កម្ពុជាថា ផែនការ​​របស់​មេប​ញ្ជាការ​​យោធ​ភូមិ​ភាគ​២​ថៃ​ ដែល​​ច​ង់​​ដណ្តើម​​​​កាន់កាប់​​​ប្រាសាទ​ខ្មែរ ​ជា​​កា​​​​របំ​ពាន​​បទ​​ឈប់បាញ់

អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ចាត់ទុក​​​កា​​រ​ប្រកាស​​ផែន​​ការមុន​ពេល​ចូលនិវត្តន៍​​​របស់​​មេ​​ប​ញ្ជា​ការ​​យោធ​ភូ​មិ​ភាគ​​ទី​២រ​បស់​ថៃ​ ដែ​ល​​ថាដ​​ណ្តើម​​​​​គ្រប់​​​គ្រង​​ប្រាសាទ​​តា​ក្របី និង​​បិទ​​​ប្រាសាទ​តាមាន់​ធំ​ដែល​ស្ថិត​​ក្នុង​​ដែន​អធិប​តេយ្យ​​កម្ពុជានោះ ​​ថា​ជា​ចេតនា​ប៉ុនប៉ង​​ឈ្លាន​ពាន​ទឹក​​ដី​​កម្ពុជា​ និង​​​​​​រំលោភ​​​បំពាន​​​លើកិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់។

កាលពីថ្ងៃទី​​១០ ខែ​សីហា ឆ្នាំ​២០២៥ មេ​បញ្ជាកា​រ​យោធ​ភូមិ​ភាគ​ទី២​ថៃ លោក​ ប៊ុន​ស៊ីន ផាត់ឃ្លាំង បាន​ប្រកាស​ផែន​ការ​មុន​ចូល​និវត្តន៍​របស់​ខ្លួន ដែល​នៅ​សល់​តែ ៥១ថ្ងៃ​ទៀត​នោះ​ ​ថានឹង​​ដណ្តើម​កាន់​កាប់​ប្រាសាទ​​តាក្របី ពី​ការ​គ្រប់​គ្រង​ស្រប​ច្បាប់​របស់​កម្ពុជា និង​ប្រកាស​បិទ​ប្រាសាទ​​​តាមាន់​ធំ​ដែល​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់​ក្រសួង​ការ​ពារជាតិ​កម្ពុជា។

ប្រភពដដែល បន្តថា ​ការ​ប្រកាស​នេះ​ ជា​ភស្តុតា​ង មិន​អាច​ប្រកែក​បាន​បញ្ជាក់​ពី​ការ​បង្ក​ហេតុ និង​ជា​ការ​ប៉ុន​ប៉ង​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ដោយ​ចេតនា និង​គិត​ទុក​ជា​មុន ហើយ​​ទង្វើ​របស់​មេបញ្ជា​ការ​ភូមិ​ភាគ​២​ថៃនេះ ក៏​ជា​ការ​រំលោភ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ សម្រេច​នៅក្នុង​កិច្ច​ប្រជុំ​ពិសេស នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ និង​ស្មារតី​នៃ​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ GBC កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០២៥ នៅប្រទេសម៉ាឡេស៊ី។

ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC ភាគីកម្ពុជា-ថៃ បាន​ឯកភា​ព​គ្នា ជាពិសេស​ចំណុច​ទី​២ ដែល​បាន​ចែង​ថា ភាគី​ទាំង​ពីរ​មិន​ត្រូវ​ចល័ត​កង​ទ័ព​របស់​ខ្លួន រា​ប់​បញ្ចូល​ទាំង​ការ​មិន​ដើរ​ល្បាត​ហួស​ពី​ទីតាំង​របស់​ខ្លួន​ដែល​ឈរ​ជើង​ឡើយ។

