កម្ពុជា បញ្ចប់ការ​ទិញអ៊ីនធឺណេត​ពីថៃ និង​ធានា​​​ការ​​ផ្គត់​ផ្គង់អគ្គិសនី​​ដោយ​​ខ្លួន​ឯង

នាយករដ្ឋមន្ត្រី​​​កម្ពុជា ​បានប្រកាស​ពីការ​បញ្ចប់​ការ​ទិញ​អ៊ីនធឺណេត​ពីប្រទេស​ថៃ នៅត្រឹម​​​យប់​ថ្ងៃទី១២ ខែមិថុនា​នេះ ​និងធានា​ការ​ផ្គត់​ផ្គង់អគ្គិសនី​ដោយ​ខ្លួនឯង​ ដោយ​មិន​បារម្ភ​ចំពោះ​ការ​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី និង​អ៊ីន​ធឺណេត​​ពី​​ប្រទេស​ថៃ​នោះទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​តាមរយៈសារ​នៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក នៅ​យប់​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២៥នេះ​ថា ថ្មីៗនេះ មាន​ការ​ចែក​ចាយព័ត៌​មាន​តាម​បណ្ដាញ​សង្គម​ជា​ច្រើន​នៅ​ប្រទេស​ថៃ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​គំរាម​ពី​សំណាក់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​ ដែល​ឲ្យ​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​អគ្គិសនី និង​អ៊ីនធឺណេត​ មក​កម្ពុជា។

លោកថា៖ «​ដើម្បី​កុំ​ឲ្យ​វែង​ឆ្ងាយ ឬ​បង្ក​ការ​លំបាក​សម្រាប់​ភាគី​ថៃ ក្នុង​ការ​សម្រេច​កាត់ ឬ​មិន​កាត់​ ឬ​កាត់​ពេល​ណា​នោះ កម្ពុជា​បាន​សម្រេច​ចិត្ត​ធានាកា​រ​ផ្គត់​ផ្គង់​អគ្គិសនី​ និង​អ៊ីន​ធឺណេត​ដោយខ្លួន​ឯង»។

ប្រមុខរាជ​​រដ្ឋាភិបាល​កម្ពុជា បានគូសបញ្ជាក់ថា ក្រុម​ហ៊ុន​បណ្ដាញ​ខ្សែ​កាប​អុប​ទិក ឬ​ប្រតិ​បត្តិករ​អ៊ីន​ធឺណេត​​​ទាំង​អស់​នៅ​កម្ពុជា នឹង​បញ្ចប់​ការ​ទិញ​អ៊ីនធឺ​ណេត (Internet Bandwidth) ពីប្រទេស​ថៃ នៅម៉ោង​១២យប់ថ្ងៃទី១២ ឈាន​ចូល​ថ្ងៃទី​១៣ ខែមិថុនានេះ ដោយ​សារ​កម្ពុជា​មាន​លទ្ធភាព​ផ្គត់​ផ្គង់​សេវាអ៊ីន​ធឺណេត​គ្រប់​គ្រាន់​ដោយ​ខ្លួន​ឯង។

ចំណែក ​រឿងអគ្គិសនីវិញ លោកថា លោក​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល ក៏​បានបញ្ជាក់​រួ​ច​ហើយ​​អំពី​សមត្ថភាព​របស់​កម្ពុជា ក្នុ​ង​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​ដោយ​ខ្លួន​ឯងដែរ​។​

ជាមួយគ្នានេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័នទាំង​អស់​​ ពិនិត្យ​និង​ត្រៀម​លក្ខណៈ​ជា​យថា​ហេតុ ដើម្បី​ដាក់​ចេញ​នូវ​វិធាន​ការ​ផ្សេងៗ​បន្ថែម​ទៀត ប្រសិន​បើ​​ខាង​ភាគីថៃ ​​មាន​ការ​គំរាម​កំហែង​កាត់​ផ្ដាច់​អ្វី​ផ្សេង​ទៀត​​មក​កម្ពុជា​។

ថ្លែងពី​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី១១ ខែមិថុនា លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល បានលើកឡើង​​ថា កម្ពុជា មិនបានយកអគ្គិសនីពី​ថៃមកតភ្ជាប់ក្នុងបណ្ដាញជាតិរបស់​​ខ្លួន​នោះ​​ទេ ហើយបច្ចុប្បន្ន​​ ​មា​ន​តែ​សហគមន៍​ចំនួន​បី​​ប៉ុណ្ណោះ​​​​នៅ​​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរ​មានជ័យ ដែល​​​តភ្លើង​ពីប្រទេស​ថៃ តាមរយៈ​ តង់​ស្យុងមធ្យម ហើយ​ប្រសិន​បើ​មានការផ្តាច់​អគ្គិសនីពីថៃ​នៅ​​សហគមន៍ទាំង៣នោះ ក៏កម្ពុជា​អាច​មានលទ្ធភាព​ដើម្បី​បញ្ជូន​អគ្គិសនី​ពីបណ្តាញ​ជាតិ​ទៅ​ផ្គត់​​ផ្គង់​បានដែរ។

