កម្ពុជា និងថៃបានព្រមព្រៀងលើបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ខណៈមន្ត្រីសង្គមស៊ីវិលនិងសាធារណជនបន្តអំពាវនាវឱ្យមានយន្តការធានាការអនុវត្តបទឈប់បាញ់ពិតប្រាកដនិងយូរអង្វែងមួយ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ជនស៊ីវិលបន្ថែមទៀត។
បន្ទាប់ពីមានជម្លោះប្រដាប់អាវុធជាមួយគ្នាជាង២០ថ្ងៃ កម្ពុជា-ថៃ បានព្រមព្រៀងលើសេចក្ដីប្រកាសរួមមួយដែលមាន១៦ចំណុច ហើយក្នុងនោះ មានបទឈប់បាញ់ជាបន្ទាន់ផងដែរ ដែលចូលជាធរមានចាប់ពី ១២៖០០ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាដែលចេញផ្សាយនៅថ្ងៃសៅរ៍ដដែលនោះ។
តាមសេចក្ដីប្រកាសរួមនេះ កិច្ចប្រជុំពិសេស ដែលបានប្រព្រឹត្តទៅនៅចក្រអន្តរជាតិព្រំ-ផាកកាតរវាងខេត្តប៉ៃលិន-ចន្ទបុរី ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានបញ្ជាក់សាជាថ្មីអំពីការប្ដេជ្ញាចិត្តក្នុងការចៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំពិសេសនេះ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាមានប្រសាសន៍ថា បទឈប់បាញ់នេះ នឹងត្រូវអនុវត្តឱ្យបានពេញលេញក្នុងរយៈពេល៧២ ម៉ោង ដែលអាចផ្តល់លទ្ធភាពឱ្យភាគីថៃដោះលែងយោធិនកម្ពុជា១៨នាក់ ក៏ដូចជាការវិលត្រឡប់របស់ជនភៀសឹកទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
លោកថា៖ «តាមរយៈបទឈប់បាញ់នៅថ្ងៃនេះនឹងបើកផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមានលំនៅឋាននៅតាមតំបន់ព្រំដែនអាចមានលទ្ធភាពក្នុងការត្រឡប់ទៅរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញនិងប្រកបមុខរបរក៏ដូចជាធ្វើស្រែចម្ការ […] កុមារអាចត្រឡប់ចូលរៀននៅតាមបណ្តាសាលារៀននៅតាមបន្ទាត់ព្រំដែន»។
លោកបញ្ជាក់បន្ថែមទៀតថា កិច្ចព្រមព្រៀងនេះ គឺស្របទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍នៅក្រុងគូឡាឡាំពួរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងមិនប៉ះពាល់ដល់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេ ហើយថា ភាគីទាំងពីរក៏បានឯកភាពគ្នាប្រគល់ការងារជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការឡើងវិញក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
លោកមានប្រសាសន៍ថា៖ «សេចក្តីប្រកាសរួមនេះនឹងមិនលុបទៅលើកិច្ចព្រមព្រៀងដែលភាគីកម្ពុជានិងថៃបានអនុវត្តកន្លងមក” ដោយលោកបន្ថែមថា កម្ពុជានឹងបន្តពង្រឹងនូវតួនាទីនិងភារកិច្ចរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការសង្កេតការណ៍និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នានៅពេលនេះ»។
ជាមួយនឹងការសាទរចំពោះបទឈប់បាញ់សម្រាប់ប្រទេសកម្ពុជា-ថៃ ថ្មីនេះ គេសង្គេតឃើញថា ប្រជាជនកម្ពុជាពីគ្រប់មជ្ឈដ្ឋានបានចួលរួមយ៉ាងសកម្មភាពទាមទារសន្ដិភាពសម្រាប់ប្រទេសកម្ពុជា តាមរូបភាពផ្សេងៗ។ ដោយឡែក ក្រុមអង្គការសង្គមស៊ីវិល និងសាធារណជនពីកម្ពុជា និងសមាជិកនៃសហគមន៍អន្តរជាតិ បានចុះហត្ថលេខាអនឡាញ អំពាវនាវសូមឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ក្នុងជម្លោះព្រំដែនកម្ពុជាថៃ និងស្វែងរកការទទួលខុសត្រូវសម្រាប់ជនរងគ្រោះ និងបេតិកភណ្ឌ ដែលរងផលប៉ះពាល់ ក៏ដូចជាមានយន្ដការសន្តិភាពពិតប្រាកដមួយជានិរន្តរភាពរវាងប្រទេសទាំងពីរ។

នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងជាអ្នកតំណាងញត្តិពលរដ្ឋម្នាក់ លោក សឿង សារឿន បានឱ្យដឹងថា សម្រាប់ពលរដ្ឋ ដែលស្អប់សង្គ្រាម និងស្រលាញ់សន្ដិភាព បាននាំគ្នាផ្ដួចផ្ដើមបង្កើតញត្តិ ដើម្បីអំពាវនាវដល់រដ្ឋាភិបាលទាំងនៅក្នុងតំបន់អាស៊ាន សហភាពអឺរ៉ុប ក៏ដូចជាអង្គការសហប្រជាជាតិ ឱ្យងើបឈរជាមួយគ្នា ក្នុងគោលបំណងបញ្ចប់ជាអចិន្ត្រៃយ៍សង្គ្រាម ក៏ដូចជាទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់ចំពោះការខូចខាត ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងទាមទារឱ្យមានយន្តការដ៏សំខាន់ ដើម្បីធានានូវការកសាងសន្តិភាព។
បើតាមលោក សឿង សារឿន បានបញ្ជាក់ថា ញត្តិពលរដ្ឋ ដែលបានបង្កើតមកកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានសំឡេងនៃពលរដ្ឋជាង១០០០ រួមមានពីកម្ពុជា និងសមាជិកនៃសហគមន៍អន្តរជាតិ បានផ្ញើញត្តិទាំងនោះ ទៅកាន់ស្ថានទូត និងអគ្គកុងស៊ុលទាំងអស់នៅកម្ពុជា ជាមួយនិងសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងថៃ។
លោក សឿង សារឿន ថ្លែងបែបនេះ៖ «សង្គ្រាមគ្មានអីចំណេញទេ ខូតខាតទាំងអស់គ្នា ទាំងអាយុជីវិតប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម វប្បធម៌ប្រពៃណី បរិស្ថានជាដើម […] ហើយយើងចង់ឃើញតួអង្គក្នុងពិភពលោកហ្នឹង មានយន្តការកសាងសន្តិភាពជានិរន្តរន៍ ធ្វើឱ្យយន្តការសន្តិភាពរស់ឡើងវិញ មិនត្រឹមតែសន្តិភាពរវាងកម្ពុជា-ថៃ ទេ តែសន្តិភាពក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោកតែម្ដង»។
បន្ទាប់ពីប្រកាសបទឈប់បាញ់រវាងកម្ពុជា-ថៃជាថ្មីនេះ គេសង្កេតឃើញថា ស្ថានទូតបស្ចិមប្រទេសនានាប្រចាំរាជធានីភ្នំពេញ មានសហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង និងអង្គការសហប្រជាជាតិជាដើម បានចេញមកស្វាគមន៍ និងសាទរដល់សេចក្ដីប្រកាសបទឈប់បាញ់នេះ ក្នុងនោះស្ថានទូតសហរដ្ឋអាម៉េរិក ក៏បានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ ឱ្យគោរពការប្តេជ្ញាចិត្ត និងអនុវត្តពេញលេញតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរផងដែរ។
ជាមួយនេះដែរ អ្នកស្រី សូ ភីណា នាយិកាប្រតិបត្តិ នៃសមាគមស៊ីកាដា យល់ឃើញថា ការឱបក្រសោបលើយន្តការចរចាស្វែងរកសន្ដិភាពដោយសន្តិវិធីរវាងប្រទេសទាំងពីរនឹងជោគជ័យ ជាជាងការមាននិន្នាការទាំងឡាយណា ដែលចាត់ទុកប្រជាជតិនីមួយៗជាសត្រូវ។
លើសពីនេះ អ្នកស្រីបន្ថែមថា ក្នុងករណីបទឈប់បាញ់មានប្រសិទ្ធភាពពិតប្រាកដហើយ ប្រជាជនប្រទេសទាំងពីរក៏គួរតែបើកចិត្តរៀនសូត្រស្វែងយល់ពីការពិត ការយល់ដឹងពីការបញ្ចេញមតិប្រកបដោយសីលធម៌ សុជីវធម៌ ក៏ដូចជាការចៀសវាងការចែកចាយព័ត៌មានមិនពិតជាដើមបន្ថែមទៀត ដើម្បីបញ្ចប់អរិភាពរវាងប្រទេសជិតខាងទាំងពីរសម្រាប់ពេលអនាគត។
