នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា អាមេរិក​នឹងបន្តតាមដានស្ថានការណ៍ និង​ធានា​មិន​ឱ្យ​​ផ្ទុះ​អាវុធ​​ជាថ្មី​នៅព្រំដែនកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យ​ដឹងថា ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​បន្ត​តាម​ដាន​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាពរវាង​កម្ពុជា​ និង​ថៃ ដោយ​យកចិត្ត​ទុក​ដាក់ ដើម្បី​ធានា​មិន​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធឡើង​វិញ​ នៅ​តាម​បណ្តោយ​នៃប្រទេស​ជិត​ខាង​ទាំងពីរ​​នេះ​ទេ។

ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅព្រឹក​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៥នេះ បាន​ឱ្យ​ដឹងថា រូប​លោក​បាន​ជួប​ពិភាក្សា​តាម​​​ទូរសព្ទ ​ជា​មួយ​ប្រធា​នាធិបតី​សហ​រដ្ឋ​​អា​មេរិក​ លោក ដូណាល់​ ត្រាំ នៅយប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ដើម្បី​ពិភាក្សា​អំពី​ការ​វិវត្ត​សភាព​ការ​ណ៍​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-ថៃ ក្នុងគោល​បំណង​បន្ត​ជំរុញ​​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិ​ភាពរ​វាង​កម្ពុជា​និង​ថៃ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តថា លោក​បានអគុណ​ដល់​លោក ត្រាំ​ ដែល​បាន​ផ្តួច​ផ្តើម​ និង​សម្រប​​សម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​ រវាង​កម្ពុជា-ថៃ​កន្លង​មក និង​សម្រេច​បាន​នូវ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ទីក្រុង​គូឡា​ឡាំពួរ ដើម្បី​ស្វែងរ​ក​សន្តិភាពយូ​រ​អង្វែង​សម្រាប់​កម្ពុជា និងថៃ។ លោក​ក៏បានប្រាប់​ទៅ​លោក​ ត្រាំ ដែរថា ​​កម្ពុជា នៅ​តែ​ប្រកាន់​​ខ្ជា​ប់​​បន្ត​អនុវត្ត​តាម​សេចក្តីថ្លែង​ការណ៍នោះ ហើយ​​សង្ឃឹមថា ភាគី​ទាំង​ពីរ នឹង​បន្តធ្វើការ​​ជាមួយ​​គ្នា​ស្រប​តាម​គោលការណ៍ និង​​យន្ត​​ការ​ទ្វេ​ភាគី​ដែល​បាន​ឯកភាព​គ្នា។

លោ​កនាយករដ្ឋ​មន្ត្រី បានលើក​ឡើង​បន្ត​ក្នុ​ង​​សំណេរ​ដើម​​ថា​៖ «ឯកឧត្ត​មប្រ​ធានាធិបតី Trump បាន​គូស​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​ថា ឯកឧត្តម​ចង់ឃើញ​សន្តិ​ភាព​ស្ថិត​ស្ថេរ​រវាង​កម្ពុជានិង​ថៃ។ ក្នុង​ន័យ​នេះ ឯកឧត្ដម​ប្រធានាធិបតី នឹង​បន្ត​តាម​ដាន​កិច្ច​ការ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានាមិ​ន​ឱ្យ​មាន​ការ​ផ្ទុះអាវុធឡើង​វិញ​នៅប​ណ្តោយ​ព្រំដែន​កម្ពុជា-ថៃ»។

បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​​កម្ពុជាប​ន្តរ​ក្សាជំ​ហរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយសន្តិ​វិធី ដោយ​អនុ​លោម​តាម​គោល​ការណ៍ និង​យន្ត​ការ​ដែល​បាន​ឯកភាព​គ្នាក​ន្លង​មក ដើម្បីដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ និង​កសាង​សន្តិ​ភាព​យូរ​អង្វែង​រវាង​ប្រទេសទាំ​ង​ពីរ។

