សង្គម​ស៊ីវិល​​​និង​យុវជន​មួយ​​ចំនួន ​បន្តទាមទារ​​​​យុត្តិធម៌សម្រាប់​​លោក​បណ្ឌិត កែម ឡី

សង្គម​ស៊ីវិល​ សហជីព ​យុវជន ​និងពលរដ្ឋប្រមាណ​ជាង ១០០នាក់ បន្ត​ទាមទារឱ្យ​មានការ​ស៊ើប​អង្កេត​ដ៏ត្រឹម​ត្រូវមួយ ដើម្បីស្វែង​រក​អ្នកទទួលខុស​ត្រូវពិត​ប្រាកដ​​ ​ក្នុងករណីឃាត​កម្ម​ទៅលើ​លោកបណ្ឌិត កែម ឡី អ្នក​វិភាគ​នយោ​បាយ​ ខណៈពួកគេថា រយៈពេល​៩ឆ្នាំ​មក​នេះ ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់លោក​បណ្ឌិត​ កែម ឡី នៅមិនទាន់មាននៅឡើយ។​

កា​រលើកឡើង​របស់​សង្គម​ស៊ីវិល សហជីព យុវជន និ​ងពលរដ្ឋ​ទាំងនោះ បានធ្វើឡើងនៅថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០២៥នេះ ​ដែលជា​​ថ្ងៃ​​រំលឹក​​​ខួប​​​៩​ឆ្នាំ​ ​នៃ​មរណភាព​របស់​​​​លោក​​បណ្ឌិត​ ​កែម​ ឡី នៅទីតាំង​ដែល​លោក​​ត្រូវបាន​ខ្មាំន់​​កាំភ្លើង​​បាញ់សម្លាប់ នៅ​​ចំណុច​​​​ស្តារម៉ាត​នៃ​​ការ៉ាស់​​សាំង​​កាល់​​តិច ស្តុប​​បូកគោ ក្នុង​រាជធានីភ្នំពេញ។

នៅពេល​ប្រមូល​ផ្តុំគ្នាគោរពវិញ្ញាណក្ខន្ធ​​នោះ ពួកគេ​​បាន​ស្រែក​ថា​ «​យុត្តិធម៌​សម្រាប់​​លោក​បណ្ឌិត កែម​ ឡី យុត្តិ​ធម៌​សម្រាប់​​សង្គម» និង​​​​ក្នុង​ដៃ​​មាន​​កាន់​ជាពាក្យ​ស្លោក​អម​ជាមួយ​​រូប​ភាព​​របស់​លោក កែម ឡី ​ដែល​​សរ​សេរ​​ថា​ ​«តើ​​ឱ្យ​ខ្ញុំ​​រត់​​​ទៅ​​ណា​? បើ​​ទី​​នេះ​​​ជា​​មាតុ​ភូមិ​ខ្ញុំ»

លោក អំ សំអាត នាយកទទួល​បន្ទុកកិច្ចការ​ទូទៅ​​នៃ​​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ក្នុ​ងពិធីនោះ​ថា ​​ការបាត់បង់​លោក​​បណ្ឌិត កែម ឡី ជាការបាត់ធនធាន​ដ៏​កម្រ​ និងមានសក្កានុពល​មួយ​រូប​​ ​ព្រោះ​​លោ​​ក​​ជា​និមិត្ត​​រូប​​​ម្នាក់ដែល​ហ៊ាន​​និយាយ​​ការ​ពិត​​​នៅ​​កម្ពុជា​ និង​​បាន​បណ្តុះគំ​និត​ឱ្យ​​ប្រជាព​លរដ្ឋ​ ឱ្យ​មានការ​​យល់​​​ដឹង​​​អំពី​​​សេរីភាព​​ក្នុង​​ការ​បញ្ចេញ​មតិ លទ្ធិ​ប្រជាធិប​តេយ្យ និង​អភិបាលកិច្ចល្អជា​ដើម។

លោក​ថា​៖ «គាត់​ធ្វើ​ឲ្យប្រជាពលរដ្ឋយល់ហើយស្តាប់បាន អំពីអ្វីដែលជាសិទ្ធរបស់គាត់ សេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួមរបស់​ប្រជាពលរដ្ឋក្នុងសង្គម​ជាតិយើង។ ទាំងអស់នេះហើយ​ដែលជាស្នាដៃដែល​ក្នុងនាមយើងជាអង្គការសង្គមស៊ីវិលនេះ បានចាត់ទុកទង្វើទាំងអស់របស់លោក កែម ឡី ជាវីរភាពមួយ​ដែលកម្រ​ និងគ្មាន​មនុស្ស​ណា​ម្នាក់​ធ្វើ​បាន​ដូច​គាត់»។

