អង្គការសង់ត្រាល់ ស្នើដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពន្លឿននីតិវិធីក្នុងការជួយដល់ពលរដ្ឋខ្មែរប្រមាណ ៣០០នាក់ ដែលចាញ់បោកមេខ្យល់អស់ថវិកាសរុបប្រមាណ ៧៥ម៉ឺនដុល្លារ ក្រោយពួកគេជឿតាមការអូសទាញរបស់មេខ្យល់ដែលសន្យាថានឹងជួយពួកគេបានទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រាក់ឈ្នួលខ្ពស់។
តាមរយៈសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ស្តីពី «ពលរដ្ឋកម្ពុជាបន្តចាញ់បោកមេខ្យល់ដែលសន្យានាំទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង» ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានពលរដ្ឋកម្ពុជា ជាជនរងគ្រោះមកពីខេត្តផ្សេងៗគ្នា ដូចជា ខេត្តព្រៃវែង តាកែវ កំពត កណ្តាល ស្វាយរៀង ព្រះវិហារ កំពង់ចាម ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និងរាជធានីភ្នំពេញ ដែលចង់ចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ចំនួន ៤៨នាក់ ក្នុងចំណោមប្រមាណ៣០០នាក់ ដែលបានពឹងពាក់អង្គការនេះឱ្យជួយ ដោយពួកគេប្រាប់ថា បានចាញ់បោកមេខ្យល់ដែលបានឃោសនា និងធានាថាជួយស្វែងរកការងារឱ្យធ្វើនៅប្រទេសកូរ៉េខាងត្បូង ដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ប្រមាណ ១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ។
ប្រភពដដែលបន្តថា ក្រុមមេខ្យល់ និងបក្សពួកទាំងនោះបានផ្សព្វផ្សាយ និងឡាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអះអាងថា ពួកគេមានក្រុមហ៊ុនសម្រាប់ផ្តល់សេវាស្វែងរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូង ជូនពលរដ្ឋកម្ពុជា ដែលមានបំណងចំណាកស្រុកទៅរកការងារធ្វើ ដោយអ្នកដាក់ពាក្យទៅធ្វើការត្រូវបង់ប្រាក់ក្នុងម្នាក់ ៤០០០ដុល្លារ សម្រាប់ថ្លៃរត់ការទាំងអស់ ដោយក្នុងនោះអ្នកដាក់ពាក្យត្រូវបង់មុន ២០០០ដុល្លារ ខណៈ២០០០ដុល្លារទៀត បង់នៅពេលបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
តែមកដល់ពេលនេះ អង្គការសង់ត្រាល់ថា ពលរដ្ឋទាំងនោះ មិនបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងដូចការសន្យារបស់មេខ្យល់នោះទេ ហើយក៏មិនទទួលបានប្រាក់សំណងត្រឡប់មកវិញផងដែរ បើទោះបីជាបញ្ហានេះត្រូវបានជនរងគ្រោះដាក់ពាក្យប្តឹងទៅតុលាការ ហើយមានមេខ្យល់ម្នាក់ក្នុងចំណោមមេខ្លោង និងបក្សពួកផ្សេងទៀត ត្រូវបានចាប់ខ្លួន និងជាប់ឃុំនៅពន្ធនាគារក៏ដោយ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖« ផ្នែកតាមការស៊ើបអង្កេតនៃអង្គការសង់ត្រាល់ មានជនរងគ្រោះសរុបទាំងអស់៣០០នាក់ បានចាញ់បោក មេខ្យល់អស់ទំហំទឹកប្រាក់ ប្រមាណ ៧៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក»។