កាលពីរសៀលថ្ងៃម្សិលមិញ ​លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​​ជាមួយ​ប្រធាន​អាស៊ាន​ប្តូរ​វេន និងជា​​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី លោក អាន់វ៉ា អ៊ីប្រា​ហ៊ីម ផងដែរ​ដោយ​បាន​ជជែកអំពី​ការ​បន្ត​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ ដោយ​សន្តិ​វិធី។

ការ​ជួប​ពិភាក្សា​តាមទូរសព្ទ​រវាង​នាយករដ្ឋមន្ត្រីកម្ពុជា និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីនេះ ធ្វើ​ឡើង​ក្រោយ​ពី​យោធាថៃ បាន​បាញ់​ប្រហារ​មកលើ​ប្រជាពលរដ្ឋ​​ខ្មែរ នៅភូមិ​ព្រៃ​ចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពីថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បណ្តាលឱ្យ​ពលរដ្ឋខ្មែរ​ម្នាក់បានស្លាប់​បាត់​បង់​ជីវិត និង​៣នាក់​ទៀតរង​របួស។  

លោក លី សុវណ្ណារិទ្ធ អ្នកនាំ​ពាក្យ​រដ្ឋ​បាល​ខេត្តប​ន្ទាយ​មាន​ជ័យ បាន​ឱ្យ​ដឹងថា ស្ថានភាពនៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​នេះ មានសភាព​ស្ងប់ស្ងាត់គិត​ត្រឹម​រសៀល​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ ខណៈពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ នៅ​តែ​បន្តស្នាក់​នៅ​ជំរុំ​ភៀស​សឹក​​​ដើម្បី​សុវត្ថិ​ភាព។

លោកថា៖ «នៅព្រំដែនស្ងប់ស្ងាត់ ហើយ​អ្នក​ដែល​មក​នៅ​ភៀស​សឹក​ហ្នឹង ទទួល​បាន​ការ​ជួយ​គាំទ្រ​ពី​សម្ដេច​តេជោ សម្ដេចធិបតី និង​ក្រុម​ការ​ងារ​គ្រប់​លំដាប់​ថ្នាក់ សាធារណ​ជន​មាន​ទាំង​ព្រះ​សង្ឃ​ជួយ​ផ្ដល់​អំណោយ​ផ្គត់​ផ្គង់​ពួក​គាត់​ទាំង​ស្បៀង ទាំង​ការ​ស្នាក់​នៅ​ និង​អ្វីៗផ្សេ​ង​ទាំង​អស់​បាន​បរិបូណ៌​ហើយ មិន​អ្វី​នោះ​ទេ»។

ឆ្លើយតបនឹងស្ថានការណ៍បច្ចុប្បន្ន លោករំពឹងថា ស្ថានភាពនិង​ត្រឡប់​មក​ដូច​ដើម​វិញ​​ក្នុ​ង​ពេល​ដ៏​ខ្លី បន្ទាប់​ពីកម្ពុជា​បាន​បង្ហាញ​ជំហរ​រឹង​មាំ​នូវ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​មធ្យោបាយ​ការ​ទូត។

ចំណែក ​លោក ពៅ បឿន មេភូមិព្រៃចាន់ បាន​ឱ្យ​ដឹង​ដែរថា​ ពលរដ្ឋ​នៅភូមិ​ព្រៃ​ចាន់​ជាង ២៦០គ្រួសារ និង​នៅភូមិ​ជោគ​ជ័យ​ប្រមាណជិត ៥០០គ្រួសារ បាននិងកំពុង​ស្នាក់​​នៅក្រោ​ម​តង់ និង​សាលា​ឆាន់​នៅ​​ក្នុ​ង​​វត្ត​​ចាន់​​​ស៊ី​​​​សាមគ្គី​​រតនា​រាម ស្ថិត​នៅ​ឃុំកូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

