កម្ពុជាអំពាវនាវ​ឱ្យ​​ថៃ​ចាត់​​វិធាន​​ការ​​លើ​ក្រុម​ជ្រុល​និយម​ដែល​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​​នៅ​ថៃ

មន្ត្រី​កម្ពុជា ​អំពាវ​នាវ​អាជ្ញាធរ​ថៃ ចាត់​វិធាន​ការការ​ពារ​ពលករខ្មែរដែលស្នាក់នៅ​ និង​ធ្វើការ​នៅប្រទេស​ថៃ ព្រម​ទាំង​វែកមុខ​ជនល្មើស​ឱ្យ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ក្រោយពីមានសេចក្តីរាយការណ៍​ថា មាន​ក្រុម​​​ជ្រុល​​និយមថៃមួយចំនួន បាន​​ប្រើ​​អំពើ​​ហិង្សា និងគំរាម​កំហែង​​​ទៅ​​​លើ​​ពលរដ្ឋ​​ខ្មែរ​​នៅថៃ។

ក្នុ​ងសន្និសីទសារព័ត៌មាន​ ស្តីពី បច្ចុប្បន្ន​ភាព​នៃ​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​ម​ក​លើ​ទឹក​ដី​កម្ពុជា នាព្រឹក​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ​២០២៥នេះ លោក​ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រ​សួង​ការ​ពារ​ជាតិកម្ពុជា​ ថ្លែង​​ថា មានសេចក្តីរាយការណ៍ជាច្រើន ​បាន​លើកឡើង​ជុំវិញករណី​ក្រុមជ្រុលនិយម​ថៃ​​ បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលករ​​ខ្មែរ​ដែលស្នាក់នៅ និងធ្វើការ​នៅ​ប្រទេស​ថៃ ដែលជា​ទង្វើ​អមនុស្ស​ធម៌ និ​ងមិន​អាច​ទទួលយកបាន​​។

លោក​ស្រីថា៖ «យើងទទួល​បាន​របាយ​ការណ៍​ជាច្រើន ពាក់​ព័ន្ធ​នឹង​ការ​វាយដំ គំរា​ម​កំហែង​ពីសំ​ណាក់​ក្រុម​ជ្រុល​និយម​ថៃ លើ​ពលរដ្ឋ​ខ្មែ​រ​នៅ​ទី​នោះ ដែល​ជាទ​ង្វើ​អមនុស្ស​ធម៌ ខុស​ច្បាប់ និង​មិន​អាច​អត់​ឱន​ឲ្យ​បាន។ កម្ពុជា​សូមអំ​ពាវនា​វដ​ល់​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ការ​ពារ​ប្រជាព​លរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ ក៏​ដូច​ជា​ជន​ល្មើស​ឲ្យទ​ទួល​ខុស​ត្រូវចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន ដោយផ្ត​ល់​យុត្តិ​ធម៌ និង​តម្លាភា​ព​ជូន​ពលរដ្ឋ​ខ្មែរ»។

ជាមួយគ្នានេះ​ដែរ ក្រសួងការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ក៏បានចេញ​សេចក្តី​អំពាវនាវ​មួយ អំពី​ការ​ទប់ស្កាត់​ការ​រើស​អើង​ និ​ងកា​រប្រើប្រាស់​ហិង្សា​លើ​ប្រជាពលរដ្ឋ​ និង​ពលករ​ខ្មែរ​នៅ​ប្រទេសថៃ។

សេចក្តីអំពាវនាវ​នោះ បានលើក​ឡើ​ងថា មាន​ការ​កើន​ឡើង​នូវ​ការ​រើស​អើង ការ​ប្រើ​ហិង្សា ​និងការ​គំរាមកំហែង​​ដល់​សុវត្ថិភាពរបស់ប្រ​ជា​ពលរដ្ឋ​ខ្មែរ និង​ពលករ​ខ្មែរ​ដែលកំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បង្ក​ឡើង​ដោយក្រុមជ្រុល​និយម​ថៃ ដែល​ត្រូវ​បានផ្សព្វផ្សាយ​និ​ង​ចែករំលែកនៅលើបណ្តាញ​សង្គម​ ជាពិសេស​​​​ក្រោយ​ពេល​មានការ​ឈ្លានពាន​ខាង​យោធាពីភាគីថៃ មក​លើ​​ដែន​អធិប​តេយ្យ​ភាព​កម្ពុជានៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ កាល​ពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ក្រៅពីនោះ ក្រសួង​ក៏សង្កេតឃើញ​ថា មានការ​កើនឡើង​នូវ​កា​រដាក់សម្ពាធលើពលករ​ខ្មែរ​ជា​ច្រើន​ទម្រង់ ដូចជា ការគំរាម​មិន​ផ្តល់​ប្រាក់​ខែ​ដល់​ពលករ​ខ្មែរដើម្បី​បង្ខំឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើការ​ បើទោះបីជា​ពលករ​ខ្មែរ​ស្នើ​សុំឈប់​ពីការ​ងារ​ ការ​​រឹត​ត្បិត​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​គំរាមកំហែង​ផ្សេងៗ រហូត​ធ្វើ​ឱ្យ​ពលករ​​ខ្មែរ​មួយ​ចំនួន​ មិនហ៊ាន​ចេញ​ពី​កន្លែង​ធ្វើ​ការ ឬមិនហ៊ាន​ធ្វើដំណើរ​ចេញពីកន្លែង​ស្នាក់​នៅ​​ជាដើម​។