ករណីនេះ អង្គការសង់ត្រាល់ បានអំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីសិទ្ធិ ច្បាប់ គោលនយោបាយ និងព័ត៌មានគ្រប់ជ្រុងជ្រោយអំពីការចំណាកស្រុកទៅធ្វើការនៅបរទេសដោយសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ពលករ ដូចជា តម្លៃសេវាខ្ពស់ និងការចំណាយពេលយូរក្នុងការស្វែងរកការងារធ្វើនៅបរទេស ភាពស្មុគស្មាញនៃដំណើរការ និងការចាញ់បោកមេខ្យល់ខុសច្បាប់។
ក្រៅពីនោះ អង្គការនេះក៏បានជំរុញឱ្យមានការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបង្កើតមុខរបរក្នុងស្រុកដល់ប្រជាជនកម្ពុជា និងអតីតពលករចំណាកស្រុកដែលវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីជៀសវាងឱ្យពលរដ្ឋប្រថុយប្រថាន ក្នុងការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស។
ប្រធានគ្រប់គ្រងផ្នែកកម្មវិធី នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍ ដោយជំរុញដល់រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ជួយពន្លឿននីតិវិធីក្នុងការដោះស្រាយជូនពលរដ្ឋខ្មែររងគ្រោះទាំងនោះ ឱ្យបានឆាប់ ខណៈជនរងគ្រោះទាំងនោះកំពុងជួបការលំបាកក្នុងជីវភាព និងជំពាក់បំណុល ព្រោះតែជួបការឆបោកនេះ។
លោកបញ្ជាក់ថា៖ «អ្វីដែលសំខាន់បំផុតនោះ គឺពាក់ព័ន្ធទៅនឹងការជំរុញនូវនីតិវិធីតុលាការ ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យករណីរឿងក្តីរបស់ជនរងគ្រោះ ដំណើការ និងអ្នកទទួលខុសត្រូវ ជាពិសេសមេខ្យល់ពាក់ព័ន្ធហ្នឹង បណ្តាញមេខ្យល់ដែលបានឆបោកនៅក្នុងករណីនេះ»។
អ្នកស្រី អឿន ឆេងនួន រស់នៅខេត្តកំពង់ចាម ជាជនរងគ្រោះដែលចាញ់បោកមេខ្យល់ទាំងនោះ បានប្រាប់ថា គាត់និងស្វាមី បានចាញ់បោកតាមការឃោសនារបស់មេខ្យល់អស់ប្រាក់សរុបចំនួន ៦០០០ដុល្លារ តាំងពីឆ្នាំ២០២៣ ដោយកាលនោះមេខ្យល់ប្រាប់អ្នកស្រីថា រត់ការឯកសារតែរយៈពេល ១ខែប៉ុណ្ណោះ នឹងបានចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ហើយនឹងទទួលបានប្រាក់ខែ ១៥០០ដុល្លារក្នុងមួយខែ។
អ្នកស្រីថា៖ «គេថានៅភ្នំពេញហ្នឹងមានតាកូរ៉េមួយ យកតែម្នាក់២០០០ដុល្លារទេ រួចទៅខ្ញុំក៏ជ្រុលខ្លួនទៅ ជ្រួលទាំងប្តីទាំងប្រពន្ធអស់៤០០០ដុល្លារ […] ខ្ញុំ២០០០ដុល្លារ ប្តីខ្ញុំ២០០០ដុល្លារ ឱ្យវា(មេខ្យល់)២០០០ដុល្លារទៀត អញ្ចឹង៦០០០ដុល្លារ»។
អ្នកស្រីបានបន្ថែមថា មូលហេតុដែលអ្នកស្រីចាញ់បោកគេ ព្រោះអ្នកស្រីជាប់បំណុលធនាគារ ហើយយល់ថាបើបានទៅធ្វើការនៅកូរ៉េខាងត្បូងអាចជួយឱ្យអ្នកស្រីដោះបំណុលបាន។
អ្នកស្រីថា៖ «ខ្ញុំជំពាក់អង្គការគេ ៦០០០[ដុល្លារ] រួចទៅភ័យ ខ្ញុំថាក្រែងលោទៅៗ ក្រែងលោបានដោះអា៦០០០[ដុល្លារ] ហ្នឹង ខ្ញុំទៅយកលុយអង្គការគេថែមទៀត អស់ជាង ១ម៉ឺនដុល្លារ ឥឡូវជំពាក់គេជាង ១ម៉ឺន[ដុល្លារ]»។