លោកស្រី ម៉ាលី សុជាតា បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី ​នៅ​ថ្ងៃទី​១១ ខែ​សីហានេះថា កម្ពុជា ប្រកាន់​​គោលជំ​ហរ​ដ៏ម៉ឺ​ងម៉ា​ត់​របស់​ខ្លួន​ ក្នុង​ការ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី និង​ប្រកាន់​គោល​ការណ៍​សន្តិភាព​ជាធំ​ និងអ​នុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បទ​ឈប់​បាញ់ ហើយ​កម្ពុជា​សង្ឃឹម​ថា ភាគី​ថៃ​នឹង​ប្រកាន់​គោលជំ​ហរ​ដូច​គ្នានេះ ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ ដើម្បី​ឈាន​ទៅប​ញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ទាំ​​ង​ស្រុង និង​ស្តារ​មក​វិញ​នូវ​សន្តិ​ភាព ប្រក្រតី​ភាព និង​ប្រជា​ពលរដ្ឋ​នៃប្រ​ទេស​ទាំង​ពីរ​រស់​នៅក្នុង​សុខ​សន្តិភាព។

លោកស្រីថា៖ «បញ្ហាព្រំដែន មិន​អាច​កែប្រែ​​តាមរយៈការ​ប្រើប្រាស់កម្លាំង​ជា​ដាច់​ខាត ហើយ​បញ្ហា​ព្រំដែន ត្រូវ​តែដោះស្រាយតាមរយៈយន្តការបច្ចេកទេស និង​ច្បាប់​អន្តរជាតិ»។

ជាមួយគ្នានេះ លោកស្រី ម៉ាលី សុជាតា ក៏បាន​អំពាវ​នាវ​ដល់​សហគមន៍​អន្តរ​ជាតិ ជាពិសេសប្រទេស​ដៃគូ​ ដែល​បាន​​​​​ជួយ​​ឱ្យ​​សម្រេច​​បាន​​នូ​វ​​បទ​​ឈប់​​បាញ់​​ដ៏​​​លំបាក​​នេះ ​ជួយ​​ជំរុញ​​ទៅ​ភាគី​​ថៃ គោរ​ព​​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លា​លួសដែលខ្លួនបានលួចដាក់ ចេញ​ឱ្យ​អស់​ជា​បន្ទាន់​ ពីដែនអធិបតេយ្យរបស់កម្ពុជា។

ចំណែក​​ លោក​ឧត្តមសេនីយ៍​ត្រី នាក់ វង្ស មេ​បញ្ជា​ការ​កង​ពលតូច​​ថ្មើរ​ជើង​លេខ​៤២ ទិស​ប្រាសាទ​​តាមាន់​ ថ្លែង​ប្រាប់​ក្រុម​អនុព័​ន្ធយោ​ធា​បរទេស​ពេល​ដែលពួកគេ​ចុះទៅពិនិត្យ​ស្ថាន​ភាព​ជាក់ស្តែង​នៅ​ខេត្តឧត្តរ​មាន​ជ័យ​ នៅ​ថ្ងៃ​ទី​១០ ខែ​សីហាថា កំឡុង​​ពេល​​ដែល​មាន​ការ​​បាញ់​គ្នា​ ទាហាន​​ថៃ​​មិន​​បាន​​ចូល​​ប្រាសាទតាមាន់​ធំទេ ប៉ុន្តែក្រោយមានបទ​ឈប់បាញ់ ទាហាន​ថៃ បាន​រំលោភ​ចូលទៅកាន់ប្រាសាទ និង​បានធ្វើលេណដ្ឋាន​នៅ​ប្រាសាទ​តាមាន់ធំ​ ព្រមទាំង​បានបាញ់ជំពាម​ប្រមាណ​ ១០០គ្រាប់ ចូលមក​ដែនអធិបតេយ្យភាពកម្ពុជា​ ប៉ុន្តែ​កម្ពុជា​ពុំបា​ន​តប​ត​អ្វី​ឡើយ។

លោកថា៖ «កាល​ដែល​យើង​បាញ់​គ្នា​ ប៉ុន្មាន​ថ្ងៃ​មុន វា​អត់​ចូល​​ប្រាសាទ​​ទេ អញ្ចឹង​ក្រោយ​ឈប់​បាញ់ ចាប់​ពី​ថ្ងៃ​ទី១​[ខែ​សី​ហា] វារំលោភទៀត​។ វារំលោភ វាធ្វើលេណដ្ឋានក្នុងប្រាសាទ វាដាក់​របងលួសរបងអីក្នុង[…] យើងទៅហាម​ឃាត់យ៉ាងម៉េច​ក៏វា​មិន​ស្តាប់ដែរ បានន័យថា​វារំលោភបទឈប់បាញ់ ហើយ​​មុននេះ ​ខ្ញុំ​​​​ទៅ​​រាដៃ​ កុំ​ឱ្យ​វា​ ធ្វើតែវានៅតែធ្វើ។ យប់មិញ វាបាញ់ជំពាម​​ប្រហែលជា ១០០គ្រាប់»។

