កម្ពុជាផ្អាកការនាំចូល​ប្រេង​​ឥន្ធនៈពីថៃ និង​​បិទ​ច្រក​ព្រំដែន​ពី​រ​​ក្នុង​ខេត្តឧត្តរមានជ័យ​​​ ក្រោយកង​​​​ទ័ព​ថៃ​​​បិទ​​​​​ជា​ឯកតោ​ភាគី​​មុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស​ផ្អាក​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​គ្រប់ប្រភេទ​ពី​ប្រទេស​ថៃ និងបញ្ជា​​ឱ្យ​បិទ​​ច្រក​​ទ្វារ​​ព្រំដែន​ចំនួន​​២ គឹ​ច្រក​​ជាំស្រងាំ និងជប់គគីរ នៃខេត្តឧត្តរមានជ័យ ចាប់​ពី​​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​២០២៥​​​នេះទៅ​ បន្ទាប់​ពី​ភាគី​ថៃ ប្រកាស​បិទ​ច្រក​​សាយ​តាគូ-ជប់​គគីរ ជា​ឯកតោភា​គី​មុន។

យោង​​តាម​ការ​បង្ហោះ​សារ​លើ​ទំព័​រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​ណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អាទិត្យ​នេះ បានឱ្យ​ដឹង​ថា ចាប់ពីម៉ោង ១២យប់ថ្ងៃទី​២២ ខែមិថុនា​​នេះ​ទៅ ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ និងឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ត្រូវ​ផ្អាក​ទាំង​ស្រុង។

លោក​ថា៖ «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មាន​លទ្ធភាពនាំចូល​ប្រេង​ឥន្ធនៈ និងឧស្ម័ន​ពី​​​ប្រភព​ផ្សេង គ្រប់​គ្រាន់ ដើម្បី​ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ​យើង កុំថា​ឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។

ជុំវិញ​ការផ្អាកនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃនេះ កាលពីថ្ងៃទី​២០ ខែ​មិថុនា ​​ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ​និង​ជាប្រធានព្រឹទ្ធសភា លោក​ ហ៊ុន សែន បាន​​លើកឡើង​ថា កម្ពុជា​មិន​ស្លាប់​ដោយ​​​សារ​​ការ​មិន​នាំ​ចូល​ប្រេងឥន្ធនៈ​ពី​​ប្រទេស​​ថៃ​​នោះ​​ទេ ប៉ុន្តែ​អ្នក​ដែល​ស្លាប់​នោះ ​គឺ​ក្រុម​ហ៊ុន PTT រប​ស់​ថៃ​ទៅ​វិញ​ទេ ខណៈ​​កម្ពុជា បាន​​ត្រៀ​ម​​ខ្លួន​​រួច​​រាល់​ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​ខាងថៃ​​គំរាម​​រួច​​ហើយ ទាំងរឿង​​​អ៊ីន​ធើណែត អគ្គិសនី ពលករ និ​ងពេល​នេះ រឿង​​ប្រេងទៀត។​

​ស្របពេលគ្នា​នោះ ប្រធានព្រឹទ្ធសភាកម្ពុជា ​​ក៏បាន​​ផ្តល់​យោបល់​​ទៅ​​រាជ​​​រដ្ឋាភិបាល​កម្ពុជា ​គួរ​ផ្អាក​ការ​នាំចូល​​​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ​ពី​ប្រទេស​នេះផងដែរ។​

ការលើកឡើងរបស់​​​ប្រធាន​គណបក្ស​កាន់អំណាចនៅកម្ពុជា បានធ្វើឡើង​បន្ទាប់​​ពី​លោក​​​ឃើញ​គណប​ក្ស​ប្រឆាំង​ថៃ​មួយ កាលពីថ្ងៃទី២០ ខែ​មិថុនា បាន​ជូន​យោបល់​ទៅរាជ​រដ្ឋាភិ​បាល​ថៃ​ ឱ្យ​ឈប់​លក់​ប្រេង​ឲ្យ​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ចាញ់។

