ក្នុងទិវាបរិស្ថានពិភពលោកលើកទី២៩ នាឆ្នាំ២០២៥នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័ន តំណាងសហគមន៍ និងយុវជនប្រមាណ ១៥០នាក់ បាននាំគ្នាជួបជុំអបអរសាទរ និងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «គោលនយោបាយល្អ ការអនុវត្ត ត្រឹមត្រូវ កម្ពុជាស្អាត»។
ក្នុងថ្ងៃប្រារព្ធទិវាដែលធ្វើឡើងកាលពីថ្ងៃទី០៥ ខែមិថុនានោះដែរ អ្នកចូលរួមដែលអង្គការសង្គមស៊ីវិលធ្វើការផ្នែកបរិស្ថាន តំណាងសហគមន៍ និងយុវជន បានលើកឡើងពីបញ្ហាប្រឈមនានា និងការរឹតត្បិតមួយចំនួននៅពេលដែលពួកគេចុះល្បាតព្រៃ និងចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ពីសំណាក់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាពេលកន្លងមកដែរ។ ការណ៍នេះ ពួកគេបានលើកឡើងជាសំណូមពរមួយចំនួន ជាពិសេសជំរុញឱ្យរដ្ឋាភិបាលបើកលំហរនូវសេរីភាពក្នុងការការពារបរិស្ថាន និងព្រៃឈើ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។
ក្នុងឯកសណ្ឋានពណ៌ខ្មៅ និងមានអក្សរនៅលើអាវយឺតដៃខ្លី ដែលសរសេរថា «ទិវាបរិស្ថានពិភពលោក២០២៥» អ្នកស្រី ឆេន លក្ខិណា ប្រជាសហគមន៍មកពីតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ បានលើកឡើងថា ក្នុងពេលចូលរួមការពារបរិស្ថាន និងចុះល្បាតព្រៃម្តងៗ អ្នកស្រី និងប្រជាសហគមន៍ផ្សេងទៀត បានជួបបញ្ហាប្រឈមមួយចំនួន ក្នុងនោះក៏មានការរឹតត្បិតពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ ដែលពេលខ្លះមានការហាមមិនឱ្យចុះល្បាត និងពេលខ្លះចុះល្បាតបាន តែមិនធានាពីសុវត្ថិភាពរបស់ពួកគាត់ជាដើម។
អ្នកស្រីនិយាយថា៖ «ចូល[ល្បាត]បាន ក៏ប៉ុន្ដែរាល់ការចូលរបស់យើង វាអត់មានសុវត្ថិភាពសម្រាប់យើង នៅពេលដែលយើងចូល គេថាគេអត់អនុញ្ញាតឱ្យយើងចូលទេ ប៉ុន្ដែបើសិនជាយើងចូលទៅវាបានដូចគ្នា ប៉ុន្ដែគេអត់ធានាលើសុវត្ថិភាពអាយុជីវិតយើងទេ ហ្នឹងជាបញ្ហាប្រឈមធំមែនទែន រាល់ការប្រមាថលើអាយុជីវិតរបស់យើង»។
យុវជនវ័យ២៨ឆ្នាំ ដែលធ្លាប់ត្រូវបានអាជ្ញាធរឃាត់ខ្លួនសួរនាំពេលមួយថ្ងៃដោយសារតែការចុះល្បាតព្រៃផងដែរនោះ បានបន្តថា ទោះបីជាពួកគាត់មានការលំបាកក្នុងការចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ប៉ុន្តែពួកគេនៅបន្តឆន្ទៈក្នុងការចូលរួមដោយស្ម័គ្រចិត្ត ព្រោះព្រៃឈើជាអាយុជីវិតរបស់សហគមន៍ និងពលរដ្ឋទូទៅ ដែលចាំបាច់ទាំងយុវជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សាការពារទាំងអស់គ្នា ជាពិសេសក្រសួងបរិស្ថាន គួរមានការបើកទូលាយនូវសិទ្ធិសេរីភាពក្នុងការចុះល្បាត និងការពារព្រៃឈើ ព្រមទាំងបរិស្ថាន ដល់សហគមន៍ និងយុវជន ដើម្បីឱ្យព្រៃឈើ និងធនធានធម្មជាតិ អាចនៅគង់វង្សបន្តយូរអង្វែង។