អ្នកវិភាគ និងស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេត​ឃើញថា ​សកម្មភាព​របស់​យោធា​ថៃ ដែលរាយបន្លាលួស ធ្វើលេណដ្ឋាន និងការ​លើកឡើង​ពីបំណង​ចង់​គ្រប់​គ្រង​ប្រាសាទ​របស់កម្ពុជានេះ បង្ហាញពីការ​មិន​​គោរព​នូវ​បទ​ឈប់​បាញ់ ដើម្បី​ឈាន​ទៅ​រក​សន្តិ​ភាពនៅ​តាម​ព្រំដែន​ឡើយ។ លោកយល់​ថា ភាគី​ថៃ​នឹង​មិនបញ្ចប់​​សកម្ម​ភាព​ឈ្លាន​ពាន​អធិប​តេយ្យ​​ភាព​ ​និ​​ងបូ​រណភា​ព​ទឹក​ដីក​ម្ពុជា​ឡើយ បើ​មិន​មាន​សម្ពាធ​ពី​ខាង​អន្តរ​ជាតិ​នោះ។

លោកថ្លែង​ថា៖ «ស្ថាន​ភាព​នេះ មិន​ត្រជាក់​ទេ​នៅ​តែ​ក្តៅ​រហូត បា​នន័​យ​ថា បើ​គេ​ចង់​បង្ក​រ​ឱ្យ​មាន​សង្រ្គាម គេ​ចេះ​ធ្វើ​ម៉េច​ឱ្យ​យើង​ទ្រាំ​មិន​បាន ក៏​ប៉ុន្តែ​ភាគី​ខាង​កម្ពុជា​យើង​​​ក៏កំ​ពុង​មាន​ប្រៀប​ខាង​អន្តរ​ជាតិ អញ្ចឹង​ធ្វើ​ម៉េច​យើ​ង​ប្រើ​យន្ត​ការ​ហ្នឹង​ ដើម្បី​ការ​ពារ​អ្វី​ដែល​ជា​ការ​ប្រកាស​មេភូ​មិ​ភាគ​ថៃ ទំរាំ​ចូល​និវត្តន៍​គឺ​ ៥១​ថ្ងៃ​ទៀត អញ្ចឹង​ក្នុង​ពេល​ហ្នឹង ពង្រឹង​យន្ត​ការ​របស់​អន្ត​រ​ជាតិ អាស៊ាន​ហ្នឹង ហើយ​ចាំ​មើល​ស្ថាន​ភាព​បន្ត​ទៅ​ទៀត ក៏​ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​កម្ពុជា​ត្រូវ​តែ​ត្រៀម​លក្ខណៈ​រួ​ច​ជាស្រេច​ ដើម្បី​ឆ្លើយ​តប​នៅ​ពេល​ណា ដែល​ស្ថាន​ការ​ណ៍វិ​ល​ត្រឡប់​ក្នុង​ការ​ផ្ទុះ​សង្គ្រាម​វិញ ព្រោះ​អី​ថៃ​មិន​សុខ​ចិត្ត​ទេ លើក​លែង​តែ​សម្ពាធ​អន្តរ​ជាតិ ឬ​ក៏​ការ​សង្កេត​កាណ៍​អនុវត្ត​ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់»។

ទោះជាយ៉ាងណា លោកក៏ស្នើឱ្យមានការដាក់អ្នកសង្កេតការណ៍ពីបណ្តាប្រទេសជាអនុព័ន្ធនៅតាមព្រំដែន កម្ពុជា ថៃឱ្យបានឆាប់ដើម្បីជាភស្តុតាង និងជៀសវាងការចោទប្រកាន់គ្នាទៅវិញទៅមក។