មន្ត្រីអង្គការ​សង្គមស៊ីវិល​រូបនេះ ក៏បាន​លើកឡើង​ដែរ​ថា​ បើទោះជាសំណុំរឿងឃាត​កម្ម​ទៅលើ​លោក​​បណ្ឌិត កែម ឡី នេះ មានការ​ចាប់ខ្លួន និង​ដាក់ទោស​ទណ្ឌទៅលើ​បុគ្គល​ ឈ្មោះ ​អឿត អាង ហៅ ជួប​ សម្លាប់ កីដោយ ប៉ុន្តែសំណុំរឿងនេះ តុលាការបាន​បំបែក​ជា​ពីរសំណុំរឿង​វិញ ហើយ​ក៏​​មិនទា​ន់​មាន​លទ្ធផល​ ឬ​ដំណើរ​ការ​អ្វី​នៅឡើយ​ដែរ ដែលជាកា​របង្ហាញ​ថា យុត្តិធម៌ពិតប្រាកដ​ជូន​លោក​បណ្ឌិត កែម ឡី នៅមិនទាន់​មាននៅឡើយ​ទេ គិត​មកដល់ពេល​នេះដែលមានរយៈពេល៩ឆ្នាំ​មកហើយ​។​

លោកថា៖ «អ៊ីចឹង​យុត្តិធម៌សម្រាប់លោក កែម ឡី នៅ​តែមិ​នទា​ន់ទ​ទួល​បាន​នៅ​ឡើយ ចំពោះ​យើង​ជាសង្គម​ស៊ីវិល​ នៅ​តែ​ទាម​ទារឱ្យ​​មាន​ការ​ស៊ើប​អង្គេត​ដោយ​ម៉ត់​ចត់ ហើយ​ធានា​ថា​ជន​ដែល​ពាក់​ព័ន្ធ​នឹង​ត្រូវយក​មក​អនុវត្តន៍​តាម​ផ្លូវ​ច្បាប់ ដើម្បីជៀសវាងនូវករណីការបាត់បង់ជីវិតសកម្មជនជាច្រើនទៀត»។

លោក​​បណ្ឌិត​ ​កែម​ ឡី ​ដែល​ជា​អ្នកវិភាគ​នយោបាយ​ ​និង​ជា​អ្នកការពារ​សិទិ្ធ​មនុស្ស​​​ដ៏​មាន​ប្រជាប្រិយភាព​​ មួយ​​រូប​ ​ត្រូវ​​បាន​​ខ្មាន់កាំភ្លើង​​បាញ់​​សម្លាប់ ​​កាល​ពី​​ថ្ងៃ​​ទី​​១​០​ ​ខែ​​កក្កដា​ ​ឆ្នាំ​២​០​១​៦​ ​នៅ​ស្តារម៉ាត​​នៃ​ការ៉ាស់សាំង​កាល់តិច បូកគោ ​ខណៈ​ដែល​លោក​កំពុងទទួលទាន​កាហ្វេ​​ពេល​ព្រឹក​​។​ ​ភ្លាម​​ៗ​​​នោះ​ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​​បុរស​​ម្នាក់​ ​ដែល​​បាន​​សារភាព​​ថា​​បាន​​សម្លាប់​​លោក​​បណ្ឌិត​ ​កែម​ ឡី ​និង​អះអាង​ថា​ដោយសារតែ​លោក​​បណ្ឌិត​ ​មិនបាន​សង​ប្រាក់​ដែល​បាន​ខ្ចី​គាត់​ចំនួន ៣០០០ដុល្លារ​​។​ ​ការ​លើកឡើង​របស់​បុរស​រូប​​នេះ​ ​ត្រូវ​​បាន​បដិសេធ​​ដោយ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​​​បណ្ឌិត​ ​កែម​ ឡី ​និង​គ្រួសារ​ជន​សង្ស័យ​។ នេះ​បើតាម​ការ​ផ្សព្វផ្សាយ​អត្ថបទខ្លីមួយ​​របស់​អង្គការ​លីកាដូ នៅថ្ងៃ​ព្រហស្បតិ៍នេះ។

លីកាដូ បាន​បន្តទៀតថា សវនាការ​​កន្លះ​​ថ្ងៃ​​ដែល​​បាន​​​ធ្វើឡើ​ង​​កាលពី​ខែ​​​មីនា​ ​​ឆ្នាំ​​២​០​១​៧​ ​មិនបា​ន​​គោរព​តាម​ស្តង់​ដារ​សិទិ្ធ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នោះ​ទេ​ ​ហើយ​ត្រូវ​បាន​សាធារណមតិ​រិះគន់​ជា​ខ្លាំង​​ចំពោះ​សវនាការ​ដែល​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ ​ហើយ​គ្មាន​យុត្តិធម៌​។​

