រាជរដ្ឋាភិបាលកម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ពីខាងកាកបាទក្រហមអន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ ដែលយោធាថៃចាប់ខ្លួន ក្រោយបទឈប់បាញ់ ឱ្យមកមាតុប្រទេសវិញឱ្យបានឆាប់បំផុត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៤ ខែសីហានេះ បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រសួងការបរទេស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឱ្យធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត។
ជាមួយគ្នានេះ លោកថា ក្រសួងការពារជាតិ ក៏បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើប្រទេសម៉ាឡេស៊ី ធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។
រីឯប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះដែរថា លោកបានពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជុំវិញការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ខ្លួនក្រោយបទឈប់បាញ់បានចូលជាធរមានរយៈពេល៨ម៉ោង។
លោកបានចោទជាសំណួរថា៖ «ហេតុផលអ្វីទៅ ដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?»។
អតីតនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ បានចាត់ទុកសកម្មភាពកងទ័ពថៃ ដែលចល័តទ័ពចូលមកចាប់កងទ័ពក្នុងបន្ទាយទ័ពកម្ពុជា បន្ទាប់ពីមានបទឈប់បាញ់ ជាការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តទ័ព និងហាមបន្ថែមកងទ័ព។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការអន្តរជាតិ ទាំងកាកបាទក្រហម និងអង្គការសិទ្ធិមនុស្ស ដើម្បីដាក់សម្ពាធ និងជំរុញឱ្យភាគីថៃធ្វើការដោះលែងកងទ័ពកម្ពុជាត្រលប់មកវិញឆាប់ៗនេះ។
លោកថា៖ «រដ្ឋាភិបាលប្រើគ្រប់មធ្យោបាយ ជាពិសេសប្រើប្រាស់យន្តការអន្តរជាតិដែលមាន កាកបាទក្រហមអន្តរជាតិ ស្ថាប័នសិទ្ធិមនុស្សទាំងអស់ដែលមាន។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនយើង១៨នាក់ហ្នឹង។ ធ្វើម៉េចដើម្បីដាក់សម្ពាធឱ្យថៃត្រូវតែដោះលែង កងកម្លាំងយើងទាំងអស់មកវិញហើយឱ្យបានឆាប់»។
អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា លោក ហុក សុភា ថ្លែងថា កម្ពុជាសម្រេចពឹងពាក់កាកបាទក្រហមអន្តរជាតិ ដោយសារអង្គការនេះមានតួនាទីធានាដល់អ្នកដែលត្រូវគេចាប់ខ្លួនក្នុងសង្រ្គាម នូវការយកចិត្តទុកដាក់ក្នុងន័យមនុស្សធម៌ រួមទាំងសម្របសម្រួលការចាំបាច់នានាអំឡុងពេលឃុំខ្លួន ដំណាក់កាលដោះលែង និងបញ្ជូនមកប្រទេសកំណើតវិញ។
កាលពីថ្ងៃទី០១ ខែសីហា កងទ័ពកម្ពុជាចំនួន២នាក់ ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកកម្ពុជា តាមច្រកអូរស្មាច់ ខណៈកងទ័ពកម្ពុជា១៨នាក់ទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃនៅឡើយ គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ។
