តើព្រះខ័ន​រាជស្វាយរៀងអាចបន្ដយក​ឈ្នះភ្នំពេញក្រោនក្នុង​ជំនួប​ជើងទី​២​ដែរឬទេ​?

ក្រុម​ខ្លាំង​ព្រះខ័នរាជស្វាយ​រៀង​នឹង​​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​សម្រាប់ជំនួប​​ជើងទី២ ដែល​​ធ្វើ​ឡើង​នៅ​ល្ងាច​​ថ្ងៃ​ទី​១២​ ខែមីនា ឆ្នាំ២០២៦ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោដើម្បី​​​ស្វែងរកក្រុម ដែលអាចឈានទៅវគ្គបន្ត​ក្នុងពានរង្វាន់ AFC Challenge League ២០២៥/២៦។

ក្រុមព្រះខ័ន​រាជស្វាយរៀងបាន​វាយ​បក​យក​ជ័យជម្នះលើក្រុម​ភ្នំពេញក្រោនក្នុងលទ្ធផល ៤-១ ក្នុងជើងទី១ ​បន្ទាប់ពី​ត្រូវ​ភ្នំពេញក្រោន​នាំមុខ​ ១-០ មុន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០​២៦​ កន្លងទៅនេះ នៅពហុកីឡជាតិ​​អូឡាំពិក​។

នៅក្នុង​សន្និសីទសារព័ត៌មាន​មុន​ការ​ប្រកួត​ លោក Matthew McConkey គ្រូបង្វឹក​របស់​ក្រុម​​​​​ព្រះខ័​នរាជស្វាយ​រៀង​បាន​លើកឡើង​ថា ការ​ប្រកួត​នៅជើង​ទី​២ នេះ មិន​មែនជា​រឿង​ងាយ​​ស្រួល​សម្រាប់​ក្រុម​របស់​លោក​នោះទេ​ ព្រោះ​ក្រុម​ភ្នំពេញ​ក្រោន​នឹង​មិន​បណ្តោយ​ឲ្យ​ក្រុម​របស់​លោក​លេង​បាន​ស្រួល​​​ដូច​ក្នុង​ជំនួប​លើក​ទី​១​ ទេ​​។​

លោក Matthew បាន​ថ្លែង​ថា៖ “ការប្រកួតជាមួយ PPC តែងតែពិបាក ព្រោះជាក់ស្ដែងការប្រ​​​កួត​នេះ ស្ថិតក្នុងបរិបទខុសគ្នា។ រឿងផ្សេងគ្នានឹងកើតមានឡើង អញ្ចឹងអ្វីដែលយើងត្រូវធ្វើ​​ គឺការរៀបចំឱ្យ​ដូចការប្រកួតរាល់ដង ព្យាយាមធ្វើម៉េចឱ្យ​ឈ្នះ ហើយឈាន​ទៅវគ្គបន្ដ​ទៀត​»​។

លោកបន្ថែមថា៖ “សម្រាប់យើងលទ្ធផល ៤-១ កាលពីជើងទី១ មើលទៅហាក់ដូចជារឿង​អយុត្តិធម៌ទៅខាង PPC បន្ដិច។ ដូច្នេះ ពួកគេនឹងលេងជាមួយអ្វីគ្រប់យ៉ាងសម្រាប់ការប្រ​កួត​​នៅ​ជើង​ទី២»។

ដោយឡែកលោក Oleg Starynksyi គ្រូបង្វឹកបង្គោលរបស់​ក្រុម​ភ្នំពេញក្រោនបានបកស្រា យ​​ក្នុងសន្និសី​ទថា ពុំមានអ្វីគួរឲ្យ​បារម្ភ​ចំពោះការប្រកួតនៅជើងទី២នេះទេ ដោយសារតែ​ក្រុម​របស់​លោក​មានកម្លាំងចិត្តយ៉ាងមុតមាំសម្រាប់ការប្រកួតនេះ រួមផ្សំជាមួយកីឡដ្ឋានដែលពោរពេញ​​ទៅដោយភាព​ល្អ​ស្អាតផងនោះ អាចធ្វើឲ្យកូន​ក្រុម​របស់​លោក​មានកម្លាំងចិត្ត​​ក្នុងការយកឈ្នះលើក្រុម​​ព្រះខ័ន​រាជស្វាយរៀងបាន។

លោកនិយាយ​ថា៖ “ជាការពិតណាស់សម្រាប់ការជួបគ្នា ២ លើកចុងក្រោយនៅទីនេះគឺយើងទទួលបានលទ្ធផលវិជ្ជមាន។ ទីនេះ គឺជាកីឡដ្ឋានដ៏ស្រស់ស្អាតមួយ ដែលធ្វើឲ្យ​យើង​​មានទឹកចិត្តបន្ថែមទៀតក្នុងការលេង។ យើងនឹងខំប្រឹងប្រែង ដើម្បីការប្រកួត ព្រោះគ្មាន​អ្វីត្រូវខ្លាចទៀតនោះទេ។ យើងត្រូវតែយកឱកាសដែលមាន និងខំប្រឹងឲ្យអស់ពីសមត្ថភាព។ យើងមានឆន្ទះខ្លាំង និងធ្វើឲ្យអស់ពីសមត្ថភាព”។

គួររំឭកថា ក្រៅពីការប្រកួតដ៏​សំខាន់​នាយប់នេះ ក៏មានក្រុម DEWA UNITED FC នឹងត្រូវប្រ​កួត​ជាមួយ​ MANILA DIGGER FC នៅកីឡដ្ឋាន Sport Center KELAPA DUA TANGERAND ផងដែរ ក្នុង​វគ្គ​ ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ AFC Challenge League នា​​ឆ្នាំនេះ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