លោក​បានគូសបញ្ជាក់​ថា៖ «ព្រះរាជាណាចក្រ​កម្ពុជា​យើង នៅពេល​នេះ ម៉ោងនេះ ថ្ងៃ​​នេះ យើង​​​ពុំបាន​យកភ្លើងពីព្រះរាជាណា​ចក្រ​​ថៃ ចូល​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា នៅក្នុង​បណ្តាញ​ជាតិ​របស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយ​ការ​ដែល​​មិ​ន​យក​​​ភ្លើង​ពីបណ្តាញ​ជាតិ​​​​ថៃ មក​​ចូល​បណ្តាញ​ជាតិ​​កម្ពុជា គឺ​​​ដោយ​សារព្រះរាជាណា​ចក្រ​​កម្ពុជា​យើង មានអគ្គិសនី​​គ្រប់គ្រាន់ ដើម្បីធ្វើ​ការ​ផ្គត់​ផ្គង់​ជូន​គ្រប់ទី​កន្លែង​ទាំង​អស់​»

ការអះអាងរបស់ប្រមុខ​រដ្ឋាភិបាល និង​​មន្រ្តីជាន់ខ្ពស់កម្ពុជានាពេល​នេះ ធ្វើឡើង​​​ក្រោយពី​ប្រទេស​ថៃ កាលពីដើមសប្ដាហ៍នេះ បានគំរាមក្នុងការកាត់ផ្ដាច់ចរន្តអគ្គិសនី និង​អ៊ីនធឺណេត​ដែល​តភ្ជាប់​មក​កម្ពុជា​ នៅតាមតំបន់​ព្រំដែន។

កាល​ពីថ្ងៃចន្ទ ក្រសួងការបរទេសថៃ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា សំណើរវិធានការកាត់ផ្តាច់ចរន្តអគ្គិសនី និងការតភ្ជាប់អ៊ីនធឺណិត ទៅកាន់តំបន់ព្រំដែនកម្ពុជា នៅតែជាជម្រើស ចំពេលមានភាពតានតឹងកំពុងបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ​ The Nation។

លោក Nikorndej Balankura អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសថៃ​ បានបញ្ជាក់​ថា វិធានការនេះនឹង​មិនចាំបាច់ទេ ប្រសិនបើកម្ពុជាបន្តកិច្ច​ប្រជុំគណៈកម្មាធិការចម្រុះ​ព្រំដែន (JBC) ដែលបានគ្រោង​ទុកនៅថ្ងៃសៅរ៍ ដើម្បីដោះស្រាយបញ្ហាតាមរយៈការសន្ទនា។

រដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែន គោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥​ថា កិច្ចប្រជុំ JBC នេះ នឹង​​គ្មានការជជែក​អំពី​វិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី​នោះទេ ដោយកម្ពុជា​បានសម្រេចបញ្ជូនវិវាទនៅតំបន់ទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ។

លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង មានប្រសាសន៍នៅថ្ងៃទី​១២ ខែមិថុនា​នេះ​​ថា ខេត្ត​កោះកុង មានទីតាំងមួយចំនួន បានទិញអគ្គិសនី​ពី​ថៃ​មក​ប្រើ​ប្រាស់​តាម​រយៈ​ក្រុម​ហ៊ុន។ ប៉ុន្តែលោកមិនមានរបាយការណ៍ជាក់លាក់នោះទេ ដោយសារស្ថិតក្រោម​ការ​ចាត់​ចែង​របស់ឯកជន។

យ៉ាង​ណា លោកថា ប្រសិនបើភាគីថៃ ផ្ដាច់ចរន្តអគ្គិសនី​មែន​នោះ ខាង​អគ្គិសនី​កម្ពុជា​នឹងទទួល​ខុស​ត្រូវ​លើការ​តភ្ជាប់​បណ្ដាញ​ភ្លើង​ចូល​វិញ​ ដូច​ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ។

លោក​និយាយថា៖ «ខាងកោះកុងយើងមានទិញភ្លើងពីថៃដែរ […] កិច្ចការងារខាង​ភ្លើង​ពាក់ព័ន្ធ​នឹងថ្នាក់ជាតិ ថ្នាក់លើ ចឹង​បើ​ករណី​ណាមួ​យ​មាន​បញ្ហា​ផ្នែក​អគ្គិសនី​ខាង EDC គាត់​ជា​អ្នក​តបណ្ដាញ​ចូល​វិញ​នៅ​ក្នុង​ខេត្ត។ ខាង​EDC អ្នក​រៀបចំ​ទាំង​អស់​ បើករណីកាត់ផ្ដាច់ចឹង»។

