កម្ពុជាបន្តទទួលបាន​ពិន្ទុទាប​​នៅលើ​សន្ទស្សន៍​អំពើពុករលួយ

ប្រទេស​​កម្ពុ​ជា​​ទទួលបានពិន្ទុ​ ២០ លើពិន្ទុអតិបរមា​ ១០០ នៃ​សន្ទស្សន៍អំពើពុក​រលួយ​ឆ្នាំ​២០២៥ ជាការ​​​​​ធ្លាក់ចុះ១ពិន្ទុ​បន្ថែម ធៀបនឹង​ឆ្នាំ​២០២៤ ដែលបង្ហាញពីស្ថានភាពអំពើ​ពុករលួយ​​នៅតែ​មិនល្អ។

ក្នុង​របាយការណ៍​ដែលចេញផ្សាយ​ដោយ​​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​​​ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ​បង្ហាញ​ថា សន្ទស្សន៍​ការ​យល់​ឃើញ​ពីអំពើ​ពុក​រលួយ (CPI) ​ឆ្នាំ២០២៥ ប្រទេស​កម្ពុជា​ ទទួល​បាន​ពិន្ទុ ២០ លើ​ពិន្ទុ​អតិបរមា ១០០ ដែលជា​ការ​​ថយ​​ចុះ​ ១ពិន្ទុ ធៀប​នឹង​ឆ្នាំ​២០២៤។ ពិន្ទុ​នេះ ធ្វើឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់លេខរៀង​​ទី​១៦៣ ក្នុងចំណោម ១៨២ ​ប្រទេស​ និងដែនដី ដែលស្ថិតនៅជិត​បាត​តារាងនៃការ​វាយ​តម្លៃ​ និងជា​ការ​បង្ហាញពីនិន្នាការ​មួយ​គួរឱ្យ​ព្រួយបារម្ភ ខណៈឆ្នាំ​២០២៤ កម្ពុជាស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី១៥៥ ក្នុង​ចំណោម​ ១៨០​ប្រទេស​និងដែនដី។

សន្ទស្សន៍ ​CPI ចាត់ថ្នាក់​ប្រទេស​ និងដែនដីចំនួន ១៨២ តាម​កម្រិតនៃការ​យល់ឃើញ​ពីអំពើ​ពុក​​រលួយ​​នៅក្នុងវិស័យសាធារណៈ ដោយប្រើប្រាស់​មាត្រ​ដ្ឋាន​​ពីពិន្ទុ ០ ដែល​មានន័យថា «ពុករលួយខ្លាំង» ដល់​ពិន្ទុ ​​១០០ ​ដែលមានន័យថា​ «ស្អាត​ស្អំ​ខ្លាំង»។

យ៉ាងណា តារាង​វាយតម្លៃពិន្ទុរបស់​​អង្គការ​តម្លាភាពអន្តរជាតិ ក៏​បាន​​លើក​ឡើង​អំពី​ការ​ធ្លាក់​ចុះ​ គួរ​ឲ្យ​​ព្រួយ​បារម្ភ​នូវ​​ការ​កើន​ឡើង​នូវ​អំពើ​ពុករលួយ​​នៃ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​​ ក្នុងពិភព​លោក​ផងដែរ ដោយ​សារ​​សន្ទស្សន៍ CPI សរុបទាំង១៨២ប្រទេស​និងដែនដី គឺមានដល់ទៅ​ ១២០​ប្រទេស ដែលបានពិន្ទុក្រោម ៥០ ដែល​នេះជាសញ្ញាបង្ហាញថា រដ្ឋាភិបាលភាគច្រើន កំពុង​បរាជ័យក្នុងការទប់​ស្កាត់​ការរំលោភអំណាច ការ​សូក​ប៉ាន់ និងការកេងប្រវ័ញ្ចថវិកាសាធារណៈ។

បើតាមរបាយការណ៍​ ​សូម្បីប្រទេស​ប្រជាធិបតេយ្យធំៗ ដូចជា ​សហរដ្ឋអាមេរិក​ ក៏បានធ្លាក់​ពិន្ទុ ពី​៦៥ នៅឆ្នាំ​២០២៤ មក​នៅត្រឹម​​ ៦៤ ក្នុងចំណោម​១០០ពិន្ទុ នៅឆ្នាំ២០២៥​ផង​ដែរ ខណៈ​​ប្រទេស​ដែលត្រូវបានវាយ​តម្លៃ​ថា​​​មាន​ភាព​ស្អាត​ស្អំ និង​មាន​អំពើ​ពុក​រលួយ​តិច​ជាង​គេ គឺ​​ប្រទេស​ដាណឺម៉ាក ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជាមួយ​ពិន្ទុ​​៨៩។

