កម្ពុជា​តវ៉ា​ជំ​ទាស់​ជា​ផ្លូវ​ការ​ជា​​ថ្មី​​ទៀត​​ចំ​ពោះ​​សកម្ម​ភាព​​ឈ្លាន​ពាន​​របស់​​យោ​ធា​​ថៃ​

កម្ពុជាបាន​តវ៉ាជំទាស់​ជាផ្លូវការជា​ថ្មី​ទៀត​ប្រឆាំងនឹងសកម្ម​ភាព​​ឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជា​ដោយខុសច្បាប់ បន្ទាប់​ពី​​កម្លាំង​​ប្រ​ដាប់​អាវុធថៃ​បន្ត​ប្រើ​ប្រាស់គ្រឿងចក្រ​ធុន​​ធ្ងន់​​ជីក​ក​កាយ សា​ង​សង់លេណដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​នៅ​​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ឧត្តរមាន​ជ័យនិង​ខេត្ត​ព្រះវិហារ​។​​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០​២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអះអាង​ថា កងកម្លាំងប្រដាប់អាវុធថៃបាន​ប្រើ​ប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ជីក​កកាយ​ និង​សាងសង់លេណដ្ឋាន​បេតុង​ថ្មី​មួយបន្ថែមទៀត​នៅ​​តំបន់​​ភាគ​អាគ្នេ​យ៍​​នៃប្រាសាទ​តាមាន់ធំ ឈូសឆាយ​ដី​សាង​សង់​ផ្លូវ​ព្រមទាំង​រចនាសម្ព័ន្ធអចិន្ត្រៃយ៍​មួយចំនួននៅភាគខាង​លិច​​តំបន់​​ដំណាក់​ស្តេច​​ក្នុង​ខេត្ត​​ឧត្តរ​មាន​ជ័យ​។​

ក្រសួង​ការបរទេស​បញ្ជាក់ទៀតថា តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​​ព្រះវិហារដូច​ជា​តំបន់មុំបី ម្តុំភ្នំ៤៦៩ តំបន់​​អាន​សេះ នៅម្តុំ​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​អានសេះ​ អូរផ្កាស្នេហ៍​ ភ្នំ៦៧៧ និងភ្នំ៥០០ នៅតំបន់​តាថាវ​ ម្តុំប្រាសាទដូនទុន ភ្នំ​៥០៥​​ ភ្នំ៣០៣ និង​តំបន់​ច្រក​តាថាវ​ តំបន់​តាសឹម និង​ចាក់​ច្រែង​  កងកម្លាំង​ប្រដាប់​អាវុធថៃបាន​ធ្វើ​សកម្មភាពដូចជា​ឈូស​ឆាយ​ដី​ សាងសង់ផ្លូវ​ រចនាសម្ព័ន្ធអចិន្ត្រៃយ៍​ សំ​​ណង់​​បេតុង​អចិន្ត្រៃយ៍​ និង​សាងសង់រូបសំណាកព្រះពុទ្ធរូប​​​។

ក្រសួង​ការបរទេសបន្ថែមទៀត​ថា កងកម្លាំង​ថៃ​ដោយ​មាន​ជំ​នួយ​​ពី​​ព្រះសង្ឃថៃ​ បាន​សាងសង់​រូបសំណាក​ព្រះពុទ្ធ​មួយចំនួន​នៅ​ទីតាំង​​ផ្សេងៗ​ក្នុង​ទឹកដី​កម្ពុជា រួម​ទាំង​តំបន់​តាថាវ​ និងភ្នំទ្រព្យ​ ខេត្ត​ព្រះវិហារ​ តំបន់​អូរស្មាច់​ និង​ប្រាសាទខ្នារ​ខេត្ត​ឧត្តរ​មាន​​ជ័យ។​

ក្រសួង​ការ​បរទេស​ក៏បានអះអាងផងដែរថា តំបន់ទាំងនេះ​ ស្ថិត​​ក្នុង​​ដែនអធិបតេយ្យ​របស់​កម្ពុជា​ទាំង​ស្រុង​ ដែល​បាន​កំ​ណត់​​ដោយ​ផែនទី​មាត្រដ្ឋាន​ ១:២០០.០០០​ របស់​គណៈកម្មការ​​កំណត់​ព្រំដែន​ឥណ្ឌូចិន-​សៀម​ ស្របតាម​អនុញ្ញាបារាំង-សៀម​​ឆ្នាំ​១៩០៤ និង​សន្និសញ្ញាបារាំង-សៀមឆ្នាំ​១៩០៧។​

