កម្ពុជា​ទាមទារឱ្យថៃបញ្ឈប់សកម្មភាពបំពាន​ចូលដីកម្ពុជា​​​​​​​​​​​​ ​ខណៈ​​​​ព​លរដ្ឋ​​ខ្មែរ​​​​​៦​គ្រួសារ​​​​​ត្រូវ​ទាហាន​​​​​​ថៃ​​ដេញ​​​​​​ចេ​ញ​​​ពី​​​​​ផ្ទះ​​​​​ដើម្បី​​ដាក់បន្លាលួស​​

រដ្ឋាភិបាល​​​កម្ពុជា ទាម​ទារ​ឱ្យ​ភាគី​ថៃ ដក​បន្លា​លួស និង​កង់​ឡាន​ដែល​បាន​ដាក់​ពង្រាយ​​ចេញពី​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បីជា​ន់ ស្រុក​អូរជ្រៅ​ ខេត្តបន្ទាយ​មានជ័យ ជាបន្ទាន់ ហើយបញ្ឈប់សកម្ម​ភាព​​នានាដែល​រំលោភ​លើ​បទ​ឈប់​បាញ់ ខណៈសេចក្តីរាយការណ៍ពីមន្ត្រី​ខេត្តបន្ទាយ​មាន​ជ័យ ​​ជា​​ខេត្ត​​នៅ​​​ជាប់​ព្រំដែន​​​ថៃ​​មួយនេះ បានអះអាងថា ទាហាន​ថៃ​បានដេញប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៦គ្រួសារ ចេញពីផ្ទះ ដើម្បីរាយបន្លាលួសរំលោភ​​​លើដែនអធិបតយ្យ​កម្ពុជា​​​។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន​នៅរសៀល​ថ្ងៃ​​ពុធ​ថា នៅ​ថ្ងៃទី​១​២ និង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ កង​កម្លាំង​ប៉ារ៉ាថៃ​ និង​តម្រួត​ព្រំដែន​ថៃ ប្រដាប់​​ដោយ​អាវុធ បាន​ធ្វើស​កម្មភាព​ចូល​មក​ត្រួត​ពិនិត្យ នៅ​ទល់​មុខ​ច្រក​ជោគ​ជ័យ និង​បាន​រាយ​បន្លា​លួស និង​ដាក់កង់ឡាន នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ករណីនេះ លោកស្រីបានគូសបញ្ជាក់ថា កម្ពុជា ទាមទារឱ្យភាគី​ថៃ បញ្ឈប់ជាបន្ទាន់និងដោយគ្មាន​លក្ខខណ្ឌ​​នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។​

លោកស្រីបន្ត​ថា៖ «ជាពិសេស​ ត្រង់ចំណុចទី២ និង​ទី​៤​ ដែលបានចែងថា ភាគីទាំង​ពីរបាន​ព្រម​​​ព្រៀ​ងគ្នា រក្សា​កម្លាំង​យោធា​របស់​ខ្លួន​ ​នៅក្នុង​ទីតាំង​​​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់ទី ហួសពីទីតាំង​ដែលបាន​ឈរជើងក្នុង​ពេល​កិច្ច​ព្រម​ព្រៀង​បទឈប់បាញ់ បានចូលជាធរមាននៅម៉ោង​១២អធ្រាត្រ​ម៉ោង​ក្នុង​តំបន់​ កាលពីថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ឡើយ​។ ភាគីទាំង​ពីរ​មិន​​​ត្រូវ​ចល័ត​​កង​ទ័ព​របស់ខ្លួន រាប់​បញ្ចូលទាំង​ការ​ដើរល្បាត​​​ទៅកាន់ទីតាំង​របស់​ភាគីម្ខាង​ទៀត​​ឡើយ និង​ភាគីទាំង​ពីរឯកភាពគ្នា​មិន​ប្រព្រឹត្ត​សកម្ម​ភាព​​ បង្ក​ហេតុ​ណា​មួយ​ដែល​អាច​នាំឱ្យ​មាន​ភាព​តានតឹង ក្នុងនោះ​រួមមានការ​ការ​ធ្វើ​សកម្មភាពយោធា​​ក្នុងដែនអាកាស និង​បូរណភាព​​​ទឹកដី ឬ​ទីតាំង​របស់ភាគី​ម្ខាង​ទៀត​»

