កម្ពុជា​ព្រមាន​​បិទការ​នាំចូល​បន្លែ​​ផ្លែឈើ​​ពីថៃ​​ ​បើ​​ថៃ​មិន​​បើក​​ច្រក​ព្រំដែន​​ឱ្យដូច​ដើម​វិញ​​ក្នុង​​ពេល​២៤ម៉ោង​

ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ​និង​ជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ព្រមាន​នៅថ្ងៃនេះ​​​ថា​កម្ពុជា​​នឹង​​បិទ​​ការ​នាំ​ចូល​បន្លែ និងផ្លែឈើ​ពី​ប្រទេស​ថៃនៅទូទាំង​ព្រំដែន​ ក្នុង​​​​ករណី​​ភាគី​​​ថៃ​​មិន​​ព្រម​​បើក​​ច្រក​​​ព្រំដែន​​ឱ្យ​ដូច​ដើម​វិញ ក្នុង​រយៈពេល​២៤ម៉ោង​ទេនោះ។​​

តាមរយៈវីដេអូផ្សាយផ្ទាល់ពិសេសនៅ​មុនពេល​​ប្រជុំ​ពេញ​អង្គ​លើកទី​៣ ព្រឹទ្ធ​សភា នីតិ​កាលទី​៥ នា​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ ប្រធាន​គណបក្ស​កាន់​អំណាច​នៅកម្ពុជា​​ លោក ហ៊ុន សែន បានថ្លែង​ថា កម្ពុជា​-ថៃ មាន​​កិច្ច​ព្រម​ព្រៀង​រវា​​ង​​ប្រទេស​​ទាំង​​ពីរ ទៅ​លើ​បញ្ហា​ច្រក​ព្រំដែន ប៉ុន្តែ​​​នៅ​​ពេល​​បិទ​​​ព្រំដែន គឺ​ភាគី​ថៃ​បិទដោយ​ឯក​តា​ភាគី​​​ តែពេលថៃ​​​ចង់​បើកវិញ ​​​មក​បបួល​ភាគី​កម្ពុជា​​​​ចរចា និង​ដាក់លក្ខខណ្ឌ​​។ លោក​ថា ​កម្ពុជា ជាប្រទេស​ដែល​មានកិត្តិយស មានសេចក្តីថ្លែថ្នូរ​ និង​​ចេះ​ទទួលខុសត្រូវ ដូច្នេះ​លោក​​សង្ឃឹមថា ភាគីថៃ នឹងត្រូវចេះទទួល​ខុសត្រូវករណីខ្លួនបាន​ប្រព្រឹត្តដែរ។

ជុំវិញបញ្ហានេះ​​ លោក​ក៏បាន​ព្រមាន​ដែរ​ថា កម្ពុជា ​​នឹង​បិទ​ការ​នាំ​ចូល​បន្លែ​ ផ្លែឈើ​​ដែលនាំ​ចូល​​ពី​​ប្រទេស​ថៃនៅ​ទូទាំង​​ព្រំដែន​​ នៅថ្ងៃ​អង្គារ​ស្អែកនេះ​​ បើ​ភាគី​ថៃ​នៅ​តែ​មិន​បើក​​ច្រក​ព្រំដែន​​ដូច​ធម្មតាវិញ ដូចមុនពេល​មានជម្លោះព្រំដែន​​ទេនោះ។

លោកថា៖ «យើងពន្យារពេល ២៤ម៉ោង ប៉ុន្តែបើ​ថ្ងៃ​នេះ​ ភាគី​ថៃ​មិន​ព្រម​បើក​ច្រក​ឱ្យ​ដូច​ដើម​វិញ​ទេ​ ថ្ងៃ​ស្អែក​យើង​នឹង​ចាប់​អនុវត្ត​​ទូទាំង​ព្រំដែន​ ដែល​ហាម​ឃាត់​នូវ​ការ​នាំ​​ចូល​ផ្លែឈើ​ និង​ហាមឃាត់​នូវ​ការ​នាំ​ចូល​បន្លែ​ចូល​មក​កាន់​កម្ពុជា […] ​សុំ​និយាយ​​ទុក​​​ជា​​មុន​​ឱ្យ​​ហើយ​​ថា​ លទ្ធភាព​នៃ​ការ​បិទ​មិន​ឱ្យ​នាំ​ទំនិញ​ថៃ​​ចូល​មក​ប្រើ​ប្រាស់​​​​នៅ​​ប្រទេស​​កម្ពុជា​​ គឺ​​ជា​​លទ្ធភាព​​ខ្ពស់​​ ប្រសិន​បើ​ព្រំដែន​មិន​ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ»។​

លោក ហ៊ុន សែន បន្ត​ថា បញ្ហាច្រកព្រំដែនរវាងកម្ពុជានិងថៃនេះ អាចត្រូវបានដោះស្រាយយ៉ាងងាយស្រួល ដោយ​ភាគីថៃគ្រាន់តែបើកច្រកព្រំដែនដែលខ្លួនបានបិទដោយឯកតោ​ភាគី​នោះ​ជាការស្រេច។

