CCHR អំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និង​លើកកម្ពស់​សមភាព​យេនឌ័រ​​

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាប់​ផ្តើម​ធ្វើ​​​យុទ្ធនាការ ១៦ថ្ងៃ​​​បញ្ឈប់​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេន​ឌ័រ ដោយ​អំពាវ​នាវដល់​រដ្ឋាភិបាល​​ មានវិធានការ​សមស្រប និង​ជាក់លាក់​ជា​បន្ទាន់ ដើម្បី​បញ្ហា​ហិង្សា​នេះ និ​ងលើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា។​​

យុទ្ធនាការនេះ មានរយៈពេល ១៦​ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​​២០២៥ ដោយ​​​មាន​រៀប​ចំ​​​សកម្មភាព​មួយចំនួន ​​ដូចជា ការ​ផ្សព្វផ្សាយ​ប្រធាន​បទមួយចំនួន​ពាក់ព័ន្ធនឹង​សិទ្ធិមនុស្ស​​តាម​អន​ឡាញ ការ​​ចេញ​ផ្សាយ​បណ្ណព័​ត៌មា​ន​​​ស្តីពី​អ្នកស្រឡាញ់ភេទដូចគ្នា​និង​សកម្មជនជាស្ត្រី ការ​រៀបចំទិវា​អន្តរ​ជាតិ​​នៃ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និងការ​​អនុញ្ញាតឱ្យសាធារណជនអាចមកយក​ឯកសារបោះពុម្ពរបស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​​នៅការិយា​​ល័យរបស់​ខ្លួន​​ជាដើម។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅកាត់​ថា CCHR នៅថ្ងៃទី​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥។

សេចក្តីប្រកាស​ព័ត៌មានរបស់ CCHR បានលើកឡើង​ថា អំពើហិង្សាលើស្ត្រី ជាការរំលោភបំពានសិទ្ធិមនុស្សដែលកើតមានដ៏ច្រើន និងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើពិភពលោក និង​នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហើយ​បើ​តាមការប៉ាន់ប្រមាណ ស្ត្រីកម្ពុជាច្រើនជាងម្នាក់ក្នុងចំណោម ៥នាក់ ធ្លាប់​រង​ការ​រំលោភបំពាន​ពី​សំណាក់​ដៃគូ​របស់​ខ្លួន។

ប្រភពដដែល​ បន្តថា​យុទ្ធនាការ​១៦ថ្ងៃនេះ នឹង​លើកកម្ពស់​ការ​យល់​ដឹង​អំពីសិទ្ធិ​របស់​ស្ត្រី និង​បង្ហាញ​ពី​ផល​​ប៉ះ​ពាល់​ដែល​បង្ក​ឡើង​ពីអំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ ព្រមទាំង «អំពាវនាវ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ឱ្យ​មានវិធានការ​សម​ស្រប និង​ជាក់​លាក់ជា​បន្ទាន់ ដើម្បីបញ្ឈប់​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ និង​លើក​កម្ពស់​សមភាព​យេនឌ័រ​​នៅក្នុងប្រទេស»។

លោក លឹម បូរិន អ្នកសម្របសម្រួលគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទនៃមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បានឱ្យដឹងនៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​នេះ​ថា ​​បច្ចុប្បន្ន ទោះបីជា​​រដ្ឋាភិបាល​មាន​គោលនយោ​បាយ និង​កំពុង​​​អនុវត្តនូ​វយន្តការ​មួយចំនួនក្នុងកា​រទប់ស្កាត់​អំពើហិង្សា​ក្តី​ ប៉ុន្តែ​​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន នៅ​តែ​មាន​កម្រិត​ ព្រោះមាន​​ករ​ណីជា​ច្រើន ជាពិសេសអំពើហិង្សាលើសកម្មជន​​​សិទ្ធិ​មនុស្ស​ជា​ស្ត្រី នៅ​មិនទាន់មានការចាត់វិធានការប្រកប​ដោយ​ប្រសិទ្ធ​ភាពនៅឡើយ។​

