ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សីប្រភេទ H5N1 មួយករណី កើតលើស្ត្រីអាយុ៤៥ឆ្នាំម្នាក់ រស់នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីស្ត្រីរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយសត្វចិញ្ចឹម ដែលឈឺងាប់។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីវិជ្ជមាននេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី១៤ ខែមីនា ដោយអ្នកជំងឺបានប៉ះពាល់មាន់ងាប់ ៣ថ្ងៃមុនពេលរកឃើញវិជ្ជមាន។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែក និងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា អ្នកជំងឺមានទីលំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលត្រូវបានរាយការណ៍ថា មានសត្វមាន់និងទាឈឺងាប់ជាបន្តបន្ទាប់។
ជុំវិញករណីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះអង្កេតស្រាវជ្រាវយ៉ាងសកម្មនៅទីតាំងកើតហេតុហើយក្រុមការងារក៏កំពុងស្វែងរកប្រភពចម្លងទាំងសត្វនិងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ព្រមទាំងផ្តល់ឱសថការពារតាមីហ្គូ (Tamiflu) និងធ្វើយុទ្ធនាការអប់រំសុខភាពដល់អ្នកភូមិ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍។
ក្រសួងសុខាភិបាលក៏បានប្រាប់ពីវិធានការបង្ការដល់ប្រជាពលរដ្ឋឱ្យចៀសវាងការប៉ះពាល់ ឬការទទួលទានមាន់ទាឈឺ ឬងាប់ ប្រកាន់ខ្ជាប់នូវអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ ហើយត្រូវប្រញាប់ទៅស្វែងរកសេវាពេទ្យជាបន្ទាន់ ប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ក្រោយមានប្រវត្តិប៉ះពាល់សត្វបក្សីក្នុងចន្លោះពេល១៤ថ្ងៃ។
វីរុសផ្តាសាយបក្សី H5N1 នៅតែបន្តជាការគំរាមកំហែងដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។ គួររំលឹកថា កម្ពុជាបានជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីលើមនុស្សដំបូងបង្អស់ក្នុងឆ្នាំ២០០៥។ ក្រោយមក ជំងឺនេះបានស្ងប់ស្ងាត់មួយរយៈធំ ប៉ុន្តែបានចាប់ផ្តើមលេចឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២៣ មកម្ល៉េះ ដែលបណ្តាលឱ្យមានករណីស្លាប់ និងឆ្លងលើមនុស្សមួយចំនួន។ ស្ថានភាពនេះបានជំរុញឱ្យអង្គការសុខភាពពិភពលោក (WHO) និងរាជរដ្ឋាភិបាលកម្ពុជា បង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះហានិភ័យនៃការបំប្លែងខ្លួនរបស់វីរុស ដែលអាចឈានទៅរកការឆ្លងពីមនុស្សទៅមនុស្សក្នុងទ្រង់ទ្រាយធំ៕

