រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃ ជុំវិញការពង្រាយមីនថ្មី នៅតាមបន្ទាត់ព្រំដែន ដែលបានបណ្ដាលឱ្យទាហានថៃពីរនាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះមីន ត្រង់តំបន់ភ្នំទ្រព្យ នៅជិតប្រាសាទព្រះវិហារ កាលពីថ្ងៃចន្ទ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យដឹងថា កម្ពុជា សម្ដែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយសារព័ត៌មាននានារបស់ថៃ បានចុះផ្សាយថា ប្រទេសថៃបានសម្រេចផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងលុបចោលគម្រោងដោះលែងកងទ័ពខ្មែរ១៨នាក់ បន្ទាប់ពីមានការផ្ទុះមីន ដែលបណ្ដាលឱ្យទាហានថៃពីរនាក់របួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅត្រង់តំបន់ភ្នំទ្រព្យ ជិតប្រាសាទព្រះវិហារ។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែល រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបដិសេធរាល់ការលើកឡើងរបស់ភាគីថៃ ដែលបានចោទកម្ពុជា ថាបានបង្កប់មីនថ្មីនៅតាមបណ្តោយព្រំដែន ក្រោមហេតុផលថា ចម្ការមីនដែលសេសសល់នៅជំនាន់សង្រ្គាមស៊ីវិលនៅកម្ពុជាចន្លោះ១៩៧០-១៩៨០ ភាគច្រើននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់បានបោសសម្អាតនៅឡើយ។
ចំណែក អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ក៏បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកានេះថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មី ដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
លោកស្រីបន្តថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាម នៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជា នៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។
ក្នុងន័យនេះ ក្រសួងការពារជាតិ អំពាវនាវឱ្យភាគីថៃ ចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
បើតាមអ្នកនាំពាក្យរូបនេះ ក្រោយពេលកើតហេតុរួច កងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ព្រឹកថ្ងៃអង្គារនេះ សភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។
លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ភាគីកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
យោងតាមកាសែត The Nation ថៃ បានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នៅថ្ងៃអង្គារនេះ បានអនុម័តការផ្អាកសេចក្តីប្រកាសសន្តិភាពថៃ-កម្ពុជា និងអនុញ្ញាតឱ្យមានប្រតិបត្តិការយោធា ដោយជំរុញឱ្យកម្ពុជាទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុផ្ទុះមីនថ្មីៗនេះ ដែលបានធ្វើឱ្យទាហានថៃរងរបួសនៅជិតព្រំដែន។
នៅពេលអ្នកសារព័ត៌មានសាកសួរនៅបន្ទាប់ពីកិច្ចប្រជុំ ថាតើប្រទេសថៃនឹងដាក់ចេញវិធានការឆ្លើយតបបែបណា លោក អនុទីន នាយករដ្ឋមន្រ្តីថៃ បានឆ្លើយតបយ៉ាងខ្លីថា រដ្ឋាភិបាលនឹងពិគ្រោះជាមួយគណៈរដ្ឋមន្ត្រីជាមុនសិន មុននឹងធ្វើការប្រកាសជាផ្លូវការ។