នាយករងរដ្ឋបាល​ខេត្ត​ព្រះវិហារ លោក​ស្រី នួន វលក្ខ ថ្លែង​ថា នៅខេត្តនេះ មិន​មានការ​ទិញ​អគ្គិសនី​ពី​ភាគី​ថៃសម្រាប់​​ប្រើ​ប្រាស់​នោះ​ទេ ខណៈ​ខេត្ត​នេះ មាន​អគ្គិសនី​ផ្គត់​ផ្គង់​ពីខេត្ត​ស្ទឹង​ត្រែង។

ចំណែក លោក ជាវ ណារិន ប្រធានអគ្គិសនី​ខេត្តបន្ទាយមានជ័យ ក៏បាន​អះអាងដែរ​ថា ទូទាំងខេត្ត​ មិនបានប្រើប្រាស់អគ្គិសនី​ថៃនោះ​ឡើយ ដោយប្រើប្រាស់អគ្គិសនីផលិតក្នុងស្រុក។

លោក​បណ្ឌិត​ ហុង វណ្ណៈ អ្នក​​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា យល់​ថា ប្រសិនបើកម្ពុជា​អាចផ្គត់ផ្គង់​អគ្គិសនីដោយខ្លួនឯងនោះ ការផ្ដាច់ចរន្តអគ្គិសនីរបស់ថៃ នឹងនាំឱ្យថៃរងផលប៉ះពាល់ដោយខ្លួនឯង។

លោកបញ្ជាក់ថា៖ «ចឹងការបិទភ្លើង បិទអ៊ីនធឺណេត​ វាមិនមែនជាបញ្ហាប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋខ្មែរ ឬប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា​ទេ។ នេះគ្រាន់តែជាសារគំរាមដែល​ប្រជាជនមួយ​ចំនួន​ស្ដាប់ទៅដូចជាថាធំអស្ចារ្យ ឬថាបញ្ហាអស្ចារ្យ តែបើយើងគិត ខ្ញុំគិតថាគ្មានបញ្ហាអស្ចារ្យអីទេ ចឹងជាការខាតបង់របស់ប្រទេសថៃត្រលប់ទៅវិញទេ»។

ភាព​តានតឹង​រវាង​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​សារជាថ្មី ​បន្ទាប់ពី​ទាហាន​ថៃដែល​កម្ពុជា​អះអាង​ថា​​ បាន​​បាញ់​មក​​លើ​​លេណដ្ឋានកងទ័ព​កម្ពុជា​ នៅ​វេលា​ទាបភ្លឺ​កាលពីថ្ងៃទី២៨ ខែ​​ឧសភា ឆ្នាំ​២០២៥ ​​បណ្ដាល​​​​​ឲ្យ​កងទ័ព​កម្ពុជា​ម្នាក់​​ស្លាប់​​បាត់​បង់​ជីវិត។

យោងតាមរបាយការណ៍​របស់​​​​ក្រសួង​រ៉ែ និង​​ថាម​ពល គិត​​ត្រឹម​​ឆ្នាំ​​២០២៤ ប្រទេសកម្ពុជា ​មានសមត្ថភាព​ផ្គត់ផ្គង់ថាម​ពល​​អគ្គិសនីសរុប ៥ ០៤៤​ មេហ្កាវ៉ាត់(WW) កើន​​ពី​ ៤ ៦៤៩មេហ្កាវ៉ាត់ក្នុង​​ឆ្នាំ​២០២៣។​ 

ក្នុង​ចំណោម​អានុភាពថាមពល​​សរុប​​ទាំង ៥ ០៤៤​មេហ្កាវ៉ាត់ គឺប្រភព​​ក្នុង​​ប្រទេសមាន​ចំនួន ៤ ៣៧២ មេហ្គាវ៉ាត់(ថាម​ពល​កកើត​ឡើងវិញ ២ ៦៧២ មេហ្កាវ៉ាត់និង​​ប្រភព​ដុតធ្យូងថ្ម+ប្រេង ១ ៧០០ មេហ្គាវ៉ាត់) ​និង​ប្រភព​នាំចូល​ពី​ប្រទេស​ជិតខាង​​ រួមមាន ថៃ វៀតណាម និង​ឡាវ មាន​​សរុប ៦៧២ មេហ្គាវ៉ាត់ ប៉ុន្តែ​ការ​នាំចូលពីថៃ មានតិច​តួចជាង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