កម្ពុជានឹងដាក់ឯកសាររឿងព្រំដែន​​​​ទៅតុលាការអន្តរជាតិ ICJ បើទោះថៃឯកភាពឬមិនឯកភាព

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាស​ថា កម្ពុជា ​នឹងដាក់ឯកសារ​រឿងបញ្ហាជម្លោះព្រំដែននៅតំបន់​មុំ​បី ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ និង​​ប្រាសាទ​តាក្របី ប្តឹង​​ទៅតុលា​ការ​​​យុត្តិធម៌​​អន្តរជាតិ (ICJ) ទោះ​បីភាគី​​ថៃ​​ឯកភាព ឬ​មិន​ឯកភាព​ជាមួយ​​កម្ពុជា​​ក៏ដោយ។

​ក្នុងកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​សមាជ​រដ្ឋសភា និងព្រឹទ្ធសភា​នៃព្រះ​រាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធាន​បទ​រឿង​ព្រំដែន ត្រូវ​បាន​ក្រុមជ្រុល​និយម​​មួយចំនួន​តូច នៅក្នុ្ងងប្រទេស​កម្ពុជា និងថៃ​​ បានយកធ្វើជាប្រធាន​បទ​ដើម្បីរុញ​ច្រាន​ឱ្យ​មានការ​កើនកម្តៅ​រវាងប្រទេស​ទាំង​ពីរ ហើយឈានដល់ការ​ផ្ទុះអាវុធនៅតំបន់មុំ​បី​ ដោយសារ​ការ​លប​​វាយឆ្មក់របស់កងទ័ពថៃមក​លើ​ដែន​អធិបតេយ្យភាពរបស់កម្ពុជា បណ្តាលទាហាន​ខ្មែរ​ម្នាក់​ស្លាប់។ ​ ​

លោកបន្តថា កម្ពុជា តែងតែ​​ប្រកាន់​ជំហរ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិ​វិធី ដោយ​ផ្នែក​ទៅ​លើ​​​​បច្ចេក​ទេស និង​ច្បាប់​អន្តរ​ជាតិ​ជា​គោល។ ​

ដើម្បីបង្កើន​ប្រសិទ្ធភាព​នៃការ​​ដោះ​ស្រាយ​បញ្ហាព្រំដែន​នេះ​ កម្ពុជា បានសម្រេច​ឱ្យ​​​គណកម្មាធិ​ការ​​ព្រំដែន​ចម្រុះ (JBC) រៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយភាគីថៃ​ និង​​បន្ត​​ការ​​ងារ​​វាស់​វែង​ខណ្ឌ​សីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃ ព្រម​ទាំង​ការ​យក​បញ្ហាព្រំដែន​​ដែលកំពុងឡើងកម្ដៅពេលថ្មីៗនេះ ដូចជា ​នៅតំបន់មុំបី ប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទ​តាក្របី​ ទៅតុលាការ​យុត្តិធម៌អន្តរជាតិ(ICJ)។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖ «កម្ពុជា​សង្ឃឹមថា ភាគីថៃនឹង​ឯកភាពជាមួយ​កម្ពុជា ដើម្បីរួមគ្នា​យក​បញ្ហា​នេះទៅតុលាការ​អន្តរជាតិ នៅក្នុងស្មារតីសុច្ចរិតភាព និង​ស្មោះ​ត្រង់​ជាមួយគ្នា​ទៅវិញទៅមក ដើម្បីបញ្ចប់ បញ្ចៀស​បញ្ហា​នេះ​ កុំ​ឱ្យ​អាច​ក្លាយទៅជា​បញ្ហា​ដែល​ឈាន​​ទៅដល់​ការ​ប្រឈម​គ្នា​ដោយប្រដាប់អាវុធ​សារជាថ្មី ដោយសា​រភាពមិនច្បាស់លាស់ពីករណី​​ព្រំដែន​ ក៏ដូចជា MOU ឆ្នាំ​២០០០នេះ។ កម្ពុជា​​សូមបញ្ជាក់ថា ហើយ​ខ្ញុំ​សូមបញ្ជាក់ថា ទោះ​បី​​ជា​​ភាគី​ថៃ មិនឯកភាពជាមួយ​យើង ​នៅក្នុងការ​យកបញ្ហា​នេះទៅ ICJ ក៏កម្ពុជា​នឹង​ប្តឹងទៅ ICJ លើបញ្ហានេះ ដើម្បីបញ្ចប់បញ្ហានេះ និងពន្លត់បញ្ហា​នេះ​តែ​ម្តង​ កុំឱ្យ​មានបញ្ហា​ស្រពិច​ស្រពិលគ្នា»។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា បើទោះជារដ្ឋាភិបាល​កម្ពុជា ព្យាយាម​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយសន្តិវិធីក៏ពិតមែន ប៉ុន្តែកម្ពុជា នៅតែរក្សា​សិទ្ធិ​ក្នុងការ​ការ​ពារ​បូរណភាពទឹក​ដី​របស់​ខ្លួន​តាមគ្រប់​មធ្យោបាយ រួមទាំង​ការប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ បើសិនជា​​មានការប៉ុនប៉ង​​​រំលោភ​ដែនអធិបតេយ្យភាព​របស់កម្ពុជា ដោយកម្លាំងប្រដាប់អាវុធ ពី​ភាគីថៃ។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើង​ស្របពេល​ដែល រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា​នេះ បាន​អនុម័ត​យល់​ព្រម​លើ​សេច​ក្តី​ថ្លែង​ការណ៍​ចំពោះ​ចំណា​​ត់​​ការ​របស់រដ្ឋាភិ​បាល ដោយ​សំឡេង១៨២សំឡេង​ ក្នុង​ការ​ប្ដឹង​រឿង​បញ្ហា​ជម្លោះព្រំដែន ​រវាង​កម្ពុជា និង​ថៃ ទៅ​តុលាការ​អន្តរ​ជាតិ ICJ ក្រោ​​យ​ទា​​ហាន​ថៃបា​ញ់​សម្លាប់​ទាហាន​ខ្មែរ នៅតំបន់ព្រំដែនជួរមុខ​ក្នុងតំបន់មុំបី ខេត្តព្រះវិហារ​។

ប្រធានព្រឹទ្ធសភា លោក​ ហ៊ុន សែន បានថ្លែងក្នុង​សមាជនោះដែរ​​ថា រឿងជម្លោះព្រំដែនខ្មែរ-ថៃ ត្រូវពឹងផ្អែកភាគីទីបី នោះគឺតុលាការ​អន្តរជាតិ ICJ ដើម្បី​ដោះស្រាយភាពចម្រូងចម្រាស់​បែប​នេះ បើ​មិន​ដូច្នេះ​ទេ បញ្ហានឹងបន្តរាប់សិប​ឆ្នាំ​ទៀត ដោះ​ស្រាយ​​មិន​​ចប់​នោះ​ទេ។

លោកថ្លែង​ថា៖ «ក្នុងករណី មានជម្លោះប្រដាប់អាវុធ​កើតឡើង ដែល​កំពុងតែក្ដី​នៅតុលាការ ឬ​យើង​​មិនទាន់ដាក់​ពាក្យ សូម​កុំភ្លេចក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដូចដែលធ្លាប់បាន​ធ្វើរួចមកហើយ ប្រសិនបើមានការបំពាន យើងវ៉ៃទប់នឹងកន្លែងក្នុងផ្នែកយោធា ប៉ុន្ដែកាលទូត ត្រូវ​តែទម្លាយទ្វារ​ក្រុមប្រឹក្សា​សន្ដិសុខ ដូចកាលឆ្នាំ២០១១ ហើយខ្ញុំសង្ឃឹមថា ក្រុ​​មប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុខតែជំរុញឱ្យមានការដោះស្រាយផ្នែកផ្លូវច្បាប់​ជាក់ជាមិនខាន»។

ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឬទ្ធិ បានសរសេរលើទំព័រហ្វេស​ប៊ុករបស់លោក ដោយបង្ហាញការគាំទ្រដល់​ចំណាត់ការរបស់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​​ ដែ​ល​ត្រៀមនឹង​យក​បញ្ហាប្រា​សាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោកសរសេរបន្ថែមយ៉ាងដូច្នេះ៖ «ឯករាជ្យ​ អធិបតេយ្យ​ បូរណភាពទឹកដី​ ជារឿងកំពូលរបស់​ជាតិខ្មែរ​! ឯករាជ្យ​ អធិបតេយ្យ​ បូរណភាពទឹកដី​ ជារឿងរបស់ខ្មែរយើងទាំងអស់គ្នា។ យើងតម្កល់ផលប្រយោជន៍ជាតិ​ និងប្រជាជាតិខ្មែរ​ ជាធំ​ ជាចម្បងទី១»។

