មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការដែលភាគីថៃបានសម្រេចបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយឯកតោភាគី នៅល្ងាចថ្ងៃទី២៣ ខែមិថុនានោះ គឺថៃខ្លួនឯងជាអ្នកខាតបង់ខ្លាំងខាងផ្នែកពាណិជ្ជកម្ម ខណៈកម្ពុជាមិនសូវប៉ះពាល់នោះទេ។
ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្រោយពីខាងប្រទេសថៃ បានប្រកាសកាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ ដោយបានសម្រេចបិទដោយឯកតោភាគីនូវច្រកព្រំដែនទាំងអស់ ជាមួយកម្ពុជា។ ការបិទច្រកព្រំដែននោះ ខាងភាគីថៃ បានបិទគ្រប់មធ្យោបាយធ្វើដំណីរ ទេសចរណ៍ និងពាណិជ្ជកម្ម តែមានការលើកលែងសម្រាប់តែគោលបំណងមនុស្សធម៌ គឺអនុញ្ញាតឱ្យតែអ្នកជំងឺ និងសិស្សប៉ុណ្ណោះ ដែលអាចចេញចូលប្រទេសទាំងពីរបាន។ នេះបើតាមការផ្សាយរបស់កាសែតថៃ The Nation។
ជាការឆ្លើយតប ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងប្រាប់ Press Start Cambodia យ៉ាងខ្លី នៅរសៀលថ្ងៃទី២៤ ខែមិថុនានេះថា ការសម្រេចបិទច្រកព្រំដែនពីសំណាក់ភាគីថៃដោយឯកតោភាគីនេះ បានធ្វើឱ្យភាគីថៃខាតបង់ប្រយោជន៍ខ្លួនឯង។
លោកថា៖ «កម្ពុជាយើងៗអត់បិទមុនទេ តែយើងកំដរថៃបាន ថៃបិទខាងគេ យើងបិទខាងយើងវិញទៅ[…]អ្នកដែលខាតធំជាងគេគឺថៃ មិនមែនកម្ពុជាទេ។ កម្ពុជាយើងរងផលប៉ះពាល់ដែរ ប៉ុន្តែយើងនឹងដោះស្រាយជូនបងប្អូនយើង។ ចំណែកពាណិជ្ជកម្មដែលមកធំហ្នឹងគឺថៃហ្នឹងឯង ទទួលយកខ្លួនឯង ខាតខ្លួនឯង អ្នកធ្វើខ្លួនឯង»។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ មានប្រសាសន៍ថា ក្រោយការប្រកាសរបស់ថៃនោះ នៅព្រឹកថ្ងៃអង្គារនេះ ខាងភាគីថៃបានបិទគ្រប់ច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយបិទគ្រប់មធ្យោបាយធ្វើដំណីរ ទេសចរណ៍ និងពាណិជ្ជកម្ម លើកលែងតែការចេញចូលរបស់អ្នកជំងឺ និងសិស្សតែប៉ុណ្ណោះ។ លោកបន្តថា ការបិទនេះធ្វើឱ្យប៉ះពាល់ទាំងពលរដ្ឋខ្មែរ និងពលរដ្ឋថៃ។
លោកបន្តថា៖ «ឥឡូវស្ថានភាពព្រំដែននេះបិទហើយ គេបិទការធ្វើដំណើរ និងមធ្យោបាយគ្រប់ប្រភេទ ទី២ ភ្ញៀវទេសចរ ទី៣ ពាណិជ្ជកម្ម អាហ្នឹងខ្ញុំឃើញលិខិតបញ្ជាក់របស់ថៃ[…] ការបិទ ពិតជាប៉ះពាល់ចរាចណ៍ ទំនិញចេញចូល ប្រជាពលរដ្ឋនៅតាមព្រំដែន ពិតជាប៉ះ មិនមែនប៉ះតែខ្មែរទេ ថៃប៉ះច្រើនជាងយើងទៀត ពលរដ្ឋដែលនៅព្រំដែនប៉ះពាល់ផ្ទាល់ ប៉ុន្តែពលរដ្ឋដែលរកស៊ីនៅខេត្តផ្សេងៗ ប៉ះជាប្រយោល។ ការបិទនេះគឺជាការបិទដោយឯកតោភាគី»។
តាមរយៈវីដេអូខ្លីមួយនៅលើបណ្តាញសង្គម អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ប្រាប់ក្រុមប្រជាពលរដ្ឋនៅព្រឹកថ្ងៃអង្គារនេះថា ភាគីថៃបានបិទច្រកព្រំដែនទាំងអស់នៃខេត្តជាប់ព្រំប្រទល់ថៃទាំង៧ខេត្ត រួមទាំងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ កាលពីយប់ថ្ងៃទី២៣ ខែមិថុនាម្សិលមិញ។ តែយ៉ាងណា លោកថា មានការអនុញ្ញាតឱ្យសិស្សចេញចូលធម្មតា ហើយលោកក៏កំពុងរិះរកវិធីឱ្យពលរដ្ឋខ្មែរដែលកំពុងលក់ដូរនៅផ្សាររ៉ុងខ្លឿ ឯប្រទេសថៃអាចត្រឡប់ចូលស្រុកវិញ។