អ្នក​នាំ​ពាក្យ​សាលា​ខេត្តបន្ទាយមានជ័យ លី សុវណ្ណា​រិទ្ធ មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធថៃ បានរាយបន្លាលួសនៅភូមិសាស្រ្តឃុំអូរជ្រៅ និងក្រុងប៉ោយប៉ែត ដោយ​ក្នុងនោះ​ទាហាន​​​​​ថៃ បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​​​ចំនួន​៦គ្រួសារ ​នៅ​ចំ​ណុចភូមិព្រៃចាន់ និងភូមិជោគជ័យ ឱ្យ​ចេញ​ពីផ្ទះ និងមានការ​វាយ​​កម្ទេច​​របង​ផ្ទះរបស់​ប្រជា​ពលរដ្ឋ ​ដើម្បី​រាយបន្លាលួស និង​​ដាក់កង់ឡាន​ថែម​ទៀត​។

លោកនិយាយថា៖ «នៅភូមិសាស្ត្រ​[ស្រុក]​អូរជ្រៅ ឃុំ​​អូរបី​ជាន់​ហ្នឹង វា​រាយ​[បន្លា​លួស]​ប៉ោយប៉ែត​ហ្នឹង​ក៏​រាយ​ដែរ​បន្លា​លួស ហើយ​ឥឡូវ​នេះប​ញ្ហាប្រ​ជាពលរដ្ឋ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​វា​ដេញ​ចេញ​ពី​ផ្ទះ​ហ្នឹង នៅខា​ង[ឃុំ]​អូរបី​ជាន់ មាន​៦គ្រួសារ ដែល​គាត់​ចាក​ចេញ​ពី​ផ្ទះគាត់ នៅ​ចំណុច​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ»។

លោកបន្ថែម​​ថា៖ «ចំណាត់ការរបស់រដ្ឋបាលខេត្ត មានតែស្នើឱ្យភាគីថៃ អនុវត្តបទឈប់បាញ់ហើយ​រក្សាកា​រច​ល័ត ការ​ធ្វើ​លេណ​ដ្ឋាន​អី គ្រប់​បែប​យ៉ាង»។

នៅថ្ងៃទី​១៣ ខែ​សីហា​ម្សិលមិញនេះដែរ​ ​គណនេយ្យ​ហ្វេសប៊ុក​​មួយ​​ឈ្មោះ Somaly Koemleang បាន​និយាយក្នុងឃ្លីបវីដេអូខ្លីមួយ​​​ថា ផ្ទះ​​ឪពុក​​ម្ដាយ​​របស់​គាត់​ មានទីតាំង​​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បីជា​ន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានយោធា​​ថៃ​ដែលមានគ្នា​ជាង​​១០០នាក់ បានព័ទ្ធ​ដោយ​បន្លា​លួស និង​ដាក់​សំបក​​កង់​ឡាន វាទទីយក​​ ហើយ​​មិន​អនុញ្ញាត​​​ឱ្យ​ពួកគាត់​យក​សម្ភារ​ចេញ​នោះ​ទេ។

ស្ត្រីរូបនោះ​​និយាយ​ថា៖ «បងប្អូនកន្លងមកដឹងហើយថា ប៉ាម៉ាក់របស់ខ្ញុំគឺនៅជាប់ជាយដែន[ជាប់ព្រំដែន​]សៀម នៅច្រកខាងភូមិព្រៃចន្ទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប៉ាម៉ាក់របស់ខ្ញុំ​នៅយូរហើយតាំងពីខ្ញុំនៅតូច […] ពេល​នេះ​គឺ​ចោរ​សៀម វាបានព័ទ្ធយកផ្ទះប៉ាម៉ាក់របស់ខ្ញុំហើយ។ គាត់យំ​ផង​អីផង គាត់ថាហ្នឹងជាទ្រព្យសម្បត្តិរបស់គាត់ បើគាត់អត់កន្លែងហ្នឹងទៀតគឺគាត់អត់ដឹងរំពឹងអីទេ មូលហេតុ​អីគឺគាត់ចាស់ហើយ គាត់មានដីរបស់គាត់ គាត់មានផ្ទះរបស់គាត់ គាត់ទិញដី ទិញអី សន្សំនៅហ្នឹង ហើយឥឡូវហ្នឹងម៉េចបានមកព័ទ្ធយកដីផ្ទះ»។

