អង្គការ CIVICUS ជាសម្ព័ន្ធសង្គមស៊ីវិលពិភពលោក បានចាប់ផ្តើមយុទ្ធនាការ “ Stand As My Witness” ដោយអំពាវនាវឱ្យមានការដោះលែងសកម្មជនចលនាមាតាធម្មជាតិ ៥រូប ដែលកំពុងជាប់ពន្ធនាគារ។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែកុម្ភៈនេះ អង្គការ CIVICUS បានបញ្ជាក់ថា សកម្មជនទាំង៥រូបនេះ មានកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ ដារ៉ាវុទ្ធ លោក ថុន រដ្ឋា និង លោក យឹម លាងហ៊ី បានជាប់ពន្ធនាគារអស់រយៈពេលជាង៦០០ថ្ងៃហើយ។ ពួកគេស្ថិតក្នុងចំណោមសមាជិក១០នាក់របស់អង្គការមាតាធម្មជាតិ ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំដល់ ៨ឆ្នាំ ពីបទ “រួមគំនិតក្បត់” និង “ប្រមាថអង្គព្រះមហាក្សត្រ”។
លោក រ៉ាចាវេលូ ការូណានីធី មន្រ្តីតស៊ូមតិ និងយុទ្ធនាការសម្រាប់តំបន់អាស៊ី នៃអង្គការ CIVICUS លើកឡើងថា៖ “ការផ្តន្ទាទោសនិងឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិក្នុងពន្ធនាគារ គឺមានគោលបំណងយ៉ាងច្បាស់ក្នុងការបំបិទសំឡេង និងរារាំងសកម្មភាពរបស់ពួកគេ។ យុទ្ធនាការ Stand As My Witness អំពាវនាវឱ្យអាជ្ញាធរកម្ពុជាបដិសេធចោលការផ្តន្ទាទោសដ៏អយុត្តិធម៌នេះ ហើយ ត្រូវដោះលែងពួកគេភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ”។
CIVICUS បានលើកឡើងទៀតថា ចលនាមាតាធម្មជាតិបានចូលរួមការតស៊ូមតិ ដើម្បីបរិស្ថានយូរនៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់និងការធ្វើយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់ខុសច្បាប់។
លោក រ៉ាចាវេលូ ការូណានីធី មានប្រសាសន៍ថា ៖ “កម្ពុជាត្រូវតែបញ្ឈប់ការវាយប្រហារលើសកម្មជន។ រដ្ឋាភិបាលត្រូវតែគោរពកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិនិងការពារសិទ្ធិសេរីភាពជាមូលដ្ឋាន”។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក យល់ឃើញថា ការទាមទារឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ៥រូបនេះ មិនមែនជារឿងថ្មីទេ ហើយកន្លងមក ខាងសង្គមស៊ីវិលក៏ធ្លាប់អំពាវនាវដូចគ្នាដែរ ដោយយល់ឃើញថា ពួកគេមិនគួរទទួលរងការចោទប្រកាន់ ដោយសារការចូលរួមសកម្មភាពសង្គមក្នុងន័យអ្នកស្រឡាញ់ធនធានធម្មជាតិបរិស្ថាននោះទេ។
លោកបន្តថា ៖ “ករណីដែលខាង CIVICUS គាត់បានបន្តអំពាវនាវនេះ ក្នុងនាមយើងសង្គមស៊ីវិល យើងពិតណាស់មានការគាំទ្រនូវស្មារតីទាំងអស់ហ្នឹង ហើយក៏ជំរុញបន្តបន្ថែមទៀតផងដែរ” ។