អ្នកស្រីនិយាយថា៖ «សម្រាប់ខ្ញុំនៅពេលដែលឃើញព្រៃឈើកាន់តែវិនាស សង្វែកទាំងខ្លួនដែលរស់នៅក្នុងផែនដីនេះ ដែលយើងជាមនុស្ស តែអត់អាចការពារបាន ហើយខ្ញុំសង្ឃឹមថា ពួកយើងទាំងអស់គ្នាមិនបណ្តោយឱ្យព្រៃឈើយើងវិនាសទេ សូមបន្តដោយស្នាមញញឹម[…] ក៏ព្រោះតែមានព្រៃឈើ ទើបយើងមានមកដល់ថ្ងៃនេះ ហើយមានអាយុជីវិតមកដល់ថ្ងៃនេះ អញ្ចឹងបើសិនយើងអត់មានព្រៃ គឺយើងអត់មានថ្ងៃនេះទេ»។
យុវតីម្នាក់ទៀត ដែលជាសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ ដែលចូលរួមក្នុងការប្រារព្ធទិវាបរិស្ថានពិភពលោកដែរនោះ បានលើកឡើងថា ការចូលរួមរបស់យុវជន សង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ ក្នុងកិច្ចគាំពារបរិស្ថាន គឺមានសារសំខាន់ណាស់ ដែលអាចជួយដល់រដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ នូវចំណុចខ្វះខាតក្នុងកិច្ចគាំពារ និងការពារសម្បត្តិធនធានធម្មជាតិ ពីសំណាក់ជនល្មើស និងហានិភ័យនានាពីកត្តាធម្មជាតិ។
ពាក់អាវពណ៌ខៀវថ្លែងក្នុងវេទិកា កញ្ញា ស្រីពៅ បាននិយាយថា៖ «យុវជនជាផ្នែកមួយក្នុងការចូលរួមក្នុងការលើកឡើងអំពីសង្គមដូចគ្នា ដូចយើងនិយាយថា បញ្ហាការពារធនធានធម្មជាតិ ឬក៏ធនធានមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់នោះទេ ប៉ុន្តែវាជាតួនាទីទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ក្នុងការការពារដូចគ្នា»។
ជាបទពិសោធន៍កន្លងមក កញ្ញា ធួន ស្រីពៅ បានលើកឡើងថា ពួកគេបានជួបនូវបញ្ហាប្រឈមជាច្រើនក្នុងសង្គម ដូចជា ការរឹតត្បិតសិទ្ធិសេរីភាពក្នុងការចូលរួមគាំពារបរិស្ថាន និងប្រឈមមុខនឹងផ្លូវច្បាប់ ក្នុងនោះសកម្មជនបរិស្ថានមួយចំនួន ត្រូវបានចោទប្រកាន់តាមប្រព័ន្ធតុលាការ និងមានសកម្មជនបរិស្ថាននៃមាតាធម្មជាតិចំនួន ៥នាក់ កំពុងជាប់ឃុំក្នុងពន្ធានាគារផងដែរ។
កញ្ញានិយាយថា៖ «ទាក់ទងជាមួយនឹងសង្គម គឺសង្គមភាគច្រើនមិនបើកសេរីភាពឱ្យយើងទេ មិនថាទាំងស្ត្រី មិនថាទាំងសកម្មជនផ្សេងៗទេ សង្គមរបស់យើងព្យាយាមរិតត្បិត គំរាមគំហែងមកកាន់ពួកយើង ហើយបង្ហាញថា ឱ្យតែហ៊ានតែធ្វើយើងនឹងប្រឈមនឹងមុខច្បាប់ ទោះបីជាយើងកំពុងតែធ្វើនេះ ច្បាស់ហើយតែយើងធ្វើស្របទៅតាមច្បាប់»។
ទោះជាយ៉ាងណា កញ្ញាថា ការការពារធនធានធម្មជាតិ គឺជាការងារស្ម័គ្រចិត្តដែលប្រជាពលរដ្ឋ អាចចូលរួមធ្វើបាន ដោយផ្ដើមចេញពីសកម្មភាពតិចតួច ដូចជា ការបញ្ចេញមតិនៅលើបណ្ដាញសង្គម ការដាំដើមឈើ និងការចូលរួមសម្អាតបរិស្ថានជាដើម ហើយការងារនេះអាចធ្វើទៅបាន លុះត្រាប្រជាពលរដ្ឋទម្លាក់ចោលនូវការភាពភ័យខ្លាច ឬការគិតដែលថា ការខ្វាយខ្វល់ពីបញ្ហាបរិស្ថាន គឺជារឿងខុសច្បាប់។