ប្រភពបន្តថា៖ «ក្រសួ​ង​ការងារ និង​បណ្តុះប​ណ្តាល​វិជ្ជាជី​វៈ សូមអំ​ពាវ​នាវ​ទៅ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ ក៏ដូច​​ជា​ក្រសួង​ការ​ងារ​ថៃ សូម​ធ្វើការ​ស៊ើប​អង្កេត និងចា​ត់វិ​ធានកា​រឱ្យ​បា​នម៉ឺ​ង​មាត់​​ដើម្បីដោះ​ស្រាយ​ករណី​​ការ​រើស​អើង និង​ការ​ប្រើហិ​ង្សាដែ​ល​បាន​កើត​ឡើង​លើពលករខ្មែរ​នាពេ​ល​កន្លង​មក ព្រមទាំង​ដាក់ចេ​ញនូវយន្តការបង្ការ និង​ទប់​ស្កាត់​ឱ្យ​បាន​ច្បាស់​លាស់​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ក្នុងនាម​ជាស​មាជិក​នៃ​អង្គកា​រអ​ន្តរជាតិ​ខាង​ការ​ងារ និង​អង្គកា​រអ​ន្តរ​ជាតិ ទេសន្តរប្រវេសន៍»

តាមរយ:វីដេអូឃ្លីបជាង ៣នាទី នៅ​ក្នុងទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​នេះ​​​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រកាស​ថ្កោលទោសចំពោះការ​ប្រើ​ប្រាស់​នូវ​​​អំពើ​ហិង្សា​លើ​ពលករ​ទេសន្តរប្រវេស​ន៍​កម្ពុជា ដែល​កំពុង​បម្រើ​ការ​ងារ​នៅថៃ និង​អំពាវ​នាវ​ឱ្យរដ្ឋាភិបាលថៃ ព្រមទាំងមជ្ឈដ្ឋានអន្តរជាតិ​ ជួយ​អន្តរាគម​ន៍​ការ​ពារសិទ្ធិ និង​សុវត្ថិ​ភាព​​​ពលករ​ខ្មែរ។

លោកថ្លែង​ថា៖ «ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ យើងឃើញរូបភាពបែបនេះ​កើតឡើង ពលករទេសន្តរប្រវេសន៍របស់​យើង ​នៅពេ​លដែល​គា​ត់​ចេញ​ពី​ធ្វើការ នៅ​ពេលដែល​​គាត់​ដើរ​តាម​ផ្លូវ នៅ​ពេល​គេសួរ​ទៅ​គាត់​​ អត់​សូវ​ចេះ​​ភាសា​ថៃ​ គឺ​គេ​សន្មត់​ថា​ជា​ខ្មែរ​ គឺ​គេ​វ៉ៃ​តែ​ម្តង នេះ​គឺ​ជារឿ​ង​មួយ​​ដែល​យើង​គិតស្មាន​ថា មានរឿង​​​​បែប​នេះ​​កើត​ឡើង​​នៅ​លើទឹ​ក​ដី​ថៃ​នោះ​​ទេ ទោះបីជាក្រសួងការ​ងារ​ថៃ រដ្ឋាភិបាល​ថៃ បាន​អំពាវ​នាវ ប៉ុន្តែ​យើងឃើញថាមាន​អំពើហិង្សា​បែបនេះ នៅកើត​មានឡើង​​នៅឡើយ»

អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក ស៊ុន មេសា ប្រាប់Press Start Cambodia ថា គិត​ត្រឹម​ថ្ងៃទី២៨ ខែកក្កដានេះ​ ក្រសួង​នៅ​មិន​ទាន់​​​សរុប​តួលេខ​​ពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​រង​ការ​ប្រើហិង្សា និងការគំរាម​កំហែងពីសំណាក់​​​ក្រុ​ម​​ជ្រុល​​និយម​​​ថៃ​នៅឡើយ ខណៈ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រមូលពាក្យ​បណ្តឹងពីជនរង​គ្រោះនៅឡើយ។​​

​យ៉ាងណា លោកថា ​ក្រសួងការ​ងារ​បាន​និងកំពុងធ្វើការ​ជាមួយ​អនុព័ន្ធ​​​ការ​​ងារ​​ក្នុង​​ប្រទស​​ថៃ​ ដើម្បី​​ ស្វែង​​រកជនរងគ្រោះ និង​ទាមទារ​នូវ​​​យុត្តិធម៌ជូនពួកគេ​​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក ស៊ុន មេសា ថ្លែងថា៖ «ក្រសួង​មិន​អាច​ពឹង​លើ​ហ្វេស​ប៊ុក ហើយប្រ​កាស​សន្និដ្ឋាន​ថា​គេ​ធ្វើ​បាប​ខ្មែរ​ទេ យើង​ត្រូវ​វាយ​តម្លៃច្បា​ស់​លាស់​ជាមុន​លើ​កិច្ច​ការ​ថា​ពិត​ជា​ខ្មែរ​មែន​ទេ? នៅ​កន្លែង​ណា? វីដេអូចាស់​ឬ​ថ្មី? អ្វីដែ​ល​សំខាន់​គឺ​ផ្អែក​លើ​ការ​ប្តឹង​របស់​បង​ប្អូន​ដែល​ពេល​នេះ កំពុ​ង​តែ​បន្ត​បូក​ជា​បន្ត​បន្ទាប់»

កម្មករ​សំណង់​ដែល​កំពុ​ង​ធ្វើការ​នៅ​កោះ​តៅ ប្រទេ​ស​ថៃ និង​មានស្រុក​​កំណើត​​​នៅ​ខេ​ត្ត​​បាត់​​ដំបង លោក ឈាន ថ្លែង​​ថា បច្ចុប្បន្ន លោកកំពុងមានក្តីបារម្ភពីសុវត្ថិភាព​ជាខ្លាំង ខណ:លោក​​សង្កេត​ឃើញទង្វើ​ហួស​ហេតុរ​បស់​ក្រុម​ជ្រុល​និយម​ថៃ​មួយ​ចំនួន​​ ដែល​​បាន​ប្រើហិង្សា​ ជេរប្រមាថ​ និ​ង​​មិន​​លក់​ឥ​វ៉ាន់​ឱ្យ​​ជន​​ជាតិ​​ខ្មែរដែលស្នាក់នៅ និង​ធ្វើការ​នៅប្រទេសថៃ​។

លោកថា៖ «ខ្ញុំអត់ហ៊ានចេញទេ បារម្ភ​សុវត្ថិភាព​ដែរ ខ្ញុំ​នៅ​កោះ​តៅ​ឯ​នេះ​ឆ្ងាយ​ ពិបាក​រក​ឡាន​ចេញ​អាច​ថា​ទៅមុខ​ក៏មិ​ន​កើត ថយ​ក្រោយ​ក៏​មិន​កើត ហើយ​ឮ​មិត្ត​ភក្តិ​ភូមា​ប្រាប់​ថា គេ​ស្រែក​រក​ជន​ជាតិ​ខ្មែរ ជួន​កាល​ខ្ញុំ​ផ្ញើ​គាត់​ទិញ​ម្ហូប​ឱ្យ! គាត់​ថាមា​នក្មេ​ង​ស្ទាវ៦-៧​នាក់​ស្រែក​ឡូឡាដែរ តែ​អ្វី​ដែល​ខ្ញុំឈឺ​ចាប់ខ្លាំង​មិន​មែន​សម្រែក​វា​ទេ គឺឈឺ​ចាប់​នឹង​គេ​ឈ្លាន​ពាន»

បើតាមប្រភពដដែល អះអាងថា មូលហេតុដែល​​លោក និង​ពលករ​ខ្មែរ​ជាច្រើន​រូប​ទៀត​ មិន​ទាន់​សម្រេច​​ចិត្ត​វិល​ចូល​ប្រទេស​វិញ ក៏​ដោយ​សារ​កង្វះ​ថវិកា​ធ្វើ​ដំណើរ និង​ពលករ​ខ្លះ​​រង់​ចាំបើ​ក​ប្រាក់​ឈ្នួលពី​ថៅ​កែ និង​ខ្លះទៀ​ត​ពិបាក​រក​មធ្យោបាយ​ត្រឡប់​មក​ព្រំដែន​វិញ។ 

