ពលករចំណាកស្រុកប្រមាណ៨៥០គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងកម្ពុជា-ថៃបានទទួលជំនួយសង្គ្រោះបឋមនិងការចែករំលែកស្តីពីសុវត្ថិភាពចំណាកស្រុកពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ដែលបានអះអាងថា ជំនួយនេះសំដៅជួយសម្រាលការលំបាកខ្លះ ស្របពេលព្រមានពីហានីភ័យនៃការវិលត្រឡប់ជាថ្មីទៅស្វែងរកការងារនៅប្រទេសជិតខាង។
គិតចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ ខែសីហា អង្គការសង់ត្រាល់បានចែកអង្ករទម្ងន់៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគនិងថវិកាចំនួន១០ម៉ឺនរៀលក្នុងមួយគ្រួសារសម្រាប់ប្រជាពលរដ្ឋប្រមាណជា៨៥០គ្រួសារមកពីខេត្តចំនួន៦ រួមមានសៀមរាប កំពង់ធំ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារនិងបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់អតីតពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងជួបប្រទះការខ្វះខាត នេះបើយោងតាមលោក ឌីថេ ហូយ៉ា ប្រធានផ្នែកអន្តោប្រវេសន៍ និងប្រឆាំងការជួញដូរមនុស្ស នៃអង្គការសង់ត្រាល់។
លោក ហូយ៉ា បញ្ជាក់បន្ថែមថា ក្រៅពីជំនួយទំាងអស់នេះ សង់ត្រាល់ក៏បានចែករំលែកពីរបៀបការកាពារខ្លួនពីការចាញ់បោកជនឆបោកតាមអនឡាញ ការចាញ់បោកមេខ្យល់ ក៏ដូចជាផ្សព្វផ្សាយលើកទឹកចិត្តឲ្យពលករកុំទាន់ធ្វើចំណាកស្រុកជាថ្មីក្នុងស្ថានភាពមិនទាន់ប្រក្រតីបែបនេះ ដោយបារម្ភពីការចាញ់បោកមេខ្យល់ និងសុវត្ថិភាពរបស់ពួកគេ។
លោកមានប្រសាសន៍ថា“ព័ត៌មានមួយដែលសំខាន់ ដែលខ្វះមិនបានសម្រាប់ពួកគាត់ត្រូវដឹងត្រូវយល់ ត្រូវការពារនឹង គឺថា ព័ត៌មាននៃការការពារខ្លួន ការពារសុវត្ថិភាពចំណាកស្រុក….គាត់ប្រើប្រាស់បណ្ដាញសង្គមអាចថា ក្លាយទៅជាអន្ទាក់ ឬមួយចំណីនៃអំពើជួញដូរមនុស្សតាមអនឡាញ ឲ្យគាត់ប្រយ័ត្នប្រយែង”។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងជាបន្ទាន់ ក្រោយពីសង់ត្រាល់បញ្ចប់ការវាយតម្លៃបឋមពីហានីភ័យចំពោះគ្រួសារដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ រវាងកម្ពុជា-ថៃ តាមរយៈបទសម្ភាសន៍ជាមួយពលករជាង៥០០នាក់ ដែលភាគច្រើនលើកឡើងនូវសេចក្តីត្រូវការបន្ទាន់ជាមូលដ្ឋានរួមមាន “ស្បៀងអាហារ តម្រូវការការងារ និងជំនួយថវិកាចាំបាច់ទ្រទ្រង់គ្រួសារក្នុងស្ថានភាពបច្ចុប្បន្ន។
លោក ស៊ាប សីហា អ្នកសម្របសម្រួលនៃការិយាល័យសង់ត្រាល់ប្រចាំនៅខេត្តបន្ទាយមានជ័យ បានអះអាងថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃកំពុងជួបបញ្ហាប្រឈមច្រើន ប៉ុន្តែសង់ត្រាល់បានផ្ដល់ជំនួយសង្គ្រោះបឋមមួយចំនួនប៉ុណ្ណោះ មិនបានឆ្លើយតបទៅនឹងបញ្ហាប្រឈមទំាងស្រុងរបស់ពួកគាត់នោះទេ។
