គណៈកម្មការព្រំដែនចម្រុះកម្ពុជា ដាក់លិខិតតវ៉ាទៅថៃ ឱ្យដកបន្លាលួសចេញពីទឹកដីកម្ពុជា​

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ហៅកាត់ថា JBC បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ប្រទេស​ថៃ ដោយជំទាស់នឹងសកម្មភាពរបស់កងកម្លាំងថៃ ដែលបានពង្រាយបន្លាលួស សំណាញ់​ខ្មៅ និងដាក់កង់ឡាននៅក្នុងទឹកដីកម្ពុជា ដោយ​​ទាមទារឱ្យកងកម្លាំង​​ថៃ​ដក​សម្ភារៈ​ ​ទាំង​​អស់​​ចេញ​​វិញ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែសីហា លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែង​ថា កាលពីថ្ងៃទី១៩ ខែសីហា គណៈកម្មការព្រំដែនចម្រុះកម្ពុជា តាមរយៈក្រសួងការបរទេស បានដាក់លិខិតតវ៉ាទៅប្រទេសថៃ ចំពោះសកម្មភាពកងកម្លាំងថៃដែលបានរំលោភបំពានក្នុងទឹកដីកម្ពុជា តាមបណ្ដោយ​ព្រំដែន។

លោកបន្តថា ក្នុងលិខិតតវ៉ានោះ គណៈកម្មការ​ JBC កម្ពុជា បានស្នើឱ្យភាគីថៃ ដកសម្ភារៈទាំងអស់របស់ខ្លួនដែល​បានពង្រាយក្នុងដែនអធិបតេយ្យភាព​កម្ពុជាចេញ ហើយបានចាត់ទុកសកម្មភាពរបស់​កងកម្លាំង​ថៃ​នេះ​ថា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឡើងវិញ។

លោកបានបញ្ជាក់ថា៖ «JBC កម្ពុជា បានស្នើឱ្យកងទ័ពថៃរុះរើឧបករណ៍ទាំងអស់ ចេញពីតំបន់​ទាំង​ឡាយ​ដែលបានរំលោភ យើងយល់ថា ស្ថានភាពបែបនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការកសាងទំនុកចិត្តរវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឱ្យថៃ គោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វ​កិច្ចអន្តរជាតិទាំងអស់»។

អ្នកនាំពាក្យរងក្រសួងការបរទេស លោក ហុក សុភា ថ្លែងបញ្ជាក់ប្រាប់ Press Start Cambodia ​ យ៉ាងខ្លី​​ថា៖ «គណៈកម្មការ​​JBC ដាក់ពាក្យតវ៉ាតែត្រូវដាក់តាមក្រសួងការបរទេស ហើយដាក់តវ៉ានេះ គឺដាក់ទៅភាគីថៃ មិនមែនទៅភាគីទី៣ណានោះទេ»។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ ក្នុងអំឡុងចុះពិនិត្យមើលទីតាំងជាក់ស្ដែង ដែលជាទីកន្លែង​យោធា​ថៃ​រាយ​បន្លា​លួស​រំលោភ​យក​ទឹក​ដី​កម្ពុជា នៅ​តាម​ច្រក​ព្រំដែន នៅ​ថ្ងៃ​ទី​១៥ ខែសីហានេះ លោក​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចំនួន ១២គ្រួសារ ស្មើនឹង៥៩​នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋាន ដោយការរុលចូលទឹកដី​កម្ពុជាពីសំណាក់យោធាថៃ។

លោកបន្តថា ប្រជាពលរដ្ឋ​ទាំង​នោះ​ មាន​នៅ​ក្នុង​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយ​​​ក្នុងពេលយក​បន្លា​លួស​មក​ទន្ទ្រាន​យក​ទឹក​ដី​កម្ពុជា​នេះ ក៏​មាន​កា​រវាយរបងផ្ទះរបស់ប្រជាពលរដ្ឋកម្ទេច​ចោលផងដែរ។

ពលរដ្ឋមួយរូបដែលត្រូវបានកងកម្លាំងថៃយកបន្លាលួសហ៊ុមព័ទ្ធផ្ទះ អ្នកស្រី ហ៊ូល ម្លិះ អាយុ៥២ឆ្នាំ និយាយ​ថា ជារៀងរាល់ថ្ងៃ អ្នកស្រីដេកពីក្រោយផ្ទះរបស់អ្នកស្រី ដែលត្រូវបានបង្ខាំងដោយ​បន្លាលួស និងសំណាញ់ខ្មៅរបស់កងកម្លាំងថៃ។