ក្នុង​សេចក្តីប្រកាសព័ត៌​មាន ដែលភ្ជាប់ជាមួយ​របាយការណ៍នោះ អង្គការ​តម្លា​ភាព​អន្តរជាតិ បាន​អំពាវ​នាវ​ដល់បណ្តារដ្ឋទាំងអស់ ត្រូវ​បន្ត​ការ​​ដឹក​នាំ​នយោបាយ​លើ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ រួម​ទាំង​ការ​អនុវត្ត​ច្បាប់​ពេញ​លេញ ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ជាអន្តរ​ជាតិ និង​កំណែ​ទម្រង់​ដែល​ពង្រឹង​តម្លា​ភាព ការ​ត្រួត​ពិនិត្យ និង​គណនេយ្យ​ភាព។

អង្គការនោះក៏អំពាវនាវ​ឱ្យ​ការ​ពារ​​​លំហ​ពលរដ្ឋ ដោយ​បញ្ចប់​ការ​វាយ​ប្រហារ​លើ​អ្នក​សារព័ត៌​មាន អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល និង​អ្នក​ផ្តល់​ព័ត៌មាន និងប​ញ្ឈប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​រឹត​បន្តឹង​​ការ​ងារ​សង្គម​ស៊ីវិល​ឯករាជ្យ ព្រមទាំង​​បិទ​ចន្លោះ​ប្រហោង​សម្ងាត់​ដែល​អនុញ្ញាត​ឱ្យអំពើ​​ពុក​​រលួយ​​ផ្លាស់​​ទី​ឆ្លង​​ដែន​​ជាដើម។​

ជាមួយគ្នានេះ នាយិកាប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI Cambodia) លោកស្រី ស៊ិន ពុទ្ធារី ​ថ្លែង​ប្រាប់ Press Start Cambodia ថា ជាការកត់សម្គាល់ ពិន្ទុលើការយល់ឃើញពីអំពើពុករលួយសម្រាប់កម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលកត្តានេះលោកស្រីថា ចាំបាច់ត្រូវឆ្លុះបញ្ចាំង និង​កំណត់នូវវិធានការបន្ថែមទៀតតាមផ្នែកពាក់ព័ន្ធ ដើម្បីធ្វើឱ្យលទ្ធផល​នៃការវាយតម្លៃ​កាន់តែប្រសើរឡើង។

លោកស្រីថា៖ «ពិន្ទុនៃការយល់ឃើញពីអំពើពុករលួយ(CPI) ជា​សូចនាករមួយ ក្នុងការធ្វើ​ឱ្យមានភាពទុកចិត្តលើការ​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា ស្របពេលដែលរដ្ឋាភិបាលស្វែងរកមធ្យោបាយ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងគោលនយោបាល​ប្រយុទ្ធប្រឆាំងអំពើពុករលួយ​ជាអាទិភាព រដ្ឋាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែម និងដោះស្រាយបញ្ហានេះ ឱ្យ​​បានគ្រប់ជ្រុងជ្រោយលើកត្តា​ចូលរួមផ្សេងៗ ដើម្បីឱ្យស្ថានភាពបានប្រសើរឡើង»។