ប្រធានផ្នែកស្រាវជ្រាវនិងតស៊ូមតិនៃ សមាគមន៍បណ្តាញយុវជនកម្ពុជា លោក វណ្ណ ប៊ុនណា បានកត់សម្គាល់ថា នៅពេលដែលរដ្ឋាភិបាល ឬក្រសួងបរិស្ថាន ដឹកនាំយុទ្ធនាការនានា គឺមានការបើកលំហរសេរីភាពយ៉ាងទូលំទូលាយឱ្យមានការចូលរួម។ ប៉ុន្តែនៅពេលដែលប្រជាសហគមន៍ និងយុវជន ចុះល្បាតព្រៃឈើនៅតំបន់ការពារ និងរកឃើញបទល្មើស ឬក៏ធ្វើយុទ្ធនាការណាមួយ បែរជារងនូវការរឹតត្បិតទៅវិញ។
លោកថា៖ «ពិសេសជាមួយអាជ្ញាធរ ជាពិសេសនៅតំបន់ព្រៃឡង់ នៅក្នុងតំបន់ដែលមានការកាប់ឈើច្រើន ដូចជា ដីទាក់ទងទៅនឹងផ្តល់ជាដីសម្បទានទៅឱ្យក្រុមហ៊ុន យើងឃើញថា តំបន់ទាំងអស់ហ្នឹងមាន ការរឹតត្បិតមិនឱ្យមានការចូលរួមក្នុ្ងងការចូលទៅល្បាត ឬក៏តាមដានពីបញ្ហាទាំងអស់ហ្នឹង។ ប្រសិនជាការចូលរួមបែបបរិស្ថាន បែបសម្អាតផ្លូវសាធារណៈបែបអីហ្នឹង គឺឃើញថាមិនមានអ្វីជាបញ្ហាអីទេ។ ប្រសិនជាការចូលរួមឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ ជាពិសេសនៅតំបន់ព្រៃឡង់ព្រៃអីហ្នឹង មានការរិតត្បិតពីអាជ្ញាធរ»។
បើតាម លោក ប៊ុនណា រដ្ឋាភិបាល មានគោលនយោបាយល្អ ជាពិសេសយុទ្ធសាស្ត្រចក្រាបរិស្ថាន ដែលទើបដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ ក៏ប៉ុន្តែការអនុវត្តនៅតែមានការខ្វះខាត។
ទោះយ៉ាងណា ស្របពេលទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥នេះ លោក វណ្ណ ប៊ុនណា បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានទំនួលខុសត្រូវ និងអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ធានាឱ្យបាននូវប្រទេសកម្ពុជាស្អាត និងស្ថិរភាព ព្រមទាំងបើកលំហរសេរីភាពក្នុងការការពារបរិស្ថានឱ្យបានទូលំទូលាយ ដល់យុវជន សហគមន៍ និងសង្គមស៊ីវិល។
លោកថា៖ «មានតែការចូលរួមអំពីភាគីពាក់ព័ន្ធទាំងអស់ ទើបយើងអាចនឹងសម្រេចបាននូវគោលដៅ គោលនយោបាយល្អ ការអនុវត្តត្រឹមត្រូវ កម្ពុជាស្អាត»។
រីឯ លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិកម្ពុជា បានលើកឡើងពីក្តីបារម្ភជុំវិញការរារាំង ការបន្តចាប់ខ្លួន ការឃុំខ្លួន និងការប្តឹងផ្តល់ទៅអ្នកហ៊ានរាយការណ៍ និងអ្នកការពារបរិស្ថាននិងធនធានធម្មជាតិ ក្នុងនោះមានទាំង លោក អ៊ុក ម៉ៅ អ្នកកាសែតផ្នែកបរិស្ថាន យុវជនមាតាធម្មជាតិ យុវជនចុះល្បាតនៅតំបន់ព្រៃឡង់ និងព្រៃព្រះរការ ជាដើម។
