រដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការរៀបចំឯកសារដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយជម្លោះព្រំដែនរ៉ាំរ៉ៃជាមួយប្រទេសថៃ នៅតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីក្នុងខេត្តព្រះវិហារ។
ភាពតានតឹងរវាងកម្ពុជា-ថៃ បានផ្ទុះឡើងសារជាថ្មី បន្ទាប់ពីទាហានថៃដែលកម្ពុជាអះអាងថា បានបាញ់មកលើលេណដ្ឋានកងទ័ពកម្ពុជា នៅវេលាទាបភ្លឺកាលពីចុងខែឧសភា និងបានបណ្ដាលឲ្យកងទ័ពកម្ពុជាម្នាក់ស្លាប់បាត់បង់ជីវិត។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា គណៈកម្មការដែលត្រូវបានបង្កើតឡើងនេះ គឺដើម្បីតតាំងក្ដីនៅតុលាការអន្តរជាតិ ICJ ដោយមានភារកិច្ចពិនិត្យ និងសម្រេចជ្រើសរើសមេធាវីការពារក្ដី រៀបចំឯកសារដែលចងក្រងជាមួយមេធាវីអន្តរជាតិសម្រាប់បញ្ជូនទៅតុលាការ។
ប្រភពដដែល បន្តថា គណៈកម្មការនេះ មានសមាសភាពចំនួន ១៥រូប ក្នុងនោះមានរដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ជាប្រធាន។ គណៈកម្មការនេះ ក៏ដើរតួជាតំណាងរបស់កម្ពុជា នៅចំពោះមុខតុលាការអន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យបណ្ដឹងរហូតដល់បញ្ចប់នីតិវិធីនៅតុលាការ និងរាយការណ៏ពីលទ្ធផល និងសុំការណែនាំពីរដ្ឋាភិបាលក្នុងករណីចាំបាច់។
គណៈកម្មការ ក៏មានក្រុមការងារចំណុះចំនួនពីរ គឺក្រុមការងារកិច្ចការច្បាប់ និងក្រុមការងារកិច្ចការការទូត។
ក្រុមការងារកិច្ចការច្បាប់មាន សមាសភាព២១រូប ដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជាប្រធាន និងក្រុមការងារកិច្ចការការទូត មានសមាសភាព ១២រូប ដែលលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស ជាប្រធាន។
Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយពី លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានទេ ដោយខលចូលតែមិនមានអ្នកទទួល។
ពលរដ្ឋមួយរូបរស់នៅចម្ងាយពី១៧គីឡូម៉ែត្រពីព្រំដែនថៃ ច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អ្នកស្រី សេង វណ្ណា បានគាំទ្រចំពោះការបង្កើតគណៈកម្មការ និងការប្តឹងរឿងបញ្ហាព្រំដែនជាមួយថៃនេះទៅកាន់តុលាការអន្តរជាតិ ខណៈអ្នកស្រីនិងអ្នកភូមិផ្សេងទៀត មិនចង់ឱ្យមានសង្រ្គាមផ្ទុះនោះទេ។
អ្នកស្រី និយាយថា៖ «ខ្ញុំជាប្រជាពលរដ្ឋម្នាក់ៗចង់បានសន្តិភាព ហើយខ្ញុំអត់ចង់បាន [សង្រ្គាម] ប្រសិនបើមានផ្ទុះ គឺមានការស្លាប់ម្ខាងៗ ជៀសវាមិនផុត […] បើច្បាំងគឺវាមានស្លាប់ហើយគេចមិនផុតទេ ខ្ញុំជាពលរដ្ឋនៅដេកមិនលក់ ចុះទម្រាំបងៗ [ស្រីៗ] មានគ្រួសារជាកងទ័ព»។
បើតាម អ្នកស្រី វណ្ណា ចាប់តាំងពីមានការប៉ះទង្គិចកើតឡើងសារជាថ្មីកាលពីថ្ងៃទី២៨ ខែឧសភានោះ សកម្មភាពអាជីវកម្មនៅក្នុងតំបន់ ក៏មានសភាពស្ងប់ស្ងាត់ ខណៈអ្នកស្រុកចាប់ផ្ដើមសន្សំសំចៃលើការចំណាយ។
