កម្ពុជា​ថ្កោល​​ទោស​​យោធា​ថៃ​​​ដែល​​​បាន​​​បង្ក​​ផ​ល​​ប៉ះ​​ពាល់​​ដល់​​ប្រាសាទ​​ព្រះ​​វិហារ

ក្រសួងវប្បធម៌​កម្ពុជា ថ្កោល​​ទោស​​​យោធា​​​ថៃ​​​​​ករណី​​បង្ក​ឲ្យ​មាន​ការ​បំផ្លិ​តបំ​ផ្លាញ​​ប្រាសាទ​ព្រះ​វិហារ ដែលជា​បេតិកភណ្ឌវប្បធម៌​ពិភពលោក ក្នុងនោះ​កម្ពុជា​​​ក៏នឹង​រៀបចំនីតិវិធី​ ដើម្បីទាមទារ​យុត្តិធម៌ និង​សំណង​តាម​ផ្លូវ​ច្បាប់​អន្តរជាតិផង​ដែរ។​​

សេចក្តីថ្លែងការណ៍របស់ក្រសួង​វប្បធម៌ និ​ងវិចិត្រ​សិល្បៈកម្ពុជា ចុះថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ បាន​លើកឡើង​ថា ក្រោយ​យោធា​ថៃ​បើក​ការ​វាយ​ប្រហារ​មុន​មក​លើ​កម្ពុជា កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ដោយ​ការ​​ប្រើ​​​ប្រាស់​​កាំ​ភ្លើ​ងធំបាញ់ផ្លោង និង​​ការ​ទម្លាក់​គ្រាប់​បែក​ពីលើ​​​អាកាសនោះ​ ក៏​​បាន​បណ្តាល​ឲ្យ​ខូច​ខាត​ដល់​​ទីតាំង​ជុំវិញ និង​រចនា​សម្ព័ន្ធ​ផ្ទាល់​របស់​ប្រាសាទ​ព្រះ​វិហារផង​ដែរ។

ក្រសួង​បន្តថា ទង្វើ​​របស់​យោធា​ថៃ​ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​គោរព​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​អន្តរ​ជាតិ លើការ​គោរព ការ​ពារ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ពិភពលោក​​ ពី​​សំណាក់​​​​ភាគី​​​ថៃ ក្នុងនាមជារដ្ឋភាគី​នៃអនុសញ្ញា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ និងអនុសញ្ញា​អង្គការ​យូណេ​ស្កូ​ឆ្នាំ​១៩៧២។

ក្រសួង​វប្បធម៌កម្ពុជា​ថា៖ «ការ​កំណត់​គោល​ដៅ​វាយប្រហារ​ដោយ​ចេតនា ការ​បំផ្លិច​បំផ្លាញ​សម្បត្តិវប្បធម៌​ និងការ​រំលោភ​លើ​ច្បាប់​អន្តរ​ជាតិ គឺជាឧក្រិដ្ឋ​កម្មសង្គ្រាម។ សកម្មភាពឈ្លានពាន​របស់​ថៃ មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ​ដែល​ជា​បេតិកភណ្ឌ​រួមរបស់​មនុស្ស​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឆ្លុះបញ្ចាំង​ពីការ​មិនគោរព​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​អន្តរ​ជាតិ ពីសំណាក់​ប្រទេស​ថៃ​ផង​ដែរ»។

ករណីនេះ ក្រសួង​វប្បធម៌កម្ពុជា នឹង​ធ្វើការ​វាយ​តម្លៃ​លម្អិត ចងក្រង​ឯកសារ​ពាក់ព័ន្ធ រួម​ទាំង​ការ​ខូច​ខាត​នានា ស្រប​តាមនីតិវិធី​អន្តរ​ជាតិ ដើម្បីទាមទារ​យុត្តិធម៌ និង​សំណង​តាមផ្លូវ​ច្បាប់​អន្ត​រ​ជាតិ​ជា​ធរមាន ព្រមទាំង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​អន្តរ​ជាតិ ដើម្បី​អនុវ​ត្ត​វិធានការ​ការ​ពារ​ទាំង​អស់ ដែលមានចែង​ក្នុង​ពិធីសារ​ទីពីរ​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេ។

លោក ស៊ុំ ម៉ាប់ អ្នក​នាំ​ពាក្យ​ក្រសួង​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កម្ពុជា មាន​ប្រសាសន៍​​ប្រាប់ Press Start Cambodia នៅថ្ងៃទី​២៥ ខែកក្កដានេះ​ថា កម្ពុជា​នឹង​សហការ​ជាមួយ​អង្គ​ការ​អន្តរ​ជាតិ ក្នុង​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់ ដើម្បី​បញ្ចូន​របាយ​កាណ៍ទៅ​អង្គ​ការ​យូណេ​ស្កូ ស្តី​ពី​សកម្មភាព​ឈ្លាន​ពាន បំផ្លិច​បំផ្លាញ​បេតិក​ភណ្ឌ​ពិភពលោក​ពី​សំណាក់​កង​ទ័ព​ថៃ។