សេចក្តីប្រកាសព័ត៌មានដដែល​​សរសេរថា៖ “សកម្មភាព​ខាងលើ គឺជា​ការ​រំលោភ​បន្ថែម​ទៀត​លើ​មាត្រា៥ នៃអនុស្សរណៈនៃការ​​យោគយល់គ្នារវាងរដ្ឋាភិបាល​ ​នៃព្រះរាជាណាចក្រ​​កម្ពុជានិង​​រដ្ឋាភិបាល ​នៃព្រះរាជាណាចក្រ​ថៃ​ស្តីពីការ​វាស់វែង និង​បោះ​បង្គោល​ព្រំដែន​ ដែល​បាន​ចុះហត្ថលេខានៅថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០០០ ក៏ដូចជា​ចំណុចទី​១ (វិធានកាត់បន្ថយ​ភាពតាន​តឹង) នៃ​សេចក្តីប្រកាស​រួម នៃកិច្ច​ប្រជុំពិសេស​លើក​ទី​៣ របស់​គណៈ​កម្មាធិ​ការ​​ព្រំ​ដែន​​ទូទៅ​ (GBC) ដែលបាន​ធ្វើ​ឡើង​នៅថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥”។​

ជា​មួយ​នឹង​ការ​​អំពា​វនាវ​ឱ្យ​ប្រទេស​ថៃបញ្ឈប់​ជា​បន្ទាន់​នូវ​សកម្ម​ភាព ​ដែល​បាន​ធ្វើ​នៅតំបន់​ដូច​រៀបរាប់ខាងលើ​ឬនៅក្នុង​​តំបន់​ផ្សេងទៀត​ និង​ជៀសវាង​សកម្មភាព​ឯកតោ​ភាគី​ ​ កម្ពុជា​​ក៏​បាន​បញ្ជាក់​សាជាថ្មីនូវ​ការ​ប្តេជ្ញាចិត្ត​​របស់ខ្លួន​ ក្នុង​ការ​ស្វែង​​រក​​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ចំពោះជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ក៏ដូច​ជា​ជាមួយ​ប្រទេសជិត​ខាង​ទាំង​អស់​របស់​ខ្លួ​ន តាម​រយៈ​មធ្យោបាយ​សន្តិភាព​ ស្របតាម​ច្បាប់អន្តរជាតិ​ និង​កិច្ច​ព្រមព្រៀង​ទ្វេភាគី​នានា​ ព្រមទាំង​ប្តេជ្ញាចិត្ត​ជា​ដាច់ខាតចំពោះ​ការ​ប្រកាន់​ជំហរជា​គោលការណ៍ថា ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​ឡើយ។

កាល​ពីថ្ងៃទី​សុក្រ​ ទី​១៣ ខែមីនា កម្ពុជា​បាន​ប្រកាស​តវ៉ា​ជា​ផ្លូវ​ការដូចគ្នា​​​​ប្រឆាំង​នឹង​សកម្មភាព​​ខុសច្បាប់ថ្មីៗជា​បន្តបន្ទាប់​របស់​កម្លាំង​​ប្រដាប់អាវុធថៃដូចជា​ការ​សាងសង់ប៉ុស្តិ៍​យាម ផ្លូវ​ឆ្ពោះទៅ​កាន់វត្ត​កែវសិក្ខាគិរី​ស្វារៈ និងការ​ជីកកកាយ​ខុស​ច្បាប់​នៅ​លើ​​ពយ​ភ្នំប្រាសាទព្រះវិហារ​​ ដែល​បាន​រំលោភលើ​អធិប​តេយ្យ​​ភាព និង​បូរណភាព​ទឹកដីកម្ពុជា​ច្រើន​កន្លែង​ចន្លោះថ្ងៃទី​​២៣ ​ដល់​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