អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បដិសេធថា កម្ពុជាមិនបានដាក់មីនថ្មីទេ ក្រោយពីមានសេចក្តីរាយការណ៍របស់សារព័ត៌មានថៃអំពីការរកឃើញគ្រាប់មីនថ្មីនៅចម្ងាយ៥០០ម៉ែត្រពីព្រំដែនក្នុងខេត្តត្រាត។
តាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អជ្ញាធរមីនកម្ពុជាបានអះអាងថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស។
អជ្ញាធរមីនអះអាងថា៖ “កម្ពុជាមិនបានដាក់មីនថ្មី ហើយជំហររបស់កម្ពុជាមិនមានការផ្លាស់ប្តូរ មានតម្លាភាព និងភាពច្បាស់លាស់” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា តំបន់ព្រំដែនកម្ពុជា-ថៃ មានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមីន ដែលបន្សល់ពីជម្លោះប្រដាប់អាវុធច្រើនទសវត្សរ៍និងត្រូវបានរកឃើញជារឿយៗនៅក្នុងតំបន់នេះ ហើយការរក្សាទុកភស្តុតាង ការស៊ើបអង្កេត ការធ្វើសកម្មភាពឯកតោភាគីនិងការបង្ហាញសេចក្តីសន្និដ្ឋានជាសាធារណៈដោយអាជ្ញាធរថៃ គឺជាសកម្មភាពឯកតោភាគីទាំងស្រុង។
សេចក្តីថ្លែងការណ៍សរសេរថា “បញ្ហាមីនជាបញ្ហារសើបនិងតម្រូវឱ្យមានការផ្ទៀងផ្ទាត់រួមគ្នា ដែលត្រូវធ្វើឡើងប្រកបដោយតម្លាភាពវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការគ្នា”។
សេចក្តីប្រកាសដដែលនេះក៏បានបន្តទៀតថា សកម្មភាពមីនមិនគួរប្រើ ដើម្បីប្រយោជន៍នយោបាយនោះឡើយ ព្រោះវាគឺការជួយសង្រ្គោះជីវិត កាត់បន្ថយហានិភ័យមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
អាជ្ញាធរមីនបន្តថា ភាគីកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការប្រកបដោយស្ថាបនានិងតម្លាភាព ក្នុងការស្រាយបំភ្លឺ និងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅសម្រេចបានព្រំដែនដែលមានសុវត្ថិភាព ស្ថិរភាពនិងមានការខណ្ឌសីមាច្បាស់លាស់។
កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ សារព័ត៌មានថៃ Thai Enquier បានចុះផ្សាយថា កងទ័ពជើងទឹកថៃបាននាំក្រុមសង្កេតការណ៍អាស៊ានទៅពិនិត្យមើលគ្រាប់មីនដែលទើបរកឃើញថ្មីស្ថិតនៅចម្ងាយប្រហែល ៥០០ម៉ែត្រក្នុងព្រំដែនរបស់ខ្លួន ដោយដកស្រង់សម្តីកងទ័ពជើងទឹកថៃ ដែលចោទថា គ្រាប់មីននោះ ជាការដាក់ថ្មី មិនមែនបន្សល់ទុកពីជម្លោះកន្លងមកទេ៕
អត្ថបទដោយ សារី លីហ្សា