លោកបញ្ជាក់ថា៖ «ដូច្នេះវាងាយណាស់ នៅពេលដែលខ្លួនចេញបញ្ជា​មក​បិទ​[ព្រំដែន]​ជា​ឯកតោ​ភាគី គ្រាន់​តែ​ដក​អាបទ​បញ្ជា​ហ្នឹង​វិញ​ទៅ វា​ចប់​បាត់​ទៅ​ហើយ។ គ្មាន​ចាំបាច់​ត្រូវ​ចរចា អន្ទង់​វែង​​ឆ្នាំ​ង​​វែង​​ទេ [បើសិន​ជា​ថៃ​បើក​[ព្រំដែន] នៅ​ម៉ោង​១ យូរ​បំផុត​៥​ម៉ោង ខ្ញុំ​និយាយ​ថា យូរ​បំផុត​៥​ម៉ោង ព្រោះ​​ខ្ញុំ​​ចង់​​និយាយ​​​ថា ​ក្រែង​លោថៃ​ថា​ប្រកាស​បើក​នៅ​ម៉ោង ១យប់ យើង​អាឡែង​តែ​ដេក​អត់​ដឹង​រឿង អញ្ចឹង​បាន​ខ្ញុំនិយាយ​ថា​យូរ​បំផុត ៥ម៉ោង។ ប៉ុន្តែបើសិនជាពេលថ្ងៃវិញ ប្រហែលជាតែត្រឹម១ម៉ោង ឬ២ម៉ោង កម្ពុជា​បើក​​[ព្រំដែន]ធម្មតា»។

​លោក លី សុធារ៉ាយុត្តិ អគ្គលេខាគណបក្សឆន្ទៈខ្មែរ បានគាំទ្រ​ចំពោះការ​សម្រេចចិត្តរបស់រាជ​រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងស្ថានភាព​តឹងតែង លើបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោក​យល់ថា ការបង្ហាញគោល​​ជំហររបស់កម្ពុជា ត្រូវមានភាពច្បាស់លាស់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជាពីការឈ្លានពាន។

លោកមានប្រសាសន៍ថា៖ «យើងគាំទ្រចំពោះភាពម៉ឺងម៉ាត់ និងភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាល ក្នុងការ​ឆ្លើយតបទៅនឹងស្ថានភាព​តឹងតែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងប្តេជ្ញាការពារបូរណភាពទឹកដី និងអធិប​តេយ្យកម្ពុជាមិនឲ្យប្រទេសជិតខាងឈ្លានពាន។ ក្នុងនាមជាគណបក្ស​ក្រៅរដ្ឋាភិបាល ឬ​គណបក្ស​​ប្រកួតប្រជែង យើង​យល់​ថា ការ​បង្ហាញ​គោល​ជំហរ​ច្បាស់​លាស់​ គឺជារឿងសំខាន់ និងចាំបាច់ណាស់»។

លោកនិយាយថា រាជរដ្ឋាភិបាលគួរបើកឲ្យទូលាយទៅកាន់ពលរដ្ឋ  អ្នកជំនាញ និងគណបក្សនយោបាយក្នុង​ការ​​ចូលរួម​​ផ្តល់ជា​​គំនិត ដែលទាក់ទិននឹងការការពារបូរណភាពទឹកដី និង​​អធិបតេយ្យភាព​កម្ពុជា និង​ទប់ស្កាត់​នូវរាល់គំនិតទន្រ្ទានឈ្លានពានពីសំណាក់បរទេសជិតខាង។

សម្រាប់លោក លី សុធារ៉ាយុត្តិ មានទស្សនដូច​មេដឹកនាំ​គណបក្សកាន់អំណាច​ដែរ គឺ​​មិនចង់ឱ្យ​មានការប្រើប្រាស់​មធ្យោបាយយោធា ឬការ​ប្រើប្រាស់អាវុធ ដើម្បីដោះស្រាយបញ្ហាព្រំដែន​​នេះទេ​ ដោយ​ភាគី​ទាំង​ពីរ គួរប្រើ​យន្ត​ការ​ការទូត និងយន្ត​ការ​អន្តរ​ជាតិ តាមរយៈ​តុលាការ​អន្តរជាតិ ICJ។  

លោកមានប្រសាសន៍ថា៖ «តាមពិតទៅ យើងមិនចង់ឲ្យមានការប្រើប្រាស់មធ្យោបាយយោធា ដើម្បីដោះស្រាយរឿងនេះទេ ព្រោះនាំមកនូវការខូចខាតទាំងសងខាង។ យើងលើកទឹកចិត្ត និងស្វាគមន៍នូវការប្រើយន្តការ​ការទូត និងនយោបាយដែលមានស្រាប់ និង​​យន្តការអន្តរជាតិ (ICJ) ដើម្បីជួយដោះស្រាយ ការ​ពារ និងរារាំង​​កុំឲ្យមានការឈ្លានពានលើបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។ តែយើងក៏ត្រូវតែពង្រឹងវិ​ស័យការពារជាតិ ដើម្បីឆ្លើយតប និងទប់ទល់នឹងរាល់ការឈ្លានពានពីសំណាក់បរទេសជិតខាងដែរ»។

