅផ្ទះវិញ មើលការខុសត្រូវ និងថែទាំពួកគាត់ អ្នកដែលមិនទាន់បានទៅផ្ទះត្រូវដោះស្រាយយ៉ាងម៉េច គឺជាបន្ទុករបស់រដ្ឋាភិបាល ប៉ុន្តែបងប្អូនខាងអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋផ្នែកផ្សេងៗក៏អាចចូលរួមជួយបានដែរ ដើម្បីរួមចំណែកចែករំលែកកាត់បន្ថយការលំបាករបស់បងប្អូនជនភៀសសឹក»។
បើតាមខ្លឹមសារនៃសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលមានទាំងការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកផងនោះ បានស្លាប់ជនជនស៊ីវិលស្លាប់ចំនួន ៣២នាក់ និងរងរបួស ៩៣នាក់ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ ដូចជា ប្រាសាទបុរាណ វត្តអារាម សាលារៀន ស្ពាន អគាររដ្ឋាភិបាល កាស៊ីណូ និងផ្ទះសម្បែងជនស៊ីវិលជាដើម៕