នៅពេលសួរម្តងទៀតថា តើរដ្ឋាភិបាលមានគម្រោងបញ្ចប់សេចក្តីប្រកាសសន្តិភាពថៃ-កម្ពុជាដែរឬទេ? លោក អនុទីន បានឆ្លើយយ៉ាងខ្លីថា «ត្រូវបានផ្អាក»។
អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា មានប្រសាសន៍ថា ស្ថានការណ៍នៅតាមព្រំដែន នៅថ្ងៃទី១១ ខែវិច្ឆិកានេះ នៅមិនទាន់មានអ្វីគួរឱ្យបារម្ភនោះទេ ហើយអាជ្ញាធរខេត្តក៏បានត្រៀមខ្លួនរួចរាល់ក្នុងការជម្លៀសពលរដ្ឋ ក្នុងករណីមានអាសន្នកើតឡើងដែរ។
លោកបញ្ជាក់ថា៖ «អីឡូវនេះសភាពការណ៍យើងនៅស្ងប់ស្ងាត់នៅឡើយទេ ហើយយើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៃការវិវត្តន៍នូវសភាពការណ៍ព្រំដែនហ្នឹង។ បើសិនជាមានអីកើតឡើងយើងនឹងជម្លៀសប្រជាជនយើងយ៉ាងឆាប់រហ័ស»។
ពលរដ្ឋរស់នៅភូមិបុស្បូវ ខេត្តព្រះវិហារ ដែលជាប់ព្រំដែនថៃ អ្នកស្រី ព្រំ កើន អាយុ៥៣ឆ្នាំ ដែលទើបវិលត្រលប់ពីជំរុំ មកផ្ទះសម្បែងវិញកាលពីចុងខែតុលា និយាយថា គ្រួសាររបស់អ្នកស្រីបានត្រៀមសម្ភារៈរួចជាស្រេច ប្រសិនបើមានការផ្ទុះអាវុធម្ដងទៀត។ អ្នកស្រី កើន ក៏ដូចជាជនភៀសសឹកដទៃទៀត សង្ឃឹមថា កម្ពុជា-ថៃ នឹងមិនមានការផ្ទុះអាវុធសារជាថ្មីឡើយ។
អ្នកស្រីនិយាយថា៖ «ព្រួយបារម្ភខ្លាំងខ្លាចផ្ទុះអាវុធសារជាថ្មី។ បើផ្ទុះទៀត វាត្រូវខូចខាតលើសមុនទៀត។ បើសន្តិភាពទៅ យើងបានពេលវេលារកស៊ីវិញចឹង។ បើវានៅតែបង្កបញ្ហារាល់ថ្ងៃ យើងអត់មានពេលរកស៊ីទេ យើងពិបាកគិតតែពីត្រៀម»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ហាក់មានមន្ទិលថា តើការជាន់មីនរបស់ទាហានថៃ ជាការពិត ឬមានបំណងអ្វីផ្សេង?។
យ៉ាងណា លោកយល់ឃើញថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ទំនងមានភាពផុយស្រួយរួចហើយ ដោយសារភាគីថៃ ហាក់មិនចង់បង្កើតកិច្ចព្រមព្រៀងនេះឡើងនោះទេ។
លោកថា៖ «ខ្ញុំមើលឃើញថា កិច្ចព្រមព្រៀងរួមរវាងកម្ពុជា-ថៃ ធ្វើនៅទីក្រុងកូឡាឡាំពួ ហាក់ដូចជាផុយស្រួយ ហើយយើងមើលទៅថៃ ទំនងមិនចង់ចូលរួមបង្កើត ដោយសារមានការបង្ខំពីសហរដ្ឋអាមេរិក»។
លោក មាស នី បន្តថា ក្រោយសង្រ្គាមរយៈពេល៥ថ្ងៃរវាងយោធាកម្ពុជា-ថៃ កាលពីអំឡុងខែកក្កដានោះ យោធាថៃអាចសន្មត់ថា ខ្លួនមានប្រៀបខាងកម្លាំងលើកម្ពុជា ទើបហ៊ានក្រឡុកតាមទំនើងចិត្តបែបនេះ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជានិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅ ក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ធ្វើជាសាក្សី។
កាលនោះ ប្រធានាធិបតីអាមេរិក លោក ត្រាំ មានប្រសាសន៍ថា អាមេរិកប្តេជ្ញាចិត្តចំពោះស្ថិរភាព និងសន្តិភាពក្នុងតំបន់ រួមទាំងគ្រប់ទីតាំងដែលសហរដ្ឋអាមេរិកអាចធ្វើបាន។ លោកបន្ថែមថា អ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨រូប នឹងត្រូវបានដោះលែង។ ក្រោមកិច្ចព្រមព្រៀងនេះ អ្នកសង្កេតការណ៍មកពីប្រទេសអាស៊ាន រួមទាំងប្រទេសម៉ាឡេស៊ីផងដែរ នឹងត្រូវដាក់ពង្រាយដើម្បីធានាថា សន្តិភាពនឹងឈ្នះ និងស្ថិតស្ថេរ៕

