លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបាញ់ទម្លាក់ដ្រូនអត់មនុស្សបើករបស់យោធាថៃ កន្លងមក ព្រោះដ្រូនទាំងនោះបានហោះរំលោភចូលក្នុងដែនអធិបតេយ្យកម្ពុជាជារឿយៗ ខណៈការប្រឈមមុខដាក់គ្នាដោយសព្វាវុធ នៅតាមខ្សែបន្ទាត់ព្រំដែន នៅតែបន្តមានភាពតានតឹង។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ឯខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបាញ់ទម្លាក់ដ្រូនរបស់ភាគីថៃ គឺក្រោយពេលដែលប្រទេសនេះ បានបញ្ជូលដ្រូនចូលទឹកដីកម្ពុជាម្ដងហើយម្ដងទៀត ព្រមទាំងបាននិយាយថា កម្ពុជាជាអ្នករំលោភទឹកដីថៃទៅវិញ។
លោកបន្តថា៖ «បង្ហោះដ្រូនក្នុងដីរបស់យើង យើងដាក់លិខិតតវ៉ាគេផ្ញើរមកវិញ Copy លិខិតរបស់យើងគ្រាន់តែថា ប្រើពាក្យយើងជាអ្នករំលោភ ទៅជាអញ្ចឹង ហោះចូលមកក្នុងដៃយើង ថ្ងៃទី១ ឯកឧត្តម អ៊ុំ រាត្រី រាយការណ៍ថាចូលហើយ បន្ទាប់មកឯកឧត្តម ខូយ រីដា ប្រាប់មកទៀត។ អាហ្នឹងមកពីណា? ព្រំដែនហី អារឿងព្រំដែនមួយនៅតាមបន្ទាត់ព្រំដែន អានេះ ចូលដល់ក្នុង។ ចូលមកទៀតថ្ថៃទី២ ទី៣ ខ្ញុំតេទៅមេ៥០១ ណែ បាញ់ទៅ។ ខ្ញុំប្រាប់ទៅភូមិភាគ៥ បាញ់! មានឯណាចូលមក នៅថ្មដាយើង បាញ់ឡើងផ្អើលដល់ត្រាង ដាក់អស់ប៉ុន្មានគ្រាប់ ស្អែកឡើងបាញ់អស់១ទៀត ដើរកក្នុងចំការព្រៃអត់ឃើញ ស្ងាត់! តវ៉ាលើក្រដាសតវ៉ាហើយ តែអ្នកឯង នៅតែបំពានបាញ់ បាញ់ដ្រូន»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតបតទៅនឹងការឈ្លានពានចូលទឹកដីកម្ពុជា ទោះបីជាកម្ពុជាមិនមានសព្វាវុធទំនើបខ្លាំងក៏ដោយ។
លោកបន្តថា៖ «បើសិនជាមានការបំពាន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងការការពារទឹកដី។ ទោះបីឧបករណ៍របស់កម្ពុជាមិនទំនើបខ្លាំង ប៉ុន្តែទឹកចិត្តនិងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំងដែលចូលបំពានទឹកដីរបស់យើង»។
ចំណែក អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ប្រាប់គេហទំព័រ Press Start Cambodia ថា ក្រសួងមិនអាចរៀបរាប់លម្អិតអំពីផែនការ ឬចំនួននៃការបាញ់ដ្រូនដែលថៃបង្ហោះចូលមកទឹកដីកម្ពុជាជាក់លាក់ ឬវិធីការពារខ្លួនជាក់របស់កម្ពុជា មកអ្នកកាសែតបានឡើយ គឺដើម្បីការពារសុវត្ថិភាព និងឯកជនភាព។
លោកស្រីបន្ថែមថា៖ «ទាក់ទងជាមួយនឹងស្ថានភាពបច្ចុប្បន្ន បើសិនជាមានការឆ្លើយតបណាមួយ ដែលមានតម្រូវការក្រសួងហ្នឹងមានការឆ្លើយតប ក្រសួងមានការឆ្លើយតបជាហូរហែរ[…] ព្រោះក្នុងស្ថានភាពខ្លះ យើងរក្សាក្នុងការឆ្លើយតបស្ថានភាពជាក់ស្តែង»។
គាំទ្រនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ឱ្យដឹងថា ការបញ្ជារឱ្យបាញ់ទម្លាក់ដ្រូនថៃចូលកម្ពុជានេះ គឺជាវិធានការ និងជាការបញ្ជាក់ជំហរ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា។
លោកបន្តថា៖ «សម្តេចធិបតីចង់បញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការការការពារបូរណភាពទឹកដី មិនឱ្យមានការឈ្លានពាន។ ប្រទេសណាក៏ត្រូវចាត់វិធានការបែបនេះដែរ ឱ្យតែមានការឈ្លានពានចូលទឹកដីគេ»។
យ៉ាងនេះក្តី លោកបណ្ឌិត មាស នី អ្នកវិភាគសង្គម យល់ថា សកម្មភាពរបស់កម្ពុជាដែលបាញ់ទម្លាក់ដ្រូនរបស់ថៃ គឺជារឿងសមស្របមួយក្នុងការបង្ការទុកមុននូវទង្វើរបស់ថៃ បើសិនណាថៃបង្ហោះដ្រូនចូលមកទឹកដីកម្ពុជាក្នុងបំណងបង្កសង្រ្គាមជាមួយកម្ពុជា។
លោកបន្តថា៖ «ការបាញ់ទម្លាក់ដ្រូនក៏ជាវិធានការសំខាន់មួយដែរ ជួនកាលនៅក្នុងយុទ្ធសាស្រ្តយោធាការបង្ហោះដ្រូន គឺជាការចាប់ផ្តើមដើម្បីពិនិត្យមើលតំបន់ដែលប្រយុទ្ធគ្នា ហើយគេអាចនឹងធ្វើការ ធ្វើឲ្យមានការផ្ទុះសង្រ្គាមបន្ទាប់ទៅថ្ងៃក្រោយ ចឹងការបាញ់ទម្លាក់ហ្នឹង គឺជាការសម្រេចចិត្តសមស្របរបស់ខ្មែរក្នុងការការពារខ្លួន បើសិនជាថៃគេហាក់ដូចជាមើលងាយយើងកាន់តែខ្លាំងឡើងៗ […]ចឹងការបាញ់ទម្លាក់ដ្រូន វាជារឿងមួយសមរម្យ ដើម្បីការពារកុំឲ្យគេរំលោភមកលើដែនអធិបតេយ្យភាពរបស់យើងទៀត»។
គេសង្កេតឃើញថា ភាពតានតឹងនៃបញ្ហាសន្តិសុខនៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ គឺកម្ពុជាបានបាញ់ទម្លាក់ដ្រូនថៃ ដែលបង្ហោះចូលទឹកដីកម្ពុជាជាបន្តបន្ទាប់។ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពកម្ពុជាបានចាប់ដ្រូនអត់មនុស្សបើកមួយគ្រឿង ដែលហោះចូលមកស៊ើបការណ៍នៅលើទឹកដីកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្រ្តនៃតំបន់ជួរមុខ។
របាយការណ៍របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា ចន្លោះម៉ោង១១ព្រឹក ដល់ម៉ោង២យប់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពកម្ពុជាបានបាញ់ទម្លាក់ដ្រូនយោធាថៃ ដែលសង្ស័យបំពានចូលទឹកដីកម្ពុជា។ ទោះជាយ៉ាងណា កងទ័ពថៃ បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថា ថៃមិនបានបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យភាព ដូចដែលកម្ពុជាចោទប្រកាន់ឡើយ៕