ប្រជាពលរដ្ឋរស់នៅក្រុ​ងសំរោង ខេត្តឧត្តរ​មានជ័យ លោក ចូយ ជឿន អាយុ ៥៦ឆ្នាំ បង្ហាញក្តីបារម្ភ និងការ​ឈឺចាប់​ជាថ្មី នៅពេល​បានទទួលព័ត៌មាន​ថា​ ទាហាន​​​ថៃ​​នៅ​មាន​បំណង​ចង់​រំលោភ​ដែនអធិបតេយ្យ និ​ង​បូរណ​ភាពទឹកដីកម្ពុជា នៅតំបន់ប្រាសាទ​តាក្របី និង​ប្រាសាទ​តាមាន់​ធំ​នេះ។ ករណីនេះ លោកបានអំពាវ​នាវ​​​ដល់​ឱ្យ​ថ្នាក់​ដឹក​នាំ​នៃប្រទេស​ទាំងពីរ​ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​បញ្ចប់​ជម្លោះព្រំដែន​ ​និង​​ដើម្បី​ឱ្យ​​ប្រជាពលរដ្ឋ​​រស់​​នៅ​សុខសាន្ត​ដោយប្រក្រតីភាពឡើងវិញ​​ ដោយ​​លែងមានការ​ភ័យខ្លាចនឹងការផ្ទុះអាវុធតទៅទៀត​​។

លោក​ថា៖ «ច​ង់​ឱ្យ​តែ​ស្រុក​សុខ​ស្រួល​សប្បាយ អញ្ចឹង[ពេលមានការផ្ទុះអាវុធ​ដាក់គ្នា​]​ពិបាក​ណាស់ មិន​ដែល​គេង​បាន​​​គ្រាប់​គ្រាន់​​ទេ យើងមិនបានដេកផ្ទះចេះតែដេក ចេះតែលូន […] សំណូមឱ្យរដ្ឋាភិបាល​ដោះ​​ស្រាយ​​ឱ្យឆាប់ចប់ កុំឱ្យមាន​បញ្ហាពិបាករត់បែបនេះ»។

គួរបញ្ជាក់ថា ​កម្ពុជា-ថៃ បាន​ផ្ទុះអា​វុធ​ដាក់​គ្នាទ្រ​ង់​ទ្រាយ​ធំរ​យៈ​ពេល​៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​២៤ ខែ​កក្កដា ដល់​​​ថ្ងៃ​​​ទី​២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយ​ពី​​ភាគី​ទាំងពី​រ ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​លើ​​បទ​ឈប់​​បាញ់​ ​ចាប់​​​ពីម៉ោ​ង​​១២​យប់​ថ្ងៃ​ទី២៨​ ខែកក្កដា​ត​ទៅ តាមរយៈ​​ការ​​សម្រប​​សម្រួល​ពី​​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជាប្រធានអាស៊ាន​​​ប្តូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

ប៉ុន្តែក្រោយពីកិច្ចព្រមព្រៀង​បទឈប់បាញ់ចូលជា​ធរមាន​បាន ​៨ម៉ោង ពោលគឺនៅថ្ងៃទី​២៩ ខែ​កក្កដា ទាហាន​​ថៃ​​​បាន​ចូល​ទៅ​ចាប់​ទាហាន​ខ្មែរ​ចំនួន​២០​នាក់ ដល់​បន្ទាយទ័ព​កម្ពុជា ដែល​គិត​មក​ដល់​ថ្ងៃទី១១ ខែសីហា​នេះ​​ ថៃ​នៅ​​មិន​ទាន់​​​​ដោះលែ​ងទាហាន​កម្ពុជា​ដែលនៅសល់ ១៨រូប​ទៀត​​​មក​​កម្ពុជា​វិញ​​​​នៅឡើយ បើ​ទោះ​​បីជា​​កម្ពុជា​អំពាវ​​នាវ​​ឱ្យ​​​ដោះ​លែង​ និង​ស្វែង​រក​កិច្ចអន្ត​រាគមន៍​ពី​សហគមន៍​អន្តរជាតិក៏ដោយ៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