អ្នកនាំពាក្យ៖ ​​យោធា​កម្ពុជានិងថៃ ​ឯកភាពអនុវត្ត​​បទ​ឈប់​​បាញ់​​តាម​​កិច្ច​​ព្រម​​ព្រៀង

មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា កិច្ចប្រជុំក្រៅផ្លូវ​ការរវាង​​​មេបញ្ជាការ​​​ភូមិ​​ភាគ​​​កម្ពុជា និ​ងយោធា​ថៃ នៅ​ព្រឹក​ថ្ងៃទី​​២៩ ខែ​កក្កដា​នេះ បាន​បញ្ចប់​ទៅ​​ ដោយ​​ភាគី​ទាំង​ពីរ​ឯកភាព​​គោរព​​តាម​​កិច្ច​​ព្រម​​ព្រៀង​​​ប​​​ទ​​ឈប់​បាញ់ ឈប់បង្កើនទ័ព និង​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នានឹងគ្នា បន្ទាប់ពីមានការប្រយុទ្ធក្នុងសមរភូមិដ៏ខ្លាំងក្លារយៈពេល៥ថ្ងៃជាប់គ្នា ជុំវិញបញ្ហាជម្លោះព្រំដែន។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ លោក​ស្រី ម៉ាលី សុជាតា បាន​ថ្លែង​ក្នុង​សន្និ​សីទ​សារព័ត៌​​មាន នៅ​ថ្ងៃទី​២៩ ខែកក្កដានេះ​ថា ​​កិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាកា​រភូមិភាគ​កម្ពុជា និង​ថៃ បានប្រព្រឹត្តទៅ​ចំនួន​០៣ទីតាំង ក្នុងនោះមាន មេបញ្ជាការ​​ភូមិភា​គ​៥ កម្ពុជា និង​ភូមិ​ភាគ​១ថៃ​ បានធ្វើឡើង​នៅ​​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ, យោធភូមិ​ភាគ​ទី​៣ កម្ពុជា និង​បញ្ជាកា​រដ្ឋា​នព្រំដែន​ចន្ទបូរី និង​ខេត្តត្រាត​ ធ្វើឡើង​​នៅ​ស្ពាន​តំបន់​ស ច្រក​ព្រំដែន​ព្រំ ខេត្ត​ប៉ៃលិន និង​យោធភូមិ​ភាគ៤ កម្ពុជា និងមេបញ្ជាការ​យោធ​​​ភូមិ​ភាគ២ ថៃ នៅ​ច្រក​ទ្វា​រអន្តរ​ជាតិ​អូរស្មាច់ ខេត្តឧត្តរ​មានជ័យ។

អ្នកស្រីបន្តថា ជាលទ្ធផល​ យោធាកម្ពុជា និង​ថៃ​​ បាន​​ឯកភាព​ដូចៗ​​គ្នាដោយគោរព​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ និ​ងចំណុច​សំខាន់ៗមួយចំនួន ដូចជា ឈប់បង្កើនទ័ពនិង​​មិន​ត្រូវ​ចល័ត​ទ័ព​និង​គ្រឿង​សព្វា​​វុធផ្តេស​ផ្តាស់​​ ព្រម​ទាំង​សំណូម​ពរ​មិន​ឱ្យ​ភាគី​ថៃ​ដើរ​ឆ្លង​ចូល​ដែនអធិប​តេយ្យ​របស់​កម្ពុជាជាដើម។

លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ថា៖ «មេបញ្ជាការភូមិភាគ២ថៃ និងមេបញ្ជាការកម្ពុជា នៅស្ពាន​តំបន់ស ច្រកព្រំដែនព្រំ ខេត្តប៉ៃលិន ក៏ទទួលបានលទ្ធផល ១.​លើក​ឡើងពីការអនុវត្តបទឈប់បាញ់ ២. មិន​ត្រូវ​ធ្វើកា​រ​ចល័ត​ទ័ព​និង​គ្រឿង​សព្វា​វុធ​ទេ ៣.ចំពោះក​ង​កម្លាំង​មាន​របួស​ ភាគី​ថៃ​មិ​​ន​ត្រូវ​បាញ់​លើ​កម្ពុជា​ទេ ៤.សំណូមពរ​ភាគីថៃ សូម​កុំ​ដើរ​ចូល​ដែន​អធិប​តេយ្យរ​បស់​កម្ពុជា ព្រោះ​កម្ពុជា​បាន​គោរ​ព​បទ​ឈប់បាញ់​រួច​ហើយ​តាំង​ពី​ចូល​ជា​ធរមាន​រួច​មក»។    