អ្នកវិភាគបញ្ហាសង្គម និង​​នយោបាយ លោក មា​ស នី យល់ថា សកម្មភាពរបស់​យោធា​ថៃ ដែលបាន​រាយបន្លាលួស ​នៅក្នុង​អធិបតេយ្យភាព និង​បូរណភាពទឹកដីកម្ពុជា​ នៅពេល​នេះ​កំពុង​បញ្ឆេះ​ឱ្យ​មាន​ការ​ផ្ទុះ​អា​វុធ​សារជាថ្មី ហើយ​ប្រសិន​បើ​កម្ពុជា​ស្ងប់​ស្ងាត់ និង​មិន​មាន​ការឆ្លើយ​តប​ដោយ​យន្ត​ការ​អ្វី​មួយ​នោះ​ អាច​នឹ​ងធ្វើ​ឱ្យព​លរដ្ឋ​បាត់​បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិ​បាល។

លោកនិយាយថា៖ «ការរាយខ្សែលួសចូលទឹកដីកម្ពុជា ជាពិសេសផ្ទះពលរដ្ឋនេះ វាជាសញ្ញាមួយដែលប្រាប់​ថា​ ការរំលោភមកលើអធិបតេយ្យភាពគឺមានសភាពធ្ងន់ធ្ងរ ហើយប្រសិនបើរាជរដ្ឋាភិបាលមិនមានចំណាត់ការអីឆ្លើយតបទេនោះ គ្រាន់តែអត់ធ្មត់ហើយស្ងាត់ស្ងៀម ខ្ញុំគិតថាអាចនឹងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តជាមួយរដ្ឋាភិបាល ហើយមួយទៀតអាចធ្វើឱ្យកងទ័ពជួរមុខមិនដឹងត្រូវធ្វើម៉េចបើគេចេះតែមកគ្រប់តែកន្លែង ហើយឱ្យយើងអត់ធ្មត់ៗចឹង»។

សម្រាប់​ លោក មាស នី យល់ថា កាលៈទេសៈនេះ កម្ពុជាគួរមាន​វិធានការ​តបតភ្លាម​ៗ និង​ជា​បន្ទាន់​​ទៅលើ​សកម្ម​ភាព​របស់​យោធាថៃដែលបំពាន​បូរណភាពទឹកដីកម្ពុជា និង​បំពាន​ដល់​លំនៅ​​ឋាន​ពលរដ្ឋ​​ស៊ីវិល​​នេះ​​​​ ដោយមិន​គួរ​​នៅបន្ត​​​រក្សា​ភាពស្ងៀមស្ងាត់ ហើយ​​រង​ចាំដល់​មានក្រុម​​​​​អ្នកសង្កេតការណ៍អាស៊ានមកនោះ​ទេ។

លោក​ថា៖ «ជាការយល់ឃើញរបស់ខ្ញុំ ពេលនេះជាពេលដែលកម្ពុជាត្រូវស៊ូប្ដូរដើម្បីបូរណភាពទឹកដី ព្រោះយើងអត់អាចចាំអ្នកសង្កេតការណ៍មកទៀតបានទេហើយ ជូនកាល ការប្រយុទ្ធគ្នាលើកនេះ អាចជំរុញយន្តការអន្តរជាតិខ្លាំងហើយលឿនជាងមុន ឥឡូវនេះបើយើងចេះតែស្ងាត់ទៅៗយន្តការអន្តរជាតិក៏គេពន្យាតាមហ្នឹង គេធ្វើតាមដំណើរ» ។ ចឹងខ្ញុំគិតថា ចៀសមិនរួចពីការផ្ទុះអាវុធមួយប្រាវទៀត»។

កម្ពុជា-ថៃ បាន​ផ្ទុះអាវុធ​ដាក់​គ្នា​ទ្រង់​ទ្រាយ​ធំ​​រយៈ​​ពេល​​៥ថ្ងៃ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​​​​ទាំង​ពីរ ​​​​​​​ចា​ប់​​​​​​​ពី​​​ថ្ងៃ​​ទី​២៤ ខែ​​​​កក្កដា ដល់​​​​ថ្ងៃ​​ទី​​​២៨ ខែកក្កដា​ ឆ្នាំ​​២០២៥ ក្រោយពីទាហាន​ថៃបានផ្ទុះអាវុធ​មុន​​ចំនួន​ ៦គ្រាប់​ នៅចំណុច​ប្រាសាទ​តាមាន់ធំ។