ចំណែក ​លោក វន ចាន់ឡូត ជា​អ្នកច្បាប់ និងអ្នកវិភាគឯករាជ្យ យល់ឃើញ​​ថា ដើម្បីបន្ធូររបន្ថយស្ថានការណ៍​​​​​ចំពោះ​​មុខ​​នេះ ការសម្រេចចិត្ត​របស់​ភាគី​ថៃ គឺជារឿងអាទិភាព ឬជារឿងចាំបាច់ ព្រោះភាគីថៃ គឺជាអ្នក​ផ្តើមការ​បង្កើត​​បញ្ហា​ទាំងនេះ។

លោកថា ការ​ដាក់​ឱសានវាទរបស់​មេដឹកនាំ​បក្ស​កាន់អំណាច​នៅកម្ពុជា នា​ពេល​នេះ ប្រហែល​ជា​វិធាន​​ការ​​ឆ្លើយ​​​តបរបស់​កម្ពុជា ចំពោះសកម្មភាពរបស់​​ភាគី​ថៃ​ដែល​ធ្វើមកលើកម្ពុជា ខណៈកម្ពុជា​ព្យាយាម​ដោះ​ស្រាយ​​​តាម​​យន្តការ​ទ្វេ​ភាគី និងយន្តការ​​​តុលាការ​អន្តរជាតិ​(ICJ) នៅតំបន់​រសើប​​ទាំង៤ រួមមាន តំបន់​​មុំ៣​ដែល​ផ្ទុះ​​អាវុធនាពេលថ្មីៗនេះ និងប្រាសាទ​តាមាន់តូច តាមាន់ធំ និង​តាក្របី។​​

លោកបន្តថា៖ «ការដាក់ឱសានវាទរបស់សម្តេច ហ៊ុន សែន ទៅកាន់ពួកយោធាថៃ ឱ្យសម្រួលស្ថានការណ៍​វិល​ត្រឡប់មកសភាពដើមវិញ​ ក្នុងរយៈពេល២៤ ម៉ោងនេះ ទំនងជាការវាស់ស្ទង់​ឥរិយាបទ​ពួកយោធាថៃថាតើ​ពិត​ជា​ចង់​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ឬ​ក៏​ពួក​យោធា​ថៃ​នៅ​តែ​រឹង​ត្អឹង​ម៉ឹង​មាត់ ​ក្នុង​ការ​ច​ង់​ប្រើ​ប្រាស់កម្លាំង​យោធាជា​មួយ​នឹង​កម្ពុជា​ក្នុង​ការ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ដូចយើងដឹងហើយថា ពួកយោធាថៃព្យាយាមប្រើប្រាស់សង្គ្រាម វោហា​សាស្រ្ត ដោយក្នុងនោះព្យាយាមរុញ​ស្ថានការណ៍ឱ្យ​កា​ន់​តែ​ក្តៅ​ឡើងៗ ដើម្បី​អាច​ឈាន​ដល់​ការ​ប្រើ​ប្រាស់​នូវ​កម្លាំង​យោធា​រវាងគ្នាទៅវិញទៅមក។

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ បាន​ចាប់​ផ្ដើមកើនឡើង​​​កម្ដៅ ​បន្ទាប់​ពីទាហាន​​​ថៃ​ បាន​វាយ​​​​ឆ្មក់​​​ចូ​ល​​​មក​​​បាញ់​​​សម្លាប់​​ទាហាន​​ខ្មែរ​​ម្នាក់​ នៅ​តំបន់​​​មុំ​បី ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ កាលពី​​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​ឧសភា ឆ្នាំ​២០២៥។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការ​ពារ​ជាតិ​កម្ពុជា។

ក​ម្ដៅ​​វិវាទព្រំដែននេះ​ប្រទេស​ទាំង​ពីរ​​ ហាក់​មានភាពតានតឹងឡើង​​បន្ថែម​​ទៀត​ ក្រោយ​​​ភាគី​ថៃ​​ដាក់​​​សម្ពាធ​​​កម្ពុ​​ជា ​តាម​រ​យៈ​​កា​រ​បិទ​ព្រំដែន​​​​​​ដោយ​ឯកតោ​ភាគី ការ​គំរាម​ថា​​កាត់​ផ្ដាច់​អគ្គិសនី និង​​សេវា​​អ៊ីន​ធឺណិតជាដើម។

បើតាម​របាយការណ៍​ចេញផ្សាយនៅខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឱ្យ​​ដឹងថា ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ប្រទេស​កម្ពុជា បាននាំចូលទំនិញពីប្រទេសថៃ ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន ១,៤៨៣,០៩៥លានដុល្លារ ដែលតួលេខនេះ​បាន​កើន​ឡើង ១០.៤ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២៤៕

អត្ថបទគួរឱ្យចាប់អារម្មណ៍