នៅព្រឹក​ថ្ងៃ​អាទិត្យនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ក៏​បាន​​បញ្ជា​ទៅ​អភិបាល​ខេត្ត​ឧត្តរ​​មាន​ជ័យ ឱ្យ​បិ​ទ​ច្រក​ជប់​គគីរ​ ខាង​កម្ពុជា​ ជា​អចិន្ត្រៃយ៍វិញ​ និ​ង​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ជាំ​ស្រងាំ ស្ថិត​ក្នុង​ស្រុកអន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ បន្ថែម​មួយ​ទៀតផងដែរ ក្រោយពី​​​​មេ​បញ្ជា​ការ​យោធ​ភូមិ​​ភាគ២ នៃ​កង​ទ័ព​ថៃ បាន​ចេញលិខិតជូនដំណឹងពី​​​ការ​​បិទ​​ច្រក​សាយ​​តាគូ-ជប់គគីរ ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ ចាប់ពីថ្ងៃនេះតទៅ ដោយឯកតោ​ភាគី​មុន​​។

លោកបានគូសបញ្ជាក់ថា៖ «កម្ពុជា​មិនដែ​ល​មាន​បំណង​ចង់​បង្ក​ការ​លំបាក​ដល់​ប្រជា​ពលរដ្ឋ នៃ​ប្រទេសទាំង​ពីរ​ដែល​រ​ស់នៅ​ ឬ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ព្រំដែន​នោះ​ទេ។ ប៉ុន្តែ​បើក​ង​ទ័ព​ថៃ​នៅ​បន្ត​ប្រើ​វិធី​បែប​នេះដើម្បីដា​ក់​គំនាប​មក​លើ​កម្ពុជា​នោះ គឺ​កម្ពុជា​កំដរ​បាន​គ្រប់​ពេលវេលា»។

បើតាម​ប្រមុខរដ្ឋាភិបាល​កម្ពុជា​រូបនេះ វា​ជា​រឿង​ចម្លែក​មួយ​ ដែល​ថ្នាក់​ដឹ​កនាំ​​នយោបាយ​ថៃ រួម​ទាំង​នាយក​រដ្ឋ​មន្ត្រី​ថៃ តែង​តែ​ស្នើ​សុំ​ឱ្យ​មាន​ការ​ចរចា​បើក​ច្រក​ព្រំដែន​ ឱ្យ​មាន​ភាព​ប្រក្រតី​ភាព​ឡើង​វិញ ប៉ុន្តែ​ពេលជាមួយ​គ្នានោះ បែរ​ជា​​កង​ទ័ព​របស់​ថៃ​នៅ​តែ​បន្ត​​បិទ​បើក​ច្រក ឬ​កែ​សម្រួល​ម៉ោង​បិទ​បើក​ច្រក​តាម​ចិត្ត​នឹកឃើញ​ ជាឯក​តោ​ភាគី​ទៅ​វិញ។

យ៉ាងណា លោកនាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ថា សម្រាប់ការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃ  ខាង​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ «មិនមានការចាំបាច់ ក្នុងការចរចា​ទ្វេភា​គី​រឿង​បើក​ច្រក​ព្រំដែន​ រវាង​ប្រទេស​ទាំង​ពី​រនោះ​​ទេ»។

លោក​ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សារ​ជា​ថ្មី​ដែរ​ថា​​ ប្រសិនបើភាគីថៃ ពិត​ជាចង់បើកច្រក​ព្រំដែនឱ្យ​ប្រក្រតី​​ឡើង​វិញ​នោះ គឺ​​កង​ទ័ព​ថៃ ដែលជាអ្នកចាប់​ផ្ដើមបិទច្រកជាឯកតោ​​​ភាគី​​មុន ត្រូវ​បើក​ច្រក​ឡើង​វិញ​ជា​ឯកតោភា​គី​ឱ្យដូច​ស្ថាន​ភាព​មុន​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៥​វិញ នោះ​កម្ពុជា​នឹង​បើក​ឡើង​វិញ​ដែរ យ៉ាង​យូរត្រឹម​ ៥ម៉ោង​បន្ទាប់។