ក្រោយ​មក​ភា​គី​​​ទាំង​​ពីរ​ បាន​ចុះកិ​ច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ ចាប់​​ពី​ម៉ោង​​១២​យប់​​ថ្ងៃ​​​ទី២​៨ ខែកក្កដា​​​​​តទៅ ក្រោម​​​ការ​​សម្រប​​សម្រួល​​​ពី​​​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី ​និង​ជាប្រធាន​អាស៊ាន​ប្តូរ​វេន ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ក្រោម​​គំនិត​ផ្តួច​ផ្តើម​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ។

ប៉ុន្តែក្រោយពីការ​ចុះកិច្ចព្រមព្រៀង​បទ​ឈប់បាញ់នោះ ​ភាគីថៃ​មិ​នបា​ន​គោរព​​​នេះ​​ទេ ដោយ​​ ទាហាន​​ថៃ​​បាន​​ចូល​​ទៅ​​​ចាប់​​ទាហាន​​ខ្មែរ​​​​នៅ​​ខ្សែ​​ត្រៀម​​ជួរ​មុខ​ចំនួន​២០​នាក់ ដែលមក​ដល់​ពេល​នេះ ​​ទោះបីកម្ពុជា​​​​អំពាវនាវ​សុំឱ្យ​ដោះលែង និង​ស្វែងរក​ការ​អន្តរាគមន៍​ពីអន្តរ​ជាតិ​ ក៏ទាហាន​ថៃ​នៅមិន​ទាន់ប្រគល់ទាហាន​ខ្មែរ​ដែលនៅសល់ចំនួន ១៨រូប មកឱ្យ​កម្ពុជា​វិញនៅឡើយ។​

ដោយ​ឡែក ​កាលពីថ្ងៃទី០៤ ខែសីហា កងទ័ពថៃក៏បានដាក់ពង្រាយបន្លាលួស​ និងយកគ្រឿងចក្រទៅ​ដាក់​នៅ​តំបន់​អាន​សេះ ខេត្តព្រះវិហារ។ យ៉ាងណា នៅថ្ងៃទី០៥ ខែសីហា ក្រោយកងទ័ព​ប្រចាំ​តំបន់​កម្ពុជា-ថៃ បានជួបពិភាក្សានិ​ង​ចរចា​គ្នា បន្លាលួសទាំងនោះ ក៏ត្រូ​វបា​ន​រុះ​រើ​ ហើយ​គ្រឿង​ចក្រ​ថៃ​ ក៏ត្រូវបានផ្អាកធ្វើសកម្មភាព។

យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ថ្លែង​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ​២០២៥​​ថា កម្ពុជា​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​សន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ អំពី​ ហានិភ័យ​ដែល​កំពុង​កើន​​ឡើ​ង និង​គំរាម​កំហែង​​ចំពោះប​ទ​ឈប់​បាញ់​​ដ៏​ផុយ​ស្រួយ​រវាង​កម្ពុជា-ថៃ។

លោកថា កិច្ចព្រមព្រៀងឈប់បាញ់ស្ថិតក្នុង​ភាព​ផុយ​ស្រួយ ដោយ​សារ​យោធា​ថៃ​បង្កើន​ការ​រំលោភ​បំពាន​បូរណ​ភាព​ទឹក​ដី​កម្ពុជា ដែល​ជា​ការបំ​ពាន​យ៉ាង​ច្បាស់​លើ​ច្បាប់​អន្ដរ​ជាតិ និង​កិច្ចព្រ​ម​ព្រៀង​ទ្វេ​ភាគី ដែល​មាន​សុពល​ភាព​តាម​ផ្លូវ​ច្បាប់ ខណៈ​ថៃ​បន្ត​រាយ​បន្លា​លួស ធ្វើ​ផ្លូវ និង​សាង​សង់​លេណ​ដ្ឋាន​ជា​ច្រើន​កន្លែង​ក្នុង​​ទឹក​ដី​កម្ពុជា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