លើសពីនេះ លោកស្រី ពុទ្ធារី ផ្តល់ជាយោ​បល់​​ថា ក្រៅពីអនុគ្រោះ​លើបរិយាកាស​វិនិយោគ រដ្ឋាភិបាល​គួរ​តែ​ឆ្លុះ​បញ្ចាំង​មើលឡើងវិញ លើការគោរពសិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និងដំណើរអភិ​បាល​កិច្ចក្នុងប្រព័ន្ធដឹកនាំរបស់ស្ថាប័នរដ្ឋ និងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយប្រកប​ដោយ​ប្រសិទ្ធ​ភាព និងធ្វើ​​កំណែទម្រង់អភិបាលកិច្ចក្នុងស្ថាប័នរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកស្រីបន្តថា រដ្ឋាភិបាលក៏គួរ​​​ពង្រឹងឯករាជ្យចំពោះ​យន្តការត្រួតពិនិត្យ ដូចជា អង្គភាពប្រឆាំង​អំពើពុករលួយ ស្ថាប័នសវនកម្ម រដ្ឋសភា តុលាការ ការធ្វើវិសោធនកម្មបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិ និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន ក៏ដូចជាធ្វើឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈ និងការគោរពច្បាប់ដោយស្មើភាព ដើម្បីធ្វើឱ្យសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាមានភាពល្អប្រសើរ និងនិរន្តរភាព។

ជុំវិញ​ការចេញផ្សាយ​នូវ​សន្ទស្សន៍ ​CPI ​របស់​អង្គការ​តម្លាភាពអន្តរជាតិ​នេះ លោក ប៉ែន បូណា អ្នក​នាំពាក្យរដ្ឋាភិបាលកម្ពុជា បានបដិសេធ​អត្ថាធិប្បាយ ដោយ​លោកឱ្យ​​​​បង្វែរ​​សំណួរនេះទៅ​កាន់​​អង្គភាពប្រឆាំងអំពើពុករលួយ​(ACU)វិញ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក សយ ចាន់វិចិត្រ មាន​ប្រសាសន៍​ថា​ របាយ​ការណ៍​​​នេះ មិន​បាន​ឆ្លុះប​ញ្ចាំង​ពីការ​ពិត​ជាក់​ស្តែង​ដែល​កើត​មាន​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​ឡើយ ព្រោះជា​រៀង​រាល់​ឆ្នាំ​ អង្គការនេះ​​តែង​ចេញ​របាយ​ការណ៍​របស់​ពួក​គេ តាមព័ត៌​មាន និង​តាម​របៀប​គណនា​របស់​ពួក​គេ។

យ៉ាងណា លោកគូសបញ្ជាក់​​ថា៖ «ទោះយ៉ាងនេះក្តី អង្គភាពចាត់អាចទុករបាយការណ៍នេះ ជាព័ត៌មានមួយ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ»។ 

បើតាមអ្នកនាំពាក្យរូបនេះ កិច្ច​​ខិតខំប្រឹងប្រែងក្នុងការងារ​ប្រយុទ្ធ​ប្រឆាំងអំពើ​ពុករលួយនៅកម្ពុជា មិន​អាស្រ័យ​​លើរបាយការណ៍របស់អង្គការមួយនេះឡើយ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី​១ ក្នុងការ​ដឹកនាំ​ប្រទេស ក្នុងនោះ កិច្ច​ការងារ​​ស្នូល គឺ​​​ការ​​​កែ​ទម្រង់ និង​ពង្រឹងអភិបាល​​កិច្ច​ ដែលការណ៍នេះ បង្ហាញយ៉ាងច្បាស់ពីឆន្ទៈនយោបាយ​ក្នុងកា​រងារ​កែទម្រង់ និង​ការ​ប្រយុទ្ធប្រឆាំងអំពើពុករលួយ​​។

យ៉ាងណា លោកថា ការងារ​ប្រយុទ្ធ​ប្រឆាំងអំពើ​ពុក​រលួយ អាចប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​បាន ក៏ត្រូវ​ការ​ការ​ចូលរួម​ពីប្រជា​ពលរដ្ឋ​ទាំង​អស់​ផង​ដែរ។​

លោក វិចិត្រ បាន​លើកឡើង​​ថា៖ «សូមលើកទឹកចិត្តថា ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនឹងប្រព្រឹត្តទៅជោគ​​ជ័យ តម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីទាំងទាំងអស់ សាធារណៈជនទូទៅ សិស្ស និសិ្សតិ បញ្ញាវន្ត យុវជន ព្រមទាំង​មន្រ្តីរាជការទូទៅ ពោលគឺផ្តើមចេញពីយើងគ្រប់រូប ឱ្យប្រកាន់យកនូវទម្លាប់សុចរិត ស្អាតស្អំ គោរពច្បាប់ និងឆ្លើយថាទេ​ចំពោះអំពើពុករលួយ សូមចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាគ្មានអំពើពុករលួយ»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន កត់សម្គាល់ថា ស្ថាន​ភាពអំពើ​ពុក​រលួយ​​នៅ​​កម្ពុជា នៅ​តែ​ជា​បញ្ហា​ដ៏​អាក្រក់​មួយ​រាំង​ខ្ទប់​ដល់​ការ​អភិវឌ្ឍ ក៏​ដូ​ច​ជា​ការ​ផ្ដល់​អភិបាល​កិច្ច​ល្អ ដែលទាមទារឱ្យមានការកែទម្រង់ស៊ីជម្រៅឱ្យមានប្រសិទ្ធភាព ហើយគួរតែយកគំរូតាម​ប្រទេសក្នុងតំបន់ ដូចជា សិង្ហបុរី សម្រាប់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