ភាពតានតឹងនៅតាម​តំបន់ព្រំដែន​​នៃប្រ​ទេស​ទាំង​ពីរ និងការ​​មាន​វិធានការ​នានា​​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ជាបន្ត​បន្ទាប់ បាន​កើ​តឡើង​ក្រោយ​​​​​​ពីទាហាន​​​​ថៃ​ បា​ន​​វា​យ​​​​​ឆ្មក់​​​​ចូល​​​​មក​​​បាញ់​​​សម្លាប់​​ទាហាន​​ខ្មែរ​​ម្នាក់​ នៅ​តំបន់​​​​​មុំ​បី ស្រុក​​​ជាំក្សាន្ត ខេត្ត​​ព្រះ​វិហារ កាលពី​​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​ឧសភា ឆ្នាំ​២០២៥។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការ​ពារ​ជាតិ​កម្ពុជា។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ថ្លែងប្រាប់ Press Strat Cambodia នៅថ្ងៃអាទិត្យនេះ​ថា ច្រកព្រំដែន​ជប់គគីរ និង​ជាំស្រងាំ គឺបិទ​ហើយ ដោយមានស្ថានភាពស្ងប់ស្ងាត់ធម្មតា គ្មានការចេញ​ចូលរបស់ប្រជាពលរដ្ឋ ឬការចល័តទំនិញនោះទេ។

លោកថា៖ «ច្រក​ទាំង​ពីរ ជា​រួម​ ​គឺ​ជា​ច្រក​សម្រាប់​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម កម្រិត​មធ្យម ជាមួយ​នឹង​ចលនាប្រជាព​លរដ្ឋ​ទាំង​ថៃ ទាំង​កម្ពុជា ចេញ​ចូល​ជា​ប្រចាំ​ថ្ងៃ ជាពិសេស​អ្នក​នៅ​ជាប់​តាម​បណ្ដោយ​ព្រំដែន​យើងនេះ»។

បើតាម​លោក​អភិបាល​ខេត្តរូប​នេះ​ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​​ មាន​ច្រក​ព្រំដែន​អន្តរ​ជាតិ​សំខាន់ៗ​ចំនួន​៣ ដូចជា​ច្រក​ព្រំដែន​អន្តរ​ជាតិ​ជប់​គគីរ ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល ជាប់​នឹង​ខេត្ត​បុរី​រម្យ នៃ​ប្រទេស​ថៃ ច្រក​ព្រំដែន​អន្តរ​ជាតិ​ជាំ​ស្រងាំ ស្ថិត​ក្នុង​ស្រុក​អន្លង់​វែង ជាប់​នឹង​ខេ​ត្ត​ស៊ី​សាកេត នៃ​ប្រទេស​ថៃ និង​ច្រក​អន្តរជាតិ​អូរស្មាច់ ស្ថិត​ក្នុង​ស្រុក​សំរោង ជាប់នឹងខេត្តសុរិន្ទ្រ នៃប្រទេសថៃ។ មុនវិធាន​ការ​បិទ​ព្រំដែន​ទាំង​ពីរ​នៃ​​ប្រទេស​ទាំង​ពីរ​ក្នុង​ខេត្ត​នេះ លោកថា ច្រក​​ទ្វារ​​អន្តរ​ជាតិ​​ជាំ បើក​​ដំណើរ​​ការ ៣ថ្ងៃ​​ក្នុង​​មួយ​​សប្តាហ៍ គឺ​​ចាប់​​​ពី​​ម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ហើយច្រក​ជប់​គគីរ បើក​ត្រឹម​តែ​បី​ថ្ងៃ​ដូច​គ្នា គឺ​ចាប់​ពី​ម៉ោង ១០​ព្រឹក ដល់​ថ្ងៃ​ត្រង់​​​ប៉ុណ្ណោះ។