អ្នកនាំពាក្យក្រសួង​ការ​ពារ​ជាតិរូបនេះ ក៏បាន​លើកឡើ​ងដែរថា ក្នុងកិច្ចប្រជុំនោះ​​ មេ​បញ្ជាការ​ថៃ​ភូមិ​ភាគ​ទី២ ​ក៏​បាន​ចូល​រួម​សោក​ស្តាយ​នូវ​ការ​ខូច​ខាត បាត់​បង់​ជីវិត ទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ទាំងសង​ខាង​។

ស្របពេលគ្នានេះដែរ ​អ្នកនាំពាក្យក្រសួងការពារ​ជាតិ​កម្ពុជា ក៏​បាន​ច្រាន​ចោល​ចំពោះកា​​​រ​លើក​​​​ឡើង​របស់​អ្នកនាំពាក្យទ័ព​​​ជើង​​គោក​​ថៃ ដែល​បាន​លើកឡើ​ង​ថា មាន​ការ​​ប្រយុទ្ធ​​គ្នា​​បាន​កើត​ឡើង​​​ និង​មិនគោ​រព​​តា​ម​​បទ​​ឈប់​បាញ់។

លោក​ស្រី សុជាតា ថ្លែង​ថា៖ «ចំណុចនេះ នាង​ខ្ញុំសូមបញ្ជាក់យ៉ាងមុត​មាំ​​ថា កង​កម្លាំ​ងប្រដាប់អាវុធកម្ពុជា បាន​និង​កំពុ​ងអនុ​វត្ត​យ៉ាង​ម៉ឹង​​ម៉ាត់​នូវ​បញ្ជា​ និងកិច្ចព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ ចាប់​​តាំងពីម៉ោង២៤និង​​០០នាទី ម៉ោង​នៅក្នុង​តំបន់​ នៅថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ ជាមួយ​គ្នានេះ ​ក៏មានកិច្ច​ប្រជុំ​​រវាង​ភូមិភាគ​នៃ​ប្រទេស​ទាំង​២ ដូច​​បាន​លើក​​ឡើង​នៅ​​ខាង​លើ ​ដើម្បីជួប​ពិភាក្សា​គ្នា​ ក្នុ​ងការ​​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញ​លេញ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ច្បាស់​លាស់​ម៉ឹង​ម៉ាត់ ក្នុង​កា​រអនុវត្ត​ និង​គោរព​តាមលក្ខ​ខណ្ឌ​​​​នៃ​សេចក្តីប្រកាស​រួមនៃ​បទ​ឈប់បាញ់​ រវាង​កង​ទ័ព​កម្ពុជា និ​ងកងទ័ពថៃ ដែលបានសម្រេច​នៅប្រទេស​ម៉ាឡេ​ស៊ី កាលពីម្សិលមិញ​នេះ»។

រីឯប្រធាន​អង្គភាព​អ្នកនាំពាក្យរាជ​រដ្ឋាភិបាលកម្ពុជា​ លោក ប៉ែន បូណា មាន​ប្រសាសន៍​ក្នុង​សន្និ​សីទ​សារព័ត៌​​មាន​ដែរ​ថា តាម​រយ​:កិ​ច្ចប្រ​ជុំ​នេះ លទ្ធផល​សម្រេច​បាន​គឺមាន​សារ​សំខាន់​ណាស់ ដែល​មិន​ត្រឹម​តែមាន​សន្តិភាព រវាង​កម្ពុជា​និ​ង​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​សន្តិភាព​មាន​និរន្តរ​ភាព​រយ:​ពេល​យូរ​អង្វែង។

លោកថា៖ «សម្តេចក៏បានអរគុណដែលបង្កើតឱ្យមានបទឈប់បាញ់ ហើយនឹងសន្តិភាពរវាងកម្ពុជា-ថៃ ហើយសម្តេចក៏អរគុណ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato’ Seri Anwar Ibrahim ដែល​បាន​ជួយរៀប​ចំ​កិច្ច​ប្រជុំ និង​បង្កើត​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​នេះ»។