លោក​អះអា​ង​ថា៖ «ជាកាតព្វ​កិច្ចរបស់​យើង យើង​នឹង​សហការ​ជាមួយ​នឹង​អង្គកា​រ​អន្តរ​ជាតិ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​គ្រប់​គ្រង​បេតិក​ភណ្ឌ​ពិភព​លោក វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ការ​ខូច​ខាត​រៀបចំ​របាយ​កាណ៍ផ្លូវការ ហើយ​បញ្ចូន​ទៅ​យូណេស្កូ ដើម្បី​ឲ្យ​ឃើញ​អំពី​ភាព​អសីលធម៌​របស់​ថៃ ដែល​ឈ្លាន​ពាន​ហើយ​បំផ្លាញ​ប្រាសាទ​ទៀត»។

ចំណែក ​លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បានឱ្យ​ដឹង​ដែរ​​ ការ​បាញ់​ដោយ​កាំភ្លើង​ធំ និង​ការ​ទម្លាក់គ្រាប់ពីលើអាកាស​របស់យោធាថៃ នៅតំបន់​ប្រាសាទព្រះវិហារ​ បាន​​​ធ្វើ​​ឱ្យ​​ខូច​ខាត​នៃ​ផ្នែកផ្សេងៗ​នៃ​ប្រាសាទ​​ ដូច​ជា គោបុរៈ​ទី១ ​ទី២ ​ទី៣ ទី៥ និង​ជណ្តើរ​ខាង​ជើង​ជាដើម។

បើ​តាម លោក គង់ ពុទ្ធិការ ការ​បាញ់​ផ្លោង​របស់​យោធាថៃ ​នៅតែ​បន្ត​មាន​នៅ​ឡើយ គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​នេះ​។

លោកថា៖ «នៅមានការបន្តបាញ់ផ្លោង តាំងពីព្រឹកមិញមក»

គិតត្រឹមឆ្នាំ២០២៥នេះ ​មាន​រយៈ​ពេល​១៧​ឆ្នាំ​ហើយ ដែល​ប្រាសាទ​ព្រះ​វិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌពិ​ភព​លោក​នៃ​អង្គ​ការ​យូណេស្កូ (UNESCO) ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី០៧ ខែ​កក្កដា​ ឆ្នាំ២០០៨។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ទង្វើ​របស់​យោធា​ថៃ ដែល​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ប្រាសាទព្រះវិហារ​ ដែលជា​សម្បត្តិ​បេតិ​កភពណ្ឌ​វប្បធម៌ពិភព​លោក​នេះ ​នឹង​​​ធ្វើ​​​ឲ្យ​​ថៃ​​បាក់​​មុខ​​​នៅ​​លើ​​ឆាក​​អន្តរ​​ជាតិ។ លោក​បន្តថា ក្រៅពីការ​ប្តឹង​ថៃទៅ​អង្គការ​អន្ត​រជាតិ កម្ពុជា​គួរ​ដាក់លិខិត​ទៅ​អង្គការ​សហ​ប្រជាជាតិ តុលាការ​យុត្តិធម៌​អន្តរជាតិ(ICJ) និង​សហគមន៍​អាស៊ាន ព្រមទាំង​អំពាវនាវសុំ​​​កិច្ច​អន្តរា​គមន៍​ពី​អន្តរ​ជាតិ ដើម្បី​ការ​ពារសម្បត្តិ​បេតិក​ភណ្ឌ​នេះ​។

លោក​ថា៖ «ជាការ​ទទួល​ខុស​ត្រូវ ភាគី​កម្ពុជា​ប្តឹង​ទៅ​អង្គ​ការ​យូណេស្កូ ហើយ​និង​សហគមន៍​អន្តរ​ជាតិ​ ជាពិសេសតុលាការ ICJ តុលាការ​យុត្តិធម៌​អ​ន្តរជាតិ​ដែល​បាន​ចេញ​សាលក្រម​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី​ កាល​ពី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២នោះ! ឲ្យ​អនុវត្ត​សាលក្រម​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ឲ្យ​ភាគី​ថៃ​គោរព​តាម​សាល​ដីកា​នេះ»

Press Start Cambodia មិនអាចសុំកា​រអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពីតំណាង​អង្គការ​យូណេ​ស្កូ បាន​នៅឡើយទេ នៅថ្ងៃសុក្រនេះ។

ប្រាសាទព្រះវិហារ ស្ថិត​ក្នុង​ភូមិ​ស្វាយ​​ជ្រុំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​លើ​ខ្នង​ភ្នំដង​​រែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។

ប្រាសាទនេះ គឺ​ជា​តំប​​ន់ប្រ​​វត្តិ​​សាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេកា​រី​ស្វារៈ មាន​ន័យ​ថា អំណាច​​នៃ​ភ្នំ ហើយ​​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី៩ និង​ដើម​សតវត្ស​ទី១០ ដោយ​ព្រះ​មហាក្សត្រចំនួន ៤​អង្គ ក្នុងនោះមាន ព្រះបាទ​​យសោ​វរ្ម័ន​ទី១ ព្រះ​បាទ​សូរ្យវរ្ម័នទី១ ​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ និង​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៦៕

អត្ថបទគួរឱ្យចាប់អារម្មណ៍