ជុំវិញការបិទព្រំដែននេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​​សង្គម បាន​លើក​ឡើង​ថា ស្ថាន​ភាព​បច្ចុប្បន្ន​នេះ គឺ​មិន​អាច​ទប់​ស្កាត់​ការ​សម្រេច​ចិត្ត​របស់​អ្នក​នយោបាយ​បាន​ទេ ហើយ​បើ​ការ​ឆ្លើយតប​បែប​សង​សឹក​គ្នា រវា​ង​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​ក្នុង​រយៈ​ពេល​វែង នឹង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចនៃ​ប្រទេស​ទាំង​ពីរ​ ជាពិសេស​ប្រជាជន​រស់​នៅ​តាម​បណ្ដោយ​ព្រំ​ដែន។

លោកបណ្ឌិតលើកឡើងយ៉ាងដូច្នេះ៖ «គ្រាន់បានឈ្នះគ្នាផ្លូវចិត្ត តែរឿងសេដ្ឋកិច្ច គឺចាញ់ទាំងសងខាង តែក្នុង​​ពេលនេះ យើងមិនអាច​ទប់ការសម្រេចចិត្តរបស់អ្នកនយោបាយ​បានទេ ព្រោះអីទាំងសងខាងនៅចង់ចាញ់​ចង់ឈ្នះខ្លាំង ហើយបើវិធានការបែបនេះ នៅបន្តយូរតទៅទៀត ខ្ញុំគិតថា អ្នកនយោបាយ គាត់​នឹងចាប់​ផ្ដើម​ពិបាក​រឿង​ការទូតទាំងសងខាង ហើយបើអ្នកដែលមានសេដ្ឋកិច្ចខ្លាំង ក្រែងគេមានច្រកចេញទៅណា​ទៅណីទៀត តែបើអ្នកសេដ្ឋកិច្ចខ្សោយ អាចនឹងមានផលលំបាកច្រើន ដែលត្រូវប្រឈម និងដោះស្រាយ​ជាមួយ»។

កម្ពុជា និងថៃ មានព្រំដែនជាប់គ្នា ប្រវែង​ប្រមាណ ៨១៧គីឡូម៉ែត្រ ក្នុងនោះមានខេត្តចំនួន​៧ របស់​កម្ពុជា ​ជាប់​ព្រំដែន​ថៃ ក្នុងនោះមាន ខេត្ត​​កោះកុង ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ ព្រះវិហា​រ និងឧត្តរមាន​ជ័យ។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នក​សិក្សា​ស្រាវជ្រាវផ្នែក​សេដ្ឋកិច្ច សង្កេត​ឃើញ​​​ថា ក្នុងស្ថានភាពកំពុង​តឹងតែងនៃ​​ប្រទេសកម្ពុជា និងថៃ វិធានការបិទព្រំដែនបានកើតឡើងជាបន្តបន្ទាប់ ហើយអាចឈានដល់ការបិទច្រកព្រំដែនទាំងអស់ បន្ទាប់ពីប្រទេសថៃ បាន​ហៅ​​ឯក​អគ្គរាជ​ទូត​របស់​ខ្លួន​ប្រចាំ​នៅ​​កម្ពុជា ឱ្យ​ត្រឡប់​ទៅ​កាន់​​​ទី​ក្រុង​បាង​កក​វិញ កាល​ពី​ពេល​ថ្មីៗនេះ។

ផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ចវិញ លោកបណ្ឌិត ជ័យ តិច ថាភាគីថៃ គឺជាអ្នកខាតបង់ច្រើន ព្រោះជាប្រទេស​​​អ្នកលក់ឱ្យកម្ពុជា។ យ៉ាងណា លោកថា កម្ពុជាផ្ទាល់ក៏ប្រឈមនឹងតម្រូវការផ្នែក​ផ្គត់ផ្គង់​​រយៈ​ពេលខ្លី​ផង​​ដែរ ដែលតម្រូវឱ្យរដ្ឋាភិបាល ត្រូវដាក់ចេញការឆ្លើយតបច្បាស់លាស់​ទៅ​លើ​ផល​ប៉ះ​ពាល់នៃ​ផ្នែក​​និមួយ​ៗ ដូចជា បញ្ហា​កម្មករ​កម្ពុជា​ដែល​មក​ពី​ប្រទេស​ថៃ​វិញ ប្រេង​សាំង និង​បុគ្គលិក​កម្ពុជា ដែល​ធ្វើ​ការ​លើ​វិស័យ​នេះ ក៏​ដូច​ជា​អាជីវករ ពាណិជ្ជករ​កម្ពុជា​ដែលរកស៊ី​​នាំ​​ចេញ​នាំចូល​ជាមួយ​ខាង​ថៃ។

លោកថា៖ «ដូច្នេះខ្ញុំជឿជាក់ថា រដ្ឋាភិបាល នឹងមានវិធានការ តាមរយៈការប្រជុំជាមួយ​នឹងវិស័យឯកជន និង​ក្រសួងដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការឆ្លើយតប ជួយសម្រួល​ដល់កម្មករ អាជីវករ ពាណិជ្ជកររបស់កម្ពុជាយើង ក្នុងការដោះស្រាយបញ្ហាការងារជូនពួកគាត់ ក៏ដូចជាការស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងៗទៀត ដើម្បីជំនួសការនាំចូលពីខាងប្រទេសថៃនេះ»។

បើតាមលោក ជ័យ តិច ប្រទេសថៃ ខាតបង់ទឹកប្រាក់ប្រមាណ ១៤លានដុល្លារ​​​ក្នុង​១ថ្ងៃ លើការនាំចូលផ្នែកពាណិជ្ជកម្មនឹងកម្ពុជា ខណៈ​វិធាន​ការ​បិទ​ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ​មក​កម្ពុជា ​ថៃ​ខាត​ប្រាក់ប្រមាណ ១លាន​ដុល្លារ​​ក្នុង​១ថ្ងៃ។

ឯការបិទការនាំចូលគ្រឿងកំប៉ុង៤មុខ រួមមាន ស្រាដប ស្រាបៀរ ភេសជ្ជៈ និង​ត្រីខកំប៉ុង​​ លោក​ថា ថៃអាច​នឹង​​​ខាត​ទឹកប្រាក់​ប្រមាណ ២៥០​លាន​ដុល្លារ ខណៈការ​បិទ​ការ​នាំចូល​ប្រេង​សាំង​ ថៃ​នឹង​ខាត​ប្រមាណ ២​ ១០០​លានដុល្លារ​​នៃ​ការ​នាំចូ​ល​ប្រមាណ ២៩% នៃ​ការ​នាំចូលសរុបរបស់កម្ពុជា។

តាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុង​​ត្រីមាសទី១ ឆ្នាំ​​២០២៥ សម្រេចបានតម្លៃទឹកប្រាក់​​សរុបប្រមាណ ១,១៤ពាន់លានដុ​ល្លារ​ កើនឡើង ២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រទេសថៃ នៅកម្ពុជា កាលពីខែមេសាកន្លងទៅ ប្រទេស​ទាំង​ពីរ​ មានគោល​បំណងលើការសម្រេចឱ្យបាន​ ១៥ពាន់​លាន​ដុល្លារ​អាមេរិកសម្រាប់ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រឹម​ឆ្នាំ២០២៧៕

អត្ថបទគួរឱ្យចាប់អារម្មណ៍