ចំណែកឯ លោក ហ៊ាន សុខលី អាយុ៣៦ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែលអះអាងថាបានចាញ់បោកមេខ្យល់អស់ចំនួន ២៥០០ ដុល្លារដែរនោះ ឱ្យដឹងថា ដំបូងឡើយ លោកបានចុះឈ្មោះដើម្បីបានទៅធ្វើការនៅប្រទេសកូរ៉េ នៅសាលារៀនកូរ៉េមួយឈ្មោះ Mentor Solution នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣។ លោកបន្តថា ពេលនោះ ខាងមេខ្យល់បានឱ្យគាត់ចុះឈ្មោះដោយបង់សេវាចំនួន ៣០០ដុល្លារ និងរត់ឯកសារនិងពិនិត្យសុខភាពអស់ ១៧០០ដុល្លារ ហើយបើចង់ឆាប់បានទៅគេតម្រូវឱ្យបង់លុយថែមចំនួន ៥០០ដុល្លារ។
ប៉ុន្តែក្រោយមកទើបលោកដឹងថា បានចាញ់បោកមេខ្យល់ទាំងនោះ ហើយរូបលោក និងពលរដ្ឋរងគ្រោះផ្សេងទៀត ក៏បានប្តឹងទៅកាន់ខាងសង្កាត់ដែលលោករស់នៅផ្ទាល់ និងស្ថានទូតផងដែរ តែមកដល់ពេលនេះមិនមានដំណោះស្រាយណាជាក់លាក់ទៅកាន់ជនរងគ្រោះនៅឡើយ។
ករណីនេះ ហ៊ាន សុខលី បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជួយពន្លឿនការដំណោះស្រាយទៅកាន់ជនរងគ្រោះ ដោយសារពួកគាត់ភាគច្រើនលើសលុប បានខ្ចីបុលធនាគារ និងចង់ការប្រាក់គេ ដើម្បីបានប្រាក់ទៅចុះឈ្មោះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសំណូមឱ្យមានការដោះស្រាយ សុទ្ធតែអ្នកជនរងគ្រោះ លុយសុទ្ធតែខ្ចីគេ ត្រូវដោះស្រាយណាមួយ ជន[ឆបោក]រកគាត់អត់ឃើញមានទាំងរូបភាព វីដេអូគាត់ មិនដឹងគាត់ទៅណាចឹងហា»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា មានប្រសាសន៍ថា វិស័យឯកជន ផ្សព្វផ្សាយស្តីពីការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅប្រទេសណាមួយ គឺជារឿងខុសច្បាប់ដែលស្មើនឹងបទល្មើសជួញដូរមនុស្ស ព្រោះគ្មានក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាលណាមួយ ឬជនណាម្នាក់ មានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករទៅកាន់ប្រទេសកូរ៉េបាននោះទេ ក្រៅពីក្រសួងការងារ។
លោកថា៖ «ការទៅធ្វើការនៅប្រទេសកូរ៉េ គឺជាកិច្ចសហការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដែលវិស័យឯកជន សាលាបណ្តុះបណ្តាលណាមួយមិនមានសិទ្ធិនៅក្នុងការបញ្ជូនទេ ហើយប្រសិនបើសាលា ក្រុមហ៊ុនណាមួយជ្រើសរើសនោះ គឺស្មើនឺងបទល្មើសជួញដូមនុស្សនៅកម្ពុជាហើយ អញ្ចឹងជាមួយគ្នានេះសូមបងប្អូនមេត្តាចាំថា មានតែក្រសួងការងារដែលជាយន្តការរដ្ឋាភិបាល និងរដ្ឋាភិបាលតែមួយគត់ គឺជាអ្នកដែលមានសិទ្ធិស្របច្បាប់ ដោយស្របច្បាប់ក្នុងការបញ្ជូនបងប្អូនទៅធ្វើការក្នុងប្រទេសកូរ៉េ»។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានឃើញការផ្សព្វផ្សាយការជ្រើសរើសពីវិស័យឯកជន ពីសាលា ឬសមាគមណាមួយ សូមប្តឹងទៅក្រសួងការងារដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា របាយការណ៍របស់អង្គការសង់ត្រាល់ ដែលបានសិក្សាស្រាវជ្រាវនិងចងក្រងចេញនេះ គឺឆ្លុះបញ្ចាំងពីការរងគ្រោះរបស់ពលរដ្ឋដែលចាញ់បោកមេខ្យល់ក្នុងការឆបោកពីការស្វែងរកការងារនៅក្រៅប្រទេស ហើយបញ្ហានេះប៉ះពាល់ដល់ជីវភាពរស់នៅ និងបំណុលសម្រាប់ពួកគាត់។ លោកបន្តថា ករណីនេះ អាជ្ញាធរមិនគួរបណ្តែតបណ្តោយឱ្យកើតមានឡើងទៀតទេ។
លោកថា៖«រាជរដ្ឋាភិបាល និងអាជ្ញាធរត្រូវចាត់វិធានឱ្យមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ និងស៊ើបអង្កេតរកជនដែលពាក់ព័ន្ធអនុវត្តតាមច្បាប់ឱ្យខានតែបាន និងមានមណ្ឌលសុវត្ថិភាពសម្រាប់សង្រ្គោះជនរងគ្រោះ ភាគីពាក់ព័ន្ធគួរបន្តការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីចំណាកស្រុកដោយសុវត្ថិភាព ល្បិចកលនៃជនឆរបោកឬមេខ្យល់ និងការជួញដូរកំលាំងពលកម្ម ការជួញដូរមនុស្ស និងវិធានការបង្ការ និងទប់ស្កាត់ និងជួយជនរងគ្រោះ»។
លោកបន្ថែមថា ប្រជាពលរដ្ឋគួរស្វែងរក និងស្វែងយល់ពីព័ត៌មាននៃការចំណាកស្រុកដោយសុវត្ថិភាព និងក្រុមហ៊ុន ឬបុគ្គលដែលបានបញ្ចុះបញ្ចូល ឱ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្តយល់ព្រម ហើយបើមានការសង្ស័យអាចផ្តល់ព័ត៌មានទៅអាជ្ញាធរ ឬអង្គការក្រៅរដ្ឋាភិបាលដែលនៅជិត ឬដែលបានស្គាល់។ ចំណែក រាជរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ លោកផ្តល់ជាយោបល់ថា គួររួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងជួយដល់ជនរងគ្រោះ ក៏ដូចជាចាត់វិធានការស៊ើបអង្កេត ស្រាវជ្រាវរកមេខ្យល់ និងជនពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។
បើយោងតាមច្បាប់ស្តីពី ការបង្រ្កាប និងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ មាត្រា១២ ចែងថា ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច ដូចជា ការជ្រើសរើសដោយមិនស្របច្បាប់ (ក្នុងច្បាប់នេះ មានន័យថា ការបញ្ចុះបញ្ចូល ការជួល ឬការឱ្យជនណាមួយបម្រើក្រោមទម្រង់ នៃការកេងប្រវ័ញ្ចផ្សេងទៀត តាមមធ្យោបាយបោកបញ្ឆោត បំពានដោយអំណាច ការបង្ខាំងខ្លួន ការប្រើប្រាស់កម្លាំង ការគំរាមកំហែង ឬមធ្យោបាយបង្ខិតបង្ខំផ្សេងទៀត។ ជនណាដែលជ្រើសរើសជនដ៏ទៃដោយមិនស្របច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីរ៧(ប្រាំពីរ)ឆ្នាំ ដល់១៥(ដប់ប្រាំ)ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រាំ)ឆ្នាំ ដល់២០(ម្ភៃ)ឆ្នាំក្នុងករណី៖ ជនរងគ្រោះជាអនីតិជន អំពើល្មើសប្រព្រឹត្តឡើងដោយមន្រ្តីសាធារណៈដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។ អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង៕