ជុំវិញការប៉ះទង្គិចជាថ្មីរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ​នៅតំបន់មុំបី កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិ​តេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​​ បានបណ្តាលឱ្យ​នាយ​ទាហាន​កម្ពុជា​ម្នាក់ស្លាប់។ ការប៉ះទង្គិចនេះ បានបណ្ដាលឱ្យកម្លាំងចលនាជាតិនិយម នៃប្រជាជនប្រទេសទាំងពីរពុះពោរ និងកាន់តែឡើងកម្ដៅ។

បើតាមកំណត់ទូតរបស់ក្រសួងការ​បរទេស​កម្ពុជា​​ ចុះថ្ងៃទី​២៩ ខែ​ឧសភា ដែល​ទើបត្រូវបានចេញ​​ផ្សាយជាសាធារណៈ​ថ្ងៃចន្ទ​នេះ​ បានលើកឡើង​​ថា ការបាញ់ប្រហារ​​ដោយ​ខុសច្បាប់ពីសំណាក់​ភាគីថៃ ទៅ​​​លើលេណដ្ឋាន​មួយកន្លែង​ ក្នុងខេត្តព្រះវិហារ នៃ​ប្រទេសកម្ពុជា កាល​ពី​ថ្ងៃ​ទី​​២៨ខែ​ឧសភា ​​​​គឺជា​​​ការ​រំលោភ​បំពាន​របស់ថៃទាំងស្រុង​​។

ប្រភពដដែលបន្តថា កម្ពុជា​​ចាត់​ទុក​ទង្វើ​របៀប​នេះ​​​របស់​ថៃ​ ថាជាការរំលោភ​​​លើ​អធិប​តេយ្យ​ភាព និង​បូរណភាពទឹកដីរបស់កម្ពុជា ដែល​ផ្ទុយពី​​ស្មារតី​នៃមិត្តភាព​ និង​ភាពជាអ្នក​ជិតខាងល្អ​នៅក្នុងអនុស្សារណៈ​នៃការយោគយល់គ្នា​ឆ្នាំ ​២០០០។ ​

អ្នកនាំពាក្យ​ក្រសួងការ​ពារ​ជាតិ​កម្ពុជា លោក ឈុំ​ សុជាតិ មានប្រសាសន៍ប្រាប់​ Press Start Cambodia នៅថ្ងៃទី២​ ខែ​មិថុនានេះថា ក្រោយជំនួបរវាងភាគី​កម្ពុជា-ថៃ កាលពីថ្ងៃទី២៩ ខែឧសភា ស្ថានភាព​នៅតំបន់មុំបី មានសភាព​ស្ងប់ស្ងាត់​ធម្មតា ដោយ​​​កម្លាំង​​កង​ទ័ព​នៃប្រទេស​​​​ទាំង​សង​​ខាង​ នៅ​ឈរ​ជើង​ប្រចាំ​ការ​នៅ​ទី​នោះ​ដដែល។

លោកថា៖ «ក្រោយប្រជុំថ្ងៃទី២៩មក កម្លាំងនៅដដែល គឺរក្សាស្ថានភាពដដែល។ កម្លាំងយើង នៅ​ឈរកន្លែងដដែល កម្លាំងថៃនៅឈរកន្លែងដដែល និយាយទៅដូចសេចក្ដីប្រកាសរបស់ក្រសួងអ៊ីចឹង បញ្ជារការហ្នឹង យើងរក្សាស្ថានភាពដដែល»។

សម្រាប់ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានសរសេរលើហ្វេសប៊ុក​​របស់លោក​ថា ភាគីថៃអាចនឹងមិនសហការ​ក្នុងការ​ដាក់ឯកសារទៅ​តុលាការអន្តរ​ជាតិ​​ ICJ នោះទេ​ ព្រោះ​មាន​ទម្លាប់ខាង​​ប្រើ​កម្លាំងទ័ព​​រំលោភលើអធិបតេយ្យភាពកម្ពុជា​​ ដូច្នេះ​កម្ពុជា​ត្រូវខ្លាំង​ខាង​កម្លាំងទ័ព ដើម្បី​តប​ត​ទាន់​សភាព​ការណ៍​ដែរ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