លោកនិយាយ​​ថា៖ «វាប៉ះពាល់ទាំងអស់ កាលណាមានអំពើពុករលួយ គប់គិត ការក្លែងបន្លំ ការលួច ព្រោះអំពើពុករលួយ មានទាំងកិបកេងទ្រព្យសម្បតិ្ត ការប្រើតួនាទីដើម្បីជាប្រយោជន៍ផ្ទាល់​ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ទាំងគុណភាព ប្រសិទ្ធ​ភាព នៃការបម្រើដល់ប្រជាពលរដ្ឋសាធារណៈ ហើយ​បើនិយាយ​ពីការសាងសង់ស្ពានផ្លូវ​ថ្នល់វិញ ធ្វើឱ្យសំណង់ទាំង​អស់​នោះ គ្មានគុណភាពល្អ»។

បើតាមទស្សនៈរបស់​លោក ប៉ា ច័ន្ទរឿន ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ មានធាតុបីសំខាន់ក្នុង​នោះ ការ​អនុវត្ត​​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ឆន្ទៈនយោបាយ និង​ការចូលរួមពីគ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​​ត្រូវតែសកម្ម ក្នុងការចូលរួមទាមទារ​ឱ្យមានតម្លាភាព គណនេយ្យ​ភាព និង​ភាពស្អាតស្អំនៅក្នុងការអនុវត្តការងាររបស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ​មូលដ្ឋាន។

លោកថ្លែងបន្តថា​​៖ «ប្រសិនបើគ្មានធាតុទាំងបី​នេះទេ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គ្រាន់តែ​ជា​វោហាសាស្ត្រ មិន​អាច​ក្លាយជាការពិតនោះទេ។ កន្លងមកមានការលើកឡើងថា អំពើពុករលួយជាវប្បធម៌ប្រពៃណីរបស់ជនជាតិអាស៊ី តែសម្រាប់ខ្ញុំគ្រាន់តែជាការនិយាយតគ្នា តាមពិត​ទៅ​នៅមានប្រទេស​ជាច្រើន ដែលគេធ្វើបានជោគជ័យ​ទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ដូច​ជា សិង្ហបុរី ជប៉ុន សូម្បីតែនៅក្បែរយើង រៀតណាម ក៏កម្រិតនៃអំពើពុករលួយគេ ក៏គេ​កាត់បន្ថយបានច្រើន ដែលធ្វើឱ្យប្រទេសទទួលបានការជឿជាក់ទុកចិត្តពីអ្នកវិនិយោគបរទេស នាំឱ្យលំហូរកំណើតសេដ្ឋកិច្ចរបស់ហក់ឡើងខ្ពស់ជាងប្រទេសក្នុងតំបន់នាប៉ុន្មានឆ្នាំកន្លងមកនេះ»។

កាលពីឆ្នាំ​២០២៣ ក្នុងសន្ទស្សន៍នៃការ​យល់ឃើញពីអំពើ​ពុករលួយ ដែលចេញដោយ​​អង្គ​ការ​តម្លាភាព​​អន្តរ​ជាតិ​ដែរ​នោះ កម្ពុជា​​ទទួលបានពិន្ទុ​​២២ លើ១០០ ខណៈនៅឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ពិន្ទុ២៤ លើ​១០០ និង​​នៅឆ្នាំ២០២១​ កម្ពុជា​ទទួលបានពិន្ទុ ២១ លើ១០០ ដែលបង្ហាញ​ថា កម្ពុជា​បន្ត​បោះ​ជំហ៊ាន​យឺត​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ៕