លោកមានប្រសាសន៍ថា “យើងបានផ្ដល់តែសង្គ្រោះបឋម ថវិកា អង្ករ…បើថា បញ្ហាផ្សេងៗទៀតជាមួយរឿងការងារ ប្រាក់ចំណូលអីយើងមិនអាចជួយបានទេ យើងគ្រាន់តែជួយជាបណ្ដោះអាសន្ន”។
លោក ឆោន វិច្ឆ័យ អតីតពលករខ្មែររស់នៅស្រុកថ្មពួក និយាយថា លោកបានមកដល់កម្ពុជាវិញ រយៈពេល២ខែមកហើយ ហើយថា ការសម្រេចចិត្តត្រឡប់មកវិញនេះ ដោយសារព្រួយបារម្មណ៍ពីសុវត្ថិភាព។ លោកប្រាប់ថា សង់ត្រាល់បានពន្យល់ពីរបៀបការពារសុវត្ថិភាពក្នុងនាមជាពលករចំណាកស្រុក ដូចជាមុនធ្វើការសម្រេចចិត្តចំណាកស្រុកគួរតែមានការពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ឬទាក់ទងអង្គការសង់ត្រាល់ជាដើម។
លោកនិយាយថា “យើងដើរទៅធ្វើការនៅស្រុកគេ យើងមិនដែលបានការពន្យល់ពីខាងណាទេ ហើយយើងក៏អត់សូវដឹង ពេលយើងមកជួបអង្គការសង់ត្រាល់ គាត់បានពន្យល់ណែនាំ”។
អតីតពលករខ្មែររស់នៅស្រុកថ្មពួកម្នាក់ទៀតឈ្មោះ ឈិន ឈឹង អាយុ៣៥ឆ្នាំ បានឲ្យដឹងថា លោកសប្បាយចិត្តដែលបានមកស្រុកកំណើត និងបានជួបជុំគ្រួសារ ទោះបីជាជីវិភាពលំបាកបន្តិចមែន។ លោកថា ការផ្ដល់ជំនួយនេះជារឿងល្អនិងជួយសម្រួលការរស់នៅរបស់លោកបានមួយគ្រាដែរ ដោយសារលោកមិនទាន់មានការងារធ្វើនៅឡើយ បន្ទាប់ពីលោកវិលត្រឡប់មកពីប្រទេសថៃវិញ។
លោកនិយាយថា “បានតែមួយចាយៗ វាមិនបានច្រើន ….ភាពលំបាករបស់ខ្ញុំមានអីកម្សត់កម្រ”។
លោក ចេង ចំរើន អភិបាលរងស្រុកថ្មពួកបានស្វាគមន៍គំនិតផ្តួចផ្តើមនៃកម្មវិធីនេះហើយថា កម្មវិធីនេះមានសារៈសំខាន់ណាស់សម្រាប់ពលករដែលវិលត្រឡប់មកស្រុកកំណើតវិញ ព្រោះអ្នកខ្លះរកការងារធ្វើមិនទាន់បាននៅឡើយ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានបានចូលរួមសម្របសម្រួលក្នុងកម្មវិធីនេះ ព្រោះប្រជាពលរដ្ឋនៅមិនទាន់មានការងារធ្វើនៅឡើយ។
លោកមានប្រសាសន៍ថា “ទោះបីជាជំនួយនេះមិនច្រើន ប៉ុន្តែក៏បានជួយសម្រួលខ្លះដល់អតីតពលករខ្មែរ” ។
មន្ត្រីអង្គការសង់ត្រាល់បញ្ជាក់ផងដែរថា ភាគច្រើនក្នុងចំណោមពលករចំណាកស្រុកបានចាកចេញពីប្រទេសថៃដោយសារបារម្ភពីសុវត្ថិភាព អំឡុងការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃនៅតាមព្រំដែនដែលបានចាប់ផ្តើមកាលពីចុងខែកក្កដា និងបានបណ្តាលឱ្យពលករចំណាកស្រុករាប់ម៉ឺននាក់វិលត្រឡប់មកកម្ពុជាវិញ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការងារក្នុងស្រុកបន្ថែមទៀតនិងធ្វើការរួមគ្នាជាមួយអង្គការសង្គមស៊ីវិលផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករខ្មែរ ព្រោះកំឡុងពេលពលករខ្មែរកំពុងមានបញ្ហាខ្វះខាត ពួកគាត់អាចនឹងប្រឈមនឹងការចាញ់បោកពីមេខ្យល់នៅពេលពួកគាត់ចង់ធ្វើចំណាកស្រុកជាថ្មី៕
អត្ថបទដោយ យ៉ឹង នីម