ប្រភពដដែលបន្តថា ​​ជនល្មើស​ត្រូវ​បាន​ចោទប្រកាន់​ ​និង​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​អស់មួយជីវិត​ ​ប៉ុន្តែ​ការ​ជំនុំ​​ជម្រះ​ ​ក៏​ពុំ​មាន​បង្ហាញមុខ​សញ្ញា​ជនល្មើស​ផ្សេងទៀត ​ដែល​​ជាប់​​ទាក់​ទង​​នឹង​​ឃាតកម្ម​ ​ហើយ​​នៅ​តែ​មាន​​មន្ទិល​សង្ស័យ​​ជាច្រើន​ ​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​។​

​ក្រុម​សង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរជាតិ​ បាន​លើកឡើង​​​ពី​លក្ខណៈ​មិន​គ្រប់គ្រាន់​នៃ​សវនាការ​ជំនុំ​ជម្រះ​ ​និង​ ​ការ​ស៊ើបអង្កេត​ ​ជាពិសេស​ការ​បរាជ័យ​ក្នុង​ការពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ លើ​អង្គ​ហេតុ​មួយ​ចំនួន ​ជុំវិញ​ករណី​ឃាតកម្ម​​នេះ​​ ដូច្នេះ​​ក្រុម​​សង្គម​​ស៊ីវិល​​​ជាង​ ​១​៦​០​​​ស្ថាប័ន​ ​បាន​ចូលរួម​គាំទ្រ​លើ​​លិខិត​​ដាក់​ទៅ​អតីត​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ដោយ​អំពាវនាវ​ឱ្យ​បង្កើត​​គណៈ​កម្ម​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ ​សម្រាប់​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើលោក​បណ្ឌិត កែម ឡី។​

ជាមួយគ្នានេះដែរ ​លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស​អាដហុក បានថ្លែងក្នុង​ពិធីរំលឹកខួប​៩ឆ្នាំ​នៃមរណភាពរបស់លោក កែម ឡី ​​ដែរ​ថា ការស្វែង​រក​យុត្តិធម៌​សម្រាប់ករណីឃាតកម្ម​​ទៅលើ​​លោក កែម ឡី ហាក់​​នៅ​តែ​មាន​ភាព​ចន្លោះ​​ប្រហោង និង​មន្ទិល​សង្ស័យ​មួយចំនួន​​ ​ដែលសង្គមស៊ីវិល​ នៅ​​បន្ត​​ទទូច​​ឱ្យ​​អ្នក​​ពាក់​ព័ន្ធ​​ ​និង​ស្ថាប័ន​ផ្សេងៗ ធ្វើការ​​​ស៊ើបអង្កេត​ដ៏ត្រឹម​ត្រូវមួយ​​​ ដើម្បី​រក​យុត្តិធម៌ពិត​ប្រាកដ​​ជូន​លោក​បណ្ឌិត ​​និង​ក្រុម​គ្រួសារ​របស់​គាត់​។

លោកថា៖ «រហូតមកដល់ពេលនេះ យើងឃើញថា សមត្ថកិច្ច​ធ្វើការ​ចាប់​ខ្លួន​ទៅ​លើ​តែបុ​គ្គលម្នាក់​​គត់ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ថា លោក ជួប សម្លាប់ ដែលគេបានសន្និដ្ឋាន​ថា​ជាឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ មហាជន​នៅ​មាន​ការ​សង្ស័យ​នៅ​មាន​ការ​ស្រពិចស្រពិល នៅក្នុ​ង​ករណី​នៃ​ការ​ចាប់​ខ្លួន​ទៅ​លើ​លោក​ ជួប សម្លាប់ នេះ ដូច្នេះហើយពួ​ក​យើង​នៅ​តែ​ធ្វើការអំពាវ​នាវ​ហើយ​អំពាវ​នាវ​ទៀត សូម​ឱ្យ​រដ្ឋាភិបាល​ក៏ដូច​ជា​ស្ថាប័ន​តុលាការ​ហ្នឹង មេត្តា​បន្ត​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​លាស់​ ឱ្យ​មាន​លក្ខណៈ​តម្លា​ភាព​ ធ្វើ​យ៉ាង​ណា​ឱ្យ​មហា​ជន​ គេអា​ច​ទទួល​យក​បាន ជឿជា​ក់​ថា​ដំណើរការនៃការស្រាវជ្រាវនៃការស៊ើបអង្កេតហ្នឹង គឺជារឿងមួយដែលអាចនឹងផ្តល់យុត្តិធម៌ពិតប្រាកដ​ដល់លោកបណ្ឌិត កែម ឡី»