អ្នកស្រី និយាយថា៖ «មានអារម្មណ៍ថាឈឺចាប់ មានផ្ទះតែមិនបាននៅ។ ខ្ញុំសង្ឃឹមថា ១០០ភាគរយ ខាងថ្នាក់លើ ខាងពុក [លោក ហ៊ុន សែន] ខាងម៉ែខ្ញុំ គាត់ជួយខ្ញុំទាល់តែបាន តាមមើល ខ្ញុំជឿជាក់គាត់ហ្មង»។

អ្នកស្រី បានរំលឹកថា កាលពីថ្ងៃទី១៣ ខែសីហា កងកម្លាំងថៃ បានប្រាប់ឱ្យអ្នកស្រីចាកចេញពីផ្ទះ ដោយទុកពេល២០នាទីសម្រាប់យកសម្ភារៈ ខណៈអ្នកស្រីយកបានតែខោអាវនិងចាន ឆ្នាំងប៉ុណ្ណោះ។

អ្នកស្រីអះអាងថា ក្នុងភូមិរបស់គាត់​ មានពលរដ្ឋ៦គ្រួសារ ត្រូវបានកងកម្លាំងថៃហ៊ុមព័ទ្ធផ្ទះ ខណៈអ្នកស្រីបានរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មាន​ជ័យ​​នេះ អស់រយៈពេលជាង​៣០ឆ្នាំមក​​ហើយ ដោយរដ្ឋបានចែកដីជូន ហើយក្រោយមកអ្នកស្រី បានទិញដីពង្រីក​បន្ថែម។ អ្នកស្រី​បន្តអះអាងទៀត​ថា ពីផ្ទះរបស់អ្នកស្រីទៅកាន់ព្រំដែន ឬប៉ុស្តិ៍តម្រួតថៃ មានចម្ងាយប្រមាណ ៨០០ម៉ែត្រ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា ថៃនឹងមិនយល់ព្រមតាមការស្នើរបស់កម្ពុជាក្នុង​ការ​ដក​បន្លា​លួស ដោយ​គ្រាន់តែការ​ដាក់លិខិតតវ៉ាទៅថៃនោះទេ។ លោកយល់​ថា​ រដ្ឋាភិបាលកម្ពុជា គួរមានវិធីសាស្រ្តផ្សេង ដើម្បីទប់ស្កាត់សកម្មភាព​របស់កងកម្លាំង​ថៃ ដូចជាប្រើ​ប្រាស់​​ច្បាប់​អន្តរជាតិ ឬលើកយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលថៃជាប្រទេសហត្ថលេខីផងដែរ ទៅកាន់អង្គការសហប្រជាជាតិឱ្យជួយអន្តរាគមន៍។

លោកថា៖ «ប្រសិនបើកម្ពុជាប្រើយន្តការច្បាប់អន្តរជាតិ ឬកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាធ្លាប់ចុះហត្ថលេខា ហើយថៃជាហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹង ទៅអង្គការសហប្រជាជាតិ ជួយអន្តរគមន៍ទើបមានប្រសិទ្ធភាព»។

​កាលពីថ្ងៃទី​១​២ និង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ កង​កម្លាំង​ប៉ារ៉ាថៃ​ និង​តម្រួត​ព្រំដែន​ថៃ ប្រដាប់​​ដោយ​អាវុធ បាន​ធ្វើស​កម្មភាព​ចូល​មក​ត្រួត​ពិនិត្យ នៅ​ទល់​មុខ​ច្រក​ជោគ​ជ័យ និង​បាន​រាយ​បន្លា​លួស និង​ដាក់កង់ឡាន នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លុះថ្ងៃទី១៤ ខែសីហា រដ្ឋាភិបាល​​​​​​កម្ពុជា ក៏បានទាម​ទារ​ឱ្យ​ភាគី​ថៃ ដក​បន្លា​លួស និង​កង់​​ឡាន​ដែល​បាន​ដាក់​ពង្រាយ​​ចេញ ហើយ​ទាម​​ទារឱ្យភាគី​ថៃ បញ្ឈប់ជាបន្ទាន់ និងដោយគ្មាន​លក្ខខណ្ឌ ​នូវរាល់សកម្មភាពដែលរំលោភបំពាន​បទ​ឈប់​​បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (JBC)៕

អត្ថបទគួរឱ្យចាប់អារម្មណ៍