អ្នក​​តាមដាន​​ភូមិសាស្ត្រ​​នយោបាយ​​​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី ​បាន​លើក​ឡើង​ថា ចំណាត់​កា​រប​ន្ទាប់​របស់​កម្ពុជា​គួរ​តែ​មាន​ភាព​តឹង​រឹង ស្រប​ទៅ​តាម​ច្បាប់ និង​ប្រកប​ទំនួល​ខុស​ត្រូវ​ជាក់​ស្ដែង។

លោកបន្ត​​ថា៖ «រដ្ឋាភិបាលគួរតែថ្កោលទោសការសម្លាប់ជនស៊ីវិលកម្ពុជា ថាជា​ការ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​​កិច្ច​​ព្រម​ព្រៀង​សន្តិភាព​ និង​បទ​ដ្ឋាន​មនុស្ស​ធម៌[…] កម្ពុជា​គួរ​តែ​បង្ហាញ​សារ​ទៅ​កាន់​សាធារណជន ក៏ដូចជាអន្តរជាតិឲ្យ​បានច្បាស់ថា កម្ពុជា​នឹង​មិន​ឆ្លើយតបដោយ​អាវុធ​នោះ​​ទេ ប៉ុន្តែក៏មិនអនុញ្ញាត​ឲ្យប្រជាពលរដ្ឋ​របស់ខ្លួន ​ត្រូវបាន​សម្លាប់​​ដោយ​និទណ្ឌ​ភាព​នោះ​ដែរ»។

កន្លងមក ​​កម្ពុជា និងថៃ បាន​​​ចុះ​ហត្ថលេខា​ទៅ​លើ​កិ​ច្ច​ព្រម​ព្រៀង​ចំនួន​ពីរ​រួច​មក​ហើយ ក្នុងនោះ​មាន​កិច្ច​ព្រម​ព្រៀង​​បទ​ឈប់​បាញ់ ដែល​បាន​ចូល​ជា​ធរមាន​នៅថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ ២០២៥ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​ទើប​តែ​ចុះ​ហត្ថ​លេខា កាលពី​ថ្ងៃទី២៦ ​ខែ​តុលា ​ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែលមាន​​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក​​ ដូណាល់ ត្រាំ ធ្វើ​ជា​សាក្សី​​។

ក្នុង​​កិច្ចព្រមព្រៀងសន្តិភាព​នោះ បានបញ្ជាក់ពីការដោះលែង​ទាហាន​ខ្មែរ​​​ ចំនួន​ ១៨នាក់ ដែល​ភាគី​ថៃ​បាន​ចាប់​ឃុំ​ខ្លួន ការ​ដក​ហូត​អាវុធ​ធុន​​ធ្ងន់​​​ពី​តំបន់​ព្រំដែន និង​ការ​ជួយ​សហការ​ដោះ​ស្រាយ​បញ្ហា​​មីន​សល់​ពី​​សង្គ្រាម ព្រមទាំង​ពង្រឹង​សន្តិភាព​តាម​បណ្តោយ​ព្រំដែន និង​សហការ​ក្នុង​ការ​ដោះ​​ស្រាយ​ជម្លោះ​ដោយ​សន្តិភាព។

ប៉ុន្តែក្រោយកា​រអនុវត្ត​កិច្ចព្រមព្រៀងសន្តិភាព បានប្រមាណ ២សប្តាហ៍ និង​ក្រោយ​មាន​ហេតុការណ៍​ទាហាន​​​ថៃ​​​ជាន់មីនរង​របួស​នេះ រដ្ឋាភិបាលថៃ បាន​ប្រកាស​ផ្អាក​​ការ​អនុវត្ត​​តា​ម​​កិច្ច​​ព្រម​​ព្រៀង​​សន្តិភាព​ជាមួយ​កម្ពុជា ដោយចោទ​កម្ពុជា​ថា បាន​ដាក់​​មីន​ថ្មី តាម​បណ្តោយ​ព្រំ​ដែន តែការ​ចោទនេះត្រូវបាន​កម្ពុជា​បដិសេធ៕