ប្រធានអង្គការសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា យោធាថៃបានរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ស្ដីពីសង្រ្គាម ដោយសារតែកងទ័ពកម្ពុជាចំនួន២នាក់ ដែលថៃប្រគល់មកវិញមានសភាពទ្រុឌទ្រោម ដែលបង្ហាញពីការធ្វើទុក្ខបុកម្នេញលើរាងកាយរបស់ពួកគេ។ ទន្ទឹងនឹងនេះ លោកថា ថៃក៏រំលោភសិទ្ធិមនុស្សខ្លាំងដែរ ចំពោះការឆ្មក់ចាប់កងទ័ពកម្ពុជា បន្ទាប់ពីប្រទេសទាំង២ បានព្រមព្រៀងគ្នាលើបទឈប់បាញ់។
លោកបញ្ជាក់ថា៖ «ពេលទៅយកចាប់ខ្លួនទៅ គឺមិនបានធានាសុវត្ថិភាពទៅដល់យោធាកម្ពុជាទាំងអស់ហ្នឹងទេ នៅពេលដែលបញ្ជូនត្រលប់មកវិញ យើងឃើញថាមានពីរនាក់ មុនពេលចាប់ខ្លួនទៅ គាត់មានសុខភាពធម្មតា តែក្រោយពេលដែលភាគីយោធាថៃបញ្ជូនត្រលប់មកវិញ ឃើញថាគាត់មានសភាពទ្រុឌទ្រោម ដែលបង្ហាញអំពីការធ្វើទុក្ខបុកម្នេញ ទៅលើរូបរាងកាយរបស់ពួកគាត់។ ដូច្នេះ ជាការរំលោភធ្ងន់ធ្ងរណាស់ទៅលើគោលការណ៍ច្បាប់ស្ដីពីសង្រ្គាម»។
អ្នកវិភាគនយោបាយ លោក មាស នី មានប្រសាសន៍ដែរថា ថៃនឹងរងការរិះគន់ពីអន្តរជាតិចំពោះការប្រព្រឹត្តទង្វើអយុត្តិធម៌ក្នុងពេលសង្រ្គាម ក្នុងករណីមិនព្រមដោះលែងកងទ័ពកម្ពុជាមកវិញ ប្រសិនបើមានការអន្តរាគមន៍ពីកាកបាទក្រហមអន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ។
លោកនិយាយថា៖ «កាលណាកាកបាទក្រហមគេធ្វើការហើយ យើងមិនឱ្យគេអាហ្នឹង បានន័យថា យើងមានចេតនាអីអាក្រក់ លើសពីហ្នឹងទៀត លើសពីគ្រាន់តែចាប់ខ្លួនគេ។ អាចនឹងធ្វើឱ្យប្រទេសថៃខូចឈ្មោះកាន់តែធ្ងន់ទៀត ប៉ុន្តែយើងចាំមើលៗថាតើថៃនឹងរកមធ្យោបាយអីដើម្បីយកលេសតទៅទៀត»។
ហេតុការណ៍ដែលថៃចាប់ខ្លួនកងទ័ពកម្ពុជា កើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ លោកច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ថ្លែងថា នៅទីតាំងលេណដ្ឋានកម្ពុជា ក្នុងសមរភូមិបុស្បូវ កងទ័ពថៃបានប្រើល្បិចចាប់ខ្លួនកងទ័ពកម្ពុជាចំនួន២០នាក់ ដោយក្នុងនោះមានទ័ពថៃមួយក្រុមចេញពីក្នុងព្រៃមកលបភ្ជង់ពីក្រោយខ្នង អំឡុងពេលថតរូបទុកជាអនុស្សាវរីយជាមួយកងទ័ពថៃមួយក្រុមទៀត បន្ទាប់ពីមានបទឈប់បាញ់។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពថៃ ឱ្យដឹងថា កងទ័ពថៃបានចាប់ខ្លួនទាហានកម្ពុជា១៨នាក់ ដែលបានចុះចាញ់។
ជាមួយគ្នានេះ កាសែតថៃ Khaosod English កាលពីថ្ងៃទី២៩ ខែកក្កដា ក៏ចុះផ្សាយដែរថា កងយោធពលខេមរភូមិន្ទថៃ បានរាយការណ៍ពីការឃុំខ្លួនទាហានខ្មែរ១៨នាក់ ដែលបានចុះចាញ់កំឡុងពេលចូលកាន់កាប់តំបន់សៀមតែ (Sam Tae) ហើយក៏បានរកឃើញអ្នកស្លាប់២នាក់ដែរ។ បច្ចុប្បន្ន យោធិនកម្ពុជាទាំងអស់ កំពុងស្ថិតក្រោមការគ្រប់គ្រង ក្នុងតំបន់សុវត្ថិភាព នៃយោធភូមិភាគទី២ ដែលបានរៀបចំការថែទាំជាមូលដ្ឋាន រួមមានសម្លៀកបំពាក់ អាហារ ទឹកស្អាត និងការព្យាបាលចាំបាច់នានា។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានប្រកាសបទឈប់បាញ់រួមគ្នាមួយជាបន្ទាន់ចាប់ពីពាក់កណ្ដាលអាធ្រាត ចូលថ្ងៃទី២៨ ខែកក្កដា ក្រោយមានការរៀបចំ និងសម្របសម្រួលដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន និងតំណាងមកពីសហរដ្ឋអាមេរិក និងចិន ក្រោមគំនិតផ្តួចផ្តើមឱ្យមានបទឈប់បាញ់ ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ៕