ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ប្រាប់ទៅរដ្ឋាភិបាល ឱ្យបិទការនាំចូលទំនិញពីថៃ ហើយបង្វែរអ្នកជំងឺដែលព្យាបាលនៅថៃមករកមន្ទីរពេទ្យក្នុងប្រទេស ឬទៅប្រទេសផ្សេង និងជួយដោះស្រាយការងារដល់ពលករដែលវិលត្រឡប់មកពីថៃមកកម្ពុជាវិញ ប្រសិនបើថៃនៅមិនព្រមបើកច្រកព្រំដែនដែលខ្លួនបានបិទដោយឯកតោភាគី។
តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រនេះ បានលើកឡើងថា ក្នុងនាមជាប្រធានបក្សកាន់អំណាច លោកណែនាំទៅកាន់រាជរដ្ឋាភិបាលកម្ពុជានូវចំណុចចំនួន ៦បន្ថែមទៀត ប្រសិនបើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីទេនោះ។
លោកថា ចំណុចទាំងនោះ រួមមាន រដ្ឋាភិបាល ត្រូវបិទការទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ដោយជំនួសមកវិញនូវការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ ព្រមទាំងត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់កសិករដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក។
ជាមួយគ្នានោះ លោកក៏បានប្រាប់ឱ្យបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។
លោកថា៖ «កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជា មុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន»។
ក្រៅពីនោះ មេដឹកនាំគណបក្សកាន់អំណាចរូបនេះ ក៏បានប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ត្រៀមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានណាមួយ ហើយបណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាពលរដ្ឋចេញមកកាន់តំបន់មានសុវត្ថិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។
លោកបានសង្កត់ធ្ងន់ថា៖ «បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ»។
កាលពីយប់ថ្ងៃទី១២ ខែមិថុនា នៅមុនការអំពាវនាវនេះ លោក ហ៊ុន សែន ក៏បានលើកឡើងថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ បើទោះបីជាករណីនេះ កម្ពុជាក៏លំបាក ហើយថៃខ្លួនឯងក៏លំបាក ដោយសារតែក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។
ជាមួយគ្នានោះ លោកក៏បានឱ្យរដ្ឋាភិបាលពិចារណាលើការបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃ លើកញ្ចក់ទូរទស្សន៍កម្ពុជាផងដែរ។
ភ្លាមៗនោះ ក្រសួងព័ត៌មាន ក៏បានចេញសេចក្ដីប្រកាសមួយ ឱ្យម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ ចាប់ពីម៉ោង ១២យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ តទៅ។
ចំណែកឯ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឱ្យក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់នៅកម្ពុជា បញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀត ចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
នៅថ្ងៃសុក្រនេះដែរ រដ្ឋាភិបាលកម្ពុជា ក៏បានបិទច្រកដូងនៃព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ជាច្រកដែលថៃ បានដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅប្រទេសវៀតណាម។
កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសពីការបញ្ចប់ការទិញអ៊ីនធឺណេតពីប្រទេសថៃ នៅត្រឹមយប់ថ្ងៃទី១២ ខែមិថុនា និងធានាការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង ដោយមិនបារម្ភចំពោះការកាត់ផ្ដាច់ចរន្តអគ្គិសនី និងអ៊ីនធឺណេតពីប្រទេសថៃនោះទេ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឲ្យក្រសួងស្ថាប័នទាំងអស់ ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើខាងភាគីថៃ មានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជា។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណេតពីប្រទេសថៃ ក្រោយការគម្រាមកំហែងរបស់ថៃថា នឹងផ្ដាច់សេវាអ៊ីនធឺណេត។ លោកបញ្ជាក់ថា ការបញ្ឈប់ការប្រើអ៊ីនធឺណេត ដែលមានប្រភពពីថៃនឹងធ្វើឱ្យប្រទេសថៃ អាចបាត់បង់ចំណូលរាប់រយលានដុល្លារ។
ការអះអាងរបស់ប្រមុខរដ្ឋាភិបាល និងការដាក់ចេញនូវវិធានាការនានារបស់រដ្ឋាភិបាលកម្ពុជា នាពេលនេះ ធ្វើឡើងក្រោយពីប្រទេសថៃ កាលពីដើមសប្ដាហ៍នេះ បានគំរាមក្នុងការកាត់ផ្ដាច់ចរន្តអគ្គិសនី និងអ៊ីនធឺណេតដែលតភ្ជាប់មកកម្ពុជា នៅតាមតំបន់ព្រំដែន។
ប្រទេសថៃកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានកាត់បន្ថយអស់ជាច្រើនម៉ោងនូវពេលវេលាបើកបិទច្រកទ្វារព្រំដែនមួយចំនួនជាមួយប្រទេសកម្ពុជា។
ប្រទេសថៃ មានច្រកព្រំដែនចំនួន១៧ ជាមួយខេត្តចំនួន៧របស់ប្រទេសកម្ពុជា តាមបណ្តោយព្រំដែនប្រវែង ៨១៧គីឡូម៉ែត្ររបស់ប្រទេសទាំងពីរ។ ក្នុងចំណោមច្រកព្រំដែនទាំង១៧នោះ មាន១០ ត្រូវបានភាគីថៃកាត់បន្ថយពេលវេលាបិទបើកច្រកព្រំដែន។
ច្រកអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ បើកដំណើរការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។ ច្រកជប់គគីរ ក្នុងខេត្តខេត្តឧត្តរមានជ័យ ដដែលកំណត់បើកត្រឹមតែបីថ្ងៃដូចគ្នា ប៉ុន្តែចាប់ពីម៉ោង ១០ព្រឹក ដល់ថ្ងៃត្រង់ប៉ុណ្ណោះ។
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្ធារអន្តរជាតិស្ទឹងបត់ ដែលជាច្រកឆ្លងកាត់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មតាមផ្លូវគោកភាគច្រើនរវាងប្រទេសទាំងពីរ បានកាត់បន្ថយម៉ោងបិទបើកដូចគ្នា ពោលគឺពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល ខណៈច្រកទ្វារអន្តរជាតិចាំយាម ក្នុងខេត្តកោះកុង នៅតែបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល។
មុនពេលមានជម្លោះ ច្រកព្រំដែនភាគច្រើន ជាពិសេសច្រកទ្វារអន្តរជាតិដែលបើកបម្រើឱ្យអ្នកកាន់លិខិតឆ្លងដែនទាំងអស់ និងសម្រួលការចេញចូលឆ្លងកាត់ព្រំដែន បានបើកដំណើរការចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃ។
អ្នកស្រី រិន ថាវី ជាអាជីវករលក់ផលិតផល ម៉ាស៊ីនត្រជាក់ ទូទឹកកក និងម៉ាស៊ីនបោកគក់ នៅរាជធានីភ្នំពេញ និយាយថា អ្នកស្រីមិនមានការបារម្ភនោះទេ នៅពេលដែលកម្ពុជាបិទការនាំចូលទំនិញថៃ។ អ្នកស្រី បានអះអាងថា បើទោះបីជាផលិតរបស់អ្នកស្រី ដែលលក់ចេញមាន៣០ភាគរយជារបស់ថៃក៏ដោយ ក៏អ្នកស្រីអាចរកផលិតផលពីប្រទេសផ្សេងជំនួសបានដែរ។
អ្នកស្រីថា បច្ចុប្បន្នផលិផលរបស់អ្នកស្រី ដែលលក់ឱ្យអតិថិជន មាននាំចូលមកពីថៃ ចិន ជប៉ុន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម។
អ្នកស្រីនិយាយថា៖ «បង អត់មានប៉ះពាល់អីទេ ផលិតផលយើងសុទ្ធតែមានផលិតផលជំនួស ឧទាហរណ៍ថា ប្រេនមួយហ្នឹងជារបស់ថៃ គាត់អាចប្រើប្រេនផ្សេងជំនួសបាន។ ឧបមាថា ទូទឹកកក ប្រេននេះរបស់ថៃ ចឹងគាត់អាចយកប្រេននោះមកជំនួសបាន ម៉ាស៊ីនត្រជាក់ដូចគ្នា។ [តម្លៃ] វាអាស្រ័យលើផលិតផលខ្លះតម្លៃប្រហែលៗគ្នា ផលិតផលខ្លះរៀងឆ្ងាយពីគ្នា។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា កម្ពុជានឹងស្វែងរកទំនិញនៅក្នុងរង្វង់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន និងដៃគូរបស់អាស៊ាន សម្រាប់ជំនួសឱ្យទំនិញថៃ ប្រសិនបើឈានដល់ការបិទមែននោះ។