កាលពីរសៀលថ្ងៃទី​២៨ ខែកក្កដា ម្សិលមិញនេះ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និងថៃ បានជួបគ្នា​ក្នុ​ងកិច្ច​ប្រជុំកំពូល​ នៅប្រទេស​ម៉ាឡេស៊ី ក្រោមការ​សម្របសម្រួល​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជាប្រធានអាស៊ាន​​ប្តូ​រ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោម​ការ​ចូលរួម​ពីតំណាង​មហា​អំណាច​សហ​រដ្ឋ​អាមេរិក និ​ង​ចិន។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សារកដំណោះស្រាយ​ជុំវិញ​ជម្លោះប្រដាប់​អាវុធ​ពី​បញ្ហា​ព្រំដែន​នេះ ភាគី​​ទាំង​ពីរបាន​ព្រម​​ព្រៀងប​ទ​ឈប់​បាញ់ ត្រឹម​ម៉ោង​១២យប់​ថ្ងៃ​ទី​២៨ខែ​កក្កដា ហើយ​និ​ងរៀបចំកិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៃ​មេបញ្ជាការ​ភូមិ​ភាគ​រវាង​ប្រទេស​ទាំងពីរ នៅព្រឹក​ថ្ងៃទី​២៩ ខែកក្កដានេះ ហើយប្រសិន​បើ​ភាគីទាំង​ពីរ​ឯកភាពនឹង​មានការ​ជួប​ជាមួយ​ក្រុម​អនុព័ន្ធ​យោធានៃ​ប្រទេស​នានា ដឹកនាំដោយ​ប្រធាន​អាស៊ាន។

ក្រៅពីនោះ ភាគីទាំងពីរ​ប្រទេស នឹង​កោះ​ប្រជុំ​គណៈកម្មា​ធិការ​កិច្ច​ការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃទី០៤ ខែសីហា ឆ្នាំ​២០២៥ ដែលកម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ ហើយ​ភាគីទាំង​ពីរ ក៏បាន​យល់​ព្រម​ក្នុងការ​បន្ត​ឡើង​វិញ​នូវ​ទំនាក់​​ទំនង​ដោយផ្ទាល់​រវាង​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និ​ងរដ្ឋមន្ត្រី​ការ​ពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ ហើយរដ្ឋមន្ត្រីកា​របរទេស និ​ងរដ្ឋមន្ត្រី​ការ​ពារ​ជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​​ថៃ ត្រូវ​បាន​ណែនាំ​ឱ្យ​បង្កើត​យន្ត​ការ​លម្អិត​សម្រាប់​ការអនុវត្ត ផ្ទៀង​ផ្ទាត់ និង​រាយការណ៍​អំពីបទឈប់បាញ់​ផង​ដែរ។​

ក្រោយកិច្ចប្រជុំកំពូល​នោះ ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារតាមទំព័រ​ហ្វេស​ប៊ុក​​​​របស់​​លោក នៅយប់​ថ្ងៃទី​២៨ ខែកក្កដា ​ដោយ​សម្ដែង​ការ​អរគុណ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ (Donald Trump) ដែល​ផ្តួច​ផ្តើម​គំនិត​ឱ្យមានការ​ចរចាជាបន្ទាន់លើបទឈប់បាញ់​នេះ។

លោក​សរសេរក្នុងសំណេរដើមថា៖ «ក្រោយ​ពី​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពី​ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរ​សាទរនូវជោគជ័យនៃកិច្ចចរចា​បញ្ចប់​ការ​ឈប់​បាញ់​គ្នា​ភ្លាម រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រី​​ថៃ កាល​ពីល្ងា​ច​មិញ​នេះ។ ឯកឧត្តម​ចាត់​ទុក​កិច្ច​ការ​នេះ ជា​កិច្ចកា​រសំ​ខាន់​ ហើយ​ដែល​ឯកឧត្តម​តាមដាន​ដោយ​ផ្ទាល់។ ខ្ញុំបា​នស​ម្ដែងកា​រ​អរគុណ​សារ​ជា​ថ្មី​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Donald Trump ដែល​បាន​ផ្ដួច​ផ្ដើម និង​ជំរុញ​ឲ្យ​មានកា​រច​រចា​ការ​ឈប់​បាញ់​ឱ្យ​បាន​ឆាប់​រហ័ស និង​ឲ្យ​គោល​ការណ៍​សហរដ្ឋអាមេរិក ធ្វើ​ជា​សហអ្នករៀប​ចំកិ​ច្ចប្រជុំពិសេស​ នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ »។

ចំណែកប្រធានព្រឹទ្ធសភា និង​ជាប្រធានគណបក្សប្រជាជនកម្ពុជា លោក​ ហ៊ុន សែន ក៏បានថ្លែង​អំណរគុណ​ដល់​លោក ដូណាល់ ត្រាំ ដែល​បាន​​​ផ្តួចផ្តើម​គំនិត​​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​​លោក​ថា ​បាន​សង្រ្គោះ​ជីវិត​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់ ពី​សង្រ្គាម​កម្ពុជា​និង​ថៃ។

