ប្រធាន​បក្ស​​កាន់​អំណាច​នៅ​កម្ពុជា​​ថា​ កម្ពុជា​មិន​ស្លាប់​ដោយ​​សារ​ការ​​មិន​នាំ​ចូល​ប្រេង​​ពី​ថៃ

ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ​លើកឡើង​ថា កម្ពុជា​មិន​ស្លាប់​ដោយ​សារ​ការ​មិន​នាំ​ចូល​ប្រេងឥន្ធនៈ​ពី​​ប្រទេស​​ថៃ​​នោះ​​ទេ ព្រម​ទាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា​គួរ​ផ្អាក​ការ​នាំចូល​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ​ពី​ប្រទេស​​នេះ បន្ទាប់ពី​គណ​​ប​ក្ស​​ប្រឆាំង​ថៃ​មួយ​ ផ្ដល់​យោបល់​ទៅ​រាជរដ្ឋាភិបា​លខ្លួន​​​​ឱ្យ​​ឈប់​​លក់​​ប្រេង​ឥន្ធនៈ​​ឱ្យ​កម្ពុជា។

ក្នុង​​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់​​ប្រធានគណបក្ស​កាន់​អំណាច​នៅ​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន បានលើកឡើងថា នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ លោក​​ឃើញគណប​ក្ស​ប្រឆាំង​ថៃ​មួយ ជូន​យោបល់​​ទៅរាជ​រដ្ឋាភិ​បាល​ថៃ​ ឱ្យ​ឈប់​លក់​ប្រេង​ឲ្យ​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ចាញ់។

ករណីនេះ លោកបាន​​បញ្ជាក់​ទៅ​ខាងភាគី​​ថៃ​វិញ​ថា កម្ពុជា​មិន​ស្លាប់​ដោយ​សារ​មិន​នាំ​ប្រេង​ពី​ថៃ​មក​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ស្លាប់​នោះ ​គឺ​ក្រុម​ហ៊ុន PTT រប​ស់​ថៃ​ទៅ​វិញ​ទេ ខណៈ​​កម្ពុជា បាន​​ត្រៀ​ម​​ខ្លួន​​រួច​​រាល់​ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​ខាងថៃ​​គំរាម​​រួច​​ហើយ ទាំងរឿង​​​អ៊ីន​ធើណែត អគ្គិសនី ពលករ និ​ងពេល​នេះ រឿង​​ប្រេងទៀត។​

លោក​បាន​គូសបញ្ជាក់ថា៖ «បញ្ហា​ពលករ​ពេលមុន ពួក​អ្នក​មើល​ងាយ និង​រើស​អើង​ពលករ​ខ្មែរ និង​យក​ពលករ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ផង និង​គំរាម​យើង​ផង តែ​ពេល​ដែល​យើង​ប្រកាស​ទទួល​យក​ពលករ​ពេល​នេះ ពួក​អ្នកបែរ​ជា​ចេះ​យក​ចិត្ត និង​លួង​លោម​ពលករ ព្រោះបើ​ពលករ​ខ្មែ​រចាក​ចេញ​ រោង​ចក្រ កសិ​ដ្ឋាន ក្រុម​ហ៊ុន ការ​ដ្ឋាន​សំណង់​មួយ​ចំនួន អាច​ត្រូវ​បិទ​ទ្វារ ព្រោះ​ខ្វះ​កម្លាំ​ង​ពលកម្ម។ បើ​ពួក​អ្នក​ក្លាហាន សូម​ពួក​អ្នក​បណ្តេញ​ពលករ​ខ្មែរ​សាក​ល្បង​មើល តើ​វា​ប៉ះពាល់​សេដ្ឋ​កិច្ច​ថៃ​ខ្លះ​ទេ?។ ប្រេង​ក៏​ដូច​គ្នា​សូម​សាក​ល្បង​​មើល​ចុះ តែ​គួរសួរ​ក្រុម​ហ៊ុន​ថៃ PTT ជា​មុន​​សិន ព្រោះ​ក្រែង​វា​ងាប់​ក្រុម​ហ៊ុន​ថៃ ដែល​កំពុង​មាន​ស្ថានីយ​លក់​ប្រេង​នៅ​កម្ពុជា​ ឬ​ក៏​ត្រូវ​ឲ្យ​ក្រុម​ហ៊ុន​ប្រេង​របស់​ថៃ ទៅ​ទិញ​ប្រេង​ពី​ប្រទេស​ផ្សេង​មក​លក់​នៅ​កម្ពុជា»។

ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏​បានផ្ដល់យោបល់​​ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ពិចារណា​បង្វែរ​ការ​ទិញ​ទំនិ​ញ​ពី​ប្រទេស​ថៃ ដើម្បីកុំ​ឱ្យ​ភាគី​ថៃ​មាន​អាច​គំរាម​កម្ពុជា​ត​ទៅ​ទៀត​បាន ដោយ​កម្ពុជា​គួរ​ផ្អាក​ការ​នាំ​ចូលគ្រឿង​កំប៉ុង​គ្រប់​ប្រភេទ ទាំង​គ្រឿង​ស្រវឹង ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ ត្រី​ខកំប៉ុង ឬ​សាច់​កំប៉ុង​គ្រប់​ប្រភេទ ដោយ​ប្រើ​ផលិត​ផល​ក្នុង​ស្រុក ឬ​ផលិត​ផល​នាំ​ចូល​ពី​ប្រទេស​ផ្សេងៗ​ជំនួ​ស​វិញ។

ប្រធាន​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍​នៅ​ថ្ងៃទី​២១ ខែ​មិថុនា​​នេះ​​ថា កម្ពុជា​មាន​​ច្រក​ពាណិជ្ជ​កម្ម​​ច្រើន ក្រៅពីជាមួយ​ប្រទេស​ថៃ ខណៈវិធានការ​របស់​រដ្ឋាភិបាល​យ៉ាងណា​នោះ លោក​នៅពុំទាន់អាចប្រាប់បាននៅឡើយទេ។​

លោកបញ្ជាក់ថា៖ «យើងមានច្រកពាណិជ្ជកម្មច្រើនមិនមែនមានតែថៃទេ ដូច្នេះបើបិទច្រកថៃនៅមានច្រកផ្សេងទៀត នេះជាអត្ថន័យនៃពាក្យថា មិនស្លាប់ទេបើអត់សាំងថៃ។ ចំណែកវិធានការជាក់ស្តែងយ៉ាងណា ចាំជូនព័ត៌មានតាមក្រោយ»។

លោក ជា ច័ន្ទណារ៉ា អគ្គនាយក​នៃអគ្គនាយកប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល មាន​ប្រសាសន៍យ៉ាង​ខ្លី​ថា ទំហំ​នៃ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​​ពី​ប្រទេស​ថៃ​ មក​ប្រទេស​កម្ពុជា ដែល​គិតរួមទាំងប្រេងកាត និង​ប្រេង​​ម៉ាស៊ីន​​​ផងនោះមានចំនួនប្រមាណ ៣០ភាគរយនៃការនាំចូលសរុប។

បើតាម​សារព័ត៌មាន​ក្នុង​ស្រុក ដែលបានផ្សព្វផ្សាយកាលពីអំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ស្ថានីយ​ប្រេងឥន្ធនៈ PTT នៅ​​កម្ពុជា មាន​​ចំនួន ​១៨៣កន្លែង។​

សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា បើផ្អាក​ការ​នាំ​ចូល​ប្រេង​​ពីប្រទេស​ថៃ មិន​បង្ក​ផ​ល​​ប៉ះ​ពាល់​អ្វី​ដល់​កម្ពុជា​ឡើយ ព្រោះ​ការ​នាំចូល​ប្រេង​មក​កម្ពុជា​មាន​ច្រើន​ច្រកទៀត ដូចជា ​​ការ​​នាំ​ចូល​មក​ពី​ប្រទេស​​​បារាំង និង​វៀត​ណាម​ជាដើម​។ មួយវិញទៀត លោកថា ​ប្រសិន​បើ​ផ្អាក​ការ​នាំចូល​​គ្រឿង​កំប៉ុ​ងគ្រ​ប់​​ប្រភេទ​​ពី​ថៃ ក៏មិ​នបា​នធ្វើឱ្យប៉ះពាល់ដែរ តែជាឱកាសសម្រាប់ទីផ្សារ​ផលិតផល​ក្នុងស្រុក​ទៅវិញ។