លោកបញ្ជាក់ថា៖ «ការធ្វើពាណិជ្ជកម្មនៅក្នុងរង្វង់អាស៊ាន និងដៃគូអាស៊ាន អាចនឹងធ្វើឱ្យយើងមានប្រភពទំនិញគ្រប់គ្រាន់ ជំនួសឱ្យទំនិញដែលយើងធ្លាប់នាំចូលតាមច្រកព្រំដែនដែរ [ថៃ]»។
ចំណែកទំនិញកម្ពុជាដែលនាំចេញទៅថៃ ហើយរងផលប៉ះពាល់ លោកថា ក្រសួងពាណិជ្ជកម្មនឹងជំរុញប្រភពផ្សេងទៀត ដើម្បីស្រូបយកកសិផលទាំងនោះ ខណៈកម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីជាមួយចិនជាដើម។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ ថ្លែងថា ក្រសួងការងារបានដាក់ក្រុមការងារឱ្យរកការងារភ្លាមៗសម្រាប់ពលករខ្មែរនៅច្រកព្រំដែន ប្រសិនបើមានការឱ្យពួកគេចាកចេញពីថៃ។
លោកបញ្ជាក់៖ «មកដល់ខ្មែរយើងមានយន្តការទទួលយកបងប្អូនយើង។ ទន្ទឹងនឹងនោះ យើងក៏ដាក់ឱ្យមានការ រកការងារភ្លាមៗនៅច្រកព្រំដែនផ្ទាល់តែម្ដង ដែលនៅច្រកដូង ច្រកប៉ោយប៉ែត និងមួយទៀតក្រុងសិរីសោភ័ណ យើងដាក់នៅទីនេះតែម្ដង»។
ក្រៅពីនេះ លោកថា ក្រសួងក៏មានកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ពលករអាចរៀនជំនាញបច្ចេកទេសផងដែរ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា កម្ពុជាកំពុងវាយបកចំចំណុចរស៊ើបនៃសេដ្ឋកិច្ចរបស់ថៃ ដោយលោកអះអាងថា ទំនិញលើទីផ្សារកម្ពុជា១០ប្រភេទ មានទំនិញថៃ៥ប្រភេទហើយ។
ជាមួយគ្នានេះ លោកថា កម្ពុជានិងថៃ គួរតែពិភាក្សាគ្នាដើម្បីចៀសវាងការផ្ទុះអាវុធដែលនាំឱ្យមានការបាត់បង់ជីវិត និងខាតបង់ទាំងសងខាង។
លោកនិយាយថា៖ «ជាសម្ពាធទៅសម្ពាធមក វាមិនអាចក្លាយជាសង្រ្គាមទេ យើងរកគំនិតយ៉ាងណា ពិភាក្សាយ៉ាងណាទ្វេភាគី ដើម្បីកុំឱ្យសង្រ្គាមកើតឡើង ដែលអាចឈានដល់ការសម្លាប់ជីវិតមនុស្ស និងរងគ្រោះយោធាទាំងសងខាង»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ១,១៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិដដែលនេះ បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ ការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃ មានតម្លៃទឹកប្រាក់ប្រមាណ ២៥៥លានដុល្លារអាម៉េរិក បានធ្លាក់ចុះ ១០,៧% ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសថៃមកវិញ មានតម្លៃទឹកប្រាក់ប្រមាណ ៨៩៣លានដុល្លារអាម៉េរិក កើនឡើង ៦,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផលិតផលសំខាន់ៗរបស់កម្ពុជា នាំចេញទៅប្រទេសថៃភាគច្រើន មានដូចជា ផលិតផលកសិកម្ម ពោត ដំឡូងមី ស្រូវ អង្ករ កៅស៊ូ ស្វាយ និងផលិតផលឈើ ដែលភាគីថៃយកទៅកែច្នៃដើម្បីនាំចេញបន្ត។ ក្រៅពីនេះ ក៏មានផលិតផលគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងគ្រឿងបង្គុំខ្សែភ្លើងរថយន្ត ជាដើម។
ប្រភពដដែល ឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ សម្រេចបានប្រមាណ ៤,២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៥% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ ៨៤៤លានដុល្លារអាម៉េរិក កើនឡើង ៣,៣% ខណៈដែលកម្ពុជានាំចូលពីថៃ មានតម្លៃ ៣,៤៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,៩% ធៀបនឹងឆ្នាំ ២០២៣៕