ប្រជាពលរដ្ឋប្រមាណ៦០០នាក់ ដែលរងគ្រោះដោយក្រុមហ៊ុនប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា បានប្រមូលផ្ដុំគ្នានៅមុខក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ ដើម្បីដាក់ញត្តិទាមទារឱ្យមានដំណោះស្រាយ ក្នុងសំណុំរឿងឆបោកប្រាក់រាប់លានដុល្លារ ដែលបានអូសបន្លាយអស់រយៈពេល២ឆ្នាំមកនេះ។
បើតាមញត្តិដែលបានដាក់ជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ប្រជាពលរដ្ឋបានស្នើឱ្យលោក អន្តរាគមន៍ទៅតុលាការពន្លឿនរឿងក្ដីឱ្យបានឆាប់រហ័ស។
ក្នុងញត្តិរបស់ពលរដ្ឋនោះ បានអះអាងថា ពលរដ្ឋរងគ្រោះនាពេលនេះ កំពុងស្ថិតក្នុងស្ថានភាពលំបាកលំបិន ដោយសារធនាគារបានរឹបអូសផ្ទះសម្បែង ដីស្រែចំការ និងមានប្ដីប្រពន្ធមួយចំនួនបានបែកបាក់គ្នា កូនៗក៏បោះបង់ការសិក្សា ខណៈជនរងគ្រោះក៏មានអ្នកស្លាប់ជាបន្តបន្ទាប់។
អ្នកស្រី ឆូ ស្រីដែន អះអាងជាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនប្រ៊ីលាន ស៊ីធី មកពីខេត្តកំពង់ធំ និងបានចូលរួមប្រមូលផ្តុំនៅមុខក្រសួងយុត្តិធម៌ បានស្នើឱ្យក្រសួងជួយពន្លឿនក្នុងការផ្ដល់សំណងជាទឹកប្រាក់ដល់អ្នកស្រី ដោយសារបច្ចុប្បន្នជីវភាពរបស់គ្រួសារអ្នកស្រីមានការខ្វះខាតជាខ្លាំង។
អ្នកស្រី ស្រីដែន បានសម្រេចលក់រថយន្តចំនួនពីរគ្រឿង ដើម្បីបង់ធនាគារដែលបានខ្ចីចំនួន ៣ម៉ឺនដុល្លារ កាលពីឆ្នាំ២០២២ មកដាក់វិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ក្រោមកិច្ចសន្យាទទួលបានការប្រាក់៤ភាគរយ ក្នុងមួយខែ។
អ្នកស្រីនិយាយថា៖ «ខ្ញុំដើរធ្វើការឱ្យគេ ធនាគារបង់មួយខែជិត៦០០[ដុល្លារ] លក់ឡានហើយបង់ជាង៤០០[ដុល្លារ] អីឡូវបង់ជិត៣០០ដុល្លារ។ វេទនាណាស់អីឡូវ ឈឺក៏ឈឺ សុខភាពយើងអត់ល្អ ឈឺរហូត។ លក់ឡានមួយទៀត បាន៥ពាន់ដុល្លារ មើលខ្លួនអស់២ពាន់ (ទុក៣ពាន់ដុល្លារបង់ធនាគារ)»។
ពលរដ្ឋរងគ្រោះមួយរូប រស់នៅខេត្តកំពង់ធំ ដែលបានចាញ់បោកក្រុមហ៊ុនប្រ៊ីលាន ស៊ីធីដែរនោះ អ្នកស្រី ហម សុខហេង បានឱ្យដឹងដែរថា គ្រួសារអ្នកស្រីបានខ្ចីលុយធនាគារចំនួន ៥០០០ដុល្លារ ដើម្បីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ដោយក្រុមហ៊ុនបានផ្ដល់ការប្រាក់ចំនួន២០០ដុល្លារក្នុងមួយខែ។ អ្នកស្រីបន្តថា រូបគាត់ទទួលបានការប្រាក់ពីក្រុមហ៊ុននេះ បានតែរយៈពេល៧ខែប៉ុណ្ណោះ ក្រោយមកអ្នកស្រីត្រូវរ៉ាប់រងការបង់ធនាគារបន្តទាំងស្រុង។
ស្រ្តីរូបនេះ បានអះអាងថា ប្ដីរបស់អ្នកស្រីបានស្លាប់ ដោយសារពិបាកចិត្តខ្លាំងពេក លាយឡំនឹងជំងឺប្រចាំកាយ ខណៈកូនៗរបស់អ្នកស្រី ក៏បោះបង់ការសិក្សាដើម្បីរកប្រាក់ដោះស្រាយជីវភាព។
អ្នកស្រី និយាយថា៖ «ប៉ះពាល់វេទនា គ្រាន់គេបោកបាន៥ខែ ប្ដីឈឺឡើងឈាមស្លាប់បាត់។ ក្លាយជាស្រ្តីមេម៉ាយ កូនក៏អត់បានរៀនសូត្រណាណីដែរ។ ឈប់រៀនហើយ ស៊ីឈ្នួលធ្វើការសំណង់គេមួយថ្ងៃ៣ម៉ឺន[រៀល]។ កូនអាយុ១៩ និង២២ឆ្នាំ។ យើងក្ស័យធន់ហើយ»។
អគ្គនាយិកាក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ត្រូវបានចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៤ ក្រោមការចោទពីបទ «ឆបោក រំលោភលើទំនុកចិត្ដ និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់» តាមដីកាបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីពលរដ្ឋជាង ៨០០នាក់ បានដាក់ពាក្យបណ្ដឹងកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការឆបោកលុយពួកគេជាង ៣០០លានដុល្លារ។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា មិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃអង្គារនេះ ខណៈរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បង្វែរសំណួរទៅកាន់លោក សេង ឌីណា វិញ។
តែយ៉ាងណា បើតាមតំណាងពលរដ្ឋរងគ្រោះ លោក ចាប ប៊ុនហ៊ាង ក្រសួងយុត្តិធម៌បានទទួលយកញត្តិរបស់ពលរដ្ឋហើយ ខណៈនៅថ្ងៃស្អែក លោកនឹងចូលបំភ្លឺនៅសាលាដំបូងខេត្តសៀមរាប។
លោកបន្តថា នេះជាការដាក់ញត្តិលើកទី២ហើយ ខណៈការដាក់ញតិ្តលើកទី១អំឡុងខែមិថុនា ឆ្នាំ២០២៥ មិនមានដំណោះស្រាយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុសុ្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការអូសបន្លាយសំណុំរឿងឆបោកប្រាក់នេះ បានបណ្ដាលឱ្យពលរដ្ឋរងគ្រោះជាច្រើននាក់ រស់នៅមានជីវភាពខ្វះខាត ខណៈលោកក៏ជំរុញឱ្យតុលាការដោះស្រាយសំណុំរឿងនេះឱ្យបានឆាប់រហ័សផងដែរ។
លោកនិយាយថា៖ «រឿងនេះអ្វីដែលសំខាន់ធ្វើម៉េចឱ្យតុលាការពន្លឿន នីតិវិធីដើម្បីធ្វើការដោះស្រាយសម្រាប់ពួកគាត់»៕