លោកក៏បានអរគុណដល់​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រា​ហ៉ីម ដែល​បាន​ជួយ​រៀប​ចំ​ទី​កន្លែងកិច្ច​ប្រជុំ និង​បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ និង​អរគុណដល់​មិត្ត​ចិន​ដែល​បាន​ចូល​រួម​ជួយ និង​អរគុណ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំង​អស់ ដែល​បាន​គាំទ្រ​នូវ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ព្រមទាំង​អរគុណ​​​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ កង​ទ័ព​កម្ពុជា និង​កង​ទ័ព​ថៃ ដែល​បាន​គាំទ្រ​ដល់​ដំណើរ​ការ​សន្តិភាព​មួយ​នេះ។

សម្រាប់សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាន និង​ជា​អ្នក​វិភាគ​សង្គម លោក ឯម សុវណ្ណរ៉ា បាន​សាទរ​ចំពោះ​ការ​ឯកភាពគ្នា​អនុវត្ត​​កិច្ចព្រមព្រៀងបទឈប់បាញ់រវាង​កម្ពុជា និង​ថៃ​នេះ ដើម្បី​បញ្ចប់​សង្គ្រាម​​ដែល​កំពុងប្រឈម​គ្រោះ​ថ្នាក់​​ដល់​​​​ពលរដ្ឋ​​រាប់​​ម៉ឺន​នាក់។

តែយ៉ាងណា លោកហាក់នៅ​មិនទាន់ជឿ​ជាក់​​លើ​ភាគី​ថៃ​ទាំង​ស្រុង​​​ទេ ដោយ​លោក​ជំរុញ​ដល់​សហគមន៍អន្តរ​ជាតិ ជាពិសេស អាមេរិក ចិន និងអាស៊ាន គួ​រ​ចូល​រួម​សង្កេត​ការណ៍​ឱ្យបា​ន​ជាប់​លាប់។

លោក ឯម សុវណ្ណរ៉ា ថ្លែងថា៖ «ខ្ញុំមិនទាន់ជឿជាក់[ខាង​ភាគីថៃ]មួយរយភាគរយទេ បាន​តែ​៨០%​ចុះ ព្រោះ​ភាគី​កម្ពុជា​ជានិច្ច​កាល​ពុំដែល​បង្ក​សង្គ្រាម​ទេ មាន​តែ​ថៃ​ទេ តែ​បើ​មាន​យន្តការ​លើ​បទ​ឈប់​បាញ់​ចូលសង្កេត​ការណ៍​បន្ថែម ខ្ញុំជឿជាក់​ថា ថៃ​គោរព​តាម ឈប់​បាញ់​តាម​កិច្ចព្រម​ព្រៀង​រវាង​នាយករដ្ឋ​មន្ត្រីស្តីទី​ថៃ និង​កម្ពុជា»។

កម្តៅជម្លោះព្រំដែន​រវាង​​កម្ពុជា-ថៃ បានកក្រើកឡើងវិញ កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៥ បន្ទាប់ពី​ទាហាន​ថៃ​បើក​ការបាញ់​ប្រហារ​លើ​លេណ​ដ្ឋាន​កង​ទ័ព​នៅ​ជួរមុខ​​ ក្នុង​តំបន់​មុំ៣ ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាល​ឱ្យ​ទាហាន​​ខ្មែរ​ម្នាក់​ស្លាប់​។

ភាពតានតឹងនៅតំបន់ព្រំដែននេះ រដ្ឋាភិបាល​កម្ពុជា បាន​ជូនដំណឹង​​​តុលាការ​​យុត្តិ​​ធម៌​​អន្តរ​ជាតិ (ICJ) ពីបំណង​ប្តឹង​ទៅលើ​​​តំប​ន់​​រសើប​​ចំនួន​​៤ចំណុច រួម​មាន ប្រាសាទ​​តាមាន់​តូច ប្រាសាទ​​តាមាន់ធំ ប្រាសាទតាក្របី និង​តំបន់មុំ​បី ក៏​ប៉ុន្តែ​ត្រូវ​បាន​ភាគី​ថៃមិនយល់ស្របនិង​​​​បាន​កាត់បន្ថយម៉ោង​ចេញចូល​ និ​ង​​​​បិទ​​​ច្រក​​ព្រំដែន​​ដោយ​ឯកតោ​​​ជាបន្តបន្ទាប់​ រហូត​ដល់​មានការទម្លាក់កម្រិតការទូតរវាង​កម្ពុជា-ថៃ ហើយ​ឈានដល់ការ​ផ្ទុះ​អាវុធ​បង្ក​ដោយ​ភាគី​ថៃមុន នៅតំបន់ប្រាសាទតាមាន់ធំ​ ហើយរាលដាលដល់តំបន់​ផ្សេងទៀតនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ​ ​កាល​ពី​​ថ្ងៃទី២៤ ខែកក្កដា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