អ្នកស្រី សូ ភីណា បញ្ជាក់៖ «ខ្ញុំដឹងថា ប្រជាជនយើងច្រើនចង់ជួយ ចង់ការពារប្រទេស ចង់ទាមទារយុត្តិធម៌ ប៉ុន្ដែការងារទាំងអស់ហ្នឹង អត់អាចធ្វើដោយសារមតិទៅជេរប្រទេចផ្ដាសាលើជនជាតិមួយទៀត ដែលធ្វើអ៊ីចឹងមកលើយើងវិញទេ។ ខ្ញុំជឿថាអន្តរជាតិ គេនឹងមើលហើយថា ប្រជាជាតិណា ដែលអសីលធម៌ អ្នកប្រើប្រាស់ព័ត៌មានមិនពិតច្រើន អ៊ីចឹងគេអាចយករឿងអស់ហ្នឹងជាបន្ទុក មកមិនអើពើនឹងយើង ដោយសារតែគេឃើញយើងចែករំលែកព័ត៌មានមិនពិតដែរ អ៊ីចឹងវាជាបង្ការដែលយើងចូលរួម ហើយអប់រំខ្លួនឯងឱ្យយល់ដឹងស៊ីជម្រៅ ហើយបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវ»។
សម្រាប់អ្នកគាំទ្រញត្តិម្នាក់ទៀតគឺ អ្នកស្រី នាង សុវ៉ាត់នា ជាបុគ្គលដែលមានប្រជាប្រិយភាពលើបណ្តាញសង្គមឬនិយមហៅថា Dj Nana បង្ហាញការព្រួយបារម្ភពីផលប៉ះពាល់លើប្រជាជនរាប់សិបម៉ឺននាក់ពីការប៉ះទង្គិចគ្នាជាថ្មី ខណៈកន្លងទៅបទឈប់បាញ់មានតែលើក្រដាស។ អ្នកស្រីចង់ឃើញបទឈប់បាញ់លើកនេះ ច្បាស់លាស់ជាងមុន មានប្រសិទ្ធភាពពិតប្រាកដ ដើម្បីកសាង និងស្ដារឡើងវិញ នូវជីវភាពរស់នៅប្រជាជន អប់រំកុមារ ហេដ្ឋារចនាសម្ព័ន្ធ ដែលរងគ្រោះ និងខូចខាត ក៏ដូចជាការស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។
អ្នកស្រី នាង សុវ៉ាត់នា៖ «យើងចង់បានបទឈប់បាញ់ពិតប្រាកដ យូរអង្វែងទៅ។ ហើយអ្វីដែលត្រូវធ្វើជាអាទិភាពបន្ទាប់ គឺជួយសង្គ្រោះ ស្ដារនីតិសម្បទានរបស់ប្រជាជនរងគ្រោះតាមព្រំដែន។ ហើយអ្នកណាអ្នកធ្វើ អ្នកទទួលខុសត្រូវ គឺយើងទាំងអស់គ្នា រដ្ឋាភិបាល ក្រសួង ជាពិសេសស្ថានប័ន ដែលមានតួនាទី[…]តាមស្ថាប័នមួយៗ គេមានក្របខណ្ឌការងាររបស់គេរៀងៗខ្លួន ធ្វើតាមផែនការអ៊ីចឹងទៅ តែស្ថានភាពឥឡូវនេះ អ្នករៀបចំផែនការត្រូវពន្លឿន បន្ថែម ធ្វើ ហើយបន្ថែមហ្នឹងមិនមែនតិចតួចទេ ព្រោះប្រជាពលរដ្ឋដែលជម្លៀសឥឡូវជាង ៦០ម៉ឺននាក់ហើយ តួលេខហ្នឹងច្រើនមែនទែន អ៊ីចឹងពួកយើងទាំងអស់គ្នា ដែលតាមធម្មតាបំពេញតួនាទីរៀងខ្លួនត្រូវធ្វើឱ្យលើសពីអីកំណត់ហ្នឹង ត្រូវគុណយ៉ាងហោចណាស់នឹងបីដែរ»។
គួររំឭកថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយអស់រយៈពេល ២១ថ្ងៃ ដោយផ្ដើមផ្ទុះអាវុធនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់មានបទឈប់បាញ់ជាថ្មីនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមនុស្សជាង ១លាននាក់នៃប្រទេសទាំងពីរត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
បើតាមខ្លឹមសារនៃលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល ត្រូវបានផ្សព្វផ្សាយជាទូទៅនៅព្រឹកថ្ងៃច័ន្ទនេះបញ្ជាក់ថា មានជនស៊ីវិលស្លាប់ចំនួន ៣២នាក់ និងរងរបួស ៩៣នាក់។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជារងការបំផ្លិចបំផ្លាញផងដែររួមមានប្រាសាទបុរាណ វត្តអារាម សាលារៀន ស្ពាន អគាររដ្ឋាភិបាល កាស៊ីណូ និងផ្ទះសម្បែង ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និង T-50 របស់ភាគីថៃ។ ពីខាងថៃឯនោះវិញ រាយការណ៍ថា មានទាហានថៃចំនួន ២៦នាក់ និងជនស៊ីវិលចំនួន៤១ នាក់បានស្លាប់ដោយសារជម្លោះនេះ។ សម្រាប់ខាងថៃឯនោះវិញ រាយការណ៍បានឱ្យដឹងដែរថា មានទាហានចំនួន ២៦នាក់ និងជនស៊ីវិលចំនួន ៤១នាក់បានបាត់បង់ជីវិតដោយសារជម្លោះនេះ៕