អ្នកតាមដានភូមិសាស្រ្តនយោបាយ លោក សេង វណ្ណលី ក៏បានបង្ហាញការសាទរចំពោះការបង្កើតគណៈកម្មការ ដើម្បីរៀបចំផែនការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិនេះដែរ។
លោកថា ពេលវេលាបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា គឺត្រូវព្យាយាមជជែកជាមួយភាគីថៃ ដើម្បីពាំនាំរឿងក្ដីក្ដាំងនេះទៅតុលាការរួមគ្នា ដើម្បីចៀសវាងការមិនទទួលស្គាល់យុត្តាធិការរបស់តុលាការ នៅពេលដែលចេញសាលក្រម។
លោកនិយាយថា៖ «តែបើសិនជាភាគីថៃមិនព្រមជាមួយកម្ពុជា ក្នុងការរុញវិវាទនេះទៅជាមួយ ហើយកម្ពុជាប្ដឹងថៃ ហើយថៃមិនឡើងការពារក្ដីរបស់ខ្លួននៅតុលាការអន្តរជាតិ វាកើតមកដោយបញ្ហាផ្សេងៗ ដូចជា ការមិនគោរពសាលដីកាតុលាការយុត្តិធម៌អន្តរជាតិពីភាគីថៃ ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិទ្វេភាគី ក៏ដូចជាកិច្ចសហការផ្នែកសេដ្ឋកិច្ចនិងការវិនិយោគ»។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានថៃ The Nation ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai នៅថ្ងៃពុធនេះ បានច្រានចោលនូវចំណាត់ការរបស់កម្ពុជា ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទាក់ទងនឹងតំបន់ជម្លោះព្រំដែនចំនួនបួន ដោយលោកបញ្ជាក់ថា ប្រទេសថៃបានត្រៀមរួចរាល់ជាមួយនឹងវិធានការឆ្លើយតបសមស្រប។
លោក Phumtham បាននិយាយថា វាស្ថិតនៅក្នុងសិទ្ធិរបស់កម្ពុជា ក្នុងដំណើរការនីតិវិធីផ្លូវច្បាប់ ប៉ុន្តែលោកបានរំលឹកឡើងវិញថា ប្រទេសថៃមិនបានទទួលយកយុត្តាធិការរបស់តុលាការ ICJ ក្នុងរឿងបែបនេះទេ។
នៅដើមខែមិថុនានេះ ថ្លែងក្នុងសមាជលើកទីមួយរបស់ព្រឹទ្ធសភា-រដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា នឹងដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងគោលបំណងបញ្ចប់បញ្ហាដែលបន្តអូសបន្លាយ រហូតឈានដល់មានការប្រឈមមុខដាក់គ្នាជាមួយភាគីថៃ ដោយសារតែមិនទាន់មានបង្គោលព្រំដែនច្បាស់លាស់។
ក្រោយចប់ការថ្លែងសាររបស់លោកនាយករដ្ឋមន្ត្រី សមាជិកសភា និងព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រទាំងស្រុងដោយមានសំឡេងសរុប១៨២ ចំពោះការរៀបចំបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។
រវាងឆ្នាំ២០០៨ និង២០១១ កងទ័ពកម្ពុជា-ថៃបានប៉ះទង្គិចគ្នានៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ ហេតុការណ៍នេះកើតក្រោយពេលដែលអង្គការយូណេស្កូ បានដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
យ៉ាងណា ភាពតានតឹងរវាងកម្ពុជា-ថៃ បានផ្ទុះឡើងសារជាថ្មីបន្ទាប់ពីទាហានថៃដែលកម្ពុជាអះអាងថា បានបាញ់មកលើលេណដ្ឋានកងទ័ពកម្ពុជានៅវេលាទាបភ្លឺថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥ និងបានបណ្ដាលឲ្យលោកព្រឹន្ទបាល សួន រ៉ោន ពលីជីវិត។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ៕