មន្ត្រី​គម្រោងការពារសិទ្ធិពលករប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ លោក លឹង សុផុន មាន​ប្រសាសន៍​ថា កាល​ពីថ្ងៃ​ទី​២​៥ ដល់​ថ្ងៃទី​២៦ ខែកក្កដា ក៏​មាន​ពលរដ្ឋ​ខ្មែរ​រង​គ្រោះជាង​១៥​នាក់ បាន​រាយការ​ណ៍ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ពីសំណាក់ក្រុមជ្រុលនិយម​ថៃផងដែរ ក្នុងនោះមានដូចជា​​ការប្រើ​ពាក្យសម្តីអសុរោះ និងកា​រធ្វើបាបលើ​​រាង​កាយផងដែរ​​ ប៉ុន្តែ​ក្នុង​រយៈពេល​២ថ្ងៃចុងក្រោយ​នេះ នៅ​​មិន​​ទាន់​មាន​ករណីថ្មី​ដែលគួរ​ឱ្យ​កត់​សម្គាល់​​​ទេ ដោយ​សារ​អាជ្ញាធរ​ថៃ​បាន​ជួយ​អន្តរាគម​ន៍​ខ្លះ​ហើយ។

លោកថា៖ «ពាក់ព័ន្ធនឹងការមិនវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែ​រ ថ្មីៗ​នេះ​យើង​ឃើញ​ហើយ​ថា នៅ តាម​ព្រំដែ​ន​មាន​ការ​ផ្ទុះ​អាវុធ​ វា​ជា​ក្តី​បារម្ភ មួយ​ទៀត​ក្មេង​ស្ទាវ​បាន​បង្ហាញ​ពី​ការ​រើ​ស​អើង ហិង្សា​ដល់​ពួក​គាត់ ធ្វើ​ឱ្យ​ពួក​គាត់​ខ្លាច គឺ​ទាក់​ទង​នឹង​ការ​រស់​នៅមិ​ន​សុវត្ថិ​ភាព ទោះជា​មា​ន​ការ​អន្តរាគមន៍​ពី​ខាងអាជ្ញាធរ​ថៃ​យ៉ាង​ណា​ក្តី ឬ​ថៅ​កែគា​ត់​ផ្តល់​ភាព​​ក​ក់​ក្តៅ​ក្តី ក៏ការ​ព្រួយ​បារម្ភ​ពួក​គាត់​គឺ​នៅ​តែ​កើត​មាន ហើយ​មួយ​ទៀត​សាច់​ញាតិ​សឹង​តែ​៩០% ហើយដែ​លទំ​នាក់​ទំនង​ឱ្យ​គាត់​ត្រូ​វ​តែ​ត្រឡប់​ទៅ​ខ្មែរ​វិញ»

បើតាម​អ្នកនាំពាក្យក្រសួង​ការ​ពារ​ជាតិ​ លោកស្រី ម៉ាលី សុជាតា​ គិត​​ពី​​ថ្ងៃ​​​ទី​២៤ ខែកក្កដា រហូត​ដល់​ថ្ងៃទី​២៧ ខែ​កក្កដា ដែលទាហានថៃបានបើកការបាញ់​​ប្រហារ​មកលើទឹកដី​​កម្ពុជា ហើយកម្ពុជា​បានធ្វើការ​វាយ​បក​ទៅ​វិញនោះ គឺ​ពលករ​ខ្មែរ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ចំនួន​ប្រមាណ ៣៩ ៧២៨​នាក់ ខណៈ​នៅថ្ងៃចន្ទនេះ តាម​ការ​ព្យាករណ៍​អាច​មានពលករ​ប្រមាណ ១៥ម៉ឺននាក់​ទៀត នឹង​ត្រឡប់មក​កម្ពុជា​វិញ។ លោកស្រីបន្តថា ប្រសិន​បើ​ស្ថានភាពនៅតាមព្រំដែន ថៃនៅបន្តការ​វាយ​ប្រហារ​ដោយសព្វាវុធមកលើទឹកដីកម្ពុជាទៀតនោះ ចំនួន​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ អាចនឹង​មានការ​កើនឡើង​បន្ថែម​ទៀត​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