លោកបន្តថា៖ «កត្តាទាំងអស់នេះ បានបង្ករាំងស្ទះក្នុងការផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើ ដែលវាជាការប្រឈមចំពោះដំណើរការអភិវឌ្ឍ និងការការពារបរិស្ថាន និងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាល។ យើងខ្ញុំយល់ឃើញថា ការចូលរួមចំណែករបស់យុវជន អ្នកសារព័ត៌មាន និងសហគមន៍ ដើម្បីការការពារបរិស្ថាន និងធនធានធម្មជាតិ ជាការបង្ហាញប្រភពព័ត៌មាន ដែលជាប្រយោជន៍ដល់អាជ្ញាធររដ្ឋ បន្តការស៊ើបសួរ និងស្វែងរកជនល្មើសដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ»។
លោក សេង សុវឌ្ឍនា ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ គួរដោះស្រាយ និងបើកលំហរសេរីភាពដល់អ្នកការពារបរិស្ថាន និងធនធានធម្មជាតិ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៣៦៨ ដែលចែងថា សហគមន៍មូលដ្ឋាន សាធារណជន និងសង្គមស៊ីវិល ត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមផ្តល់ និងទទួលយកព័ត៌មានទាក់ទងនឹងការគ្រប់គ្រង ការពារ ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ។
Press Start Cambodia មិនអាចសុំការអធិប្បាយជុំវិញករណីនេះ ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានទេគិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ។
តែយ៉ាងណា លោក ខ្វៃ អាទិត្យា ធ្លាប់បានលើកឡើងថា ក្រសួងបរិស្ថានក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវគោលនយោបាយមួយចំនួន ក្នុងការការពារធនធានធម្មជាតិ និងថែរក្សាបរិស្ថាន ក្នុងនោះ ក៏មានការលើកទឹកចិត្ត និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិ និងបរិស្ថានផងដែរ។
លោកថា៖ «សូមលើកទឹកចិត្ត ការចូលរួមពីសហគមន៍ឱ្យបានច្រើនថែមទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ហើយក្រសួងបរិស្ថាននឹងបន្តធ្វើការជួយជ្រោមជ្រែងដល់សហគមន៍ លុះត្រាតែសហគមន៍តំបន់ការពារធម្មជាតិមានមុខរបរ ភាពជាម្ចាស់»។
កាលពីថ្ងៃទី៥ ខែមិថុនានោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយផុផ្តោតលើប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅបរិវេណពហុកីឡាដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ។
ក្នុងព្រះរាជពិធីនោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលក្រើនរំឭកដល់ប្រជានុរាស្ត្រ បន្តចូលរួមថែរក្សា និងបន្តការពារធនធានធម្មជាតិ និងបរិស្ថាន និងត្រូវចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ»។
ព្រះមហាក្សត្រមានរាជបន្ទូលបន្ថែមថាការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិតជាតិ តំបន់ និងអន្តរជាតិ៕