លោកថា៖ «ពីពេលនេះទៅ គេប្រកាសបិទច្រកព្រំដែនទាំងស្រុង សូមជម្រាបជូនពុកម៉ែបងប្អូនមិនបាច់មកទីនេះទៀតទេ[…] យើងកំពុងតែធ្វើការសម្របសម្រួលចំពោះបងប្អូនដែលនៅផ្សាររ៉ុងខ្លឿនេះ ធ្វើម៉េចបើសិនជាគាត់ចង់មក ធ្វើម៉េចឱ្យគាត់ចូលមកបាន»។
យោងតាមទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់ ឱ្យដឹងថា តាមការសង្កេតពីទិដ្ឋភាពជាក់ស្តែង មានពលករខ្មែរយ៉ាងច្រើនកកកុញ បានធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃអង្គារនេះ ប៉ុន្តែពួកគេត្រូវរងចាំតាំងពីព្រឹក រហូតដល់ម៉ោង៦ល្ងាច ទើបទាហានថៃ បើកច្រកឲ្យចូលមកក្នុងប្រទេសកម្ពុជាវិញ។
អាជីវករម្នាក់ដែលនាំទំនិញពីប្រទេសថៃ មកលក់នៅខេត្តកណ្តាល បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ បានធ្វើឱ្យពលរដ្ឋមានការខាតបង់ ក្នុងការលក់ដូររកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ករណីនេះ អ្នកស្រីបានស្នើដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ ដើម្បីឱ្យពលរដ្ឋអាចវិលត្រឡប់ទៅប្រកបការងារចិញ្ចឹមជីវិតដូចដើមវិញ។
អ្នកស្រីថា៖ «សំណូមពររាជរដ្ឋាភិបាលដោះស្រាយបញ្ហាហ្នឹងឱ្យលឿនរួចរាល់ ឆាប់បានមានវិធានការដោះស្រាយបញ្ហាទាំអស់ហ្នឹង»។
ជុំវិញករណីនេះ អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ឃើញថា វិធានការរបស់ភាគីទាំងសងខាងគឺទាំងកម្ពុជា និងថៃ ហាក់មានការសងសឹកគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងៗ ដែលអាចឈានទៅដល់ការផ្ទុះអាវុធដាក់គ្នា។
លោកថា៖«ការទាក់ទងការចរចាគ្នាអី វាដូចជាមិនមានការបញ្ជូនព័ត៌មានអីទៅវិញទៅមក គឺមានតែវិធានការប្រឈមដាក់គ្នា។ អញ្ចឹងសម្រាប់យើងខាងកម្ពុជា យើងត្រូវតែរក្សាត្រៀមកម្លាំងនៅតាមព្រំដែនប្រុងប្រយ័ត្នខ្ពស់រហូតទៅ ហើយបញ្ហាជនស៊ីវិលនៅតាមបណ្ដោយព្រំដែន ថាតើយើងមានជាយុទ្ធសាស្ត្រ ឬផែនការអីសម្រាប់ជម្លៀស ឬផ្ដល់សុវត្ថិភាពគ្រប់គ្រាន់ដល់ពួកគាត់»។
គួរជម្រាបជូនថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ បានចាប់ផ្ដើមកើនឡើងកម្ដៅ បន្ទាប់ពីទាហានថៃ បានវាយឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
កម្ដៅវិវាទព្រំដែននេះ ប្រទេសទាំងពីរ ហាក់មានភាពតានតឹងឡើងបន្ថែមទៀត ក្រោយភាគីថៃដាក់សម្ពាធកម្ពុជា តាមរយៈការបិទព្រំដែនដោយឯកតោភាគី ការគំរាមថាកាត់ផ្ដាច់អគ្គិសនី និងសេវាអ៊ីនធឺណិតជាដើម ហើយកម្ពុជាបានប្រកាសផ្អាកការនាំចូលពីប្រទេសថៃនូវ បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ៕