លោកបន្តទៀតថា ការឃុំខ្លួនសកម្មជនទាំងនេះ ពុំបានផ្តល់ផលចំណេញអ្វីបន្តិចសោះឡើយសម្រាប់រដ្ឋាភិបាល ប៉ុន្តែផ្ទុយទៅវិញ វាធ្វើឱ្យរដ្ឋាភិបាលខាតបង់ធនធានយុវជនសកម្មនិងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកមានប្រសាសន៍ថា ៖ “ដូច្នេះយើងឃើញថា នៅពេលដែលយើងចាប់ខ្លួនគាត់ យើងមានការខាតបង់ធនធានយុវជន ដែលគាត់មានសេចក្តីក្លាហាន។ គាត់ហ៊ានលះបង់ក្នុងការចំណាយទាំងពេលវេលា កម្លាំងចិត្តកម្លាំងកាយ ដើម្បីចូលរួមចំណែកនៅក្នុងប្រទេសជាតិ” ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ខ្លួនកាលពីថ្មីៗនេះ ដោយចោទប្រកាន់ប្រទេសកម្ពុជាថា បន្តគាបសង្កត់លើសិទ្ធិមនុស្ស សិទ្ធិនយោបាយ ការរឹតត្បិតលើសកម្មភាពសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ ការគាបសង្កត់លើសកម្មជនបរិស្ថាននិងសកម្មជននយោបាយផងដែរ។
ឆ្លើយតបការអំពាវនាវរបស់អង្គការ CIVICUS លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងប្រាប់ Press start Cambodia កាលពីរសៀលថ្ងៃសុក្រថា ការសម្រេចផ្តន្ទាទោសសកម្មជនទាំងនោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាអំណាចឯករាជ្យ។
លោកមានប្រសាសន៍ថា ៖“រឿងតុលាការមិនពាក់ព័ន្ធរាជរដ្ឋាភិបាលទេ ជាអំណាចពីរដាច់ពីគ្នា។ អំណាចតុលាការជាឆន្ទានុសិទ្ធិ ដែលមិនអាចមានអ្នកណាទៅទាមទារឱ្យដោះលែងអ្នកនេះ អ្នកនោះបានទេ។ បើចង់ការពារត្រូវរកមេធាវីមកតតាំងក្តី។ នេះជារបៀបធ្វើការក្នុងនីតិរដ្ឋ”។
មាន លីសា ជាសកម្មជនចលនាមាតាធម្មជាតិ អះអាងថា ការងារការពារបរិស្ថាន គឺកើតចេញពីឆន្ទៈដ៏បរិសុទ្ធនិងជាការប្រើសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងនាមជាយុវជនម្នាក់ ហើយថា នឹងមិនបញ្ឈប់សកម្មភាពចូលរួមការពារធនធានធម្មជាតិនោះទេ បើទោះបីជាសមាជិកប្រាំរូបរបស់ចលនាមាតាធម្មជាតិកំពុងជាប់ពន្ធនាគារក្តី។
លីសា អះអាងថា៖ “ការការពារបរិស្ថាន គឹជាការការពារជីវិតរបស់យើង ។ ចឹង បើសិនជាគេបំផ្លាញបរិស្ថាន តើយើងនិងមាននៅសេសសល់ជីវិតសម្រាប់ខ្លួនឯង សម្រាប់មនុស្សជំនាន់ក្រោយដែរអត់ គឺអត់សល់ទេ”។
កាលពីដើមខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជនបរិស្ថាននៃក្រុមចលនាមាតាធម្មជាតិចំនួន ១០នាក់ ឱ្យជាប់ពន្ធធនាគារចន្លោះពី ៦ដល់៨ឆ្នាំ ក្រោមបទចោទ “រួមគំនិតក្បត់” និង “ប្រមាថអង្គព្រះមហាក្សត្រ”។ ប៉ុន្តែមានតែសកម្មជន ៥រូបប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួនភ្លាមៗ នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារផ្សេងៗគ្នា។
ក្នុងនោះលោក ថុន រដ្ឋា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុងក្នុងខេត្តត្បូងឃ្មុំ កញ្ញា ភួន កែវរស្មី ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុទ្ធ បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្ដាល។ ចំណែកសកម្មជន ២នាក់ផ្សេងទៀត គឺ កញ្ញា ឡុង គន្ធា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ និងលោក យីម លាងហ៊ី ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ៕