លោកថា៖ «អញ្ចឹងកាលណាយើងមិននាំចូលប្រេងឥន្ធនៈពីប្រទេសថៃ យើងមានឱកាសក្នុងការនាំចូលពីបណ្តា​ប្រទេសផ្សេងៗទៀត វាមិនមានផលប៉ះពាល់ទៅលើការផ្កត់ផ្គង់ និងតម្រូវការនៃប្រេងឥន្ធនៈក្នុងស្រុក​ទេ ទី២ ផលិតផលគ្រឿងកំប៉ុង យើងឃើញថាមួយចំនួន គឺជាប្រភេទស្រាបៀរ ប្រភេទភេស្ជជៈ​ផ្អែម និងប្រភេទទឹកដោះគោ ហើយទីផ្សារធំនៅកម្ពុជា​គឺទឹកដោះគោ និងគ្រឿងឧបភោគ​បរិភោគមួយចំនួន អញ្ចឹង​ទេ ការ​បិទការ​នាំចូល ផលិត​ផល​ពី​ប្រទេស​ថៃ ក៏​មិន​មាន​ផល​ប៉ះពា​ល់​ដែរ ពេល​នេះ​ជា​ឱកាស​សម្រាប់​ផលិត​ផល​ពី​បណ្តា​ប្រទេស​ផ្សេងៗ ក្នុង​នោះដែ​រ​ទឹក​ដោះ​គោ​ក៏​ជា​ឱកាស​ឱ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក មាន​ឱកាស​ដណ្តើម​ទីផ្សារ​ធំទៅ​វិញ នេះជាសក្តានុពលរបស់ប្រទេសយើងដែរ»។

លោកមានអនុសាសន៍បន្ថែមថា ជាដំណោះស្រាយ រដ្ឋាភិបាលត្រូវតែលើកកម្ពស់កាផលិតនៅក្នុងស្រុកឱ្យ​បាន​​​ច្រើន ជា​ឱកាសជំរុញ ឧស្សាហកម្ម ផលិតកម្ម និងការដាំដុះបន្លែ ផ្លែឈើក្នុងស្រុក ឱ្យមានការរីក​ចម្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងធ្វើយ៉ាងណាឱ្យកម្ពុជារឹងមាំ លើសពីនេះកម្លាំងពលកម្មត្រូវមានជំនាញ​វិជ្ជាជីវៈ កាត់បន្ថយអំពើពុករលួយឱ្យបានជាអតិបរិមា និងលើកកម្ពស់នៃសេវាសាធារណៈឱ្យកាន់តែប្រសើរដើម្បី រួមចំណែកការអភិវឌ្ឍន៍ប្រទេស ឱ្យរឹងមាំបន្ថែមទៀត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង យល់​ឃើញ​ស្រដៀង​គ្នាដែរ​ថា បើសិន​មាន​ការ​ផ្អាក​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​ប្រទេស​ថៃ មិន​សូវ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​កម្ពុជា​ទេ ព្រោះ​កម្ពុជា​អាច​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀត​ ដូច​ជា ពី​ប្រទេស​វៀត​ណាម ចិន និងប្រទេសមួ​យ​ចំនួន​ទៀត​​ជា​ដើម។   

លោកថា៖ «ខ្ញុំថាវាមិនអីប៉ះពាល់ធំដុំទេ ព្រោះអីចរន្តសាច់ប្រេងឥឡូវនៅទីផ្សារអន្តរជាតិ វាខ្វះតែ​អ្នក​ទិញ​ទេ​​ចង់​​​​និយាយ​​​អញ្ចេះ​​ ​ដល់​អ៊ីចឹង យើងមានច្រកជាច្រើនដែលនាំចូលប្រេង មិនមែនតែថៃទេ ដូច្នេះបើ​សិន​មាន​ការផ្អាកពី​ថៃឬបិទពីថៃ អាហ្នឹងយើងបំពេញពីប្រទេសផ្សេងៗមកគឺគ្រប់ប្រើវិញដដែលទេ»។

​លោកឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននាំចូលប្រេងឥទ្ធនៈពីបរទេសមាន ដូចជា ក្រុមហ៊ុនអាមេរិក Caltex ក្រុម​ហ៊ុន​ Total របស់បារាំង និងក្រុមហ៊ុន Tela និង Sokimix របស់កម្ពុជាជាដើម ហើយជាមួយគ្នានេះ ក៏អាចជា​ឱកាសសម្រាប់ក្រុមហ៊ុន​ទាំងនេះធ្វើការនាំប្រេងចូលកម្ពុជា ជាពិសេសក្រុមហ៊ុនក្នុងស្រុក។

កាលពីថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៥ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ជា​ផ្លូវ​ការ​បិទ​ខ្ទប់​ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ​ពី​​ប្រទេស​ថៃ ខណៈ​ដែល​​យោ​ធា​ថៃ​​មិ​ន​ព្រម​បើក​​ទ្វារ​ព្រំដែន​ជាមួយ​កម្ពុជា​ឲ្យ​ដូច​ដើម​ឡើង​វិញ។ ការ​សម្រេចបិទនេះដែរ​ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធាន​គណបក្ស​​ប្រជាជនកម្ពុជា​​ លោក ហ៊ុន សែន ដែល​ទុក​ពេលឲ្យយោធា​ថៃ​២៤​ម៉ោង ដើម្បីបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចមុនវិញ​​ តែ​យោធា​​​ថៃ​នៅតែ​បន្តកាត់បន្ថយម៉ោង​ចេញ-ចូលតាមព្រំដែន ដោយ​ឯកតោភាគី។

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ បាន​ចាប់​ផ្ដើមកើនឡើង​​​កម្ដៅ ​បន្ទាប់​ពីទាហាន​​​ថៃ​ បាន​វាយ​​​​ឆ្មក់​​​ចូល​​​​មក​​​បាញ់​​​សម្លាប់​​ទាហាន​​ខ្មែរ​​ម្នាក់​ នៅ​តំបន់​​​មុំ​បី ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ កាលពី​​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​ឧសភា ឆ្នាំ​២០២៥។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការ​ពារ​ជាតិ​កម្ពុជា។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងត្រីមាសទី១ ឆ្នាំ​​២០២៥ សម្រេចបានតម្លៃទឹកប្រាក់​​សរុបប្រមាណ ១,១៤ពាន់លានដុ​ល្លារ​ កើនឡើង ២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ស្ថិតិដដែលនេះ បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ​នេះ ការនាំចេញរបស់​កម្ពុជា ទៅប្រទេសថៃ មាន​​តម្លៃទឹកប្រាក់ប្រមាណ ២៥៥លានដុល្លារអាម៉េរិក បានធ្លាក់ចុះ ១០,៧% ចំណែក​ការនាំចូលរបស់កម្ពុជា​ពីប្រទេសថៃមកវិញ មានតម្លៃទឹកប្រាក់ប្រមាណ ៨៩៣លានដុល្លារ​ កើនឡើង ៦,៧% បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលសំខាន់ៗរបស់កម្ពុជា នាំចេញទៅប្រទេសថៃភាគច្រើន មានដូចជា ផលិតផលកសិ​កម្ម ពោត ដំឡូង​មី ស្រូវ អង្ករ កៅស៊ូ ស្វាយ និង​​ផលិតផល​ឈើ ដែលភាគីថៃយកទៅកែច្នៃដើម្បីនាំចេញបន្ត។ ក្រៅ​ពី​នេះ ក៏មានផលិតផលគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងគ្រឿងបង្គុំខ្សែភ្លើងរថយន្ត ជាដើម៕

អត្ថបទគួរឱ្យចាប់អារម្មណ៍