លោក ធូ វ៉ាឃីម ជា​យុវជន​ដែលសកម្ម​ក្នុងការ​ចូលរួមការ​ពារ​បរិស្ថាន ​និង​បានចូលរួមគោរពវិញ្ញាណក្ខន្ធ​​​លោក​បណ្ឌិត កែម ឡី នៅ​ការ៉ាស់សាំងកាល់តិចបូកគោ​ដែរនោះ បាន​រំលឹកពីវីរៈភាពរបស់​លោក​បណ្ឌិត កែម ឡី ​ដែលកាល​លោក​នៅមានជីវិត គឺ​បានចូលរួម​​យ៉ាងសកម្ម​ជួយដល់សង្គម​ជាតិ​ ព្រមទាំងបានផ្តល់នូវ​ដំបូន្មានល្អៗដល់​យុវជនជំនាន់ក្រោយ។​ 

លោក​ថា​៖ «ខ្ញុំតែងតែស្តាប់ការវិភាគរបស់លោបណ្ឌិត កែម ឡី គាត់​និយាយ​ពី​សង្គម​តែង​តែ​ត្រូវ ៩៩​ភាគរយ​ចឹង​ហើយ​បាន​ជា​ខ្ញុំ​ចាត់​ទុក​គាត់​ជា​និមិត្ត​រូប​របស់​ខ្ញុំ។ មែន​ទែន​ទៅ នៅ​ពេល​ដែល​បាត់​បង់​ធន​ធានដែល​​កម្រ​​ដូច​គាត់​ ធ្វើ​ឱ្យ​​សង្គម​លែង​មាន​ការ​ពិត ធ្វើ​ឲ្យ​សង្គម​ប្រែ​ជា​អនាធិប​តេយ្យ»។

ប្រធានអង្គភាព​​អ្នកនាំពាក្យរាជ​រដ្ឋាភិបាល លោក​ បែន បូណា បានបដិសេធឆ្លើយតប ដោយបង្វែរសំណួរឱ្យសួរទៅកាន់​​​អ្នក​នាំពា​ក្យ​ក្រសួង​យុត្តិធម៌​ជំនួស​វិញ។

លោកថា៖ «រឿងយុត្តិធម៌​ហ្នឹងសួរ​ទៅ​​ក្រសួង​យុត្តិធម៌ និង​តុលាការ រដ្ឋាភិបាល​យើង​ហួស​ពី​ដៃ​​យើង​ហើយមាន​តែ​តុលាការ​ទេ ដែល​មាន​ឆន្ទានុ​សិទ្ធិ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​កាត់​ក្តី​អី​យ៉ាង​ណា»

ចំណែក ​អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ចន្ទ័មករា មាន​ប្រសាសន៍យ៉ាងខ្លីថា សំណុំរឿង​ឃាតកម្ម​លើ​លោក​ កែម ឡី នេះ ខាង​តុលាការ​បាន​ផ្តល់យុត្តិធម៌ទៅតាមផ្លូវច្បាប់រួចហើយ។

លោក​ថា៖ «ករណីនេះ គឺខាងតុលាការបានផ្តល់យុត្តិធម៌ត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនដៃដល់ ត្រូវបានសមត្ថកិច្ច​រកឃើញ និងបានផ្តន្ទាទោសតាមផ្លូវច្បាប់រួចហើយ»។

ទោះជាយ៉ាងណា នៅ​ក្នុង​ឱកាស​នៃ​​ការ​​រំលឹក​​ខួប​ ​៩​ឆ្នាំ​ ​នៃ​​ឃាតកម្ម​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​នេះ​ ​ក្រុម​សង្គម​ស៊ីវិល​ ​ក៏បាន​​​បន្ត​​ទាម​ទារ​​ឱ្យ​​មាន​​ការ​ស៊ើប​អង្កេត​​ដ៏​​ត្រឹម​ត្រូវ​​មួយ​ ​ដើម្បី​រក​​ឱ្យ​​ឃើញ​នូ​វ​​អ្នក​ទទួល​​​​ខុសត្រូវ​​ ​និ​ង​​​នាំ​មក​​នូវ​​យុត្តិ​ធម៌​ ​ជូនទាំង​​​​លោក​​​បណ្ឌិត​ ​កែម​ ឡី ​​លោក​ ​ឈុត​ ​វុទ្ធី​ ​លោក​ ​ជា​ ​វិជ្ជា​ ​និង​សកម្មជន​ផ្សេងទៀត​ ​ដែល​រងគ្រោះ​ ​៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