រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងទីផ្សារកសិកម្ម ដើម្បីជួយឱ្យជីវភាពកសិករកាន់តែប្រសើរឡើង ក្រោយភាគីថៃសម្រេចបិទច្រកព្រំដែនរបស់ខ្លួនដោយឯកតោភាគី។
ថ្លែងនៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ១ ខែកក្កដា ឆ្នាំ២០២៥ នៅស្រុកបាទី ខេត្តតាកែវ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជាត្រៀមលក្ខណ:ជាស្រេចដោយខ្លួនឯង ដើម្បីស្វែងរកទីផ្សារក្នុងស្រុក និងក្រៅស្រុក សម្រាប់កសិផលរបស់កសិករ។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ម៉ោងស្មើនេះ ការនាំចេញទំនិញទៅប្រទេសថៃ គឺមិនសូវមានច្រើនទេ តែយ៉ាងណារដ្ឋាភិបាលនឹងជួយកសិករ ត្រៀមគ្រប់បែបយ៉ាង មិនឱ្យប្រទេសដទៃមើលងាយបានទេ ហើយមិនឱ្យកសិករយើងស្លាប់ដោយគ្មានរដ្ឋ គ្មាននរណាជួយនោះដែរ»។
ប្រទេសថៃចាប់ផ្តើមបិទច្រកព្រំដែនជាឯកតោភាគី កាលពីដើមខែមិថុនា ក្រោយកម្ពុជាបដិសេធមិនព្រមចរចា ៤ចំណុច រួមមាន ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី តាមការស្នើសុំក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC)។ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ទើបរដ្ឋាភិបាលកម្ពុជាសម្រេចបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃជាផ្លូវការតបវិញ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងនៅព្រឹកថ្ងៃអង្គារនេះផងដែរថា បច្ចុបប្បន្ន កម្ពុជាបានប្រែក្លាយពីកសិកម្មប្រពៃណីមកជាកសិកម្មទំនើប ដែលធានាសន្តិសុខស្បៀងពេញលេញ ថែមទាំងអាចមានលទ្ធភាពនាំចេញទៅក្រៅប្រទេស មួយឆ្នាំៗរាប់លានតោន។
លោក ឌិត ឌីណា មានប្រសាសន៍ថា៖ «កសិកម្មមិនត្រឹមតែអាចជំនួយស្បៀងទាំងក្នុងនិងក្រៅប៉ុណ្ណោះទេ វាអាចនាំចេញរាប់លានតោនក្នុងមួយឆ្នាំ និងនាំមកនូវរូបិយប័ណ្ណបរទេសរាប់ពាន់លានដុល្លារ ហើយរួមចំណែកសំខាន់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តយ៉ាងសកម្មលើការបង្កើនល្បឿនកសិកម្ម ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាជម្នះបាននូវបញ្ហាប្រឈមទាំងកត្តាខាងក្នុង និងខាងក្រៅ ដូចជា គ្រោះទឹកជំនន់ ការបំផ្លាញសមាសភាពចង្រៃ និងឥទ្ធិពលអេលីយ៉ូម ជាដើម។ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម។
ទន្ទឹមនឹងកំណើនផលកសិកម្មខាងលើ កសិករម្នាក់មកពីខេត្តឧត្តរមានជ័យ អ្នកស្រី កែវ ស៊ិន ប្រាប់ Press Start Cambodia ថា អ្នកស្រីសប្បាយចិត្ត ប្រសិនបើរដ្ឋាភិបាលជួយរកទីផ្សារទូលំទូលាយដូចការលើកឡើងរបស់គាត់ក្នុងពេលកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ។
តែយ៉ាងណា អ្នកស្រីមិនទាន់មានទំនុកចិត្តលើការប្តេជ្ញានេះទាំងស្រុងនោះទេ ដោយសារកន្លងមកអ្នកស្រីសង្កេតឃើញតម្លៃកសិកម្ម តែងតែស្រុតចុះនៅពេលកសិករចាប់ផ្តើមប្រមូលផល ហើយមានដំណោះស្រាយយូរឆ្នាំមកហើយ។
អ្នកស្រី កែវ ស៊ិន និយាយថា៖ «បើរកទីផ្សារឱ្យកសិករមែន ខ្ញុំនឹងសប្បាយចិត្តហើយ! កាលណាតម្លៃថ្លៃពួកខ្ញុំមានកម្លាំងចិត្តនឹងធ្វើ បើថោកខ្ញុំមានកម្លាំងចិត្តឯណាទៅធ្វើ? ដូចសព្វឆ្នាំមិនទាន់ប្រមូលផលអ្វីៗក៏មានតម្លៃថ្លៃ ដល់ពេលមានផលស្រូវ ផលដំឡូងចូលមកដល់ តម្លៃនឹងចេះចុះមួយចោះមួយរហូត»។
រីឯកសិករមកពីខេត្តកំពង់ឆ្នាំង លោក ពត ជីវ័ន្ត និយាយថា លោកហាក់មិនសូវមានជំនឿលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដែរ ព្រោះកន្លងមក រដ្ឋាភិបាលបានបរាជ័យតាំងពីការរកទីផ្សារជូនកសិករ អស្ថិរភាពតម្លៃ និងលំហូរចូលទំនិញពីប្រទេសជិតខាង។
លោក ពត ជីវ័ន្ត និយាយថា៖ «ព្រោះកន្លងមកគាត់មិនដែលឃើញធ្វើបាន ហើយខ្ញុំបារម្ភថា គ្រាន់ជាពាក្យពីរោះស្តាប់ តែបើភាពជាក់ស្តែងវាអត់មាន» ។
ជុំវិញរឿងនេះ អ្នកសិក្សាបញ្ហាសង្គមនិងនយោបាយ លោក ប៉ោ មករា យល់ថា កន្លងមក កម្ពុជាពឹងផ្អែកលើការនាំចេញស្ទើរតែទាំងស្រុងទៅប្រទេសថៃ វៀតណាម ចិន សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដូច្នេះដើម្បីពង្រឹងយន្តការទីផ្សារកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងដោយខ្លួនឯងបាន កម្ពុជាត្រូវពង្រឹងសមត្ថភាពកសិករ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនៃការតម្លើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិកជាមុនសិន ដែលជាទីផ្សារសំខាន់មួយរបស់កម្ពុជា។
លោក ប៉ោ មករា មានប្រសាសន៍ថា៖ «ម្យ៉ាងទៀត រដ្ឋាភិបាលគួរពង្រឹងសមត្ថភាពកសិករ ព្រោះបច្ចុប្បន្នចំនួនអ្នកធ្វើកសិកម្មកាន់តែតិចគួរបារម្ភ ព្រោះជាប្រវត្តិសាស្ត្រកន្លងមកកម្ពុជាពឹងផ្អែកលើការធ្វើកសិកម្ម។ ប្រសិនបើវាធ្លាក់ចុះនឹងឯងរុញប្រជាជនធ្វើចំណាកស្រុកកាន់តែច្រើន ពិសេសប្រទេសថៃដែលកំពុងមានជម្លោះជាមួយកម្ពុជា»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាបានផលិតកសិកម្មសម្រេចបាន សរុប៣៦លានតោន និងនាំចេញ១២លានតោនទៅកាន់ទីផ្សារគោលដៅ៩៥ប្រទេស ដោយប្រមូលបានទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាមការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម៕
អត្ថបទដោយ ឡូន សៅដា