​លោកថ្លែងថា៖ «យើងមានគោលនយោបាយ យើងមានរឿងមួយចំនួនដែលឆ្លើយតបហើយ ក៏ប៉ុន្តែយើងចង់ឱ្យមានការពង្រឹងទៅ​លើការ​អនុវត្ត ព្រោះរឿងរ៉ាវខ្លះយើងសង្កេតឃើញ គឺមិនទាន់មានចាត់វិធានការ ឬចាត់វិធានការ ប៉ុន្តែទៅតាមករណី ជាពិសេសករណីដែលកើត​មានទៅលើសកម្មជនសិទ្ធិមនុស្ស​ ឬ​អ្នកការពារសិទ្ធិមនុស្សជាស្រ្តីហ្នឹង ក៏មានការរំលោភបំពានដែរ ហើយការចាត់វិធានការនេះ គឺមិនមាន​គ្រប់​ករណី ដូច្នេះយើ​ង​ចង់​ឱ្យព​ង្រឹង​ទៅលើ​កា​រអនុវត្ត ហើយ​យន្ត​ការ​នៃ​ការ​ឆ្លើយ​តប​ទៅលើ​កា​ររំ​លោភ​បំពាន​នេះ ដោយមិ​នបែ​ង​ចែកការ​រំលោភ​បំពាន​លើ​ន​រណា​នោះ​ទេ ឱ្យ​តែ​មាន​ការរំលោភបំពានទៅលើស្ត្រី ឬអ្នកដែលមានអត្តសញ្ញាណយេនឌ័រ​ចម្រុះនេះ ត្រូវតែមានវិធានការដើម្បីឆ្លើយតប​» ។

លោករំពឹងថា តាមរយៈយុទ្ធនាការនេះ នឹងមានការចូលរួមជាច្រើនពីសាធារណជន នៅក្នុងការស្វែងយល់ និងគាំទ្រទាក់ទងនឹងការគោរពសិទ្ធិ និងការយល់ដឹងអំពីសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា​។

លោកបន្តថា៖ «យើងចង់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសិទ្ធិជាមូលដ្ឋាន ហើយចូលរួមគាំទ្រនឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី ទាក់ទងនឹងយេនឌ័រ […]​ យ៉ាងហោចណាស់សម្លេងដែលយើងបានលើកឡើង រដ្ឋាភិបាល បានលឺហើយពិចារណាថាតើដាក់​បញ្ជូននៅតម្រូវការ នៃការទាមទារនោះ ចូលទៅតាមដំណាក់កាល ហើយត្រូវបានពិចារណាដោយរដ្ឋាភិបាល » ។

សមាជិកនៃក្រុមយុវជនពណ៌ស្វាយដែលធ្វើការ​ផ្នែក​សិទ្ធិ​ស្ត្រី​​កញ្ញា ដាំ សុស្រី​នាង​ បានស្នើ​ក្រសួង​កិច្ច​ការនារី ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ស្មើ​ភាព​គ្នា​ចំពោះស​កម្មជ​ន​ជា​ស្ត្រី មិន​ថា​ជាស​កម្មជ​ន​ដីធ្លី បរិស្ថាន ឬ​សិទ្ធិមនុស្ស​​នោះ​ទេ ព្រោះពួកគេក៏ជា​ពលរដ្ឋ​ម្នាក់​ដែរ​ក្នុង​សង្គម ដែល​ចូលរួម​ដើម្បីការ​ពារសិទ្ធិ​មនុស្ស និង​បរិស្ថាន ដែលគួរ​ទទួលបាន​ការ​ការ​ពារ។

កញ្ញាថ្លែងថា៖ «ពេលដែលមានការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ កាលពីឆ្នាំមុន យើងមើលឃើញថា មានអាជ្ញាធរជាបុរស និងជនស៊ីវិល​ដែលចាប់ពួកគាត់ទៅនោះ ក៏មានសកម្មភាពមួយចំនួនដែលបៀត​បៀន​​ដែរ ហើយក្រុមគាត់ក៏បានបង្ហោះ​ជាច្រើន ប៉ុន្តែមិនមានចំណាត់ការ​ត្រឹមត្រូវ ខ្ញុំពិតជាចង់ឃើញការឆ្លើយតបណាមួយជាវិជ្ជមាន ឬសកម្មភាពណាមួយដែលប្រាប់ថា ក្នុងនាមជាអ្នកធ្វើការងារបម្រើប្រជាពលរដ្ឋ មិនបានទុកនរណាគេចោលម្នាក់ទេ» ។

អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស​ ស៊ីណែត បានអះអាងថា ក្រសួងកំពុង​អនុវត្តផែនការយុទ្ធសាស្រ្ត​នារីរតនៈទី៦ និងផែនការសកម្មភាពជាតិ​ដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ ក្រសួងក៏បាន​បង្កើតយន្តការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅគ្រប់ថ្នាក់រដ្ឋបាល តាមរយៈក្រុមការងារបច្ចេក​​ទេស និងក្រុមការងារពហុវិស័យ ដោយមានគោលបំណងបង្កើនប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការទប់ស្កាត់ និងឆ្លើយតបអំពើហិង្សា។

យោងតាមការអង្កេតប្រជាសាស្រ្តនិងសុខភាព (CDHS) ឆ្នាំ២០២១-២០២២  បានបង្ហាញថា អត្រាប្រេវ៉ា​ឡង់នៃ​អំពើហិង្សាក្នុងគ្រួសារពីដៃគូស្និទ្ធស្នាល មានការថយចុះគួរឱ្យកត់សម្គាល់ពី ២៩% មក២១% ។

លោកស្រីបន្តថា៖ «នេះគឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងដែលកម្ពុជា ក្លាយជា​គម្រូដែលមានប្រទេស​មួយចំនួនបានមកសិក្សាពីកម្ពុជា លើសពីនេះ តាមរយៈការដាក់ចេញនូវក្របខណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាពជាតិ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន  ដើម្បីចូលរួម និងឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកប​ដោយ​បរិយាបន្ន» ។

លោកស្រី បានឲ្យដឹងថា ក្រសួងកំពុងអនុវត្តសកម្មភាពគាំទ្រជនរងគ្រោះអំពើ​ហិង្សាលើស្រ្តី ក្មេងស្រី និងអំពើ​ហិង្សាក្នុងគ្រួសារ ឲ្យបានមានប្រសិទ្ធិភាព និងទាន់ពេលវេលា។ ការងារនេះ រួមមានការពង្រឹងសមត្ថភាព​​អ្នកផ្តល់សេវា ក្នុងផ្នែកការប្រឹក្សាផ្លូវចិត្ត និងសេវាផ្សេងៗពាក់ព័ន្ធ និងការរៀបចំយុទ្ធនាការ ១៦ ថ្ងៃបញ្ឈប់​អំពើហិង្សាលើស្រ្តី និងក្មេងស្រី ព្រមទាំងការប្រកាសផ្សព្វផ្សាយដោយផ្ទាល់ និងអនឡាញផង​ដែរ។

នៅក្នុងឆ្នាំនេះ ក្រសួងកិច្ចការនារី ក៏បានធ្វើយុទ្ធនាការ ១៦​ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ផង​ដែរ​ ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថល លើស្ត្រី និងក្មេងស្រី ដោយមានរៀបចំវីដេអូខ្លីអប់រំទាក់ទងប្រធានបទ ផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួង និង​រៀបចំកិច្ចសន្ទនា​យុវជន និងកិច្ចសន្ទនាកម្រិតគោលនយោបាយ និងវិស័យឯកជនស្តីពី ទប់ស្កាត់និងឆ្លើយតបអំពើហិង្សាទាក់​​ទង​នឹង​យេនឌ័រ តាមរយៈបច្ចេកវិទ្យា (TFGBV) ផងដែរ។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់​ក្នុងការទប់ស្កាត់ និង​ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំង សាសនា សិល្បៈ វិស័យឯកជន ជាពិសេស​លើកកម្ពស់ឥរិយាបថ វិជ្ជមានរបស់សាធារណៈជន និងអ្នកផ្ដល់សេវាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកទឹកចិត្តយុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

គួរជម្រាបថា យុទ្ធនាការ១៦ថ្ងៃនេះ​ គឺជាយុទ្ធនាការអន្តរជាតិមួយ ដែលដំណើរការជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២៥ ខែ​វិច្ឆិកា ដែលជាទិវាអន្តរជាតិក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី រហូតដល់ថ្ងៃទី​១០ ខែធ្នូ ដែល​ជាទិវាសិទ្ធិ​មនុស្ស៕

អត្ថបទគួរឱ្យចាប់អារម្មណ៍