សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុអះអាងពីភាពរឹងមាំ និងស្ថិរភាព នៃវិស័យធនាគារនិងហិរញ្ញវត្ថុ ក្រោយមានការព្រួយបារម្ភពីអ្នកប្រើប្រាស់ជុំវិញការបិទទ្វារធនាគារមួយចំនួននិងបញ្ហាបច្ចេកទេសនានា ដែលកំពុងកើតមានក្នុងធនាគារមួយនាពេលថ្មីនេះ។
លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា បានប្រាប់ Press Start Cambodia កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ ថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅតែដំណើរការជាធម្មតា ពុំដូចការព្រួយបារម្ភពីមហាជន និងការផ្សព្វផ្សាយនានានោះឡើយ ហើយថា វិស័យធនាគារកម្ពុជាមិនមានអ្វីមិនប្រក្រតីឡើយ ព្រមទាំងមានការយកចិត្តទុកដាក់ និងការគ្របគ្រងពីធនាគារជាតិនៃកម្ពុជា។
លោកនិយាយថា៖ «វិស័យធនាគារហិរញ្ញវត្ថុនៅកម្ពុជានៅតែមានភាពរឹងមាំ មានស្ថិរភាពគ្រប់គ្រាន់ ហើយក៏មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់តឹងរ៉ឹង ពីថ្នាក់ធនាគារជាតិ នៃកម្ពុជាដែរ ។ អ៊ីចឹងជារួមស្ថានភាពហិរញ្ញវត្ថុរបស់វិស័យធនាគារទាំងមូល គឺមិនមានបញ្ហាគួរឱ្យព្រួញបារម្ភទេ។ អត់ដូចការ ដែលផ្សព្វផ្សាយមួយចំនួន ដែលថា ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាមានភាពទន់ខ្សោយអ្វីនោះទេ»។
លោក សុខ ចាន់ ក៏បានបញ្ជាក់ថា រាល់បញ្ហាបច្ចេកទេសនានារបស់ស្ថាប័នធនាគារមួយ គឺជាបញ្ហាឯកជន ពុំអាចយកតែរឿងមួយជ្រុងមកសន្និដ្ឋានថា វិស័យធនាគារនៅកម្ពុជាទាំងមូលមានបញ្ហានោះឡើយ។
ទាក់ទងនឹងបញ្ហានេះដែរខាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានចេញលិខិតបំភ្លឺរួមគ្នាកាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៦ បញ្ជាក់ពីភាពរឺងមាំរបស់ខ្លួន ដោយឆ្លើយតបចំពោះការព្រួយបារម្ភផ្សេងៗ
និងប្រកាសថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។
លិខិតដដែលនេះបានសរសេរថា ៖ «ភាពរអាក់រអួលចំពោះប្រត្តិបត្តិការបណ្ដោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកសា្រយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាព នៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្ដទទួលបានការគាំទ្រ ដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ»។
កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៦ គេសង្កេតឃើញថា អ្នកប្រើប្រាស់ធនាគារអេភីឌី (APD Bank) ជាច្រើននាក់បាននាំគ្នាទៅដកប្រាក់បញ្ញើនៅខាងមុខធនាគារ ក្រោយមានការផ្សាយដំណឹងពីខាងស្ថាប័នថា នឹងមានការធ្វើការថែទាំប្រព័ន្ធធនាគារ ចាប់ពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃអាទិត្យទី១៥ ខែ មីនា ឆ្នាំ ២០២៦។
ជុំវិញនឹងការព្រួយបារម្ភរហូតដល់មានការដកសាច់ប្រាក់ពីសំណាក់អតិថិជនជាច្រើននាក់រួចមក លោកស្រី ជា សិរី ជាទេសាភិបាល នៃធនាគារជាតិ នៃកម្ពុជាក៏បានចេញវីដេអូខ្លីមួយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦ ដោយពន្យល់ពីប្រតិបត្តិការនៅក្នុងធនាគារឱ្យមហាជនទូទៅបានឈ្វេងយល់។
លោកស្រីបានមានប្រសាសន៍ថា ធនាគារមានតួនាទីជាអន្តរការីកម្ម ដោយទទួលប្រាក់បញ្ញើពីអ្នកដែលមានថវិកាមិនទាន់ចាំបាច់ប្រើប្រាស់ និងផ្ដល់ថវិកាដល់អ្នកដែលចាំបាច់ត្រូវការក្នុងការធ្វើអាជីវកម្មឬវិនិយោគផ្សេងៗដូចជាទិញផ្ទះ សង់អូតែល សង់រោងចក្រ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចដំណើរការ។
លោកស្រីបានបន្ថែមថា ក្នុងប្រត្តិបត្តិធនាគារ គឺផ្ដល់ប្រាក់តិចតួចប៉ុណ្ណោះសម្រាប់អ្នក ដែលដាក់ប្រាក់បញ្ញើពោល គឺមានកំណត់ ហើយប្រាក់មួយចំនួនទៀតត្រូវផ្ដល់ឱ្យអតិថិជនដែលត្រូវការខ្ចី ហើយការខ្ចីប្រាក់នោះទៀតសោតមានរយៈពេលវែង។ ក្នុងករណីដែលអតិថិជនដកប្រាក់បញ្ញើច្រើនបែបនេះធ្វើឱ្យធនាគារមានបញ្ហាសន្ទនីយភាព នេះមានន័យថា ធនាគារមិនមែនមិនសងលុយនោះទេ តែខាងធនាគារបង្វិលលុយមិនទាន់។
លោកស្រី ជា សិរី បានពន្យល់ថា៖ «ប្រសិនបើទាំងអស់គ្នាមកទារប្រាក់ទាំងអស់ក្នុងពេលតែមួយ ធនាគារគាត់ក៏ត្រូវតែទារពីអ្នកដែលគាត់ឱ្យខ្ចីនោះទាំងអស់ក្នុងពេលតែមួយ ហើយដូចបងប្អូនយើងដឹងស្រាប់ហើយ បងប្អូនយើងអ្នកដែលខ្ចីតាមការធ្វើអាជីវកម្មរបស់គាត់ គឺគាត់គ្មានលទ្ធភាពក្នុងការសងទាំងអស់ក្នុងពេលតែមួយទេ» ។
គួរបញ្ជាក់ថា ការព្រួយបារម្ភរបស់មហាជននិងការមិនទុកចិត្តចំពោះប្រព័ន្ធធនាគារនៅកម្ពុជាកើតឡើង ក្រោយមានធនាគារមួយចំនួនបិទទ្វារ ក្នុងនោះមានធនាគារព្រីនស៍ (Prince ) ធនាគារផេនដា (Panda) ហើយក្រោយមកដោយមានការប្រកាសពីបញ្ហាដំណើរការបច្ចេកទេសបន្តិចបន្តួចរបស់ធនាគារអេភីឌី (APD) ធ្វើឱ្យអតិថិជននាំគ្នាផ្អើលរហូតដល់សម្រុកដកប្រាក់បញ្ញើក្នុងពេលតែមួយបែបនេះ៕

